អានអត្ថបទ
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៣,៥៩៧ ដង)
ចិត្តរបស់បុថុជ្ជនតែងតែប៉ោងផតដោយលោកធម៌

|
រឿងភិមសេនបុរស
(ចាក ភិ. ឯ.) (ចិត្តរបស់បុថុជ្ជនតែងតែប៉ោងផតដោយលោកធម៌) កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្ត សោយរាជ្យក្នុងក្រុងពារាណសី កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិក្នុងត្រកូលឧទិច្ចព្រាហ្មណ៏ បានរៀនសិល្បសាស្ត្រចេះយ៉ាងចំណានសព្វគ្រប់ ហើយពូកែឆើតខាងវិជ្ជាបាញ់ធ្នូទើបអ្នកនគរហៅថា "ចុទ្បធនុគ្គបណ្ឌិត" ។ ដំណឹងតាមជើងគម្ពីរថា ចុទ្បធនុគ្គហបណ្ឌិតពោធិសត្វនោះមានរូបកាយតូចទាប មិនមាំទាំសមជានាយខ្មាន់ធ្នូទេ ។ ថ្ងៃមួយមានសេចក្តីត្រិះរិះថា ខ្លួនអញមិនសមជានាយខ្មាន់ធ្នូ គួរតែអញប្រាស្រ័យទាក់ទងនឹងបុរសណាមួយ ដែលមានរូបមាំទាំសមជាខ្មាន់ធ្នូ ហើយនាំទៅគាល់ព្រះរាជាអង្គណាមួយ ដើម្បីចិញ្ចឹមជីវិតដោយសាររូបបុរសនោះ ។ គិតដូច្នេះហើយ ក៏ដើរស្វែងរកបានជួបនឹងជាងតម្បាញម្នាក់មានរូបធំថ្លោះមាំទាំ ទើបព្រះពោធិសត្វសួរថា សម្លាញ់ឯងឈ្មោះអ្វី ? ជាងតម្បាញប្រាប់ថា ខ្ញុំឈ្មោះភិមសេន ។ព្រះពោធិសត្វនិយាយថា អ្នកមានរូបកាយល្អធាត់ធំ តែគ្មានចំណេះឲ្យសមតាមមាឌ ចំណែកខ្ញុំមានវិជ្ជាខាងបាញ់ធ្នូពូកែអស្ចារ្យក្នុងជម្ពូទ្វីបមានតែមួយប៉ុន្តែមាឌខ្ញុំមិនបានហេតុនេះចូរអ្នកធ្វើជាមិត្រនឹងខ្ញុំ អ្នកចូលទៅក្រាបទូលព្រះរាជាថា អ្នកជានាយខ្មាន់ធ្នូ ព្រះរាជានឹងសព្វព្រះរាជហឬទ័ចំពោះអ្នកបើមានធ្វើការអ្វីចាំខ្ញុំធ្វើជំនួស យើងនឹងរស់នៅក្នុងឋានះខ្ពង់ខ្ពស់ ដោយឧបាយនេះទាំងពីរនាក់ ។ ភិមសេនបុរសមានសេចក្តីត្រេកអរ នាំគ្នាទៅគាល់ព្រះបាទព្រហ្មទត្ត ព្រះពោធិសត្វក៏ដាក់ខ្លួនធ្វើជាអ្នកបំរើភិមសេនបុរស ។ ព្រះបាតព្រហ្មទត្ត ឃើញអ្នកទាំងពីរចូលគាល់ហើយត្រាស់សួរថា អ្នកមកមានការអ្វី ? ភិមសេនបុរសទូលថា មកសូមជ្រកកោនក្រោមម្លប់ព្រះរាជសម្ភារបារមី ព្រះកុរណាថ្លៃវិសេស ព្រោះទូលព្រះបង្គំចេះពូកែយ៉ាងចំណានខាងវិជ្ជាបាញ់ធ្នូ ។ ព្រះរាជាត្រាស់សួរភិមសេនទៀតថា ចុះបុរសតូចទាបដែលអង្គុយក្រោយខ្នងអ្នកនោះជាអ្វីនឹងអ្នក? ភិមសេនទូលថា ជាអ្នកបំរើទូលព្រះបង្គំ ។ ព្រះរាជាមានព្រះរាជហឬទ័យ សោមនស្សចំពោះនាយភិមសេន ក៏ទ្រង់ទទួលឲ្យនៅ ហើយព្រះរាជទានប្រាក់បៀវត្សន៍ឲ្យក្នុង ១ ខែ ១ ពាន់កហាបណៈ ។ ចាប់ដើមពីថ្ងៃនោះមក កិច្ចការរាជការទាំងប៉ុន្មានដែលជាមុខក្រសួងរបស់នាយភិមសេន គឺចុទ្បធនុគ្គហបណ្ឌិត ពោធិសត្វធ្វើជំនួសទាំងអស់ ។ ថ្ងៃមួយមានខ្លាធំចូលស្រុក ពួននៅព្រៃគុម្ពោតមួយចាំចាប់អ្នកស្រុកស៊ីជាអាហារ. អ្នកផងដើរទៅមកមិនដឹងវាចាប់ស៊ីអស់ជាច្រើន ។ ព្រះរាជាទ្រង់ជ្រាបដំណឹងនោះ ក៏ចាត់នាយភិមសេនឲ្យទៅចាប់ខ្លា ។ នាយភិមសេនទទួលធានាថា អាចចាប់យកខ្លាមកថ្វាយបាន ហើយថ្វាយបង្គំលាព្រះរាជា ចូលទៅប្រាប់ព្រះពោធិសត្វ ៗ ប្រាប់ឧបាយថា "អ្នកចូលទៅប្រកាសប្រាប់អ្នកស្រុកថា ឲ្យនាំគ្នាកាន់កាំបិទ.ពូថៅ. ដាវ. លំពែង. ស្នា. ធ្នូ ទៅតាមអ្នក ដើម្បីចាប់ខ្លាកាលបើដល់ព្រៃនោះ ឲ្យអ្នកស្រុកព័ទ្ធជុំវិញហើយ អ្នកឯងចូលទៅពួនក្បែរឈើណាមួយ. អ្នកស្រុកនឹងសម្លាប់ខ្លានោះបានជាពុំខាន បើដឹងថាគេសម្លាប់ខ្លាបានហើយ អ្នកបោចរល្លិ៍កាន់ដើរតម្រង់ទៅកន្លែងនោះ ហើយនិយាយបំភ័យអ្នកស្រុកថា អ្នកណាវាយខ្លានេះស្លាប់ យើងទៅបោចវល្លិ៍ បំរុងចាប់ខ្លានេះចងទាំងរស់យកទៅថ្វាយព្រះរាជា.អ្នកទាំងទ្បាយមិនគួរធ្វើដូច្នេះសោះ កាលបើនិយាយដូច្នេះហើយ អ្នកស្រុកនឹងភិតភ័យនិយាយអង្វរអ្នកថា "សូមលោកអត់ទោសពួកយើងខ្ញុំ បានជាសម្លាប់ជ្រុលទៅហើយ យើងខ្ញុំនឹងជូនទ្រព្យជាទីគាប់ចិត្តដល់លោក អ្នកនឹងមានល្បីថាអាចសម្លាប់ខ្លាបានតែម្នាក់ឯងផង បានទ្រព្យអំពីអ្នកស្រុកផង បានទទួលព្រះរាជរង្វាន់យ៉ាងច្រើនអំពីព្រះរាជាផង ។ នាយភិមសេន ធ្វើតាមឧបាយព្រះពោធសត្វ ក៏បានសម្រេចលទ្ធផលដូចឧបាយនោះមែន ។ សម័យក្រោយមក មានក្របីព្រៃកំណាចធ្វើបានសម្លាប់អ្នកស្រុក. ព្រះរាជាចាត់ប្រើនាយភិមសេនទៀត. នាយភិមសេន ធ្វើតាមឧបាយព្រះពោធិសត្វ បានសម្រេចលទ្ធផលដូចមុនទៀត ។ បុណ្យស័ក្កក៏ចេះតែបានទ្បើងជាលំដាប់ ។ នាយភិមសេន ស្រវឹងដោយលោកធម៌ ក៏ភ្លេចព្រះពោធិសត្វ ត្រទ្បប់ជាតិះដៀលព្រះពោធិសត្វថា មិនបានការហើយលើកខ្លួនឯងថា ជាអ្នកគ្រាន់បើឆ្លាតប្រសព្វវាងវៃវិញឯព្រះពោធិសត្វ ឮដូច្នោះហើយក៏នៅតែស្ងៀម មានអាការៈជាប្រក្រតីដូចពេលមុន ៗ មក ។ កន្លងកាលបន្តិចមកមានស្តេចសាមល្ល លើកទ័ពមកព័ទ្ធក្រុងពារាណសី. ព្រះបាទព្រហ្មទត្ត ក៏ចាត់នាយភិមសេនឲ្យចេញទៅបង្រ្កាប នាយភិមសេនក៏តាំងខ្លួនជាមេទ័ពធំទ្បើងជិះលើខ្នងដំរីជ័យ នាំពលសេនាទៅតតាំងជាមួស្តេចសាមល្ល ឥតពិគ្រោះសាកសួរព្រះពោធសត្វដូចមុនទ្បើយ ទុកព្រះពោធិសត្វដូចជាបាវព្រាវសុទ្ធ ៗ ឲ្យជិះតោងដំរីក្រោយខ្លួនទៅ ។ ទៅជិតដល់ទីសមរភូមិឮសូរសន្ធឹកសម្រែកហ៊ោកញ្ជ្រៀវ ក៏ភ័យញាប់ញ័រចង់របូតធ្លាក់ពីខ្នងដំរី. ព្រះពោធិសត្វ ខំចាប់ទប់កុំឲ្យធ្លាក់. នាយភិមសេនចេះតែភ័យញ័រខ្លាំងទ្បើង ៗ ដរាបដល់រាគអាចម៍រាគនោមដាក់លើខ្នងដំរី. ព្រះពោធិសត្វបានឱកាសដូច្នោះក៏ស្តីបង្អន់ដោយអាការះគម្រាម ជាអនេកកប្បការដរាបដល់ទន់អស្មិមានះ ហើយទើបនិយាយលួងលោមថា សម្លាញ់កុំអៀនខ្មាស់ ភិតភ័យអ្វី ចូរចុះទៅមុជទឹកលាងខ្លួនឲ្យស្អាត ចាំខ្ញុំចាប់យកស្តេចសាមល្លទៅថ្វាយព្រះរាជាឲ្យបានដូចបំណង ។ កាលភិមសេនចុះផុតពីខ្នងដំរីហើយ ព្រះពោធិសត្វ បានឲ្យហ្មលាងខ្នងដំរីស្អាត ក៏កាន់ធ្នូទ្បើងជិះលើខ្នងដំរីបញ្ជាការទ័ពចូលចាប់យកស្តេចសាមល្ល បានដូចប្រាថ្នាហើយនាំយកស្តេចសាមល្លនោះទាំងសេនា ទៅថ្វាយព្រះបាទហ្មទត្ត ៗ ទ្រង់មានព្រះហឬទ័យសោមនស្សរីករាយ ព្រះរាជទានរង្វាន់នឹងឋានន្តរស័ក្កយ៉ាងធំជាឧត្តមសេនីយ៍ ដល់ព្រះពោធិសត្វ ។ ភិត្តិស័ព្ទកោតសរសើរឥទ្ធានុភាព របស់ព្រះពោធិសត្វ ក៏ល្បីរន្ទឺសុះសាយពេញជម្ពូទ្វីប. ឯនាយភិមសេន ក៏អន់អស់រាសីនៅអាស្រ័យដោយបុណ្យព្រះពោធិសត្វ លែងមានកេរ្តិឈ្មោះដរាបអស់ជីវិត ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |