អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៩៩៨ ដង)
រឿងអាយលម្ពាយចាប់ពស់

|
រឿងអាយលម្ពាយចាប់ពស់
( ចាក ម. វា. ) ( គុណនៃព្រះរតនត្រ័យ ជាឪសថវិសេសបំផុតក្នុងលោក ) កាលសាសនាព្រះសម្ពុទ្ធព្រះនាមកស្សប ព្រះអង្គបរិនិព្វានហើយ ។ កាលនោះមានពួកពុទ្ធបរិស័ទនាំគ្នាសាងព្រះចេតិយមាសវិចិត្រដោយកែវ ៧ ប្រការកំពស់ ១ យោជន៏ ។ មនុស្សទាំងឡាយក្នុងសម័យនោះច្រើនជាសម្មាទិដ្ធិ តែងសូត្រធម៌រំឮកគុណព្រះរតនត្រ័យថា ៖ នមោ ពុទ្ធាយ នមោ ធម្មាយ នមោ សង្ឃាយ ដូច្នេះគ្រប់ៗគ្នា ។
កាលនោះមានព្រានម្នាក់ធ្វើអាយលម្ពាយចាប់ពស់ ជាមនុស្សមិច្ឆាទិដ្ធិ មិនជ្រះថ្លាក្នុងគុណព្រះរតនត្រ័យ ត្រេកអរតែក្នុងការចាប់ពស់ លុះចាប់បានហើយយកមកបង្រៀនឲ្យលេងល្បែងផ្សេងៗ ជួលឲ្យអ្នកនគរមើលយកថ្លៃឈ្នួលចិញ្ចឹមជីវិត ។ ថ្ងៃមួយអាយលម្ពាយ ឮពួកពុទ្ធបរិស័ទ នាំគ្នាសូត្រថា ៖ នមោ ពុទ្ធាយ ដូច្នេះ ក៏សើចចំអកធ្វើត្រាប់តាម ហើយដើរទៅរកចាប់ពស់ក្បែរដំបូកមួយ ។ គ្រានោះមាននាគរាជមួយ មានឫទ្ធិច្រើនជ្រះថ្លាក្នុងគុណព្រះរតនត្រ័យ បានទៅបូជាគោរពព្រះចេតិយដែលបញ្ចុះព្រះសារីរិកធាតុ ព្រះសម្ពុទ្ធព្រះនាមកស្សប ។ គោរពបូជាព្រះចេតិយហើយលូនត្រឡប់ទៅវិញ ក៏ជួបនឹងអាយលម្ពាយ ៗ ឃើញនាគរាជនោះស្ទុះចូលទៅជិតហើយរាយមន្តដើម្បីនឹងចាប់ ។ នាគរាជឮមន្តនោះហើយក៏កើតទោសៈក្រេវក្រោធ ស្ទុះដេញអាយលម្ពាយនោះវិញ បំណងនឹងចឹកសម្លាប់ ។ អាយលម្ពាយដឹងថាជានាគរាជមិនស្តាប់មន្តខ្លួនហើយ ក៏ភិតភ័យជាខ្លាំងប្រឹងស្ទុះរត់គេចដោយរហ័ស មិនបានស្ងោកមើលក្រោម ក៏ទង្គិចនឹងថ្មដួលភ្លាត់មាត់ថា ៖ នមោ ពុទ្ធាយ ៗ ព្រោះធ្លាប់មាត់កាលធ្វើត្រាប់តាមគេ ។ ឯនាគរាជគ្រាន់តែឮថា នមោ ពុទ្ធាយ ដូច្នេះ ក៏រលត់បាត់នូវក្តីក្រោធមួយរំពេច ហាក់ដូចជាដុំភ្លើងធ្លាក់ចុះក្នុងទឹក ទើបនិយាយទៅរកអាយលម្ពាយថា ម្នាលសំឡាញ់អ្នកកុំភ័យឡើយ យើងមានសេចក្តីជ្រះថ្លាចំពោះអ្នកក្រៃពេក សូមអ្នកទទួលយកគ្រឿងបណ្ណាការនេះចុះ ។ នាគរាជក៏ខ្ជាក់ផ្កាមាស ៣ ដុំតម្លៃ ១ ពាន់កហាបណៈ អ្នកយក ១ដុំទៅបូជាព្រះចេតិយ យកបុណ្យរបស់អ្នកចុះ ១ដុំ ទៀតយកទៅបូជាចេតិយឲ្យខ្ញុំ ១ដុំទៀតអ្នកយកទៅលក់យកលុយចិញ្ចឹមជីវិតចុះ ។ អាយលម្ពាយក៏មានសេចក្តីជ្រះថ្លា ចំពោះគុណព្រះរតនត្រ័យយ៉ាងមុតមាំ បានថ្វាយខ្លួនជាឧបាសកតាំងពីពេលនោះមក លុះស្លាប់ទៅបានទៅកើតក្នុងស្ថានសួគ៌ បរិបូណ៏ដោយទិព្វសម្បត្តិជាសុខក្សេមក្សាន្ត អស់កាលដ៏យូរអង្វែង ។ វាយបញ្ចូលអត្តបទដោយ កញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |