អានអត្ថបទ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១២,៣៩៣ ដង)
ដែលឈ្មោះថាជាទុក្ខហើយ គឺមិនមានអ្នកណាប្រាថ្នាឡើយ

|
ថ្នាំរក្សាចិត្ត
កូនជាទីស្រឡាញ់ ដែលឈ្មោះថាជាទុក្ខហើយ គឺមិនមានអ្នកណាប្រាថ្នាឡើយ ប៉ុន្តែគ្រប់គ្នាក៏ រមែងមានទុក្ខជាប់តាម មានទុក្ខខ្លាំង មានទុក្ខតិច ចេះតែមានជាធម្មតា ទាំងដែល គ្រប់គ្នាមិនប្រាថ្នានោះឯង ។ ទុក្ខមាន ២ យ៉ាងគឺ ទុក្ខផ្លូវកាយ និងទុក្ខផ្លូវចិត្ត ។ ទុក្ខផ្លូវកាយរម្ងាប់បាន ដោយអាហារ គ្រឿងស្លៀកពាក់ ទីនៅអាស្រ័យ និងថ្នាំកេរោគ ឯទុក្ខផ្លូវចិត្តវិញត្រូវ រក្សាដោយព្រះធម៌ ។ ព្រះធម៌ជាថ្នាំកែរោគផ្លូវចិត្ត ជាថ្នាំកម្លាំងជំនួយឲ្យចិត្តមានកម្លាំង មានសុខភាពល្អ និងជាទីពឹងផ្លូវចិត្ត ។ មនុស្សយើងកាលដែលមានរោគផ្លូវកាយ បានអាហារបានថ្នាំជាដើមមកបរិភោគថែរក្សា ក៏ស្ងប់រម្ងាប់ទៅនូវរោគផ្លូវកាយនោះ ឯចំណែករោគផ្លូវចិត្តវិញ គឺចាំបាច់ត្រូវតែយកព្រះធម៌មកថែរក្សាទើបបាន សេចក្តីនោះកូនត្រូវតែយល់ឲ្យបានច្បាស់ ។ មនុស្សណាដែលមិនឃើញការពិតដូច្នេះ មនុស្សនោះ នៅពេលមានទុក្ខផ្លូវចិត្តកើតឡើង ក៏រមែងជាទុក្ខដោយប្រាសចាកទីពឹង សោកសៅ ពោលរៀបរាប់ ឬក៏ ស្រែកឡូឡាបន្ទោសនេះបន្ទោសនោះ ។ ចំណែកមនុស្សដែលមានបញ្ញា ដឹងទុក្ខផ្លូវចិត្តថា ជារោគ រមែងស្តាប់ធម៌ រៀនធម៌ ពិចារណាធម៌ និងបដិបត្តិតាមធម៌ ដើម្បីរក្សារោគចិត្តឲ្យដូចជាការរក្សារោគ ផ្លូវកាយដែរ ម៉្លោះហើយ ក៏ជាអ្នកមានព្រះធម៌ជាទីពឹង សូម្បីជួបប្រទះជាមួយនឹងទុក្ខ ក៏អាចកម្ចាត់ទុក្ខក្នុងចិត្តបាន និងអាចរកសេចក្តីសុខបានក្នុងជីវិត ដែលជាសុខប្រាស ចាកទោសទៀតផង ។ ការព្យាបាលរោគផ្លូវកាយមិនរើសវ័យ ថាក្មេង ឬចាស់ឡើយ ឲ្យតែមានជម្ងឺគឺត្រូវតែព្យាបាល យ៉ាងណាការរក្សាចិត្តដោយព្រះធម៌ក៏យ៉ាងនេះដែរ ។ មនុស្សយើងមាន លោភៈ ទោសៈ និងមោហៈ ជាតោគប្រចាំចិត្តនាំឲ្យប្រព្រឹត្តបាប ដូច្នេះកូនត្រូវតែមាននូវ ថ្នាំគឺព្រះធម៌ឲ្យជាប្រចាំផងដែរ ទោះជាកូនឋិតនៅក្នុង វ័យណាក៏ដោយ ។ កូនត្រូវតែរក្សាចិត្តឲ្យជាប្រចាំ រហូតទាល់តែជាសះស្បើយ អស់ ទុក្ខ អស់កង្វល់ពីសន្តាន ។ ចូរកូនហ្វឹកហាត់ ឲ្យមានការយល់ដឹងច្បាស់ពីព្រះធម៌ ទីបំផុតកូននឹងដឹងថា ព្រះធម៌នោះល្អយ៉ាងណា ។ ដកស្រង់ចេញពីសៀវភៅ ពាក្យពេចន៍ម៉ែ រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស វាយអត្តបទដោយ សូត្រ តុលា ដោយ៥០០០ឆ្នាំ |