Reading Article
Public date : 26, Jul 2019 (13,348 Read)
ប្រដៅខ្លួនឯងឲ្យបាន

|
កូនជាទីស្រឡាញ់! មានការប្រព្រឹត្តដើម្បីកសាងខ្លួនឲ្យចម្រើន តាមគោលធម៌ ៣ ប្រការ ៖
១. ប្រដៅខ្លួនឯងឲ្យបាន ២. អានខ្លួនឯងឲ្យដឹង ៣. ប្រឹងខ្លួនឯងឲ្យដល់ ក្នុងប្រការទី ១ គឺ " ប្រដៅខ្លួនឯងឲ្យបាន " ដោយសេចក្តីថា តាមប្រក្រតីមនុស្សយើងច្រើនតែមិនសូវបានប្រដៅខ្លួនឯង ឬដាស់តឿនខ្លួនឯងឡើយ ប៉ុន្តែបែរជាប្រដៅអ្នកដទៃ ដាស់តឿនអ្នកដទៃបានដោយសព្វគ្រប់ ។ ប្រដៅឲ្យគេធ្វើយ៉ាងនេះ ដាស់តឿនឲ្យគេធ្វើយ៉ាងនោះ ប្រដៅបាន តឿនបាន ចំណែកខ្លួនឯងត្រឡប់ជាមិនព្រមប្រដៅ មិនព្រមដាស់តឿន ទើបបានជាភ្លាំងភ្លាត់ប្រព្រឹត្តខុស ជួបប្រទះនូវទុក្ខលំបាកក្នុងជីវិត ។ តាមដែលពិត ខ្លួនយើងនេះឯង ដែលប្រដៅទូន្មានបានដោយលំបាកជាទីបំផុត ហ្វឹកហាត់ក៏លំបាក និងកែឧបនិស្ស័យអាក្រក់ផ្នែកណាមួយ ក៏លំបាកទៅទាំងអស់ ។ ជាធម្មតានៃការងារ កាលបើធ្វើហើយ រមែងភ្លាំងភ្លាត់ ឬខ្វះខាតទៅបាន ហើយមនុស្សយើងម្នាក់ៗក៏រមែងមានការខុសឆ្គង ភ្លាំងភ្លាត់ និងខ្វះខាតដូចគ្នាដែរ ប៉ុន្តែកាលបើជួបប្រទះនូវរឿងខ្វះខាតជាដើមហើយ ក៏ប្រដៅខ្លួនឯង ដាស់តឿនខ្លួនឯងថា មិនត្រូវធ្វើយ៉ាងណានោះទៀតឡើយ ។ ព្យាយាមដាស់តឿនខ្លួនឯងរឿយៗដូច្នេះរមែងធ្វើឲ្យគិត កែខៃដោះស្រាយ រៀបចំចាត់ចែងការងារ និងរៀបចំចាត់ចែងខ្លួនឯងឲ្យល្អត្រឹមត្រូវ ជាផ្លូវឲ្យកើតសេចក្តីសម្រេចក្នុងឱកាសតទៅទៀតបាន ។ បើមិនមានអ្នកដទៃណាមកប្រដៅយើងទេ និងខ្លួនឯងក៏មិនប្រដៅខ្លួនឯងដែរ ឬមិនព្រមដាស់តឿនខ្លួនឯង ព្រោះគិតថា ខ្លួនឯងឆ្លាតហើយ មុខតែរកផ្លូវត្រូវមិនឃើញឡើយ មានតែឆ្ពោះមុខទៅរកសេចក្តីវិនាសតែម៉្យាងប៉ុណ្ណោះ គួរឲ្យខ្លាចមែនទែន ។ កូនត្រូវហ្វឹកហាត់ដាស់តឿនខ្លួនឯង ឲ្យជាប្រចាំរាល់ថ្ងៃ នឹងរង់ចាំឲ្យអ្នកដទៃគេមកដាស់តឿននោះ ពិតជាមិនសមគួរឡើយ ។ មានអ្នកណាគេមកយាមចាំកូន និងដឹងរឿងកូនឲ្យបានដោយសព្វគ្រប់ទៅ ណាមួយផ្លូវចិត្ត ផ្លូវគំនិត ដែលមិនមានរូបរាងឲ្យគេឃើញទៀត ដូច្នេះ បើកូនដាស់តឿនខ្លួនឯងបាន គឺជាការល្អបំផុត ។ អត្តនា ចោទយត្តានំ បដិមំសេតមគ្គនា សោ អត្តគុត្តោ សតិមា សុខំ ភិក្ខុ វិហាហិសិ ។ អ្នកចូរចោទខ្លួនដោយខ្លួនឯង ចូរពិចារណាខ្លួនដោយខ្លួនឯង ម្នាលភិក្ខុ អ្នកនោះជាអ្នកមានសតិរក្សាខ្លួនប្រាណហើយ នឹងរស់នៅជាសុខសប្បាយ ។ ដកស្រង់ចេញពីសៀវភៅ " ពាក្យពេជន៍ម៉ែឪ " រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |