Reading Article
Public date : 25, Jul 2019 (12,908 Read)
រឿងជជិលសេដ្ឋី

|
រឿងជជិលសេដ្ឋី
(ធ.ខុ.) ឥឡូវនេះជដិលកុមារបានកើតឡើងហើយ ។ មានសេចក្តីដំណាលថា កូនក្រមុំសេដ្ឋីម្នាក់នៅក្នុងក្រុងពារាណសី ជាស្រីមានរូបដ៏ល្អឆើត ។ មាតាបិតាបានប្រគល់នាងទាសីម្នាក់ឲ្យថែរក្សានាងធីតានោះក្នុងកាលដែលមានអាយុ១៥ ឬ១៦ឆ្នាំឲ្យនៅលើប្រាសាទ ៧ជាន់ក្នុងបន្ទប់ដ៏មានសេរី ក្នុងថ្ងៃមួយ យក្ខមួយឈ្មោះវិជ្ជាធរ កាលទៅតាមអាកាសបានឃើញនាងធីតានោះ ដែលនាងបើកបង្អួចហើយក្រឡេកគយគន់ទៅខាងក្រៅមានសេចក្តីសេ្នហាកើតឡើង ក៏ចូលទៅតាមបង្អួចសេពសន្ធវះជាមួយនឹងនាងធីតានោះ មិនយូរប៉ុន្មាន នាងធីតានោះមានគភ៌ដោយការរួមរសស្នេហា នឹងវិជ្ជាធរយក្ខ ។ គ្រានោះនាងទាសីឃើញយក្ខនោះ និយាយថា ម្នាលនាងតើការណ៍នេះដូចម្តេច? នាងធីតាប្រាប់ថា ការណ៍នេះចូរលើកទុកសិនចុះ ចូរនាងកុំប្រាប់ដល់អ្នកណាមួយឡើយ នាងទាសីក៏ស្ងៀមនៅដោយសេចក្តីខ្លាច ។ លុះកាលកំណត់គ្រប់១០ខែហើយនាងធីតាក៏បានប្រសូតបុត្រ ឲ្យនាងទាសីយកភាជនះថ្មីមកដាក់ផ្តេកទារកទៅក្នុងភាជនះថ្មីនោះ រួចបិទជិតហើយដាក់បាច់ផ្កាទាំងឡាយពីខាងលើ បង្គាប់ទៅនាងទាសីថា ចូរនាងទូលភាជនះ នេះយកទៅបណ្តែតក្នុងទន្លេគង្គា ប្រសិនបើមានគេសួរថា វត្ថុនេះជាអ្វី?នាងគប្បីប្រាប់ថានេះជាពលីកម្មនៃម្ចាស់របស់ខ្ញុំ នាងទាសីក៏ធ្វើតាមបង្គាប់ដូច្នោះមែនជួនជាស្ត្រីពីរនាក់កំពុងងូតទឹកក្នុងស្ទឹងគង្គារខាងក្រោម ឃើញភាជនះនោះកាលដែលនាងទាសីបន្សាត់ចោលទៅតាមទឹក ស្រ្តីម្នាក់និយាយថានេះភាជនះរបស់អញ ។ ស្រ្តីម្នាក់ទៀតនិយាយថា របស់ឯណាដែលនៅខាងក្នុងភោជនះ របស់នោះជារបស់អញ កាលបើភាជនះមកដល់ហើយក៏នាំគ្នាលើកយកភាជនះនោះទៅដាក់លើគោក ហើយបើកទៅឃើញទារកនៅខាងក្នុង ស្រ្តីម្នាក់និយាយថា ទារកនេះជារបស់ខ្ញុំ ព្រោះខ្ញុំបាននិយាយថា ភាជនះរបស់ខ្ញុំ ។ ស្រ្តីម្នាក់ទៀតនិយាយថា ទារកនេះជារបស់ខ្ញុំព្រោះពាក្យដែលខ្ញុំពោលថា វត្ថុណាដែលមាននៅខាងក្នុងភាជនះវត្ថុនោះពិតជារបស់ខ្ញុំ ។ ស្រី្តទាំងពីរនាក់នោះ កាលជជែកដណ្តើមគ្នាមិនដាច់ស្រេច ទើបនាំគ្នាទៅកន្លែងកាត់ក្តីហើយជំរាបរឿងនេះដល់អាមាត្យទាំងឡាយពួកអាមាត្យក៏មិនអាចកាត់សេចក្តីបាន ទើបនាំយករឿងនោះទៅក្រាបទូលព្រះរាជា ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យស្រ្តីទាំងពីរនាក់ស្រេចហើយ ត្រាស់ថា នាងនេះចូរយកទារក នាងនោះចូរយកភាជនះ ។ ស្រ្តីដែលបានទារកនោះត្រូវជាឧបដ្ឋាយិកានៃព្រះមហាច្ចាយនត្ថេរ ។ ព្រោះហេតុនោះបានជានាងខំចិញ្ចឹមទារកនោះ ព្រោះមានបំណងថានឹងបំបួសទារកនោះក្នុងសំណាក់ព្រះថេរៈ ។ ដោយហេតុតែមន្ទិលនៃគភ៌មិនបានលាងជំរះចោលក្នុងថ្ងៃដែលទារកនោះកើតទើបកុមារនោះមានសក់ក្រញាញ់ ព្រោះហេតុដូច្នោះហើយ បានជាពួកមហាជនឲ្យឈ្មោះថា ជដិលកុមារ។ នៅពេលដែលទារកនោះចេះដើរ ព្រះថេរៈចូលទៅបិណ្ឌបាតក្នុងផ្ទហនោះ នាងឧបាសិកានិមន្តព្រះថេរះឲ្យគង់ ហើយប្រគេនចង្ហាន់បិណ្ឌបាត ។ ព្រះថេរះឃើញទារកក៏សួរថាម្នាលឧបាសិកានាងបានទារកនេហដូចម្តេច? ទើបនាងឧបាសិកាទូលព្រះពុទ្ធដីកាថា ព្រះករុណាលោកម្ចាស់ ខ្ញុំចិញ្ចឹមទារកនេះដោយមានបំណងថានឹងឲ្យបួសក្នុងសំណាក់លោកម្ចាស់ ហេតុនេះសូមលោកម្ចាស់បំបួលសទារកនោះទៅ ហើយពិចារណាថា ការសោយនូវសម្បត្តិនៃគ្រហស្ថជាបុញ្ញកម្មរបស់កុមារនេះ មានដែរឬទេ? លុះដឹងថាកុមារនេះមានបុណ្យច្រើន នឹងបានសោយនូវមហាសម្បត្តិប៉ុន្តែកុមារនេះនៅក្មេងពេក ទាំងញាណក៏មិនទាន់ចាស់ក្លានៅឡើយ ហើយក៏នាំកុមារនោះទៅផ្ទះឧបដ្ឋាម្នាក់នៅនគរតក្កសិលា ។ លុះទៅដល់ហើយ ឧបដ្ឋាកមកថ្វាយបង្គំបានឃើញកុមារនោះ សួរថាបពិត្រលោកម្ចាស់ដ៏ចម្រើនលោកម្ចាស់បានក្មេងពីណា? ព្រះថេរៈប្រាប់ថា ចម្រើនពរឧបាសកក្មេងនេះនឹងបួស ប៉ុន្តែនៅក្មេងពេក ដូច្នេះឲ្យវានៅជាមួយនឹងអ្នកផងចុះ ។ ឧបាសកនោះទទួលយល់ព្រមថាប្រពៃហើយលោកម្ចាស់ រួចក៏បីបាច់ថែរក្សាក្មេងនោះ ដូចជាកូនបង្កើតរបស់ខ្លួនតាំងពីក្មេងនោះទៅនៅផ្ទះឧបាសកចំនួន១២ឆ្នាំទ្រព្យរបស់បានកើតនៅក្នុងផ្ទះនោះយ៉ាងច្រើន ។ ឧបាសកបាននាំយករបស់ទាំងអស់ទៅដាក់លក់ឯផ្សារ ហើយឲ្យកុមារនោះអង្គុយលក់ ប្រាប់តម្លៃនៃឥវ៉ាន់នោះថារបស់នេះថ្លៃប៉ុណ្ណេះរបស់នោះថ្លៃប៉ុណ្ណោះរួចគាត់ដើរចេញបាត់ទៅ។ ក្នុងថ្ងៃនោះ ទេវតាជាអ្នករក្សានគរ បណ្តាលចិត្តរបស់ជនអ្នកត្រូវការ ដោយហោចទៅសូម្បីត្រឹមតែម្រេចនឹងដី ឲ្យមានមុខឆ្ពោះទៅកាន់ផ្សារដែលកុមារនោះកំពុងអង្គុយលក់ ។ កុមារនោះលក់ឥវ៉ាន់ដែលកើតអស់១២ឆ្នាំតែត្រឹមមួយថ្ងៃប៉ុណ្ណោះក៏អស់រលីង ។ កុដុម្ពីត្រឡប់មកវិញមិនឃើញមានសល់របស់បន្តិចបន្តួចនៅក្នុងផ្សារទើបសួរថាម្នាលកូនឥវ៉ាន់ទាំងអស់ អ្នកឲ្យវិនាសអស់ហើយឬ? កុមារជំរាបថា ខ្ញុំមិនបានឲ្យវិនាសទេ ខ្ញុំលក់វត្ថុទាំងអស់តាមសេចក្តីពន្យល់ដែលលោកបានប្រាប់មកខ្ញុំនេះជាតម្លៃនៃភណ្ឌឯណោះ ។ កុដុម្ពីមានចិត្តត្រេកអរ ហើយប្រគល់កូនក្រមុំ ដែលមានវ័យពេញក្រមុំនៅក្នុងផ្ទះរបស់ខ្លួន ឲ្យដល់ជដិលកុមារនោះថា បុរសនេះមានថ្លៃកាត់មិនបាន ជាអ្នកអាចរស់នៅក្នុងទីណានីមួយៗក៏បាន ហើយបង្គាប់ជាងឲ្យសង់ផ្ទះដល់ជដិលកុមារ កាលបើផ្ទះសម្រេចហើយ កុដុម្ពីនិយាយថា អ្នកចូរទៅនៅផ្ទះរបស់ខ្លួនអ្នកចុះ ។ គួរឲ្យអស្ចារ្យណាស់ក្នុងថ្ងៃនោះ ព្រះធរណីគ្រាន់តែជដិលកុមារជាន់ជើងម្ខាងក្នុងដែលចូលទៅក្នុងផ្ទះ ភ្នំមាសកំពស់៨០ហត្ថ បានទម្លាយផែនដីផុសក្នុងចំណែកខាងក្រោយផ្ទះ ។ ព្រះរាជាគ្រាន់តែឮថា ភ្នំមាសទម្លាយផែនដី ហើយផុសក្នុងផ្ទះនៃជដិលកុមារតែប៉ុណ្ណោះទ្រង់បញ្ជូនផ្លិតជាសេដ្ឋីដល់ជដិលកុមារនោះភ្លាម ក៏មាននាមពិតប្រាដកថាជដិលសេដ្ឋី ។ គាត់មានបុត្រ៣ នាក់ក្នុងពេលដែលកូនទាំង៣នាក់មានវ័យគ្រប់គ្រាន់គាត់មានចិត្តជ្រះថ្លាចង់បួស ហើយក៏ឲ្យជាងធ្វើឥដ្ឋមាស ដងជន្លួញមាសនឹងស្បែកជើងមាស ដោយចង់សាកល្បងថតើក្នុងជម្ពូទ្វីនេះមានត្រកូលសេដ្ឋីដែលមានទ្រព្យសម្បត្តិស្មើនឹងអញដែរឬទេ? ថាបើមានអញអាចទៅបួសបាន បើមិនមានទេ អញនឹងមិនអាចបួសបានឡើយ រួចទើបប្រើបុរសទាំងឡាយប្រាប់ថា អ្នកយកវត្ថុទាំងនេះចូរត្រាច់ទៅលើសាកលលោក ដូចជាដើររកមើលវត្ថុណានីមួយ ហើយត្រូវដឹងថាមានត្រកូលសេដ្ឋីនៅទីណាខ្លះដែលមានទ្រព្យសម្បត្តិមាសប្រាក់ច្រើនស្មើនឹងយើងឬក៏មិនមានទេ ចូរអ្នកត្រឡប់ទៅវិញ ។ បុរសទាំងនោះទទួលយកវត្ថុរួចហើយបានដើរទៅដល់នគរភទ្ទយះ ។ លំដាប់នោះមេណ្ឌកសេដ្ឋីឃើញបុរសទាំងនោះសួរថា អ្នកធ្វើអ្វី? អ្នកទៅណា? បុរសទាំងនោះប្រាប់ថាខ្ញុំដើរទៅរកវត្ថុមួយ លុះបានដឹងថា ជនទាំងនេះចាំឃ្លាំមើលខ្លួនដូច្នេះ ទើបប្រាប់ថា ចូរអ្នកទាំងអស់គ្នាដើរចូលទៅមើលខាងក្រោយផ្ទះយើងឯណោះ ។ លុះដើរទៅដល់បានឃើញពពែមាសប៉ុនដំរី ប៉ុនសេះខ្លះ ប៉ុនគោឧសភខ្លះ ក្នុងកន្លែងប្រមាណ៨ភរីសព្ធដ៏ខាងក្រោយផ្ទះនោះ ដែលទល់គ្នាទម្លាយផែនដីហើយផុសឡើង បានឃើញគ្រប់សព្វហើយនាំគ្នាធ្វើដំណើរត្រឡប់ទៅស្រុករបស់ខ្លួនវិញ ។ កាលបើទៅដល់ស្រុក សេដ្ឋីសួរថាអ្នកឯងបានឃើញត្រកូលសេដ្ឋីដែលមានទ្រព្យស្មើនឹងយើងដែរឬទេ? បុរសទាំងនោះជំរាបថា បពិត្រលោកសេដ្ឋី សម្បត្តិលោកមានប៉ុណ្ណាលោកមេណ្ឌកសេដ្ឋិនៅក្នុងភទ្ទិយនគរក៏មានប៉ុណ្ណោះដែរ ។សេដ្ឋីឮដូច្នោះហើយក៏ត្រេកអរ ទើបឲ្យសំពត់កម្ពលដែលមានតម្លៃ១សែនកហាបណះម្តងទៀតថា ដំបូងអ្នកឯងបានឃើញត្រកូលសេដ្ឋីមួយហើយ ឥឡូវតើត្រកូលសេដ្ឋីដទៃទៀតមានឬ ទេ? រួចប្រើទៀត ប្រាប់ថាអ្នកឯងចូរជ្រើសរើសរកត្រកូលសេដ្ឋីដទៃទៀត ។ បុរសនោះទៅដល់នគររាជគ្រឹះ នាំគ្នាប្រមូលយកឧសមកដុតក្បែរផ្ទះជោតិកសេដ្ឋី ដោយគិតថាបើជោតិសេដ្ឋីសួរថាចុះមានហេតុដូចម្តេច? យើងប្រាប់ថា យើងយកសំពត់កម្ពលដែលមានថ្លៃច្រើន១មកលក់តែគ្មាននរណាត្រូវការសោះ ទុកជាដើរលក់ទៀតខ្លាចពួកចោរដណ្តើមយក ព្រោះហេតុនោះហើយ បានជាយើងសុខចិត្តដុតចោល ។ គ្រានោះជោតិកសេដ្ឋីឃើញជនទាំងនោះសួរថាអ្នកទាំងអស់គ្នាធ្វើអ្វី? លុះបានដឹងរឿងហើយ ក៏ហៅមកសួរថាសំពត់កម្ពលថ្លៃប៉ុន្មាន ? ជនទាំងនោះជំរាបថាថ្លៃ១សែនកហាបណះ រួចឲ្យ១សែនកហាបណះហើយប្រាប់ថាអ្នកឯងចូរយកឲ្យនាងទាសី ដែលបោសក្លោងទ្វារនឹងយកសម្រាមទៅចាក់ចោលនោះចុះ ។ នាងទាសីទទួលយកសំពត់កម្ពលហើយយំដើរទៅកន្លែងសេដ្ឋី ជំរាបសួរថា បពិត្រលោកសេដ្ឋី កាលបើខ្ញុំមានកំហុសលោកវាយខ្ញុំមិនគួរឬ? ព្រោះហេតុអ្វី? បានជាលោកប្រឲ្យយកសំពត់កម្ពលមានសាច់ម៉ត់ទៅឲ្យខ្ញុំ? ខ្ញុំនឹងស្លៀកដណ្តប់សំពត់នេហដូចម្តេចកើត? សេដ្ឋីប្រាប់ថា យើងមិនឲ្យនាងស្លៀកដណ្តប់សំពត់នេះទេ តែថាយើងឲ្យនាងយកទៅទុកក្បែរកន្លែងដេក សម្រាប់ជូតជើងដែលនាងលាងដោយទឹកមានក្លិនក្រអូបហើយ ចូលទៅដេក តើនាងមិនអាចធ្វើដូច្នោះបានទេឬ? ។ នាងទាសីជំរាបថាខ្ញុំអាចធ្វើបាន ហើយក៏យកសំពត់នោះត្រឡប់វិញ ។ ចំណែកបុរសទាំងនោះ ឃើញហេតុដូច្នោះក៏នាំត្រឡប់ទៅវិញ ។ ចំណែកបុរសទាំងនោះ ឃើញហេតុដូច្នោះក៏នាំគ្នាត្រឡប់ទៅនគររបស់ខ្លួនវិញ សេដ្ឋីសួរថា អ្នកឯងបានឃើញត្រកូលសេដ្ឋីឬទេ? ទើបជំរាបបពិត្រលោកសេដ្ឋីសម្បត្តិដែលលោកមានប៉ុណ្ណា ជោតិកសេដ្ឋីក៏មានប៉ុណ្ណោះដែរនៅក្នុងនគររាជគ្រឹះ ។ សេដ្ឋីបានស្តាប់ពាក្យបុរសទាំងនេះហើយ រឹងរិតតែមានចិត្តត្រេកអរខ្លាំងឡើងដោយគិតថាអញនឹងបានបួសក្នុងពេលឥឡូវនេះ ហើយក៏ដើរទៅគាល់ព្រះរាជាក្រាបទូលថា បពិត្រព្រហសម្មតិទេពខ្ញុំព្រះអង្គចង់បួស ។ ព្រះរាជាត្រាស់ថា ប្រពៃហើយលោកសេដ្ឋីចូរលោកបួសចុះ គាត់ថ្វាយបង្គំលាត្រឡប់ទៅផ្ទះវិញហៅកូនទាំងអស់មកជួបជុំគ្នា ហើយគាត់ឲ្យចប១ដងធ្វើពីពេជ្រទៅកូនច្បងប្រាប់ថា ចូរឯងគាស់យកដុំមាសពីភ្នំមាសនៅខាងក្រោយផ្ទះ ។ កូនច្បងយកចបទៅជីកគាស់ភ្នំមាស ហាក់ដូចជាគេជីកលើផ្ទាំងថ្ម ។ សេដ្ឋីឃើញដូច្នោះ ក៏យកចបពីដៃកូនច្បង ឲ្យទៅកូនបន្ទាប់ជីកទៀត ក៏ដូចជាគេជីកទៅលើផ្ទាំងថ្មទៀត ទើបគាត់ឲ្យកូនពៅម្តង ។ កាលដែលកូនពៅទទួលយកចបពីដៃឪពុកទៅជីកភ្នំមាសនោះ ក៏ដូចជាគេជីកលើគំនរដីស្អិត ។ លំដាប់នោះសេដ្ឋីឃើញដូច្នើក៏ហៅកូនច្បងទាំងពីរនាក់មកប្រាប់ថា ភ្នំមាសនេះមិនកើតសម្រាប់អ្នកឯងទេ ពិតជាកើតសម្រាប់អញនឹងកូនពៅ ហេតុនេះកូនឯងទាំងពីរនាក់ចូររស់នៅជាមួយប្អូនពៅចុះ ។ សួរថាព្រោះហេតុអ្វីមាសនោះកើតសម្រាប់តែជនទាំងពីរនាក់នោះ ? ហើយជដិលសេដ្ឋីត្រូវគេទម្លាក់ចោទៅក្នុងទឹក ក្នុងថ្ងៃដែលកើតព្រោះហេតុអ្វី? ឆ្លើយថា ដោយកម្មដែលខ្លួនធ្វើទុកពីបុព្វជាតិ ។ មានសេចក្តីដំណាលថា កាលដែលមហាជនកំពុងសាងចេតិយដើម្បីបញ្ចុះព្រះសារិកធាតុព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមមកស្សប មានព្រះខីណាស្រពមួយព្រះអង្គនិមន្តទៅកន្លែងចេតិយ បានរមិលមើលសព្វគ្រប់ហើយ ទើបសួរថា ម្នាលអ្នកទាំងឡាយ ហេតុអ្វីក៏គេមិនធ្វើមុខចេតិយខាងជើងឲ្យប្រាកដឡើងផង? មហាជនទូលថាទានប្រោសមាសមិនគ្រប់គ្រាន់ ។ លោកនិយាយថា បើដូច្នោះអាត្មានឹងចូលទៅអង្គាសឃោសនាមហាជនក្នុងស្រុក អ្នកទាំងឡាយចូរធ្វើការងារនោះដោយគោរពចុះលោកថាតែប៉ុណ្ណេះក៏ចូលទៅក្នុងស្រុកឃោសនាថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ចេតិយយើងខាងមុខមានមានមិនគ្រន់គ្រាន់ទេ អ្នកទាំងអស់គ្នាចូរដឹងចុះ រួចនិមន្តទៅផ្ទះជាងមាស ។ ខណះនោះឯងជាងមាសកំពុងឈ្លោះនឹងប្រពន្ធលុះឃើញព្រះថេរះនិមន្តមកឃោសនាដូច្នោះ ក៏ពោលពាក្យអសប្បុរសទ្រគោះបោះបោក ដោយសេចក្តីក្រោធខឹង នឹងភរិយាថាលោកចូរយកគ្រូរបស់លោកទៅបោះចោលក្នុងទឹកទៅ ។ លំដាប់នោះភរិយា ក៏និយាយថា យីអើអ្នក! កម្មដែលអ្នកធ្វើនេះជាសាហ័សឧផលក្លៀវក្លាខ្លាំងណាស ចំណែកខាងខ្លួនខ្ញុំបើអ្នកក្រោធខឹងអ្នកត្រូវជេរស្តីវាយបាន ព្រោះហេតុអ្វី ក៏អ្នកបែរជាធ្វើពៀរចំពោះព្រះពុទ្ធទាំងឡាយទាំងអតីត អនាគត បច្ចុប្បន្នទៅវិញ? ភ្លាមៗនោះជាងមាសមានសេចក្តីសង្វេគតក់ស្លុត ក៏ចូលក្រាបទៀបព្រះបាទាព្រះថេរះ សូមឲ្យលោកអភ័យទោសឲ្យ ។ ព្រះថេរៈពោលថា អ្នកមិនបានពោលពាក្យអ្វីនឹងអាត្មាទេ អ្នកចូរស្មារលាទោសនឹងព្រះសាស្តាចុះ ។ ខ្ញុំព្រះករុណានឹងធ្វើដូចម្តេចទើបសូមខមាទោសនឹងព្រហសាស្តាបាន? ព្រះថេរះប្រាប់ថាអ្នកឯងចូរធ្វើផ្កាមាសបីផើង យកទៅដមកល់ទុកត្រង់កន្លែងបញ្ចុះព្រះអដ្ឋិធាតុខាងក្នុងរួចស្លៀកសំពត់ទទឹកកក់សក់ ទើបសូមខមាទោសនឹងព្រហសាស្តាបាន ។ ជាងមាសក៏មានចិត្តសោមនស្សត្រេកអរ ប្រារព្ធនឹងធ្វើផ្កាមាសទាំងនោះ គាត់ហៅកូនច្បងមកប្រាប់ថានែបា! អញបានពោលពាក្យប្រកបដោយពៀរចំពោះព្រហសាស្តា ព្រោះហេតុនោះអញធ្វើផ្កាទាំងនេះយកទៅដម្កល់ទុកត្រង់កន្លែងបញ្ចុះព្រះអដ្ឋិធាតុ ដើម្បីសូមខមាទោសនឹងព្រះសាស្តាហេតុនេះចូរបាជួយធ្វើឪពុកផង ។ កូនច្បងមិនមានចិត្តចង់ធ្វើប្រកែកថាខ្ញុំមិនបានប្រើលោកឪពុកឲ្យពោលពាក្យបែបនោះទេ ចូរលោកឪពុកធ្វើតែម្នាក់ឯងទៅចុះរួចគាត់ហៅកូនបន្ទាប់មកប្រកែកដូច្នោះទៀត ។ ទើបហៅកូនពៅមកប្រាប់ដូចមុន កូនពៅគិតថាកិច្ចការដែលកើតឡើងដល់បិតាជាភារះរបស់កូន ហើយក៏ទទួលជួយធ្វើបិតាដោយគោរព ជាងមាសចាត់ចែងធ្វើផ្កាមាសបីផើងក្នុងផើងមួយញៗប្រមាណ ១ ចំអាមស្រេចហើយយកទៅតម្កល់ទុកត្រង់កន្លែងបញ្ចុះអដ្ឋិធាតុហើយ ស្លៀកសំពត់ទទឹកក់សក់សូមខមាទោសទៅ ។ អស្រ័យហេតុនេះទើបជដិលសេដ្ឋីនោះគ្រាន់តែកើតមកភ្លាម ត្រូវគេយកទៅចោលក្នុងទឹក៧ជាតិមកហើយលុះដល់មកអត្តភាពជាទីបំផុតនេះត្រូចគេទម្លាក់ចោលទៀត ព្រោះអកុសលកម្មជាហេតុជូនមកនោះដែរ ។ ចំណែកកូនច្បងទាំងពីរនាក់មិនបានជួយខ្វល់ខ្វាយក្នុងការធ្វើផ្កាមាសនោះ ភ្នំមាសក៏មិនកើតឡើងដល់កូនទាំងពីរនាក់ដោយហេតុនោះឯងបានកើតឡើងចំពោះតែជដិលសេដ្ឋីនឹងកូនពៅប៉ុណ្ណោះ ព្រោះជនទាំងពីរនាក់នេះបានធ្វើបុញ្ញកម្មជាមួយគ្នាក្នុងកាលមុន ។ ចំណែកឯជដិលសេដ្ឋី លុះផ្តែផាំកូនស្រេចហើយ ក៏ទៅបួសក្នុងសំណាក់ព្រះសាស្តា មិនយូរប៉ុន្មានក៏បានសម្រេចព្រះអរហត្ត ។ ក្នុងសម័យថ្ងៃមួ ព្រះសាស្តាទ្រង់យាងបិណ្ឌបាតជាមួយនឹងពួកភិក្ខុសង្ឃ៥០០ អង្គបានទៅដល់ផ្ទះកូនជដិលភិក្ខុនោះៗ បានប្រគេនភិក្ខាហារអស់កន្លះខែ ចំពោះភិក្ខសង្ឃមានព្រះពុទ្ធជាប្រធាន ។ ពួកភិក្ខុមកប្រជុំគ្នាក្នុងធម្មសភាសួរថា ម្នាលជដិលដ៏មានអាយុចំណង់ក្នុងភ្នំមាសកំពស់៨០ហត្ថ នឹងចំពោះកូនទាំងឡាយរបស់អ្នកមានឬទេ? ជដិលភិក្ខុទូលថាចំណង់ក្តីការប្រកាន់រឹងត្អឹងរបស់ខ្ញុំនោះ មិនមានក្នុងវត្ថុទាំងនេះទេ ។ ពួកភិក្ខុលើកទោសថា ជដិលភិក្ខុពោលអួតឧត្តរមនុស្សធម៌ ហើយក៏នាំទៅក្រាបទូលព្រហសាសា្ត ព្រះអង្គត្រាស់ថាតណ្ហាក្តីមានះក្តី របស់កូនតថាគតចំពោះវត្ថុទាំងនោះមិនមានពិតមែនហើយ ចូរអ្នកទាំងអស់គនាដឹងដោយហេតុនេះចុះ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |