Reading Article
Public date : 16, Oct 2021 (12,498 Read)
សម្បត្តិវិបត្តិតោ

|
សម្បត្តិវិបត្តិតោ
(ដោយការវិបត្តិនៃសម្បត្តិ) បទថា សម្បត្តិវិបត្តិតោ ដោយការវិបត្តិនៃសម្បត្តិមានអធិប្បាយថា សម្បត្តិក្នុងលោកនេះ ស្អាតបានត្រឹមតែមួយរយៈកាល នៅពេលវិបត្តិមិនទាន់គ្របសង្កត់ តែថាសម្បត្តិកន្លងផុតវិបត្តិមិនមាន ពិតហើយ សូម្បីព្រះបាទអសោក ទ្រង់មានសេចក្ដីសុខ បានគ្រប់គ្រងផែនដីទាំងមូលចំនាយព្រះរាជទ្រព្យ ១០០កោដិ (១ថ្ងៃ) ក្នុងទីបំផុត ទ្រង់គ្រប់គ្រងភាពជាធំលើផ្លែកន្ទួតព្រៃ ១ ចំហៀងប៉ុណ្ណោះ ព្រមទាំងកូនខ្ទមនោះឯង កាលបុណ្យអស់ហើយ ព្រះអង្គក៏បែរព្រះភក្ត្រទៅរកមរណភាព ដល់នូវសេចក្ដីសោកសៅ ហើយទៅ។ ម្យ៉ាងទៀត ការមិនមានរោគទាំងពួង រមែងមានជម្ងឺជាបរិយោសាន ភាពជាកម្លោះ ( ក្រមុំ ) រមែងមានជរាបរិយោសាន ការរស់នៅ រមែងមាន មរណៈ ជាបរិយោសានលោកសន្និវាសទាំងមូល ត្រូវជាតិជាប់តាម ត្រូវជរាដេញសង្គ្រុប ត្រូវព្យាធិរួបរឹត ត្រូវមច្ចុកម្ចាត់ ព្រោះហេតុនោះព្រះមានព្រះភាគទើបត្រាស់ថា៖ ភ្នំថ្មតាន់ខ្ពស់សន្លឹម រមៀលកិនសត្វ មកពីទិសទាំង ៤ ដោយជុំវិញ ( មិនវៀរនរណា ) យ៉ាងណាមិញ ជរា និង មរណៈ ក៏ដូច្នោះ រមែងគ្របសង្កត់សត្វទាំងឡាយ គឺ ពួកក្សត្រ ពួកព្រាហ្មណ៍ ពួកវេស្សៈ ពួកសូទ្រៈ ពួកចណ្ឌាល និង បក្កុសៈ ( កម្មករចាក់សម្រាម ) មិនលើកលែងនរណាៗ កិនកម្ទេចទាំងអស់, ក្នុងជរា និងមរណៈនោះក៏មិនមាន សម្រេប់ពលរថក៏មិនមាន សម្រាប់ពលថ្មីក៏មិនមាន ទាំងនរណាៗក៏មិនអាចយកឈ្នះដោយមន្តយុទ្ធ ( ការប្រើវេទមន្ត ) ឬដោយទ្រព្យឡើយ។ វិបត្តិ គឺ មរណៈ ជាបរិយោសាននៃសម្បត្តិ គឺជីវិត មានន័យដូចពោលមកនេះឯង ព្រះយោគាវចរ គប្បីរឭកដល់ជីវិត ដែលមានមរណៈជាបរិយោសាននោះ រឭកដល់សេចក្ដីស្លាប់ ដោយអាការវិបត្តិនៃសម្បត្តិចុះ។ ដកស្រង់ចេញពីសៀវភៅ មរណស្សតិ ដោយ៥០០០ឆ្នាំ |