Reading Article
Public date : 02, Dec 2022 (11,607 Read)
បានទុក្ខ ឬសុខ ក៏ព្រោះចិត្ត

|
ត្រង់ពាក្យថា បានទុក្ខ ឬសុខ ក៏ព្រោះចិត្តនោះមានអធិប្បាយថា ៖ បុគ្គលនឹងធ្វើកិច្ចការអ្វីៗ ដោយកាយក្ដី ដោយវាចាក្ដី ក៏ព្រោះចិត្តរិះគិតផ្ដើមឡើងជាមុនទើបធ្វើបាន កាលបើចិត្តគិតខុសហើយ កិច្ចការនោះ ៗ ក៏មិនល្អ ថែមទាំងមានទោសទុក្ខកើតឡើងផង បើចិត្តរិះគិតត្រូវ ទើបមានផលល្អនិងជាគុណឲ្យបានសេចក្ដីសុខ សេចក្ដីចម្រើនដល់ខ្លួន។ ម្យ៉ាងទៀត ចិត្តដែលលោភចង់បានក្ដី ចិត្តដែលត្រេកត្រអាលក្នុងកាមគុណក្ដី ចិត្តដែលក្រោធខឹងប្រទូស្ដក្ដី ចិត្តដែលវង្វេងមិនដឹងខុសត្រូវក្ដី សូម្បីតែម្យ៉ាងៗ ក៏សុទ្ធតែជាភ្លើងដុតរោលឲ្យក្ដៅក្រហាយឲ្យកើតទុក្ខព្រួយលំបាកទាំងអស់។
ចិត្តនេះបើប្រាសចាកសេចក្ដីលោភ សេចក្ដីត្រេកត្រអាល សេចក្ដីក្រោធខឹងប្រទូស្ដនិងសេចក្ដីវង្វេងហើយ ទើបអស់សេចក្ដីក្ដៅក្រហាយជាសុខសប្បាយទៅបាន ទោះបីមិនអស់ជាសមុច្ឆេទប្បហានផ្ដាច់ផ្ដិលព្រមទាំងឫសគល់ក៏ដោយ ឲ្យតែបានត្រឹមតទង្គប្បហានស្ងប់រម្ងាប់ដោយខណៈៗ ក៏គង់ជាសុខស្រួលក្នុងចន្លោះៗ ដែលព្រោះហេតុនោះបានជាព្រះដ៏មានបុណ្យជាម្ចាស់ ទ្រង់ព្រះមេត្តាប្រោសសេចក្ដីសុខសេចក្ដីចម្រើន មានទ្រង់ប្រដៅមិនឲ្យលុះអំណាចសេចក្ដីសុខសេចក្ដីចម្រើន ឲ្យសន្ដោសតាមមានតាមបាន ឲ្យលះបង់សេចក្ដីក្រោធ និងសេចក្ដីវង្វេងជាដើម។ ឯព្រះពុទ្ធដីកាដែលទ្រង់ប្រដៅឲ្យលះសេចក្ដីលោភជាដើមនេះសូម្បីតែម្យ៉ាងៗ ក៏សុទ្ធតែជាផ្លូវសុខ ផ្លូវចម្រើនទាំងអស់ ។ សេចក្ដីដែលបានអធិប្បាយមកនេះ ដើម្បីបង្ហាញឲ្យឃើញថា បានទុក្ខឬសុខក៏ព្រោះតែចិត្ត។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |