អានអត្ថបទ
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៣៨,៤៣៧ ដង)
ពៀរវេរារបស់សត្វលោកមិនដែលសាបសូន្យ

|
រឿងកុមារកូនស្រីផ្កាមាស
(ចាក បេ. ខុ.) (ពៀរវេរារបស់សត្វលោកមិនដែលសាបសូន្យ) កាលព្រះសម្ពុទ្ធគង់នៅវត្តព្រះជេតពន នាក្រុងសាវត្ថី។ កាលនោះមានឧបាសិកា មានសទ្ធាជ្រះថ្លានាំគ្នាធ្វើរោងបារាំក្នុងព្រះនគរ ហើយចាត់ចែងប្រគេនចង្ហាន់សង្ឃ ។ កាលនោះមានកុមារមួយរូប ជាអ្នករឹងរូសអន្ធពាល ឃើញឧបាសិកា ដឹកជញ្ជូនយកបង្អែមចំអាបទៅប្រគេនសង្ឃ ក៏និយាយចំអកឲ្យគេថា យកទៅចាក់ចោលលើគំនរសំរាម គ្រាន់បើជាងយកទៅឲ្យស្រមណ៍ត្រងោលស៊ី ។ ពុទ្ធបរិស័ទទាំងទ្បាយ ឮសំដីកុមារជាអសុរសដូច្នេះក៏ទៅប្រាប់មាតាបិតាកុមារនោះ ។ មាតាបិតាកុមារមានសេចក្តីភិតភ័យជាខ្លាំង នាំកុមារនោះ ទៅកាន់សំណាក់ព្រះមានព្រះភាគ ឲ្យកុមារជាកូនរបស់ខ្លួន ស្មាលាចំពោះសង្ឃ មានព្រះពុទ្ធជាប្រធាន ព្រះសង្ឃក៏អត់ទោសឲ្យ ។ កុមារក៏មានសទ្ធាជ្រះថ្លាជាមួយមាតាបិតា រៀបចាត់ ចែងភត្តថ្វាយសង្ឃ មានព្រះពុទ្ធជាប្រធាន អស់ ៧ ថ្ងៃទើបត្រទ្បប់ទៅគេហស្ថានររបស់ខ្លួនវិញ ។ ថ្ងៃក្រោយកុមារនោះស្លាប់ទៅ ទៅចាប់កំណើតក្នុងផ្ទៃស្រីផ្កាមាស នាក្រុងសាវត្ថីនោះ ។ ធម្មតាស្រីផ្កាមាស តែមានកូនប្រុស គេមិនដែលចិញ្ចឹមទេ បើមិនឲ្យទៅអ្នកដទៃគេយកទៅបោះចោល ។ ឯកុមារនោះ លុះគ្រប់ខែ ១០ សម្រាលមក នាងផ្កាមាសជាមាតាដឹងថា កូនប្រុស ក៏ឲ្យស្រីបំរើយកទៅចោលលើគំនរសម្រាម ក្នុងព្រៃស្មសាន ពួកក្អែកត្មាតរអាត ប្រេតបិសាច អារក្ខ រុក្ខទេវតាទាំងទ្បាយជួយបីបាច់ថែរក្សា មិនឲ្យមានក្តៅរងាឈឺចាប់អ្វីទ្បើយ បានសុខដូចជានៅក្នុងផ្ទៃនៃមាតា វេលាឃ្លានយកដៃដាក់ក្នុងមាត់ជញ្ជក់ មានឱជារសដូចដោះនៃមាតា ដោយអំណាចផលដែលបានថ្វាយទាន គោរពបំរើសង្ឃ និងព្រះសម្តុទ្ធ អស់ ៧ ថ្ងៃក្នុងជាតិមុន ។ នៅក្នុងព្រៃស្មសានតែយ៉ាងនេះអស់ ៣ យប់ ៣ ថ្ងៃ ជួនជាព្រះសម្តុទ្ធប្រមើលមើលឧបនិស្ស័យសត្វ ក៏បានជា្របថា កុមារនោះមានវាសនាគុរតថាគតទៅជួយសង្គ្រោះ ។ ព្រឹកទ្បើងព្រះសម្តុទ្ធ ទ្រង់ទទួលភត្តហើយ ស្តេចយាងទៅព្រៃស្មសាន ពួកឧបាសកឧបាសិកា នាំគ្នាតាមហែព្រះអង្គទៅដល់ទីដែលកុមារដេក ទ្រង់ឈប់នៅទីនោះបង្ហាញដល់ពុទ្ធបរិស័ទទាំងទ្បាយថា កុមារនេះបានធ្វើទានចំពោះសង្ឃ មានតថាគតជាប្រធានកាលពីជាតិមុន ឥទ្បូវមកកើតក្នុងផ្ទៃស្រីមាស គេយកមកចោលនៅទីនេះ ៣ ថ្ងៃហើយដោយពៀរវេរា មើលងាយទានដែលគេបំរុងយកទៅប្រគេនសង្ឃថា ឲ្យគេចាត់ចោលលើគំនរសម្រាម បានជាត្រូវគេយកមកចោលដូច្នះ ។ កុមារនេះ ត្រូវបានទទួលសម្បត្តិក្នុងលោកនេះ និងលោកខាងមុខទៀតយ៉ាងធំ ពេលនោះមានគហបតីឧបាសកម្នាក់មានប្រាក់ ៨០ កោដិ បានតាមទៅជាមួយដែរ ឮព្រះមានព្រះភាគត្រាស់សរសើរដូច្នោះ ក៏ចូលទៅបីលើកពីគំនរសម្រាមមក ប្រកាសចំពោះព្រះភក្ត្រព្រះសម្តុទ្ធថា កុមារនេះជាកូនខ្ញុំព្រះកុរណា ក៏យកទៅចិញ្ចឹម ។ សង្ខបតែប៉ុណ្ណោះដល់គហបតីនោះស្លាប់ទៅ ទ្រព្យទាំងអស់ ត្រូវបានដល់កុមារនោះកុមារនោះមានអាយុ ១០០ ឆ្នាំក៏ស្លាប់ ទៅកើតក្នុងទេវលោកទៀត ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |