អានអត្ថបទ
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ៣២,៩២៨ ដង)
ក្បាលពស់កន្ទុយពស់

|
កូនជាទីស្រឡាញ់! មនុស្សយើងគ្រប់គ្នាមិនត្រូវការទុក្ខ ត្រូវការតែសុខប៉ុណ្ណោះប៉ុន្តែព្រោះសត្វលោកត្រូវការសុខ ជាប់ជំពាក់នឹងសុខ ទើបមិនរួចពីទុក្ខ ។
សុខនិងទុក្ខប្រៀបដូចសត្វពស់មួយ ខាងក្បាលវាមានពិស ចូលទៅជិត វានឹងខាំ បើចាប់កន្ទុយវាពិតជាស្រួលដៃណាស់ តែបើមិនប្រញាប់លែងទេ វានឹងបែរក្បាលមកខាំបានដូចគ្នា ព្រោះទាំងក្បាលទាំងកន្ទុយវានៅក្នុងតួពស់តែមួយជាមួយគ្នា ។ សេចក្តីទុក្ខដូចជាក្បាលពស់ ឯសេចក្តីសុខដូចជាកន្ទុយពស់ ។ សប្បាយចិត្តជាសុខ ថ្នាំងថ្នាក់ចិត្តជាទុក្ខរមែងកើតអំពីម៉ែឪជាមួយគ្នា គឺអវិជ្ជានិងតណ្ហានោះឯង ។ ![]() ដូច្នេះហើយបានជាពេលខ្លះមាននូវសេចក្តីសុខហើយ ចិត្តក៏នៅមិនសប្បាយមិនស្ងប់ ទាំងដែលបាននូវរបស់ដែលពេញចិត្តផង ដូចជាបានលាភ បានយសជាដើម ។ បានមកហើយសប្បាយចិត្តក៏ពិតមែន តែវាក៏នៅមិនស្ងប់ពិតៗព្រោះនៅភ័យខ្លាចពីការបាត់បង់ ។ ការភ័យខ្លាចជាមូលហេតុមិនឲ្យមាននូវសេចក្តីស្ងប់ ។ ពេលខ្លះត្រូវវិនាសទៅពិតៗ ក៏រឹងរឹតតែជាទុក្ខក្រៃលែង ។ នេះសម្តែងឲ្យឃើញថាសុខពិតមែន តែមានទុក្ខច្រឡូកច្រឡំជាមួយផងហៅថា សាមិសសុខ គឺជាសុខដូចចាប់ពស់ត្រង់កន្ទុយឬដូចត្រីចាប់នុយនឹងផ្លែសន្ទូច ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |