អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៣៤២ ដង)
កុំធ្វើបាបមនុស្សមានខន្តី ប្រយ័ត្នផែនដីស្រូប

|
រឿងខន្តិវាទិតាបស
(ចាក ខ. ច.) (កុំធ្វើបាបមនុស្សមានខន្តី ប្រយ័ត្នផែនដីស្រូប) កាលកន្លងទៅហើយ ព្រះពោធិសត្វរបស់យើងសោយព្រះជាតិជាព្រាហ្មណ៍ នាមកុណ្ឌះ នៅក្នុងក្រុងពារាណសី មានការនឿយណាយនឹងកិច្ចមានរវល់ក្រៃពេកក៏ចេញទៅបួសជាតាបស នៅអាស្រ័យក្នុងហេមវត្ត ហើយក៏មានបំណងចង់ឆាន់វត្ថុប្រៃ និងជូរ ក៏ត្រឡប់មកកាន់ក្រុងពារាណសីសវិញ គង់នៅក្នុងឧទ្យានរបស់សេនាបតីម្នាក់ ជាអ្នកទំនុកបំរុង ។ ថ្ងៃមួយព្រះរាជា ស្រវឹងស្រាជោគជាំ មានស្រីរបាំចោមរោមជាបរិវារ យាងទៅកាន់ឧទ្យាន ផ្ទំកើយព្រះសិរលើភ្លៅស្រ្តីពេញព្រះទ័យមួយរូបលង់លក់ស្កប់ទៅ ។ គ្រានោះស្ត្រីទាំងឡាយដទៃ ឃើញព្រះរាជាផ្ទំលក់ហើយ ក៏បបួលគ្នាទៅកាន់ឧទ្យាន ឃើញព្រះពោធិសត្វគង់ទៀបគល់សាលព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយត្រសាយសុំសាខាសំយុងមែកចុះមកក្រោម ហើយថ្វាយបង្គុំអង្គុយស្តាប់ធម៌ដោយសេចក្តីគោរព ។ ព្រះរាជាកើនឡើងមិនឃើញស្រីទាំងនោះទ្រង់ខ្ញាល់ជាខ្លាំង ហើយចាប់ព្រះខ័នយាងទៅកាន់សំណាក់តាបស ពេលនោះស្រីម្នាក់ដែលមានសេចក្តីស្និទិ្ធស្នាលនឹងព្រះរាជាជាងគេ ស្ទុះទៅចាប់ព្រះខ័នពីព្រះហស្ថព្រះអង្គ ព្រះរាជាសួរព្រះពោធិសត្វអាការគួរខ្លាចថានែសមណ៍កំណោ អ្នកចូលចិត្តនិយាយថាម៉េច បពិត្រមហារាជ អាត្មាភាពចូលចិត្តនិយាយថា ខន្តី ។ យ៉ាងម៉េចហៅថាខន្តី ការមិនបៀតបៀនសត្វទាំងឡាយ ដែលជេរប្រហារផ្តាសារចំពោះខ្លួន ។ ព្រះរាជាគិតថា អញបានឃើញខន្តីរបស់តាបសនោះឥឡូវហើយ ហើយត្រាស់ហៅបុរសអ្នកសម្លាប់ចោរមកបង្គាប់ថា ចូលអ្នកទាញតាបសចង្រៃនេះផ្តួលលើផែនដី ហើយយករំពាត់មានបន្លាមកវាយពីរពាន់រំពាត់ គឺខាងមុខ ប្រាំរយរំពាត់ ខាងក្រោយ ប្រាំរយរំពាត់ខាងឆ្វេងប្រាំរយរំពាត់ ខាងស្តាំប្រាំរយរំពាត់ដូចគ្នា ។ បុរសនោះធ្វើយកចិត្តទុកដាក់តាមព្រះរាជបញ្ជា ។ ព្រះរាជាត្រាស់សួរម្តងទៀតថា អ្នកចូលចិត្តនិយាយថាម៉េច? បពិត្រមហារាជ អាត្មាភាពចូលចិត្តនិយាយថា ខន្តី ៗ តែព្រះអង្គបែរជាសំគាល់ថា ខន្តីនៅចន្លោះស្បែកអាត្មាភាពទៅវិញ ? មិនមែននៅចន្លោះស្បែកទេព្រះអង្គ ខន្តីនេះ នៅក្នុងចន្លោះបេះដូងដ៏ជ្រៅរបស់អាត្មាភាព ។ នែអ្នក ចូរកាត់ដៃជើងតាបសនេះឲ្យឆាប់ ។ រាជបុរសក៏កាត់តាមព្រះរាជបញ្ជា ។ ព្រះរាជាត្រាស់សួរជាគំរប់ ៣ ដងថាអ្នកចូលចិត្ត និយាយថាម៉េច ? បពិត្រមហារាជ អាត្មាចូលចិត្តនិយាយថាខន្តី តែព្រះអង្គបែរជាសំគាល់ថាខន្តីនៅនឹងដៃជើងអាត្មាទៅវិញ ខន្តីក្នុងដៃនិងជើងគ្មានទេ ។ នែអ្នកចូរកាត់ច្រមុះ និងត្រចៀកតាបសនេះឲ្យឆាប់ ។ បុរសនោះក៏ធ្វើតាមព្រះរាជបញ្ជាដូចលើមុន ។ព្រះរាជាត្រាស់សួរតែពាក្យដដែល ៗ តាបសក៏ឆ្លើយតែពាក្យដដែលៗ ដូចគ្នាដរាបតែព្រះរាជាខ្ញាល់ជាខ្លាំង លើកជើងទាត់កណ្តាលដើមទ្រូងព្រះពោធិសត្វ មួយជើងភឹងយ៉ាងធ្ងន់ ទើបថយចេញទៅ ក៏ត្រូវផែនដីស្រូបក្បែរឧទ្យាន ឲ្យទៅកើតក្នុងអវិចីមហានរក មានអណ្តាតភ្លើងក្រហមច្រាលឆ្អៅ ឆេះរោលរាលស្រោបពេញខ្លួន ។ គ្រាន់តែស្តេចអសប្បុរសចេញទៅភ្លាមសេនាបតីចូលទៅជូតឈាមព្រះពោធិសត្វ ហើយឲ្យលោកគង់ចុះនិយាយយ៉ាងនេះថា ប្រសិនបើលោកម្ចាស់ដ៏ចំរើនខ្ញាល់ គួរខ្ញាល់ចំពោះតែព្រះរាជា ដែលធ្វើកំហុសដល់លោកម្ចាស់ សូមកុំខ្ញាល់នឹងជនដទៃ ។ តាបសស្តាប់ពាក្យនោះហើយពោលគាថាថាៈ យោ មេ ហត្ថេ ច បាទេ ច កណ្ណនាសញ្ច ឆេទយិ ចិរំ ជីវតុ សោ រាជា នហិ កុជ្យន្តិ មាទិសា ។ ព្រះរាជាអង្គណា ត្រាស់បង្គាប់ឲ្យកាត់ដៃ ជើងត្រចៀក និងច្រមុះអាត្មា សូមឲ្យព្រះរាជាអង្គនោះមានព្រះជន្មវែងបណ្ឌិតទាំងឡាយ អម្បាលយ៉ាងអាត្មាមិនខឹងផ្តេសផ្តាសទេ ។ តាបសពោលយ៉ាងនេះហើយ ក៏ធ្វើមរណកាលក្នុងឧទ្យាននាថ្ងៃនោះឯង ។ ព្រោះហេតុនោះព្រះភគវាត្រាស់ថា៖ អហុ អតីតមទ្ធានេ សមណោ ខន្តីទីបនោ តំ ខន្តិយាយេវ ឋិតំ កាសីរាជា អឆេទយិ ។ ក្នុងកាលដ៏យូរលង់ហើយ សមណៈអ្នកពោលសរសើរខន្តីត្រូវស្តេចកាសីប្រើគេឲ្យសម្លាប់ខ្លួន ដែលឋិតនៅក្នុងខន្តី ។ ស្តេចកលាបុក្នុងកាលនោះ គឺភិក្ខុទេវទត្តក្នុងកាលឥឡូវនេះ ឯខន្តីវាទីតាបស គឺព្រះអរហន្តសម្មាសមត្តុទ្ធបរមគ្រូយើងនេះ ។ (មហា សំ សុខ និស្សិតសាលាបាលីជាន់ខ្ពស់) អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |