Reading Article
Public date : 07, Nov 2021 (18,415 Read)
នាងជាភរិយាប្រភេទណា?

|
នាងជាភរិយាប្រភេទណា?
ភរិយាមាន ៧ ប្រភេទ ដូចបុរសដែរគឺ ភរិយាដូចពេជ្ឃឃាត ភរិយាដូចចោរ ភរិយាដូចមិត្ត ភរិយាដូចទាសី។ ឯសេចក្ដីអធិប្បាយ ក៏មានន័យដូចស្វាមី ៧ ជំពូកដែរ ដោយគ្រាន់តែដូរពីស្វាមី មកជាភរិយាតែប៉ុណ្ណោះ។ ដើម្បីជាការថែរក្សាកេរ្ដិ៍ដំណែលរបស់បុព្វបុរសខ្មែរ ខ្ញុំសូមលើកយកកំណាព្យរបស់ព្រះបាទសម្ដេចព្រះហរិរក្សារាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ " ព្រះអង្គដួង " ដែលទ្រង់បាននិពន្ធពីភរិយា ៧ ជំពូក មកជូនអ្នកទៅ៖ មួយសោតព្រះពុទ្ធ ទេស្នាចំហុត ថារីភរិយា មានប្រាំពីរស្មោះ បួននោះចិត្តជា បីនោះមោហោ ចិត្តខូចងាយដោយ។ ឯប្រពន្ធជា ឯកឈ្មោះមាតា ភរិយាដូចម្ដាយ ឈឺឆ្អាលកូនខ្លួន រែងស្ងួនមិនណាយ មិននឹករសាយ ចិត្តចាំអាណិត។ កូនទុក្ខទោសម្ដេច ខ្សត់ក្រច្រើនតិច ខឹងខុសខូចចិត្ត ព្រាត់ប្រាសយូរលង់ ពុំបង់បែងចិត្ត គង់ចាំចិត្តគិត ឈឺឆ្អាលកូនស្មោះ។ ប្រពន្ធណាគាប់ ឈឺឆ្អាលប្ដីខ្ជាប់ ចិត្តចាំកាន់កោះដូចម្ដាយស្រឡាញ់ កូនពេញពីពោះ ហៅប្រពន្ធនោះ ថ្លៃឥតផ្ទឹមដល់។ ប្រពន្ធជាទ្វីឈ្មោះហៅទាសី ភរិយាដូចកល់ ខ្ញុំនឹងអម្ចាស់ ប្រើណាស់ខ្វាយខ្វល់ អាចអត់ទប់ទល់ ទម្ងន់បម្រើ។ មិនមានទំនេរ ទោះម្ចាស់វាយជេរ អត់ឱនសារពើ តាមតែបង្គាប់ប្រញាប់ចង់ធ្វើ ចិត្តពុំសើវ៉ើ ចៀសវៀងក្រោធា។ ប្រពន្ធណាអត់ ឱនអង្គកំណត់ខ្លាចប្ដីអាត្មា ដូចខ្ញុំនឹងម្ចាស់ ខ្លាចណាស់ធានា ប្រពន្ធនោះជា ប្រសើរសុខសូន្យ។ ប្រពន្ធជាត្រី ឈ្មោះភគិនី ភរិយាដូចប្អូន ស្រឡាញ់បងពិត លំអិតលំអូន ពំនាក់ពំនឹងពាក់ពឹងប៉ុនប៉ង តែនឹងអង្គបង ឥតមៃទីទៃ។ ប្រពន្ធណាចូល និងប្ដីមួយមូល ចិត្តជាប់អាល័យ ដូចប្អូនអង្គបង ឥតមៃទីទៃ។ ប្រពន្ធណាចូល និងប្ដីមួយមូល ចិត្តជាប់អាល័យ ដូចប្អូននឹងបង ចាំចងអាស្រ័យ ប្រពន្ធនោះថ្លៃ មធ្យមពេកពិត។ ប្រពន្ធចគ្វា ឈ្មោះហៅសខា ភរិយាដូចមិត្ត សម្លាញ់ស្រលាញ់ អស់អញពេកពិតស្មើខ្លួនស្មើចិត្ត ស្ម័គ្រស្មោះចិន្ដា។ បើមិត្តទៅបាត់ ស្ងប់ស្ងួនមុខមាត់ ទុក្ខទន់ទយាឃើញមុខមកបាន ចិត្តក្សាន្តសោះសា ស្រស់ស្រួលភក្ត្រា និរទុក្ខសោកសៅ។ ប្រពន្ធណាចិត្ត ស្រលាញ់ប្ដីពិត គ្មានក្នុងគ្មានក្រៅ ដូចមិត្តនិងមិត្ត ចង់មិត្តជាប់នៅ ប្រពន្ធនោះហៅ ឧត្ដមក្រមាន។ សម្ដែងភរិយា ទាំងបួនសឹងជា ក្រស្រីធ្វើបាន បើស្រីណាគិត ផ្ទង់ចិត្តសន្ដាន ស្រលាញ់ប្ដីប្រាណ ដូចធម៌ទេស្នា។ លោកថាស្រីនោះ ឮកេរ្តិ៍ពីរោះ ទួទៅនានា បើអស់ជីវិត ទៅឋិតសួគ៌ា ចៀសចាកចតុរា-បាយបាបទុក្ខភ័យ។ ប្រពន្ធពុំជា ឈ្មោះវធកា ភរិយាដូចនៃ សត្រូវចាំចង ទោសផងសព្វថ្ងៃ ប្រពន្ធចង្រៃប្ដីមានតែទុក្ខ។ បើប្ដីខុសចិត្ត វាគ្មានអាណិត ខេរខឹងច្រអុក ចាំចងទោសប្ដី ស្រដដីកិកកុក ឲ្យមាត់ឲ្យមុខ វាសវាងវ្ហោះវ្ហើយ។ សុខទុក្ខសាំទាំ វាមើលបំណាំ នៅស្ងៀមព្រងើយ ពុំជួយទុក្ខភ័យ ដោះដៃកន្តើយ ស្លាប់ដោយរស់ដោយ គ្មានចិត្តមេត្រី។ ចោរីភរិយា ប្រពន្ធពុំជា លបលួចទ្រព្យប្ដី គ្មានចិត្តករុណា មេត្តាប្រណី របស់ទ្រព្យអ្វី លក់ចាយអស់ធួន។ អយ្យាភរិយា ប្រពន្ធពុំជា តម្កើងតែខ្លួន ចេះតែប្រើប្ដីឥតបីមានស្ងួន ធ្វើឬកណាំនួន ទុកប្ដីដូចខ្ញុំ។ ប្រពន្ធទាំងបី ធ្លាក់ទៅអវិចី រងទុក្ខដំណំក្នុងខ្ទះភ្លើងក្ដៅ យូរនៅក្រៀមក្រំ ព្រោះចិត្តខ្លួនធំ ជាងប្ដីអាត្មា។ ឯប្រពន្ធបួនមុខនោះគេស្ងួន យកជាភរិយា នឹងកើតរបស់ កេរ្តិ៍យសសក្ដា ថ្កើងពូជពង្សា សោយសុខថេរឋិត។ សម្ដែងបរិយាយ ភរិយាទាំងឡាយ ប្រាំពីរចរឹត ទាំងជួរទាំងជា ពណ៌នា ពោលពិត ចែងចងពិនិត្យ តាមអត្ថគាថា។ ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍ រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា ដោយ៥០០០ឆ្នាំ |