អានអត្ថបទ
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២៤,៩៣៧ ដង)
ទោសបាណាតិបាត និងគុណរបស់មិត្រ

|
រឿងមិគលុទ្ទកប្រេត
(ចាក បេ. ខុ.) (ទោសបាណាតិបាត និងគុណរបស់មិត្រ) កាលកន្លងទៅហើយ ក្នុងក្រុងរាជគ្រឹះ មានព្រានម្រិគម្នាក់ ជាមិត្រនឹងធម្មឧបាសក ។ ព្រាននោះសម្លាប់ម្រិគទាំងយប់ទាំងថ្ងៃ ឥតមានបង្អង់ពេលវេលាណាមួយទ្បើយ ។ ឧបាសកជាមិត្រ ចេះតែនិយាយលួងលោមអង្វរឲ្យឈប់សម្លាប់ ព្រានមិនព្រមតាម ។ ឧបាសកចេះតែឧស្សាហ៍និយាយមិនឈប់ មិនធុញទ្រាន់ដល់យូរៗ ទៅព្រាននោះក៏និយាយប្រាប់ឧបាសកថា ម្នាល់សម្លាញ់ ខ្ញុំមានសេចក្តីរាប់អានសម្លាញ់ក្រៃពេក ខ្ញុំឈប់សម្លាប់សត្វក្នុងវេលាយប់ជូនអ្នកចុះ ឧបាយសកឮហើយ ទទួលថា សាធុ ! ៗ ខ្ញុំត្រេកអរណាស់ ក្នុងវេលាយប់ដែលអ្នកឈប់នោះ អ្នកត្រូវតាំងចិត្តរលឹកចំពោះគុណព្រះរតនត្រ័យ កុំរលឹកដល់ការនេសាទរបស់អ្នក ។ ព្រានធ្វើតាមបានទាំងអស់ តែដល់វេលាយប់ទៅដកអន្ទាក់ ដកលប់ជាដើមទុកក្នុងទីមួយហើយ ដម្កល់ចិត្តក្នុងគុណព្រះរតនត្រ័យ ដល់វេលាថ្ងៃ ទើបទៅនេសាទតាមធម្មតា ។ សម័យក្រោយមក ព្រាននោះស្លាប់ទៅ កើតជាវេមានិកប្រេត នៅក្បែរភ្នំគិជ្ឈកូដ ពេលថ្ងៃរងទុក្ខវេទនា មានឆ្កែទាំងដេញខាំស៊ីអស់សាច់នៅសល់តែឆ្អឹង ដល់វេលាយប់ក្លាយខ្លួនជាទេវបុត្រ សោយសម្បត្តិទិព្វ នៅក្នុងវិមានមាស មានអ្នកបំរើរាប់រយនាក់ ។ ផ្លាស់ប្តូរសោយផងសុខទុក្ខ ៗ តែយ៉ាងនេះជាដរាបរាល់ពេលវេលា ។ ជួនជាថ្ងៃមួយនោះព្រះនារទត្ថេរ លោកនិមន្តទៅក្បែរភ្នំនោះ បានឃើញហើយ សួរដំណឹងសព្វគ្រប់ ទើបនាំដំណឹងនោះទៅកាន់សំណាក់សម្តុទ្ធ ក្រាបទូលតាមដំណើរ ។ ព្រះសម្តុទ្ធបរមគ្រូ ទ្រង់ប្រារព្ធរឿងបេ្រតនោះជាហេតុ ហើយសំដែងធម៌ទេសនា ដើម្បីជាប្រយោជន៍មគ្គផលសុខចំរើន ដល់ពុទ្ធបរិស័ទទាំងទ្បាយ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |