Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
GENERAL KNOWLEDGE
១១២ អត្ថបទ
images/articles/3502/2026-07-21_09_19_24-__________________-________-__Protected_View_-_Word.jpg
Public date : 02, Sep 2026 (287 Read)
បុព្វន្តកប្បិកទិដ្ឋិ ១៨ (ទិដ្ឋិអាស្រ័យខន្ធក្នុងអតីត) សស្សតវាទ ៤ (ទិដ្ឋិដែលយល់ថាខ្លួននិងលោកជាសភាវៈទៀង) ១.សស្សតទិដ្ឋិ សមណព្រាហ្មណ៍មួយពួកបានចេតោសមាធិ អាចរឭកនូវខន្ធបាន ១ ជាតិខ្លះ ។ល។ ច្រើនសែនជាតិខ្លះ ហើយបញ្ញត្តនូវខ្លួននិងលោកថា ទៀង ។ ២. សស្សតទិដ្ឋិ សមណព្រាហ្មណ៍មួយពួកបានចេតោសមាធិ អាចរឭកនូវខន្ធបាន ១ សំវដ្តវិវដ្តកប្បខ្លះ ២ សំវដ្តវិវដ្តកប្បខ្លះ ៣ សំវដ្តវិវដ្តកប្បខ្លះ ៤ សំវដ្តវិវដ្តកប្ប ខ្លះ ៥ សំវដ្តវិវដ្តកប្បខ្លះ ១០ សំវដ្តវិវដ្តកប្បខ្លះ ហើយបញ្ញត្តនូវខ្លួននិងលោកថា ទៀង ។ ៣. សស្សតទិដ្ឋិ សមណព្រាហ្មណ៍មួយពួកបានចេតោសមាធិ អាចរឭកនូវខន្ធបាន ១០ សំវដ្តវិវដ្តកប្បខ្លះ ២០ សំវដ្តវិវដ្តកប្បខ្លះ ៣០ សំវដ្តវិវដ្តកប្បខ្លះ ៤០ សំវដ្តវិវដ្តកប្បខ្លះ ហើយបញ្ញត្តនូវខ្លួននិងលោកថា ទៀង ។ ៤. សស្សតទិដ្ឋិ សមណព្រាហ្មណ៍ជាអ្នកមានសេចក្តីត្រិះរិះពិចារណាជាប្រក្រតី បុគ្គល នោះពោលនូវ ពាក្យដែលខ្លួនស្រាវជ្រាវបានមកដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាប់ស្ទង់ ដោយការពិចារណា ជាពាក្យកើតមានដោយប្រាជ្ញារបស់ខ្លួនយ៉ាងនេះថា ខ្លួននិងលោកជាសភាវៈ ទៀង ។ ឯកច្ចសស្សតវាទ ៤ (ទិដ្ឋិដែលយល់ថាខ្លួននិងលោកជាសភាវៈទៀងខ្លះ មិនទៀងខ្លះ) ៥.ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ ដោយសមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយរលឹកនូវខន្ធបានត្រឹមកំណើតកើតជាព្រហ្មបរិវាររបស់ព្រហ្មមួយ ហើយយល់ថា ព្រហ្មដ៏ចម្រើនណាជាមហាព្រហ្ម គ្របសង្កត់ (លើព្រហ្មឯទៀត) ព្រហ្មឯទៀតមិនអាច គ្របសង្កត់លើបាន ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួងឲ្យលុះក្នុងអំណាច ខ្លួន ជាឥស្សរៈ (ក្នុងលោក) ជាអ្នកសាងលោក តាក់តែងលោក ជាចម្បង (ជាងសត្វលោក) ជាអ្នកបញ្ញត្តលោក ជាអ្នកស្ទាត់ជំនាញ ជាបិតាពួកភូតនិងពួកភព្យៈ យើងទាំងឡាយ ដែល ព្រហ្មដ៏ចម្រើនណា បានតាក់តែងហើយ ព្រហ្មនោះឯងជាអ្នកទៀងទាត់ ឋិតថេរ មាន សភាពមិនប្រែប្រួល ទាំងឋិតនៅស្មើដោយសស្សតិវត្ថុ ។ ឯពួកយើងដែលព្រហ្មដ៏ចម្រើន នោះ បានតាក់តែងហើយ យើងទាំងនោះ ជាអ្នកមិនទៀងទាត់ទេ មានអាយុខ្លី មានកិរិយា ច្យុតិទៅវិញជាធម្មតា ទើបបានមកកាន់អត្តភាពជាមនុស្សនេះ ។ ៦. ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ ដោយសមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយរលឹកនូវខន្ធបានត្រឹមកំណើតកើតជាពួកទេវតាឈ្មោះ ខិឌ្ឌាបទោសិកា (អ្នក វិនាសខ្លួនព្រោះល្បែង) ហើយយល់ថា ពួកទេវតាណាមិនវិនាសខ្លួនព្រោះល្បែង ពួកទេវតា នោះ ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួស វេលាឡើយ ។ កាលបើពួកទេវតានោះ មិនមានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួសវេលាហើយ ស្មារតីមិនភ្លេចវង្វេងឡើយ ។ ទេវតាទាំងនោះ មិនច្យុតចាកពួកទេវតានោះ ព្រោះមិនភ្លេចស្មារតីជាអ្នកទៀងទាត់ ឋិតថេរ មានសភាព មិនប្រែប្រួល ទាំងឋិតនៅស្មើដោយសស្សតិវត្ថុ ។ ឯយើងទាំងឡាយណា ជាអ្នកវិនាសខ្លួន ព្រោះល្បែង យើងទាំងនោះ ជាអ្នកមានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាល ជាធម្មតា ហួសវេលា ។ កាលបើយើងទាំងឡាយ មានសេចក្ដីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាល ជាធម្មតា ហួសវេលាហើយ ស្មារតីក៏ភ្លេចវង្វេងទៅ ។ ព្រោះតែភ្លេចស្មារតី យ៉ាងនេះឯង យើងទាំងឡាយដែលច្យុតចាកពួកទេវតានោះយ៉ាងនេះ ព្រោះវង្វេងស្មារតី ជាអ្នកមិន ទៀងទាត់ មានអាយុក៏ខ្លី មានកិរិយាច្យុតិជាធម្មតា ទើបបានមកកាន់អត្តភាពជា មនុស្សនេះ ។ ៧.ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ ដោយសមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយរលឹកនូវខន្ធបានត្រឹមកំណើតកើតជាពួកទេវតាឈ្មោះ មនោបទោសិកា (អ្នក វិនាសខ្លួនព្រោះទោសៈ) ហើយយល់ថា ពួកទេវតាណា មិនបានវិនាស ព្រោះចិត្តប្រទូស្ត ពួកទេវតានោះ មិនសម្លឹងរំពៃនូវគ្នានឹងគ្នាហួសវេលា ។ កាលបើពួកទេវតានោះ មិនសម្លឹងរំពៃនូវគ្នានឹងគ្នា ហួសវេលាហើយ ក៏មិនធ្វើចិត្តឲ្យប្រទូស្តគ្នាឡើយ ។ លុះពួកទេវតានោះ មានចិត្តមិនបានប្រទូស្តគ្នានឹងគ្នាហើយ ក៏មិនលំបាកកាយមិនលំបាកចិត្តឡើយ ។ ទេវតាទាំងនោះ មិនបានច្យុតចាកពួកទេវតានោះទេ ជាអ្នកទៀងទាត់ ឋិតថេរ មានសភាពមិន ប្រែប្រួលឡើយ នឹងឋិតនៅស្មើដោយសស្សតិវត្ថុ ។ ចំណែកខាងយើង ដែលជាអ្នកវិនាស ខ្លួនព្រោះចិត្តប្រទូស្ត យើងទាំងនោះសម្លឹងរំពៃគ្នានឹងគ្នាហួសវេលា ។ យើងទាំងឡាយនោះ កាលសម្លឹងរំពៃនូវគ្នានឹងគ្នាហួសវេលាហើយ ក៏ធ្វើចិត្តឲ្យប្រទូស្តគ្នានឹងគ្នា ។ លុះយើង ទាំងឡាយនោះ មានចិត្តប្រទូស្តគ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត ។ យើង ទាំងឡាយដែលច្យុតចាកពួកទេវតានោះយ៉ាងនេះ ហើយ ជាអ្នកមិនទៀងទាត់ មានអាយុខ្លី មានកិរិយាច្យុតិជាធម្មតា ទើបបានមកកាន់ អត្តភាពជាមនុស្សនេះ ។ ៨.ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ ដោយសមណព្រាហ្មណ៍ ដែលមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី សមណព្រាហ្មណ៍នោះក៏ពោល នូវពាក្យដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យកើតមានដោយប្រាជ្ញា របស់ខ្លួនយ៉ាងនេះថា ធម្មជាតណាដែលហៅថា ភ្នែកខ្លះ ត្រចៀកខ្លះ ច្រមុះខ្លះ អណ្តាតខ្លះ កាយខ្លះ (ធម្មជាតនោះ) គឺខ្លួននេះឯង ជាសភាវៈមិនទៀងទាត់ មិនឋិតថេរ តែងប្រែប្រួល ជាធម្មតា ។ មួយវិញទៀត ធម្មជាត ណាដែលគេហៅថា ចិត្តក្តី មនោក្តី វិញ្ញាណក្តី (ធម្មជាត នោះ) គឺខ្លួននេះឯង ជាសភាវៈ ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា នឹងឋិតនៅស្មើ ដោយសស្សតិវត្ថុ ។ អន្តានន្តិកទិដ្ឋិ ៤ (ទិដ្ឋិដែលយល់ថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ) ៩. អន្តសញ្ញីទិដ្ឋិ សមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយមានសេចក្តី​សម្គាល់​ថា លោកមានទីបំផុត សមណព្រាហ្មណ៍នោះក៏និយាយពាក្យយ៉ាងនេះថា លោក​នេះ​មានទី បំផុត មានផ្លូវជុំវិញ គឺមូលជុំវិញ ។ ១០. អនន្តសញ្ញីទិដ្ឋិ សមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយក៏មានសេចក្តី​សម្គាល់​ថា លោកមិនមានទីបំផុត ។ ១១.អន្តសញ្ញីអនន្តសញ្ញីទិដ្ឋិ សមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយក៏មាន សេចក្តីសម្គាល់ថា លោកមានទីបំផុត ក្នុងទិសខាងលើនិងទិសខាងក្រោម មានសេចក្តីសម្គាល់ថា លោកមិនមានទីបំផុត ក្នុងទិសទទឹង (ទិសទាំង៨) ។ ១២.នេវាយំ លោកោ អន្តវា ន បនានន្តោទិដ្ឋិ សមណព្រាហ្មណ៍ជាអ្នកមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី សមណព្រាហ្មណ៍នោះក៏និយាយ ពាក្យដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យដែលកើតមាន ដោយប្រាជ្ញារបស់ខ្លួនយ៉ាងនេះថា លោកនេះមានទីបំផុត ក៏មិនមែន មិនមានទីបំផុត ក៏មិនមែន ។ អមរាវិក្ខេបទិដ្ឋិ ៤ (ទិដ្ឋិដែលបោះវាចាបោះសម្ដី មិនឲ្យស្លាប់ពាក្យ) ១៣.សមណព្រាហ្មណ៍ជាអ្នកមិនចេះដឹង ព្រោះខ្លាចមុសាវាទ ព្រោះខ្ពើម មុសាវាទ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់នូវការ​បោះ​វាចា បោះសម្ដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនេះក៏មិន​មែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនោះក៏មិនមែន ។ សេចក្តីយល់ ឃើញរបស់​ខ្ញុំ​ថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញ របស់ខ្ញុំថា មិនមែនក៏ទេ ។ សេច​ក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ ។ ១៤.សមណព្រាហ្មណ៍ជាអ្នកមិនចេះដឹង ព្រោះខ្ពើមឧបាទាន (ឆន្ទៈក្តី រាគៈក្តី ទោសៈ​ក្តី​ បដិឃៈក្តី) កាលបើមានអ្នកណាមួយ សួរប្រស្នាក្នុងកុសលនិងអកុសល នោះៗ ក៏ដល់​នូវការបោះវាចាបោះសម្ដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ឃើញនៃខ្ញុំថា យ៉ាងនេះ ក៏មិនមែន ។ សេចក្តីយល់ឃើញនៃខ្ញុំថា យ៉ាងនោះក៏មិនមែន ។ សេចក្តីយល់ ឃើញ​របស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថាមិនមែនក៏ទេ ។ សេចក្តី​យល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ ។ ១៥.សមណព្រាហ្មណ៍ជាអ្នកមិនចេះដឹង ព្រោះខ្លាចពាក្យសួរដេញដោល ព្រោះធុញ​ថប់​នឹង​ពាក្យសួរដេញដោល កាលបើមានអ្នកណាមួយ សាកសួរប្រស្នា ក្នុងកុសលនិងអកុសលនោះៗ ហើយក៏ដល់នូវការបោះវាចា បោះសម្ដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ ឃើញរបស់ខ្ញុំថា យ៉ាងនេះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាង នោះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញ របស់ខ្ញុំថា មិនមែនក៏ទេ ។ សេចក្តីយល់ ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ ។ ១៦.សមណព្រាហ្មណ៍ ជាមនុស្សមានប្រាជ្ញាទន់ ជាមនុស្សល្ងង់ខ្លៅ ។ បុគ្គល នោះឯងហេតុតែមានប្រាជ្ញាទន់ ហេតុតែល្ងង់ខ្លៅ កាលបើមានអ្នកណាមួយ សាក សួរប្រស្នាក្នុង កុសលនិងអកុសលនោះៗ ហើយក៏ដល់នូវការបោះវាចា បោះសម្ដីមិនឲ្យស្លាប់ពាក្យថា បើអ្នកសួរខ្ញុំថា លោកខាងមុខមានឬទេ បើសេចក្តីយល់ឃើញរបស់ខ្ញុំយ៉ាង នេះថា លោកខាងមុខមាន ខ្ញុំនឹងមិនអះអាងដល់អ្នកថា លោកខាងមុខមាន (ម្តេចបាន) សេចក្តីយល់ឃើញរបស់ខ្ញុំថាយ៉ាងនេះក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនោះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញ របស់ខ្ញុំថា មិនមែនក៏ទេ ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ ។ បើអ្នកសួរខ្ញុំថា លោកខាងមុខមិនមានឬ ។បេ។ លោកខាងមុខមានខ្លះ មិនមានខ្លះឬ ។ លោកខាងមុខមានក៏មិនមែន មិនមានក៏មិនមែនឬ ។ សត្វទាំងឡាយ ដែលមានកំណើត ជាឧបបាតិកៈមានឬ ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈមិនមានឬ ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈមានខ្លះ មិនមានខ្លះឬ ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈមាន ក៏មិនមែន មិនមានក៏មិនមែនឬ ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អនិងអាក្រក់មានឬ ។ ផលវិបាករបស់កម្មទាំង​ឡាយ​ ដែលសត្វធ្វើល្អនិងអាក្រក់មិនមានឬ ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វ​ធ្វើល្អនឹងធ្វើអាក្រក់មានខ្លះ មិនមានខ្លះឬ ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វ​ធ្វើល្អនិងធ្វើអាក្រក់មានក៏មិនមែន មិនមានក៏មិនមែនឬ ។ សត្វលុះរំលាងខន្ធទៅ ខាង​មុខអំពីសេចក្តីស្លាប់ កើតទៀតឬ ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀតឬ ។ សត្វលុះរំលាងខន្ធទៅ ខាងមុខ អំពីសេចក្តីស្លាប់ កើតទៀតខ្លះ មិនកើតទៀតខ្លះឬ ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពី សេចក្តីស្លាប់ កើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែនឬ ។ បើសេចក្តីយល់ឃើញរបស់ខ្ញុំនឹងមានដូច្នេះថា សត្វលុះរំលាងខន្ធទៅខាងមុខអំពីសេចក្តីស្លាប់ កើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែន ខ្ញុំនឹងមិនអះអាង ដល់អ្នកថា សត្វលុះរំលាងខន្ធទៅខាង មុខអំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន (ម្តេចបាន) សេចក្តីយល់ ឃើញរបស់ខ្ញុំថាយ៉ាងនេះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថាយ៉ាងនោះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ។ សេចក្តីយល់ ឃើញរបស់ខ្ញុំថា មិនមែនទេ ក៏មិនមែនដែរ ។ អធិច្ចសមុប្បន្នទិដ្ឋិ ២ (ទិដ្ឋិដែលបញ្ញត្តនូវខ្លួននិងលោកថា កើតឡើងដោយឥតហេតុ) ១៧.អធិច្ចសមុប្បន្នោ អត្តា ច លោកោ ច សត្វដែលច្យុតពីអសញ្ញីភពមកកើតក្នុងមនុស្សលោក ហើយចេញសាងផ្នួសហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្ត​របស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រឭកបានកំណត់ត្រឹមកាលដែលខ្លួន​មានសញ្ញាកើត ឡើង មិនបានរឭកហួសអំពីកំណត់នោះឡើយ ។ បុគ្គលនោះពោល​យ៉ាងនេះថា ខ្លួននិង លោកកើតឡើយដោយឥតហេតុ ។ ១៨.អធិច្ចសមុប្បន្នោ អត្តា ច លោកោ ច សមណព្រាហ្មណ៍ ជាអ្នកមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី បុគ្គលនោះក៏និយាយពាក្យ ដែលខ្លួនស្រាវជ្រាវបានមកដោយសេចក្តី ត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យកើតមានដោយបញ្ញា របស់​ខ្លួនយ៉ាង នេះថា ខ្លួននិងលោកកើតឡើងដោយឥតហេតុ ។ អបរន្តកប្បិកទិដ្ឋិ ៤៤ (ទិដ្ឋិអាស្រ័យខន្ធក្នុងអនាគត) ឧទ្ធមាឃតនទិដ្ឋិ ជាសញ្ញីវាទ ១៦ (ទិដ្ឋិដែលបញ្ញត្តនូវខ្លួនថាមានសញ្ញាខាងមុខអំពី សេចក្តីស្លាប់) ១៩.រូបី អត្តា ហោតិ អរោគោ បរំ មរណា សញ្ញីតិ នំ បញ្ញបេន្តិ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូប តែមិនមានរោគ គឺទៀង មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ។ ២០.អរូបី អត្តា ហោតិ អរោគោ បរំ មរណា សញ្ញីតិ នំ បញ្ញបេន្តិ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូប ទាំងមិនមានរោគ មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ។ ២១.រូបី ច អរូបី ច អត្តា ហោតិ ។បេ។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូបខ្លះ មិនមានរូបខ្លះ ក៏មាន ។បេ។ ២២. នេវរូបី នារូបី អត្តា ហោតិ ។បេ។ ខ្លួនមានរូបក៏មិនមែន មិនមានរូប ក៏មិនមែនក៏មាន ។បេ។ ២៣. អន្តវា អត្តា ហោតិ ។បេ។ ខ្លួនមានទីបំផុតក៏មាន ។បេ។ ២៤. អនន្តវា អត្តា ហោតិ ។បេ។ ខ្លួនមិនមានទីបំផុតក៏មាន ។បេ។ ២៥. អន្តវា ច អនន្តវា ច អត្តា ហោតិ ។បេ។ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុត ខ្លះក៏មាន ។បេ។ ២៦. នេវន្តវា នានន្តវា អត្តា ហោតិ ។បេ។ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែនក៏មាន ។បេ។ ២៧. ឯកត្តសញ្ញី អត្តា ហោតិ ។បេ។ ខ្លួនមានសញ្ញា ដូចគ្នាក៏មាន ។បេ។ ២៨.នានត្តសញ្ញី អត្តា ហោតិ ។បេ។ ខ្លួនមានសញ្ញាផ្សេងគ្នាក៏មាន ។បេ។ ២៩.បរិត្តសញ្ញី អត្តា ហោតិ ។បេ។ ខ្លួនមានសញ្ញាយ៉ាងតិចក៏មាន ។បេ។ ៣០.អប្បមាណសញ្ញី អត្តា ហោតិ ។បេ។ ខ្លួនមានសញ្ញានឹងប្រមាណមិនបានក៏មាន ។បេ។ ៣១.ឯកន្តសុខី អត្តា ហោតិ ។បេ។ ខ្លួនមានសេចក្តីសុខតែម្យ៉ាងក៏មាន ។បេ។ ៣២.ឯកន្តទុក្ខី អត្តា ហោតិ ។បេ។ ខ្លួន មានទុក្ខតែម្យ៉ាងក៏មាន ។បេ។ ៣៣. សុខទុក្ខី អត្តា ហោតិ ។បេ។ ខ្លួនមានសុខនិងទុក្ខច្រឡំគ្នាក៏មាន ។បេ។ ៣៤.អទុក្ខមសុខី អត្តា ហោតិ អរោគោ បរំ មរណា សញ្ញីតិ នំ បញ្ញបេន្តិ ខ្លួនមិនមានទុក្ខ មិនមានសុខទាំងមិនមានរោគមានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ក៏មាន ។ ឧទ្ធមាឃតនទិដ្ឋិ ជាអសញ្ញីវាទ ៨ (ទិដ្ឋិដែលបញ្ញត្តនូវខ្លួនថាមិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់) ៣៥.រូបី អត្តា ហោតិ អរោគោ បរំ មរណា អសញ្ញីតិ នំ បញ្ញបេន្តិ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូប ទាំងមិនមានរោគ មិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ។ ៣៦. អរូបី អត្តា ហោតិ អរោគោ បរំ មរណា អសញ្ញីតិ នំ បញ្ញបេន្តិ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូប ទាំងមិនមានរោគ មិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ។ ៣៧.រូបី ច អរូបី ច អត្តា ហោតិ ។បេ។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូបខ្លះ មិនមានរូបខ្លះក៏មាន ។បេ។ ៣៨.នេវរូបី នារូបី អត្តា ហោតិ…ខ្លួនមានរូបក៏មិន មែន មិនមានរូបក៏មិនមែនក៏មាន... ៣៩.អន្តវា អត្តា ហោតិ…ខ្លួនមានទីបំផុតក៏មាន... ៤០.អនន្តវា អត្តា ហោតិ…ខ្លួនមិនមានទីបំផុតក៏មាន... ៤១. អន្តវា ច អនន្តវា ច អត្តា ហោតិ… ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះក៏មាន... ៤២.នេវន្តវា នានន្តវា អត្តា ហោតិ អរោគោ បរំ មរណា អសញ្ញីតិ នំ បញ្ញបេន្តិ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន តែមិនមានរោគ មិនមានសញ្ញាខាងមុខអំពី សេចក្តីស្លាប់ ។ ឧទ្ធមាឃតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ ៨ (ទិដ្ឋិដែលបញ្ញត្តនូវខ្លួនថាមានសញ្ញាក៏មិនមែន មិនមានសញ្ញា ក៏មិនមែន គឺមានសញ្ញាដ៏ល្អិត ខាងមុខអំពីសេចក្តីស្លាប់ ) ៤៣. រូបី អត្តា ហោតិ អរោគោ បរំ មរណា នេវសញ្ញីនាសញ្ញីតិ នំ បញ្ញបេន្តិ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូប តែមិនមាន រោគ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ។ ៤៤. អរូបី អត្តា ហោតិ ។បេ។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូបក៏មាន ។បេ។ ៤៥.រូបី ច អរូបី ច អត្តា ហោតិ… ខ្លួនមានរូបខ្លះ មិនមានរូបខ្លះក៏មាន... ៤៦.នេវរូបី នារូបី អត្តា ហោតិ… ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែនក៏មាន... ៤៧. អន្តវា អត្តា ហោតិ… ខ្លួនមានទីបំផុតក៏មាន ... ៤៨.អនន្តវា អត្តា ហោតិ… ខ្លួនមិនមាន ទីបំផុតក៏មាន... ៤៩. អន្តវា ច អនន្តវា ច អត្តា ហោតិ… ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះក៏មាន... ៥០.នេវន្តវា នានន្តវា អត្តា ហោតិ អរោគោ បរំ មរណា នេវសញ្ញីនាសញ្ញីតិ នំ បញ្ញបេន្តិ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន តែមិនមានរោគ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ។ ឧច្ឆេទវាទ ៧ (ទិដ្ឋិដែលបញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ) ៥១.សមណព្រាហ្មណ៍មួយពួកយល់ថា ខ្លួននេះមានរូបប្រកប ដោយមហាភូតរូប ៤ កើតអំពីមាតាបិតា លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពី សេចក្តីស្លាប់ទៅ រមែងមិនមាន ។ ៥២.សមណព្រាហ្មណ៍មួយពួកយល់ថា មានខ្លួនដទៃទៀត មានរូបជាទិព្វ ជាកាមាវចរ ទេវតា (ត្រាច់ទៅក្នុងកាមភព) មានកវឡិង្ការាហារជាចំណី អ្នកមិនដឹងមិនឃើញនូវខ្លួននោះឡើយ ឯខ្ញុំទើបដឹងទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះមានកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាសខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតទេ ។ ៥៣.សមណព្រាហ្មណ៍មួយពួកយល់ថា មានខ្លួនដទៃទៀត មានរូបជាទិព្វ សម្រេចដោយឈានចិត្ត មានអវយវៈធំតូចគ្រប់សព្វ មានឥន្ទ្រិយមិនថោកទាប គឺមានឥន្ទ្រិយពេញលេញ អ្នកមិនដឹង មិនឃើញនូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពី សេចក្តីស្លាប់ទៅ មិនកើតទៀតទេ ។ ៥៤.សមណព្រាហ្មណ៍មួយពួកយល់ថា មានខ្លួនដទៃដែលចូលទៅកាន់អាកាសា​នញ្ចាយ​តនភព មានអារម្មណ៍ថាអាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងនូវរូបសញ្ញា គឺសេចក្តីសម្គាល់ក្នុងរូប ព្រោះអស់ទៅនៃបដិឃសញ្ញា គឺសេចក្តីសម្គាល់ក្នុងអារម្មណ៍ ដែលជាទីខ្ទាំងខ្ទប់ចិត្ត ព្រោះមិនធ្វើទុកក្នុងចិត្តដល់នានត្តសញ្ញា គឺសេចក្តីសម្គាល់ក្នុងអារម្មណ៍ផ្សេងៗ ដោយសព្វគ្រប់ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណារមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតទេ ។ ៥៥.សមណព្រាហ្មណ៍ពួកមួយយល់ថា មានខ្លួនដទៃដែលកន្លងបង់នូវអាកាសា​នញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់វិញ្ញាណញ្ចាយតនភព មានអារម្មណ៍​ថា វិញ្ញាណមិនមានទីបំផុតដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាល​ណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតឡើយ ។ ៥៦.សមណព្រាហ្មណ៍មួយពួកយល់ថា មានខ្លួនដទៃដែលកន្លងបង់នូវវិញ្ញាណ​ញ្ចាយតនៈដោយសព្វគ្រប់ ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនភព មានអារម្មណ៍ថា អ្វី​តិចតួចក៏មិនមានដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ឯខ្ញុំទើបដឹង ទើបឃើញនូវ​ខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាសខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតឡើយ ។ ៥៧.សមណព្រាហ្មណ៍មួយពួកយល់ថា មានខ្លួនដទៃ ដែលកន្លងបង់នូវអាកិញ្ច​ញ្ញាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់នេវសញ្ញនាសញ្ញាយតនភព មានអារម្មណ៍​ថា នេះជា ធម្មជាតស្ងប់ នេះជាធម្មជាតឧត្តម អ្នកមិនដឹង មិនឃើញនូវខ្លួន​ណា ឯខ្ញុំទើបដឹង ទើប ឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននេះឯង លុះកាយបែកធ្លាយទៅកាលណា រមែង ដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀតឡើយ ។ ទិដ្ឋធម្មនិព្វានវាទ ៥ (ទិដ្ឋិដែលយល់ថា និព្វានគឺសេចក្តីរលត់ទុក្ខក្នុងបច្ចុប្បន្ន) ៥៨.សមណព្រាហ្មណ៍មួយពួក មានសេចក្តីយល់ឃើញយ៉ាងនេះថា កាលណាបើខ្លួននេះឆ្អែតស្កប់ស្កល់ ឲ្យគេបម្រើដោយកាមគុណ ៥ ព្រោះហេតុមានប្រមាណប៉ុណ្ណេះ​ឯង​ ទើបខ្លួននេះឈ្មោះថាជាអត្តភាពដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាង​ក្រៃលែង ។ ៥៩.សមណព្រាហ្មណ៍មួយពួក មានសេចក្តីយល់ឃើញយ៉ាងនេះថា កាលណាបានស្ងប់ស្ងាត់ចាកកាមទាំងឡាយហើយ បានស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ បានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងាត់ ព្រោះ​ហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន​ថាជា គុណជាតយ៉ាងក្រៃលែង ។ ៦០. សមណព្រាហ្មណ៍មួយពួក មានសេចក្តីយល់ឃើញយ៉ាងនេះថា កាលណាបើខ្លួននេះបានរម្ងាប់វិតក្កៈ និងវិចារៈអស់ហើយ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាត ច្បាស់ប្រាកដក្នុងខ្លួន មានសេចក្តីជ្រះថ្លាគឺសទ្ធា ជាសភាពនៃចិត្តដ៏ខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិនិងសុខៈកើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថាបានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង ។ ៦១. សមណព្រាហ្មណ៍មួយពួក មានសេចក្តីយល់ឃើញយ៉ាងនេះថា កាលណាបើខ្លួននេះ ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនផង រមែងបានទទួលសុខដោយនាមកាយផង ព្រោះអស់ទៅនៃបីតិ ក៏បានដល់នូវតតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយប្រាប់ថា លោក អ្នកបានតតិយជ្ឈាននោះប្រកបដោយឧបេក្ខា មានស្មារតីនៅជាសុខដូច្នេះ ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្នថាជាគុណជាត យ៉ាងក្រៃលែង ។ ៦២.សមណព្រាហ្មណ៍មួយពួក មានសេចក្តីយល់ឃើញយ៉ាងនេះថា កាលណាបើខ្លួននេះបានលះបង់សុខផង លះបង់ទុក្ខផង មានសោមនស្សនិងទោមនស្សអស់ហើយក្នុងកាលមុន ហើយបានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិដ៏បរិសុទ្ធកើតអំពីឧបេក្ខាវេទនា ព្រោះហេតុមានប្រមាប៉ុណ្ណេះឯង ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង ។ (សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ) សរុបទិដ្ឋិ ៦២ + បុព្ពន្តកប្បិកទិដ្ឋិ ១៨ - ចត្តារោ សស្សតវាទា សស្សតវាទ ៤ - ចត្តារោ ឯកច្ចសស្សតវាទា ឯកច្ចសស្សតវាទ ៤ - ចត្តារោ អន្តានន្តិកា អន្តានន្តិកទិដ្ឋិ ៤ - ចត្តារោ អមរាវិក្ខេបិកា អមរាវិក្ខេបិកទិដ្ឋិ ៤ - ទ្វេ អធិច្ចសមុប្បន្និកា អធិច្ចសមុប្បន្និកទិដ្ឋិ ២ + អបរន្តកប្បិកទិដ្ឋិ ៤៤ - សោឡស សញ្ញីវាទា សញ្ញីវាទ ១៦ - អដ្ឋ អសញ្ញីវាទា អសញ្ញីវាទ ៨ - អដ្ឋ នេវសញ្ញីនាសញ្ញីវាទា នេវសញ្ញីនាសញ្ញីវាទ ៨ - សត្ត ឧច្ឆេទវាទា ឧច្ឆេទវាទ ៧ - បញ្ច ទិដ្ឋធម្មនិព្ពានវាទា ទិដ្ឋធម្មនិព្ពានវាទ ៥ (រៀបរៀងដោយ ហួយ វ៉ាន់ថន) ដោយ៥០០០ឆ្នាំ
images/articles/3507/2026-07-21_15_30_26-Untitled_-_Notepad.jpg
Public date : 02, Sep 2026 (251 Read)
​ក្នុងដំណើរជីវិតដ៏វែងឆ្ងាយ ធម្មជាតិមិនមែនគ្រាន់តែជាទេសភាពដែលយើងមើលឃើញនោះទេ ប៉ុន្តែវាជាគ្រូដ៏អស្ចារ្យដែលបង្រៀនយើងឱ្យស្គាល់ពីសច្ចភាពនៃសេចក្តីសុខ។ ប្រសិនបើអ្នកចេះសង្កេត និងរៀនសូត្រពីវា អ្នកនឹងឃើញថា ភាពរឹងមាំ និងសន្តិភាពក្នុងចិត្ត គឺកើតចេញពីការយល់ដឹងដ៏សាមញ្ញបំផុត។ ​ ការកសាងជីវិតដ៏រឹងមាំមួយ គឺប្រៀបដូចជាការលូតលាស់នៃដើមឈើ ដែលមិនប្រញាប់ប្រញាល់ចង់បានមែកសាខាឈោងចាប់មេឃដោយគ្មានមូលដ្ឋានឡើយ។ វាចំណាយពេលចាក់ឬសក្នុងដីយ៉ាងស្ងៀមស្ងាត់ ដើម្បីសាងភាពរឹងមាំសម្រាប់ទប់ទល់នឹងខ្យល់ព្យុះ។ ជីវិតរបស់យើងក៏ដូចគ្នាដែរ ការផ្តោតលើការកសាងសមត្ថភាព សីលធម៌ និងការរៀបចំផែនការឱ្យបានច្បាស់លាស់ គឺជាគ្រឹះដែលធានាបាននូវភាពជោគជ័យដ៏ឋិតថេរ។ ​ ប៉ុន្តែក្នុងភាពរឹងមាំនោះ យើងត្រូវតែចេះទទួលស្គាល់ភាពមិនទៀងទាត់ ដូចជាផ្កាដែលរីកស្រស់បំព្រងក្នុងពេលមួយ ហើយក៏ស្រពោនទៅវិញតាមពេលវេលា។ ការយល់ថាគ្រប់រដូវកាលនៃជីវិតសុទ្ធតែមាន "ពេលវេលារបស់វា" នឹងជួយឱ្យយើងមិនតក់ស្លុតនៅពេលជួបការលំបាក និងមិនអំនួតនៅពេលជួបភាពជោគជ័យ។ ភាពវៃឆ្លាតនៃជីវិត គឺការចេះបត់បែនដូចខ្សែទឹកដែលហូរជួបនឹងផ្ទាំងថ្ម វាចេះស្វែងរកផ្លូវហូរវាងថ្ម ហូរជុំវិញថ្ម ឬហូររំលងថ្ម ដើម្បីបន្តដំណើរឆ្ពោះទៅមុខជានិច្ច ដោយមិនតោងជាប់នឹងគន្លងចាស់គំរឹលឡើយ។ ​ ដើម្បីរក្សាចិត្តឱ្យស្ងប់ក្នុងដំណើរដ៏វែងឆ្ងាយនេះ យើងត្រូវរៀន "ទម្លាក់ចោល" ដូចពពកដែលហូរទៅតាមខ្យល់ដោយសេរី ដោយមិនព្យាយាមកាន់កាប់មេឃ។ ការតោងជាប់នឹងអតីតកាល ឬការរំពឹងទុកហួសហេតុ គឺជាបន្ទុកដែលធ្វើឱ្យចិត្តមិនអាចរីកចម្រើនបាន។ នៅពេលយើងទម្លាក់វាបាន យើងនឹងរកឃើញភាពទន់ភ្លន់ដែលខ្លាំងក្លាដូចទឹក ដែលអាចកែច្នៃផ្ទាំងថ្មដ៏រឹងមាំបាន ដោយការហូរជាប់មិនដាច់។ ជីវិតដែលប្រកបដោយ សេចក្តីមេត្តា និងការអត់ធ្មត់ តែងតែមានអានុភាពខ្លាំងក្លាជាងការប្រើកម្លាំងបោកបក់។ ​​ ទោះបីជាស្ថិតនៅក្នុងគ្រាដ៏ងងឹតបំផុតនៃបញ្ហាក៏ដោយ យើងត្រូវរំលឹកខ្លួនឯងថា សេចក្តីអត់ធ្មត់គឺប្រៀបដូចជាព្រះចន្ទ ដែលបញ្ចេញពន្លឺដ៏ស្រទន់ដើម្បីនាំមកនូវសេចក្តីស្ងប់ និងជួយឱ្យយើងមានកម្លាំងចិត្តឆ្លងផុតរាត្រីដ៏វែងឆ្ងាយនៃទុក្ខលំបាក។ ខណៈពេលដែល បញ្ញាគឺប្រៀបដូចជាព្រះអាទិត្យ ដែលនឹងរះឡើងដើម្បីបំបាត់រាល់ភាពស្រពិចស្រពិល បំភ្លឺផ្លូវឱ្យឃើញច្បាស់លាស់ និងនាំមកនូវថ្ងៃថ្មីដ៏ស្រស់បំព្រង។ គ្មានយប់ណាមួយដែលមិនចាញ់ពន្លឺព្រះអាទិត្យនោះទេ ហើយក៏គ្មានបញ្ហាណាដែលមិនអាចដោះស្រាយបាន ដោយការរួមផ្សំគ្នារវាងសេចក្តីអត់ធ្មត់ដែលចេះរង់ចាំ និងបញ្ញាដែលចេះបំភ្លឺផ្លូវនោះឡើយ។ ​ សរុបសេចក្តីមក ភាពចាស់ទុំពិតប្រាកដមិនមែនកើតចេញពីការគ្រប់គ្រងពិភពលោកខាងក្រៅឱ្យបានតាមចិត្តនោះទេ តែវាជាការយល់ថា សន្តិភាពកើតឡើងនៅពេលដែលអ្នកចេះរីកចម្រើនឆ្លងកាត់គ្រប់ស្ថានភាពដែលចូលមកក្នុងជីវិត។ នៅពេលអ្នកយល់ពីច្បាប់ធម្មជាតិទាំងនេះ ហើយអនុវត្តវាដោយស្ងប់ស្ងាត់ នោះអ្នកនឹងរកឃើញសេចក្តីសុខដែលស្ថិតនៅខាងក្នុងខ្លួនអ្នកផ្ទាល់។ បកប្រែ និងកែសម្រួលភាសាអង់គ្លេស ប្រភព ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
images/articles/3510/2026-07-22_19_04_26-Untitled_-_Notepad.jpg
Public date : 02, Sep 2026 (254 Read)
ថ្ងៃនេះជាថ្ងៃសីល ដោយសារមានបរិស័ទមួយចំនួន នៅមានមន្ទិលរឿងអរុណរះ ដែលជារឿងទាក់ទងនឹង ការបដិបត្តិប្រចាំថ្ងៃ ខ្ញុំសូមលើកយកបញ្ហានេះ មកបរិយាយដូចតទៅ ។ យើងដឹងហើយថា ការយល់ដឹងត្រឹមត្រូវអំពីអរុណ គឺជារឿងសំខាន់បំផុត សម្រាប់ភិក្ខុ សាមណេរ ពីព្រោះ អរុណ មានទំនាក់ទំនងជាមួយ ព្រះវិន័យជាច្រើនប្រការ ដូចជា ពេលចេញពីវត្តក្នុងរដូវវស្សា ពេលដែលត្រូវចាប់ផ្ដើមបិណ្ឌបាត ឬឆាន់ចង្ហាន់បាន ពេលរក្សាវត្ត និងការ​រាប់រាត្រីរបស់ភិក្ខុ ដែលកំពុង​នៅបរិវាស និងប្រព្រឹត្តិមានត្ត ជាដើម ។ឯឧបាសក ឧបាសិកា ដែលសមាទានឧបោសថសីលជាដើម ក៏ត្រូវដឹងពីអរុណផងដែរ ។ តើអរុណគឺជាអ្វី? អរុណ គឺពន្លឺពណ៌ក្រហមស្លេក ដែលរះឡើងនៅទិសខាងកើត មុនពេលព្រះអាទិត្យរះ ។ ដូចមានបទបាឡី ក្នុងគម្ពីរអភិធានប្បទីបិកា គាថា ៦៥ និង ៩៧ ថា៖ «សូរស្សោទយតោ បុព្វុដ្ឋិតរំសិ សិយារុណោ» និង «អរុណោ កិញ្ចិរត្តោត្ថ» ហើយមានអធិប្បាយលម្អិត នៅក្នុងវិនយាលង្ការដីកា ត្រង់ការអធិប្បាយទិវាសេយ្យវិនិច្ឆយកថា ភាគ១ ផងដែរ ។ ដូច្នេះ ការដែលនឹងដឹងថាអរុណរះនៅម៉ោងប៉ុន្មាននោះ ត្រូវតែសង្កេតទិសខាងកើតក្នុងពេលជិតភ្លឺរៀងរាល់ព្រឹក ប្រសិនបើឃើញពន្លឺពណ៌ក្រហមស្លេក នោះបង្ហាញថា អរុណបានរះឡើងហើយ។ សួរថា៖ ប្រសិនបើ ថ្ងៃនោះមានអ័ព្ទច្រើន ឬទីកន្លែងនោះ មានអគារជាដើម រាំងឃាំងរហូតមិនអាចមើលឃើញអរុណបាន តើត្រូវដឹងអរុណដោយរបៀបណា? ចម្លើយ៖ យើងអាចពិចារណាប៉ាន់ស្មានបាន គឺប្រសិនបើធ្លាប់បានមើលអរុណនៅថ្ងៃមុនៗមកហើយ នោះអរុណនៅថ្ងៃបន្តបន្ទាប់ក៏នឹងមិនឃ្លាតឆ្ងាយពីពេលដើមប៉ុន្មានដែរ (ប៉ុន្តែក្នុងរដូវនីមួយៗ ពេលវេលាអរុណរះអាចខុសគ្នាច្រើន គួរតែកំណត់ឲ្យបានល្អ)។ ក្នុងសម័យបច្ចុប្បន្ននេះ អាចស្វែងរកពេលវេលាដែលព្រះអាទិត្យរះ នៃថ្ងៃនីមួយៗបាន វិធីមើលថាអរុណរះនៅម៉ោងប៉ុន្មាន គឺត្រូវយកពេលវេលាដែលព្រះអាទិត្យរះនោះទៅដកប្រហែល ៤៨ នាទី។ នោះហើយគឺជាពេលដែលអរុណរះ ឧទាហរណ៍ ព្រះអាទិត្យរះនៅម៉ោង ៦:០០ ព្រឹក អរុណក៏នឹងរះនៅម៉ោង ៥:១២ ព្រឹក។ វិធីនេះបានយកមកពីគម្ពីរវិនយាលង្ការដីកា ដូចមានសាធកថា៖ យទិ បព្វតាទិនា បដិច្ឆន្នដ្ឋានំ ហោតិ, យត្តកេន កាលេន វិវដ្ដដ្ឋានេ រត្តោភាសោ បញ្ញាយតិ, សូរិយមណ្ឌលស្ស ទិស្សនកាលតោ ឯកឃដិកាមត្តេន វា ទ្វិឃដិកាមត្តេន វា តត្តកំ កាលំ សល្លក្ខេត្វា ឥមស្មឹ កាលេ អរុណោ ភវេយ្យាតិ តក្កេត្វា កាតព្វំ។ ប្រែថា៖ ប្រសិនបើជាទីកន្លែងដែលត្រូវភ្នំជាដើមបិទបាំង ពន្លឺពណ៌ក្រហមនឹងបង្ហាញឲ្យឃើញនៅទីវាលបើកចំហ ដោយមានពេលវេលាប៉ុនណា គួរកំណត់ពេលវេលាប្រមាណនោះ ដោយដក​ថយ​ពី​ពេលដែលព្រះអាទិត្យរះប្រហែល ១ ឃដិកា ឬ ២ ឃដិកា (គឺប្រហែល ២៤ ឬ ៤៨ នាទី) រួចប៉ាន់ស្មានថា អរុណគួរតែរះក្នុងពេលនេះ គប្បីធ្វើកិច្ច(មានការរក្សាវត្តជាដើម) ។ ឃដិកា គឺរយៈពេលមួយដួសបាយពុះ ។ ១ ឃដិកា = ២៤ នាទី ដូច្នេះទើបបានប្រាប់ថា ត្រូវដកចេញ ៤៨ នាទី។ វិធីមើលអរុណ មានគោលអាងដូចដែលបានបង្ហាញនេះ សង្ឃឹមថានឹងជួយបន្ធូរបន្ថយការសង្ស័យ និងជួយឲ្យបាននូវគោលការណ៍ក្នុងការប្រព្រឹត្តិវិន័យបានត្រឹមត្រូវ សម្រាប់ភិក្ខុសាមណេរ ក៏ដូចជាឧបាសក ឧបាសិកា តទៅ។៚ ព្រះវិមលធម្មធារ៍ វជិរមេធី, ថ្ងៃ៤ ᧨ ᧰ គិម្ហរដូវ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ / 22-07-2026 ប្រភពៈ ហ្វេសប៊ុក Dara Sou ដោយ៥០០០ឆ្នាំ
images/articles/3512/2026-07-26_16_10_17-Untitled_-_Notepad.jpg
Public date : 02, Sep 2026 (182 Read)
ថេយ្យសំវាសកៈ ប្រែថា អ្នកដែលមានសង្វាសដោយការលួច (បួសក្លែងក្លាយ) មាន ៣ ប្រភេទគឺ ៖ ១. លិង្គថេនក (លួចលិង្គ ឬលួចភេទ) គឺករណីគ្រហស្ថដែលបួសក្លែងក្លាយ ប៉ុន្តែមិនពេញចិត្តសង្វាស (ពាក្យថា សង្វាស(សំវាស) ក្នុងទីនេះ មានន័យរួមទាំង ការពេញចិត្តនឹងការក្រាបថ្វាយបង្គំ ការរាប់វស្សា ការអង្គុយតាមលំដាប់វស្សា និងការចូលរួមសង្ឃកម្មផ្សេងៗ)។ ២. សំវាសថេនក (លួចសង្វាស) មាន ២ ករណីគឺ ៖ ១) សាមណេរដែលទៅបញ្ឆោតភិក្ខុថាខ្លួនឯងជាភិក្ខុ ហើយពេញចិត្តនឹងសង្វាស ឧទាហរណ៍ថា សាមណេរខ្លះ មានវ័យឬមុខមាត់ចាស់ជាងភិក្ខុ ពេលគេសួរនាំ ក៏ឆ្លើយថាខ្លួនជាភិក្ខុ ហើយពេញចិត្តនឹងឲ្យភិក្ខុដទៃថ្វាយបង្គំខ្លួន អង្គុយលើភិក្ខុជាដើម។ ២) ភិក្ខុដែលបានប្រាប់លាចាកសិក្ខាបទ (សឹក) រួចហើយ ប៉ុន្តែនៅក្នុងពេលដែលមិនទាន់ដោះស្បង់ចីពរចេញ ក៏នៅតែទៅពេញចិត្តនឹងសង្វាសនៅឡើយ ដូចជា ទៅទទួលយកការក្រាបថ្វាយបង្គំពីភិក្ខុរូបដទៃ។ ៣. ឧភយថេនក (លួចទាំងពីរ) មាន ២ ករណីគឺ ៖ ១) គ្រហស្ថដែលបួសក្លែងក្លាយហើយពេញចិត្តនឹងសង្វាស។ ២) ភិក្ខុដែលបានដោះស្បង់ចីពរចេញដោយគ្មានចំណង (គឺលែងមានចិត្តជាប់ពាក់ព័ន្ធ) ត្រូវបារាជិកហើយ ក៏នៅតែត្រឡប់មកពេញចិត្តនឹងសង្វាសវិញ មានន័យថា ភិក្ខុដែលត្រូវបារាជិក បានសឹកចេញទៅហើយ ប៉ុន្តែនៅតែត្រឡប់មកធ្វើខ្លួនជាភិក្ខុដូចដើមវិញ។ បញ្ជាក់៖ បុគ្គលនោះ មានចិត្តមិនបរិសុទ្ធ ហើយបញ្ឆោតភិក្ខុប៉ុណ្ណោះ ទើបជាថេយ្យសំវាសកៈ។ ករណីអ្នកបោកប្រាស់ដែលកោរសក់ស្លៀកស្បង់គ្រងចីវរទៅបញ្ឆោតតែគ្រហស្ថ មិនរាប់ជាថេយ្យសំវាសកៈទេ។ ម្យ៉ាងទៀត ប្រសិនបើជាថេយ្យសំវាសកៈហើយ នឹងរាប់ជាអភព្វបុគ្គល គឺបុគ្គលដែលត្រូវហាមប្រាមការបួសជាសាមណេរ និងឧបសម្បទាទៀតក្នុងជាតិនេះ (ទោះបីបួសក៏មិនឡើង) ហើយប្រសិនបើបន្តបញ្ឆោតថាជាភិក្ខុទៅទៀត នឹងរារាំងទាំងសុគតិ និងមគ្គ ប៉ុន្តែប្រសិនបើត្រឡប់ខ្លួនមកទទួលយកភេទជាគ្រហស្ថវិញ នឹងរារាំងតែមគ្គ មិនរារាំងសុគតិឡើយ។ ដូច្នេះ បើមិនសឹក នៅតែតាំងថាជាភិក្ខុ ហើយពេញចិត្តនឹងឲ្យភិក្ខុដទៃថ្វាយបង្គំ ពេញចិត្តនឹងចូលរួមធ្វើសង្ឃកម្ម ពេញចិត្តនឹងអង្គុយលើភិក្ខុដែលត្រឹមត្រូវជាដើម គឺជាតិនេះ បិទទ្វារសុគតិ នឹងទៅកាន់អបាយដោយប្រាកដ។ ប៉ុន្តែដឹងខ្លួនទាន់ ក៏សឹកទៅជាគ្រហស្ថ ធ្វើទាន រក្សាសីល ចម្រើនភាវនា ក៏បានសុគតិជាធម្មតា។៚ ប្រភពៈ ហ្វេសប៊ុក Dara Sou ដោយ៥០០០ឆ្នាំ
images/articles/3517/2026-07-29_11_57_55-_New_Text_D___Notepad.jpg
Public date : 02, Sep 2026 (272 Read)
អនុព្យញ្ជនៈ ៨០ ប្រការ មានដូចខាងក្រោមនេះគឺ៖ ផ្នែកព្រះហស្ត ព្រះបាទ និងការយាង (១ - ១៣) ១. ម្រាមព្រះហស្ត និងម្រាមព្រះបាទ មានសណ្ឋានរៀវតូចតាមលំដាប់។ ២. ម្រាមព្រះហស្ត និងម្រាមព្រះបាទ មានសណ្ឋានមូលក្លំល្អ។ ៣. ម្រាមព្រះហស្ត និងម្រាមព្រះបាទ មានសាច់ពេញបរិបូរ។ ៤. ព្រះនខា (ក្រចក) មានពណ៌ក្រហមទង់ដែងស្រស់ថ្លា។ ៥. ព្រះនខា មានសណ្ឋានងើបឡើងលើ (មិនកោងខុប)។ ៦. ព្រះនខា មានសភាពរលោងស្រិលស្អាត។ ៧. ព្រះកជើង និងភ្នែកគោន មានសាច់រុំលាក់កំបាំងមិនលេចចេញមកក្រៅ។ ៨. ព្រះបាទ មានផ្ទៃស្មើល្អ ពេលឈានជាន់ដីស្មើគ្រប់ជ្រុងជ្រោយ។ ៩. ការយាង មានលំនាំស្រស់សង្ហាដូចសត្វដំរីសារ។ ១០. ការយាង មានលំនាំអង់អាចដូចសត្វសីហៈ។ ១១. ការយាង មានលំនាំស្រាលល្វតល្វន់ដូចសត្វហង្ស។ ១២. ការយាង មានលំនាំនឹងនរដូចសត្វឧសភៈ។ ១៣. ពេលយាង ព្រះអង្គតែងឈានព្រះបាទស្តាំទៅមុនជានិច្ច។ ផ្នែកព្រះកាយ និងសរីរាង្គទូទៅ (១៤ - ៤៩) ១៤. ព្រះជានុមណ្ឌល (រង្វង់ជង្គង់) គ្របដណ្ដប់ដោយសាច់ល្អបរិបូរ មិនលេចឆ្អឹង។ ១៥. ព្រះកាយ មានលក្ខណៈជាបុរសពេញលេញបរិបូរ។ ១៦. ព្រះនាភី (ផ្ចិត) មិនរាក់ពេក មិនជ្រៅពេក។ ១៧. ព្រះនាភី មានសាច់រលោងស្អាត។ ១៨. ព្រះនាភី មានរង្វង់មូលល្អ។ ១៩. ព្រះកាយ មានទម្រង់ពេញលេញ (មិនរួញ ឬស្វិត)។ ២០. ព្រះកាយ មានសាច់បរិបូរ។ ២១. ព្រះកាយ មានសាច់ស្អាតមិនគ្រើមសាច់។ ២២. ព្រះកាយ មានសណ្ឋានបែងចែកជាចំណែកៗសមសួនមិនទើសភ្នែក។ ២៣. ព្រះកាយ មិនមានមន្ទិលសៅហ្មង ឬស្លាកស្នាមឡើយ។ ២៤. ព្រះកាយ មានទ្រង់ទ្រាយមូលក្លំស័ក្តិសម។ ២៥. ព្រះកាយ មានភាពទន់ភ្លន់កក់ក្តៅ។ ២៦. ព្រះកាយ រលោងស្រិលជានិច្ច។ ២៧. ព្រះកាយ មានក្លិនក្រអូបឈ្ងុយឈ្ងប់ជាប្រក្រតី។ ២៨. ព្រះលោមា (រោម) មានពណ៌ខ្មៅស្និទ្ធ។ ២៩. ព្រះលោមា មានសភាពរលោង។ ៣០. ព្រះលោមា មានសរសៃតូចៗ មិនរឹង។ ៣១. ព្រះលោមា វិលជារង្វង់ទក្ខិណាវដ្ត (វិលស្តាំ) គ្រប់ៗសរសៃ។ ៣២. ព្រះកាយ មានសភាពសង្ហាដូចព្រះមហាលក្ខណៈនៃព្រះព្រហ្ម។ ៣៣. ព្រះកាយ មានសាច់ផុសឡើងល្អជាមណ្ឌល (ត្រង់សាច់ដុំប្រចាំកាយ)។ ៣៤. ព្រះកាយ មិនមានសាច់ផុយស្រួយ។ ៣៥. ព្រះកាយ មានសណ្ឋានសង្ហា មិនទាបមិនខ្ពស់។ ៣៦. ព្រះកាយ មានសភាពត្រង់សណ្តូក។ ៣៧. ព្រះកាយ បរិសុទ្ធស្អាត (មិនមានក្អែលកកកុញ)។ ៣៨. ព្រះកាយ មានសាច់ហាប់ណែន។ ៣៩. ខ្សែព្រះលោហិត (សរសៃឈាម) លាក់កំបាំងមិនលេចចេញប៉ោងមកក្រៅ។ ៤០. ព្រះលោហិត មានពណ៌ក្រហមស្រស់។ ៤១. ព្រះសាច់ មានសម្បុរដូចមាស។ ៤២. ព្រះកាយ មិនមានសាច់កកកុញហួសហេតុ។ ៤៣. ព្រះកាយ មានសម្បុររលោងមិនស្អិត។ ៤៤. ព្រះកាយ មានសាច់ទន់ល្មើយ។ ៤៥. ព្រះកាយ មានទម្រង់ល្អប្រពៃជុំវិញ។ ៤៦. ព្រះកាយ មានសាច់មិនយារធ្លាក់។ ៤៧. ព្រះអវយវៈតូចធំទាំងអស់ គឺសមសួនស៊ីចង្វាក់គ្នាទាំងអស់។ ៤៨. ព្រះកាយ មិនមានធូលី ឬក្អែលទុំជាប់។ ៤៩. ព្រះកាយ មានសភាពភ្លឺថ្លា មានពន្លឺ។ ផ្នែកព្រះភ័ក្ត្រ ព្រះសិរសា និងឥន្ទ្រិយ (៥០ - ៨០) ៥០. ព្រះហនុកា (ចង្កា) ទូលាយ។ ៥១. ព្រះភ័ក្ត្រ (មុខ) មានសណ្ឋានស្រស់បស់ដូចព្រះចន្ទពេញបូណ៌មី។ ៥២. ព្រះហនុកា ត្រង់ មិនវៀច។ ៥៣. ព្រះកាយ មានទម្រង់សមរម្យល្អមើលឥតខ្ចោះ។ ៥៤. ព្រះបាទ និងព្រះហស្ត មិនរួញ មិនក្ងិច។ ៥៥. ព្រះបាទ និងព្រះហស្ត មានសាច់ពេញបរិបូរ។ ៥៦. ព្រះបាទ និងព្រះហស្ត មានទម្រង់មូលក្លំ។ ៥៧. ព្រះបាទ និងព្រះហស្ត រលោង។ ៥៨. ព្រះបាទ និងព្រះហស្ត មិនមានសាច់គ្រើម។ ៥៩. ព្រះសិរសា មានសណ្ឋានដូចស៊ុមឆ័ត្រ។ ៦០. ព្រះសិរសា មានទម្រង់មូលក្លំសមសួន។ ៦១. ព្រះសិរសា មានភាពល្អបរិបូរគ្រប់ជ្រុង។ ៦២. ព្រះសិរសា មានទំហំនិងទ្រង់ទ្រាយសមរម្យ។ ៦៣. ព្រះនលាត (ថ្ងាស) ទូលាយ។ ៦៤. ព្រះនលាត រលោងស្អាត។ ៦៥. ព្រះនលាត មិនមានស្នាមជ្រីវជ្រួញ។ ៦៦. ព្រះនលាត មានទម្រង់សមរម្យស័ក្តិសម។ ៦૭. ព្រះភូមុកា (ចិញ្ចើម) មានពណ៌ខ្មៅ។ ៦៨. ព្រះភូមុកា ដុះប្រដេញគ្នាល្អឥតមានដាច់។ ៦៩. ព្រះភូមុកា មានសណ្ឋានកោងស្អាត (ដូចកន្ទុយក្ងោក)។ ៧០. ព្រះភូមុកា មិនក្រាស់ពេក ឬស្តើងពេក។ ៧១. ព្រះនេត្រ (ភ្នែក) រលោងមានទឹកដម។ ៧២. ព្រះនេត្រ មានពណ៌ខៀវស្រស់ (ដូចផ្កាឧប្បលខៀវ)។ ៧៣. ព្រះនេត្រ មិនមានមន្ទិលសៅហ្មងកកកុញ។ ៧៤. ព្រះនេត្រ មានរង្វង់មូលទូលាយ។ ៧៥. ព្រះនេត្រ មិនលៀនចេញមកក្រៅ។ ៧៦. ព្រះកាណ៌ (ត្រចៀក) មានសាច់ពេញ។ ៧៧. ព្រះកាណ៌ មានរង្វង់មូលសមរម្យ។ ៧៨. ព្រះកាណ៌ មានទំហំសមរម្យ។ ៧៩. ព្រះកាណ៌ មានសាច់ទន់។ ៨០. ព្រះកាណ៌ មានខ្សែលយចុះរលោងស្អាត។ ប្រភពៈ ហ្វេសប៊ុកSoeun Rathna ដោយ៥០០០ឆ្នាំ
images/articles/3522/2026-07-30_10_27_50-_New_Text_Document_x-_Notepad.jpg
Public date : 02, Sep 2026 (295 Read)
ព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សម្តែងថា៖ ទានំ កលុ សភាវេន សគ្គមានុស្សភោគធំ បរិណាមវាសេនេ ភោគិមុក្ខុបនិស្សយំ ។ ទានតាមធម្មតា អាចផ្តល់ត្រឹមសេចក្តីសុខក្នុងមនុស្សលោកនិងទេវលោក ប៉ុន្តែបើអ្នកប្រាថ្នា និងតម្រង់វាទៅរកព្រះនិព្វាន វានឹងក្លាយជាស្ពានមាសដ៏រឹងមាំ នាំអ្នកឈានទៅដល់ «អមតមហានិព្វាន» ដ៏បរិសុទ្ធ។ ក្នុងនាមយើងជាអ្នកដើរតាមគន្លងធម៌ ហេតុអ្វីបានជាយើងត្រូវបំពេញទាន សីល និងភាវនា? ព្រោះយើងចង់ឱ្យរាល់កុសលធម៌ទាំងអស់នេះ ក្លាយជាកម្លាំងជម្រុញដ៏អស្ចារ្យ ជួយឱ្យយើងរួចចាកទុក្ខ និងសម្រេចបាននូវទីបំផុតដ៏សុខសន្តិភាពក្នុងលោកទាំងបី! រាល់ពេលដែល បំពេញបុណ្យកុសលដោយតម្រង់ទៅរកព្រះនិព្វាន អ្នកមិនគ្រាន់តែជាអ្នកធ្វើបុណ្យធម្មតានោះទេ ប៉ុន្តែអ្នកកំពុងតែអនុវត្តន៍តាម អរិយមគ្គមានអង្គប្រាំបី ព្រមទាំងបំពេញ ពោធិបក្ខិយធម៌ទាំង៣៧ និង បារមីទាំង១០ យ៉ាងពិតប្រាកដ។ ធម៌ទាំងនេះពិតជាអស្ចារ្យណាស់! គេហៅកុសលដែលអ្នកកំពុងសន្សំនេះថា «ឱបបាតិកកុសល» ដែលជាកុសលដ៏ខ្ពង់ខ្ពស់គ្មានថ្ងៃសាបរលាប។ សូមចងចាំថា កុសលដែលអ្នកបានសន្សំហើយ គឺគ្មានថ្ងៃបាត់បង់តម្លៃឡើយ! វាប្រៀប​បានទៅនឹង ប្រភពទឹកអណ្តូងធម្មជាតិដ៏ស្រស់បំព្រង ដែលមិនថាយើង​ខំ​ដួស​យក​ទៅប្រើប្រាស់ប៉ុណ្ណាក៏ដោយ ក៏ទឹកថ្មីនៅតែហូរផុសឡើងមកជំនួសឥតឈប់ឈរ ធ្វើឱ្យទឹកក្នុងអណ្តូងនោះមិនចេះរីងស្ងួតឡើយ។ ទោះបីជាអ្នកត្រូវទៅសោយសុខក្នុងឋានមនុស្ស ឬឋានទេវតាយ៉ាងណាក៏ដោយ ក៏កម្លាំងបុណ្យនេះមិនធ្លាក់ចុះជាដាច់ខាត វាគឺជារស្មី និងជាកម្លាំង់ ខបនិស្ស័យ ដែលតាមថែរក្សា និងនាំផ្លូវអ្នករហូតដល់គោលដៅចុងក្រោយ! កុំបារម្ភពីទំហំនៃបុណ្យថា តិច ឬច្រើន! មិនថាតូច ឬធំទេ រាល់ពេលដែលអ្នកធ្វើកុសល សូមបង្កប់នូវកម្លាំងចិត្តដ៏រឹងមាំ និងអធិដ្ឋានដោយក្តីជឿជាក់ថា៖ «សូមឱ្យមហាកុសលនេះ ជាបច្ច័យដល់ការត្រាស់ដឹងនូវពោធិញ្ញាណ បានឃើញអរិយសច្ចធម៌ និងបានសម្រេចអមតមហានិព្វានខានពុំខានឡើយ!» ចូរ​ដើរ​លើផ្លូវនេះដោយក្តីក្លាហាន និងក្ដីសង្ឃឹមជានិច្ច ព្រោះរាល់គ្រាប់ពូជនៃកុសលដែលអ្នកកំពុង​ដាំថ្ងៃនេះ គឺសុទ្ធតែជាអនាគតដ៏ភ្លឺស្វាង និងជាជំហានដ៏មុតមាំឆ្ពោះទៅកាន់សេចក្តីសុខដ៏ពិតប្រាកដរបស់អ្នក! ​ព្រះមហាថេរ ណៅឧយ្យានេ អរិយធម្ម (Nauyane Ariyadhamma Mahathera, ១៩៣៩–២០១៦) គឺជាគ្រូកម្មដ្ឋានព្រៃដ៏ល្បីល្បាញរបស់ស្រីលង្កា។ ព្រះអង្គល្បីល្បាញខ្លាំងខាងការកាន់ព្រះវិន័យម៉ឺងម៉ាត់ និងការបង្រៀនសមថៈ-វិបស្សនា ។ ព្រះអង្គ​បានទៅសិក្សាកម្មដ្ឋានស៊ីជម្រៅនៅមជ្ឈមណ្ឌល ប៉ាអ៉ុក (Pa-Auk) ប្រទេសភូមា ហើយបាន​នាំយកវិធីសាស្ត្រប្រតិបត្តិនេះមកផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅស្រីលង្កា। ដោយសារបារមី និងចិត្តមេត្តាដ៏ខ្ពង់ខ្ពស់ ព្រះអង្គត្រូវបានអ្នកប្រតិបត្តិទាំងនៅស្រី​លង្កា​ និងភូមា គោរពរាប់អាន និងប្រសិទ្ធនាមថាជា «ព្រះពោធិសត្វ» ទៀតផង។ ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
images/articles/3528/2026-08-01_12_42_53-_New_Text_Document_r_-_Notepad.jpg
Public date : 02, Sep 2026 (237 Read)
ក្នុងអដ្ឋកថាវិន័យ ៖ ភិក្ខុដែលចាំវស្សា (ក្នុងទីណាមួយ) គប្បីចាត់ចែងវិហារ (វត្តអារាម ទីសេនាសនៈឲ្យបានស្អាត) ហើយតម្កល់ទឹកឆាន់ ទឹកប្រើប្រាស់ទុក គប្បីធ្វើសាមីចិកម្ម មានការថ្វាយបង្គំព្រះចេតិយជាដើមស្រេចហើយ គប្បីបញ្ចេញវាចាថា « ឥមស្មឹ វិហារេ ឥមំ តេមាសំ វស្សំ ឧបេមិ » ដូច្នេះ ។ ១- ភិក្ខុចូលវស្សាក្នុងវត្ត ត្រូវអធិដ្ឋានថា « ឥមស្មឹ វិហារេ ឥមំ តេមាសំ វស្សំ ឧបេមិ : អាត្មាអញ នៅចាំវស្សាអស់ ៣ ខែនេះ ក្នុងវត្តនេះ » ។ ២- ភិក្ខុចូលវស្សាក្នុងទីដទៃក្រៅពីវត្ត បើមានខ្ទម ត្រូវអធិដ្ឋានថា « ឥធ វស្សំ ឧបេមិ : អាត្មាអញ នៅចាំវស្សា ក្នុងទីនេះ »។ ៣- ភិក្ខុចូលវស្សាក្នុងទីអត់មានសេនាសនៈ ត្រូវធ្វើសេចក្តីអាល័យថា « ឥធ វស្សំ វសិស្សាមិ : អាត្មាអញ នៅចាំវស្សា ក្នុងទីនេះ » ព្រះពុទ្ធដ៏ឧត្តម ទ្រង់បញ្ញត្តិឲ្យភិក្ខុត្រូវតែចូលចាំវស្សា ថា ៖ « ន ភិក្ខវេ វស្សំ ឧបគន្ត្វា បុរិមំ វា តេមាសំ បច្ឆិមំ វា តេមាសំ អវសិត្វា ចារិកា បក្កមិតព្វា យោ បក្កមេយ្យ អាបត្តិ ទុក្កដស្ស »។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចូលវស្សាហើយ មិននៅចាំបុរិមិកាវស្សាអស់ ៣ ខែ ឬបច្ឆិមិកាវស្សាអស់ ៣ ខែទេ មិនត្រូវ​ចៀស​ចេញទៅកាន់ចារិកឡើយ ភិក្ខុណាចៀសចេញទៅ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ ។ « ន ភិក្ខវេ វស្សំ ន ឧបគន្តព្វំ យោ ន ឧបគច្ឆេយ្យ អាបត្តិ ទុក្កដស្ស » ។ ម្នាលភិក្ខុទាំង​ឡាយ​ ភិក្ខុកុំមិនចូលវស្សា (គឺត្រូវតែចូលវស្សា) ភិក្ខុណាមិនចូលវស្សា (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដ ។ « ន ភិក្ខវេ តទហុវស្សូបនាយិកាយ វស្សំ អនុបគន្តុកាមេន សញ្ចិច្ច អាវាសេ អតិក្កមិតព្វា យោ អតិក្កមេយ្យ អាបត្តិ ទុក្កដស្ស » ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនប្រាថ្នា​នឹងចូលវស្សា ក៏ក្លែងដើរចេញពីអាវាសទៅក្នុងថ្ងៃចូលវស្សានោះ មិនបានទេ ភិក្ខុ​ណា​ដើរចេញទៅ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ ។ ( វិន័យបិដក លេខ ៧ ទំព័រ ៥) ប្រភពៈ ហ្វេសប៊ុកPhuorng Sovann ដោយ៥០០០ឆ្នាំ
images/articles/3535/2026-08-02_08_14_04-Greenshot.jpg
Public date : 02, Sep 2026 (359 Read)
ទិដ្ឋិចេតសិក ទិដ្ឋិ ប្រែថា សេចក្តីយល់ឃើញប៉ុន្តែនៅក្នុងទីនេះ សំដៅលើ មិច្ឆាទិដ្ឋិ (សេចក្តីយល់ខុស - យល់វង្វេងពីការពិត) ។ ទិដ្ឋិ មាន ២ យ៉ាង ប្រភេទទិដ្ឋិ ការពន្យល់ងាយយល់ ១. សាមញ្ញទិដ្ឋិ សេចក្តីយល់ខុសទូទៅ (សក្កាយទិដ្ឋិ)៖ គឺការប្រកាន់យល់ថា រូប​,ខន្ធនេះជា មនុស្ស, សត្វ, ខ្លួន (អត្តា)។ យល់ខុសប្រភេទនេះមាននៅលើបុថុជ្ជនទូទៅទាំង​អស់ (លើកលែងតែព្រះអរិយបុគ្គល)។ ២. ទិដ្ឋិវិសេសសេចក្តីយល់ខុសពិសេស-ធ្ងន់ធ្ងរ ៖ ដូចជា ទិដ្ឋិ ៦២ ឬ និយតមិច្ឆាទិដ្ឋិ (ការមិនជឿលើបុណ្យ បាប កម្ម-ផល ជាដើម)។ យល់ខុសប្រភេទនេះកើតមាន​តែ​លើ​មនុស្ស​មួយចំនួន ឬក្នុងកាលៈទេសៈខ្លះប៉ុណ្ណោះ។ លក្ខណចតុក្កៈរបស់ ទិដ្ឋិ (លក្ខណៈ ៤ ប្រការ) ១. លក្ខណៈ៖ មានការប្រកាន់យក, យល់ឃើញមិនត្រូវតាមការពិត ឬខុសទំនង។ ២. កិច្ច (តួនាទី)៖ ស្ទាបស្ទង់ និងសន្និដ្ឋានស្វែងយល់ខុសអំពីសភាវធម៌ (យល់បញ្ច្រាសពីការពិត)។ ៣. ផលលេចឡើង៖ ការប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ឬជាប់មាំក្នុងផ្លូវខុស។ ៤. ហេតុជិត៖ ការមិនចង់ជួបប្រសប់ មិនចង់ស្តាប់ ឬមិនចង់ឃើញព្រះអរិយបុគ្គល និងធម៌ពិត ជាហេតុនាំឱ្យកើតសេចក្តីយល់ខុសនេះឡើង។ សរុបន័យរួម៖ ទិដ្ឋិចេតសិក គឺជាធម្មជាតិដែលកើតជាមួយចិត្តដែលធ្វើឲ្យ យល់ខុស ប្រកាន់ខុសពីសភាវៈពិតនៃធម្មជាតិ ដោយប្រកាន់ថាមាន ខ្លួនឬមិនជឿលើ បុណ្យ-បាប និងផលនៃកម្មឡើយ ។ ប្រភពៈ ហ្វេសប៊ុកសារិ រដ្ឋា ដោយ៥០០០ឆ្នាំ
images/articles/1675/Untitled-1-Recovered.jpg
Public date : 21, Aug 2026 (29,643 Read)
តើ​សុរា​នេះ​មាន​តាំង​ពី​ពេល​ណា​មក? ទើប​មាន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ យើង​គ្រប់​គ្នា​ត្រូវ​គិត​ថា​កម្លាំង​សុរា​នេះ​ខ្លាំង​យ៉ាង​ណា? នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​បាន​ផឹក​តើ​ផ្ដល់​គុណ​សម្បត្តិ​ឬ​គុណ​វិបត្តិ​យ៉ាង​ណា​ដែរ?ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​តាម​សាច់​រឿង​បាន​បញ្ជាក់​ថា​កាល​ណា​មនុស្ស​បាន​ផឹក​សុរា​ហើយ សុរា​នោះ​វា​នឹង​ផ្ដល់​ផល​មិន​ល្អ​ដល់​អ្នក​ផឹក​វិញពិសេស​មាន​ការ​ប្រមាទ​ច្រើន​ដូច​មាន​រឿង​តំណាល​ថា រឿង​ថ្មើរព្រៃ​ឈ្មោះសុរៈ កាល​ដែល​កន្លង​ទៅ​ហើយ​ព្រះបាទ​ព្រហ្មទត្ត​សោយរាជ្យ​សម្បត្តិ​ក្នុង​ក្រុង​ពារាណសី។ សម័យ​កាល​នោះ​មាន​ថ្មើរ​ព្រៃ​ម្នាក់​ឈ្មោះសុរៈ​គាត់​បាន​ទៅព្រៃ​ហេមពាន្ត​ដើម្បី​ប្រកប​កិច្ចការ​ផ្សេងៗ ។ នៅ​​ព្រៃហេមពាន្ត​នោះ​មាន​ឈើ​មួយ​ដើម​កម្ពស់​មួយ​ជំហរ បែក​មែក​ជា​បី ក្នុង​ប្រឡោះ​ប្រគាប​ឈើ​នោះ​មាន​រណ្ដៅធំ​ប៉ុន​ពាង។ លុះ​ដល់​ធ្លាក់​ភ្លៀង​មក​ទឹក​ដក់​នៅ​ក្នុង​រណ្ដៅ​ធំៗ​នោះ​ថែម​ទាំង​មាន​ដើម​សម៉ កន្ទួតព្រៃ នឹង​ម្រេច​ជា​ដើម​ដុះ​ល្បែរ​ដើម​ឈើ​នោះ​ហើយ​ផ្លែ​ទាំង​នោះ​តែង​ជ្រុះ​ទៅ​ក្នុង​រណ្ដៅ​នោះ។ មិន​តែ​ប៉ុណ្ណោះ​សត្វ​បក្សី​ទាំង​ឡាយ​តែង​ពាំ​ស្រូវ​សាលី​ទៅ​ទំស៊ី​ហើយ​ជ្រុះ​ទៅ​ក្នុង​រណ្ដៅ​នោះ​ទៀត។ ទឹក​ក្នុង​រណ្ដៅ​នោះ ក៏​មាន​ពណ៌​ក្រហម មាន​រស់​ជាតិ​ខ្លាំង​ដល់​ក្ដៅ​សត្វ​បក្សី​ទាំង​ឡាយ មាន​សេចក្ដី​ស្រេក​ឃ្លាន​បាន​ផឹក​ទឹក​នោះ​ក៏​ស្រវឹង បម្រះ​ននៀល​ដួល​ជ្រប់​នៅ​ទៀប​គល់​ឈើ​នោះ បន្តិច​ក៏​ស្រែក​កញ្ជ្រៀវ​ខ្ញៀវ​ខ្ញារ ហើរ​ចេញ​ទៅ​សូម្បី​សត្វ​កំប្រុក​ស្វា​កង្ហែន​ជាដើម ដែល​បាន​ផឹក​ទឹក​នោះ​ក៏​មាន​ទំនង​ដូចគ្នា​ដែរ។ ថ្មើរ​ព្រៃ​បាន​ឃើញ​ហើយ​ក៏​គិត​ថា​ទឹក​នេះ​មិន​មែន​ពុល​ទេ​បើ​ជា​ទឹក​ពុល​សត្វ ដែលផឹក​ទាំង​ប៉ុន្មាន​មុខ​ជា​ស្លាប់​អស់​ឥត​សល់​ហើយ​ក៏​ដង​ទឹក​ផឹក​ដរាប​ដល់​ស្រវឹង ហើយ​បង្កាត់​ភ្លើង​ចាប់​សត្វ​ដែល​ដួល​ជ្រប់​ក្រាប​ក្បែរ​គល់​ឈើ​សម្លាប់​បោក​អាំង​ស៊ី​ផឹក​ទឹក​នោះ​អស់​ពីរ​បី​ថ្ងៃ។ សម័យ​នោះ​មាន​តាបស​មួយ​រូប​ឈ្មោះ វរុណៈ នៅ​ក្នុង​ទីជិត​នោះ ថ្មើរ​ព្រៃ​ដង​យកទឹក​នោះ​មួយ​បំពង់​ឫស្សី និង​ដុំ​សាច់​ដែល​ចម្អិន​ស្រេច​នោះ ដើរ​ទៅ​កាន់​សំណាក់​ វរុណៈ តាបស​ហើយ​បាន​និយាយ​ថា សូម​លោកម្ចាស់​ឆាន់​ទឹក​នោះ​ចុះ! លុះ​ឆាន់​អស់​កាល​ជា​យូរ​ថ្ងៃ​ទើប​ទឹក​នោះ​មាន​ឈ្មោះ វរុណៈ ដោយ​ហេតុ​តាបស​នោះ​បាន​ផឹក​មុន​គេ។ អ្នក​ទាំង​ពីរ​គិត​គ្នា​ថា​ទឹក​នោះ​វា​សំខាន់​ណាស់ក៏​ដង​ចាក់​ពេញ​បំពង់​ឫស្សី​ជាច្រើន រួច​រែក​ទៅ​ស្រុក​បច្ចន្ត​គ្រាម​ឲ្យ​អ្នក​ស្រុក​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​ថា​មាន​អ្នក​ចេះ​ធ្វើ​ទឹក​ស្រវឹង​យ៉ាង​វិសេស​ទើបនឹង​មក​ដល់។ ព្រះមហាក្សត្រ​ទ្រង់​ត្រាស់បង្គាប់ ឲ្យ​អ្នក​ទាំង​ពីរ​ចូល​ទៅ​គាល់​អ្នក​ទាំង​ពីរ​ក៏​យក​ទឹក​នោះ​ទៅថ្វាយ​ព្រះរាជាៗ ទ្រង់​សោយ​ក៏​ស្រវឹង​ស្រួល​មែន លុះ​អស់​ទឹក​នោះ​ទៅ​បាន​ត្រាស់​បង្គាប់​ឲ្យ​ដង​យក​ទៅ ថ្វាយ​ទៀត។ ជន​ទាំង​ពីរ​នាក់​ទៅ​នាំ​ទឹក​សុរា​នោះបាន​ពីរ​បី​ថ្ងៃទើប​បបួល​គ្នា​ថា​យើង​មិន​អាច​យក​ទៅ​ជានិច្ច​បាន​ទេ ហើយក៏​បាន​កំណត់​យក​គ្រឿង​ផ្សំ​គ្រប់​មុខ​មក​ផ្សំ​ធ្វើ​សុរា​ក្នុង​នគរ​នោះ។ អ្នក​នគរ​នាំ​គ្នា​ផឹក​សុរា​តែ​រាល់ៗ​គ្នា​ក៏​ទៅ​ជា​អ្នក​មាន​សេចក្ដី​ប្រមាទ​ក្នុង​ការងារ ធ្លាក់​ខ្លួន​ទៅ​ជា​ជន​កំសត់​ទូគ៌ត​នគរនោះ​ក៏​សាបសូន្យ ចាក​សេចក្ដី​ចម្រើន​គ្រប់​យ៉ាង អ្នកធ្វើ​សុរា​ក៏​នាំ​គ្នា​រត់​ទៅ​ក្នុង​នគរ​ពារាណសី ឲ្យ​អ្នក​នគរ​ក្រាប​ទូល​ព្រះ​បាទ​ពារាណសី ហើយ​ទ្រង់​បង្គាប់​ឲ្យ​ហៅ​មក​ទ្រង់​ព្រះរាជទាន​ស្បៀង​អាហារ​ឲ្យ​ធ្វើ​សុរា​ថ្វាយ។ នគរ​នោះ​ក៏​វិនាស​ដូច​មុន​ទៀតអ្នក​ធ្វើ​សុរា​រត់​ចេញ​ពីទី​នោះ​ទៅ​ក្នុង​នគរសាកេត ចេញពី​នគរ​សាកេត​ទៅ​នគរ​សាវត្ថី។ គ្រានោះ​ព្រះចៅ​ក្រុង​សាវត្ថី​ទ្រង់​ព្រះនាម​ព្រះបាទ សព្វមិត្រ ព្រះអង្គបាន​ធ្វើ​សេចក្ដី​សង្គ្រោះ​ដល់​អ្នក​ដែល​ធ្វើ​សុរា​ទាំង​ពីរ​នាក់​នោះ ទ្រង់​ព្រះរាជ​ទាន​ទេយ្យវត្ថុផ្សេងៗ ដល់​អ្នក​ទាំងពីរៗ ក៏​បាន​ធ្វើ​សុរា​នៅក្នុង​នគរ​សាវត្ថី​នោះ​អស់​កាល​ជា​យូរ​ឆ្នាំ ការ​ធ្វើ​សុរា​ក៏​ចេះ​តែ​កើត​បន្ត​ៗ​ពី​ត្រឹម​នោះ​មក។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ ដោយ​៥០០០​ឆ្នាំ​
images/articles/1225/5b4acf17c782c1715d47896fdfgcfbf47.jpg
Public date : 21, Aug 2026 (18,096 Read)
ទស អត្ថវសេ បដិច្ច តថាគតេន សាវកានំ សិក្ខាបទំ បញ្ញត្តំ ។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទដល់សាវ័កទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍១ ១០ យ៉ាង ៖ គឺ ១- សង្ឃសុដ្ឋុតាយ : ដើម្បីសេចក្តីល្អដល់សង្ឃ ២- សង្ឃផាសុតាយ : ដើម្បីនៅសប្បាយដល់សង្ឃ ៣- ទុម្មង្កូនំ បុគ្គលានំ និគ្គហាយ : ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយដែលមិនមានសេចក្តីអៀនខ្មាស ៤- បេសលានំ ភិក្ខូនំ ផាសុវិហារាយ : ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ ៥- ទិដ្ឋធម្មិកានំ អាសវានំ សំវរាយ : ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយក្នុងបច្ចុប្បន្ន ៦- សម្បរាយិកានំ អាសវានំ បដិឃាតាយ : ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយក្នុងបរលោក ៧- អប្បសន្នានំ បសាទាយ : ដើម្បីញុំាងជនទាំងឡាយដែលមិនទាន់ជ្រះថ្លាអោយជ្រះថ្លាឡើង ៨- បសន្នានំ ភិយ្យោភាវាយ : ដើម្បីញុំាងជនទាំងឡាយដែលជ្រះថ្លាហើយអោយរឹងរឹតតែជ្រះថ្លាឡើង ៩- សទ្ធម្មដ្ឋិតិយា : ដើម្បីតម្កល់នៅមាំនៃព្រះសទ្ធម្ម ១០- វិនយានុគ្គហាយ : ដើម្បីអនុគ្រោះដល់ព្រះវិន័យ ។ « អត្ថសតំ ធម្មសតំ ទ្វេ ច និរុត្តិសតានិ ចត្តារិ ញាណសតានិ អត្ថវសេ បករណេតិ »។ ក្នុងបករណ៍ សម្ដែងអំពីអំណាចប្រយោជន៍ (នេះ) បណ្ឌិតត្រូវដឹងថា មានអត្ថ ១០០ ធម៌ ១០០ និរុត្តិ ២០០ និងញាណ ៤០០ ។ (វិនយបិដក បរិវារ ១៣, ១១០) ប្រភព៖ ហ្វេសប៊ុកPhuorng Sovann ដោយ៥០០០ឆ្នាំ
images/articles/1452/2026-08-21_17_46_52-Untitled_-_Notepad.jpg
Public date : 21, Aug 2026 (35,444 Read)
ឯការប្រព្រឹត្តកន្លងក្នុងសិក្ខាបទនេះ រមែងមានដល់អ្នកដែលចូលទៅ ដោយមានបំណងនឹងមើលតែប៉ុណ្ណោះ ។ ចំណែកអ្នកដើរទៅជួប ឬឃើញការរាំ ច្រៀង និងការប្រគំ ដែលមកប្រាកដក្នុងឱកាសដែលឈរក្តី អង្គុយក្តី ដេកក្តី ក៏មានតែសេចក្តីសៅហ្មងតែម្យ៉ាង មិនមែនជាការប្រព្រឹត្តកន្លងឡើយ ។ « ធម្មូបសំហិតម្បិ ចេត្ថ គីតំ ន វដ្ដតិ, គីតូបសំហិតោ បន ធម្មោ វដ្ដតីតិ វេទិតព្វោ » ។ ក្នុងសិក្ខាបទនេះ ចម្រៀង ទោះបីមានខ្លឹមសារជាធម៌ក៏ដោយ ក៏មិនគួរ, តែធម៌ដែលប្រកបដោយសំឡេងច្រៀង គប្បីជ្រាបថា គួរ (ស្តាប់បាន) ។ (ចាកខុទ្ទកបាឋ អដ្ឋកថា)
images/articles/3527/2026-08-01_12_39_10-___Srsong_Channa_s.jpg
Public date : 06, Aug 2026 (239 Read)
ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា សម័យដំបូង​នៅ​ក្នុងប្រទេសភូមា បានសេសសល់ នៅតាម​និទានរបស់លង្កា ហើយគម្ពីរអដ្ឋកថា​ផ្សេង​ៗ បាន​ពោលថា ព្រះបាទអសោកមហារាជ បានទ្រង់បញ្ជូន ព្រះសោណ និង ព្រះឧត្តរ​មក​ប្រកាស​ព្រះ​ពុទ្ធសាសនា ក្នុងដែនដីសុវណ្ណភូមិ ។ អក្នប្រាជ្ញខ្លះបានសន្និដ្ឋាន​ថា សុវណ្ណភូមិ​ បានដល់នគរបឋមនៅប្រទេស​ថៃ​ តែ​អ្នក​ខ្លះថា បានដល់ក្រុងស្ថើមនៅ​ប្រទេស​ភូមា​ភាគខាងត្បូង តែទោះបីយ៉ាង​ណា​​ក៏​ដោយមិន​ប្រាកដថា ​ព្រះពុទ្ធសាសនា​បានរីក​ចម្រើន និង ផ្សព្វផ្សាយ​នៅក្នុងប្រទេស​ភូមា​សម័យមុន​នេះ សម័យ​ដែលអាចសន្និដ្ឋានច្បាស់ថា ព្រះពុទ្ធសាសនា​បានផ្សាយ​ចូល​មកកាន់​ភូមា គឺនៅ​ក្នុង ព.ស.ទី៦ ព្រោះបានជួប​សិលា​ចារឹក ជា​ភាសា​បាលី នៅ​ក្នុងប្រទេសភូមា​ភាគខាងត្បូង​ ហើយអ្នកប្រវត្តិសាស្រ្ត​ ឈ្មោះ តារនាថ ជនជាតិទីបេ បានពោល​ថា មានការបង្ហាត់បង្រៀន​ ព្រះពុទ្ធសាសនាបែបថេរវាទ នៅ ពៈគោ ប្រទេសភូមា និង ឥណ្ឌូចិនមកតាំងតែ​សម័យ ព្រះ​បាទ​អសោក លុះត​មក​មិនយូរ​ប៉ុន្មានសិស្សរបស់​ ព្រះថេរៈវសុពន្ធុ បាននាំព្រះពុទ្ធសាសនា​បែបមហាយាន​ចូល​ទៅផ្សព្វ​ផ្សាយ​ ធ្វើឲ្យមហា​យាន និង ថេរ​វាទដើរ​ទន្ទឹមគ្នា នៅក្នុង​ប្រទេស​ភូមាជាច្រើនសតវត្សរ៍​។ ព្រះពុទ្ធ​សាសនា ដែលបាន​ផ្សព្វផ្សាយចូលមក​រយៈពេល​កន្លងមក​ ប្រហែល​​​​ជា​ចូល​មក​តាមផ្លូវគោក​របស់ពាណិជ្ជករ ហើយ​ក៏​បានរុងរឿង ​ក្នុងអាណាចក្ររបស់​ ពួក Pyus ដែល​ហៅថា ​អាណាចក្រ​ស្រីក្សេត្រ។ ហេតុការណ៍ ដែល​សំខាន់តមក គឺនៅ​ក្នុង​ព.ស. ៩៤៦ ព្រះពុទ្ធឃោសាចារ្យ នៅពេលបានប្រែអដ្ឋកថា ពីសំស្ក្រឹតមកជាភាសា​បាលីរួចហើយ បាននិមន្តចេញពីប្រទេសលង្កា​ហើយបានឆៀង​ចូលក្រុមស្ថើមប្រទេសភូមា ដោយបានយកព្រះ​ត្រៃ​បិដក និង គម្ពីរ​អដ្ឋកថា​ផ្សេងៗ មកកាន់ទី​នោះ​ផង ។ ហេតុការណ៍​ក្នុង​លើកនេះ ប្រហែលជាជម្រុញការចាប់អារម្មណ៍ឲ្យមានការផ្សព្វ​ផ្សាយ​ព្រះពុទ្ធ​​សាសនានៅប្រទេស​ភូមាឲ្យកាន់តែរឹងប៉ឹង​ថែមទៀត ក្រោយ​ពីនោះក៏មាន​អ្នក​ប្រាជ្ញ​​ភាសា​បាលី កើតឡើងនៅប្រទេសភូមា ជាច្រើននាក់ បានសរសេរក្បួនវេយ្យាករណ៍​បាលីខ្លះ អភិធម្មខ្លះ។ មានភស្តុតាងដែល​អាច​ជឿបានថា ជនជាតិមនហិណ្ឌូ​ ឬ តឡេងក្រុងពៈគោ (ហង្សាវតី) ក្រុងស្ថើម (សុធម្មវតី) ហើយតំបន់ ដែលជិតគ្នា ហៅ​​រួម​ៗថា រាមញ្ញប្រទេស បានគោរពព្រះពុទ្ធសាសនាបែបថេរវាទ ដ៏រុង​រឿង​មក​ជាយូរ​គួរសម លុះដល់ ព.ស.ទី១៦ ក៏ប្រាកដថា ក្រុងស្ថើមបានក្លាយ​ជាមជ្ឈមណ្ឌល​ដ៏​សំខាន់​​​មួយកន្លែង របស់ព្រះពុទ្ធសាសនាថេរវាទទៅហើយ។ ចំណែកកុលសម្ព័ន្ធ​មួយក្រុម​​ទៀតគឺ មរម្មឬភូមា(អំបូរទីបេ,ដារាវិដៀន) ក៏បានមកតាំងអាណាចក្រ​ដ៏​មានអំណាច​​រុងរឿងរបស់ខ្លួនឡើង មានរាជធានីនៅ​ភូកាម ហើយហៅឈ្មោះ​របស់ខ្លួន​ថា​​ភូកាម។ ពួកអ្នមរម្មៈនេះថោកទាប គ្មានការសិក្សាគោរពព្រះពុទ្ធសាសនាបែបតន្ត្រៈ ដែល​ទាន់ខ្សោយមកដល់ ព.ស.ទី១៦ នោះឯង។ ព្រះបាទ​អនុរុទ្ធឬ អនោរធាមាំងបាន​​ឡើងគ្រងរាជជាក្សត្រមរម្មៈ (ព.ស ១៥៨៨​ដល់​១៦២១​) ដោយមានព្រះសង្ឃ​ តឡេង នៃក្រុងស្ថើមមួយអង្គព្រះមាននាមថាព្រះអរហន្ត​ ឬធម្មទស្សី អាចផ្លាស់ប្តូរព្រះទ័យ​​ព្រះបាទអនុរុទ្ធឲ្យបែរមកគោរពព្រះពុទ្ធសាសនា​ថេរវាទយ៉ាងបរិសុទ្ធ។ ព្រះបាទ​​អនុរុទ្ធ ទ្រង់បានរួមជាមួយព្រះធម្មទស្សីដាក់លទ្ធិតន្ត្រៈចុះ ធ្វើឲ្យព្រះពុទ្ធសាសនាប្រដិស្ឋាន​គង់វង់ក្នុងប្រទេសភូកាម​។ រចនាបទបាកាន នៅប្រទេសមីយ៉ាន់ម៉ា ព្រះពុទ្ធបដិមានៅប្រាសាទអានន្ទ រជ្ជកាល​ព្រះបាទអនុរុទ្ធនេះ ជាសម័យដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា និង ជាតិ​ភូមា ពេលព្រះអង្គបែរមកគោរពព្រះពុទ្ធសាសនា​បែបថេរវាទហើយ ទ្រង់មានព្រះរាជសទ្ធាដ៏ខ្លាំងក្លា ទ្រង់បានផ្ញើរាជសារទៅសូមគម្ពីរ​ព្រះពុទ្ធសាសនានៃក្រុងស្ថើម តែក្សត្រស្ថើមមិនព្រម ទើបព្រះអង្គទ្រង់លើកទ័ព​ទៅវាយក្រុងស្ថើមបាន ទ្រង់នាំព្រះត្រៃបិដក​៣០ចប់ ។ វត្តគោរពបូជាដ៏សក្តិសិទ្ធ ព្រមទាំងព្រះភិក្ខុជនជាតិតឡេង ដែលជាអ្នកឆ្លៀវឆ្លាតក្នុងព្រះធម៌ ផ្ទុក៣២ខ្នងដំរីត្រឡប់មកប្រទេសភូកាម។ ហេតុការណ៍លើកនេះធ្វើឲ្យភូមារួម ជាអាណាចក្រតែមួយ ហើយភូកាមជាអ្នកឈ្នះ ក៏ទទួលយកវប្បធម៌ តឡេង ស្ទើរទាំងអស់ជារបស់ខ្លួនតាំង​ពី​តួអក្សរភាសា វណ្ណកម្ម និង សាសនាជាដើម។ ព្រះបាទអនុរុទ្ធ ទ្រង់ផ្លាស់ប្តូរសាសនទូតជាមួយលង្កា ទ្រង់នាំព្រះត្រៃបិដកច្បាប់សំបូរណ៍មកពីលង្កា៣ចប់ ហើយនាំមកជម្រះប្រៀបធៀប​ និង ច្បាប់ ដែលមក​ពី​ក្រុងស្ថើមទ្រង់ឧបត្ថម្ភសិល្បកម្មផ្សេងៗ។ ការបំពេញព្រះរាជ​ករណីយ​កិច្ច​របស់ព្រះ​អង្គ​ ធ្វើឲ្យព្រះពុទ្ធសាសនាជាសាសនារបស់ជនជាតិភូមា​ទូទាំងប្រទេស ក្សត្រព្រះអង្គ​ត​ៗ​មក ក៏បានប្រព្រឹត្តតាមព្រះបដិបទាក្នុងការទំនុកបំរុងព្រះពុទ្ធសាសនា ដូច​ជាព្រះ​អង្គដែរ។ ចំណែកសាសនា​ព្រាហ្មណ៍ឬហិណ្ឌូក៏អន់​ថយអស់ទៅ ហើយរវាង​សម័យ ដែល​ភូកាមរុងរឿងនេះ ព្រះភិក្ខុជាច្រើនបានធ្វើដំណើរទៅសិក្សានៅលង្កាទ្វីបអង្គ​ខ្លះទៅ​សិក្សាហើយបានឧប្បសម្ប័ទ​ជាថ្មី ត្រឡប់មក​បង្កើតគណៈសង្ឃថេរវាទ​ថ្មី បែបលង្កា​ បែកចេញ​ទៅក៏មានដូចជាព្រះចបតៈនៅក្នុងព.ស.១៧២៥ ដែលធ្វើឲ្យមានការប្រណាំង​ប្រជែងគ្នារវាងគណៈសង្ឃនីមួយៗ​ មកអស់រយៈពេល ៣ សតវត្សរ៍។ អាណាចក្រភូកាមបានរលំ​រលាយទៅព្រោះបាន​បោះបង់ចោល ក្រោយពីការ​រុករានរបស់​ កុបលៃខាន ក្នុងព.ស.១៨៣១ ក្រោយពីនេះ ថ្វីបើប្រទេសជាតិជ្រួលច្របល់តែព្រះពុទ្ធសាសនានៅតែរីកចម្រើន​រុងរឿង​រហូតមកដល់រជ្ជកាល ព្របាទធម្មចេតិយ​ (ព.ស.​២០០៤​ដល់២០៣៥) សម័យនោះនៅ​ប្រទេសភូមាមានគណៈសង្ឃ៦​គណៈ​(មកពីខ្មែរ​១ពីលង្កា៥) ព្រះអង្គបានអារាធនា​ព្រះសង្ឃមកពីលង្កា ហើយឲ្យព្រះសង្ឃភូមា​ទាំងអស់​ឧប្បសម្ប័ទជាថ្មីរួមចូលជានិកាយ​មួយ តាំងពីនោះមកព្រះពុទ្ធសាសនាក៏​ប្រដិស្ឋានគង់វង់ ហើយមានការសិក្សាព្រះអភិធម្មបានរីកចម្រើនឡើង។ ពីរ​សតវត្សរ៍តមក ការខ្វែងគំនិតគ្នាកើតឡើងក្នុងរឿងការគ្រងចីវរចេញ​ក្រៅវត្ត ធ្វើឲ្យ​ព្រះសង្ឃបែកចេញជា​ពីរពួកគឺ មួយពួកឃ្លុំ និង មួយពួកគ្រងចំហៀងស្មា ព្រះមហាក្ស័ត្រ​ទ្រង់សព្វព្រះរាជហឫទ័យស្ថាបនាក្រុមឃ្លុំជាសមេ្តចព្រះសង្ឃរាជឡើងគ្រប់គ្រង​សង្ឃដើម្បីជារបៀបរៀបរយក្នុងព្រះវិន័យ។ ក្នុងពុទ្ធសតវត្សទី២៤ ព្រះពុទ្ធសាសនាក្នុងភូមារឹងមាំ​ល្អ រហូតមានព្រះសង្ឃ​ពីលង្កាមកទទួលឧប្បសម្ប័ទថ្មី ហើយទៅបង្កើតគណៈសង្ឃបែបភូមាឡើងក្នុងប្រទេសរបស់ខ្លួនមានការប្រែព្រះត្រៃបិដក និង មានការសង្គាយនាលើកទី ៥ ក្នុងព្រះបរមរាជូបត្ថម្ភរបស់ ព្រះបាទ​មិនដុង ទីក្រុងមណ្ឌលេ នៅព.ស.២៤១៥ ហើយចារឹកពុទ្ធវចនៈទាំង៣បិដកចុះក្នុងផ្ទាំងសីលា​(ថ្លើម​ថ្ម)​៧២៩ផ្ទាំង។ ក្នុងរយៈពេល​នេះមាន ការជ្រើសរើសសម្តេចព្រះសង្ឃរាជ អស់មួយសម័យកាល​។ អង់គេ្លសបានចូលមកដាកអាណានិគម ហើយមានអំណាចក្នុងប្រទេសភូមាតាំង​តែ​ព.ស.២៣៦៨ ក្ស័ត្រ​អង្គចុងក្រោយរបស់ភូមាគឺ ព្រះបាទ ធី ប នៃរាជវង្ស​អលងពញ្ញាបានសាបសូន្យវង្សនៅព.ស.២៤២៩ ប្រទេសភូមាបាននៅឯករាជ្យ ហើយក្លាយជា​សហ​ភាពភូមានៅថ្ងៃទី ៤ មករា ២៤៩២ (ចុះសន្ធិសញ្ញាឯករាជ្យ ថ្ងៃទី ១៧តុលា ២៤៩១ ) ​ពេលភូមាផ្លាស់​ជាសាធារណរដ្ឋហើយ ដំណែងព្រះសង្ឃរាជក៏បោះបង់​ចោល​ទៅរដ្ឋាភិបាលបានតែងតាំងប្រមុខសង្ឃឡើងជាថ្មីសម្រាប់និកាយសង្ឃទាំង៣​របស់ភូមា។ មួយនិកាយមួយអង្គ រយៈពេល ដែលពោលមកនេះ មានព្រះភិក្ខុភូមា ដែល​ជាអ្នកមានចំណេះដឹងដ៏ជំនាញបានរចនា ឬនិពន្ធក្បួនច្បាប់ព្រះពុទ្ធសាសនាជាច្រើន រដ្ឋាភិបាលភូមាជាអ្នក​ផ្តើមចាត់ការ ឆដ្ឋសង្គីតិ គឺសង្គាយនា​លើកទី៦ឡើង​នៅក្រុង​រ៉ងហ្គូន នៅក្នុង​ឱកាសឆ្លងសតវត្សរ៍ទី ២៥ តាំងតែពីខែឧសភា ព.ស.​២៤៩៨​ដល់​ខែ​ឧសភា ព.ស.២៥០០ បានអារា​ធនាព្រះសង្ឃ ហើយអ្នក​តំណាងពុទ្ធសាសនិកប្រទេស​ផ្សេងៗចូលរួមសាសនៈកិច្ចលើកនេះ​យ៉ាងច្រើន ហើយបាន​ចាត់បោះពុម្ពព្រះត្រៃ​បិដកព្រមទាំងគម្ពីរអដ្ឋកថា និង បករណ៍ពិសេសផ្សេងៗជាថ្មីឲ្យបរិសុទ្ធ​សម្បូរបំផុត ដែល​អាចធ្វើទៅបាន (ពុទ្ធស័ករាជក្នុងរឿងនេះ​រាប់បែបភូមា បើរាប់បែបថៃឲ្យ​យក​ចេញមួយឆ្នាំគ្រប់កន្លែង)។ ប្រភពៈ វិគីភីឌា ដោយ៥០០០ឆ្នាំ
images/articles/3523/2026-07-30_10_33_02-_New_Text_Document_x_-_Notepad.jpg
Public date : 06, Aug 2026 (191 Read)
បុគ្គលិកលក្ខណៈដែលរារាំងការវិវឌ្ឍ និងការរីកចម្រើនរបស់បុគ្គលម្នាក់ៗ និងសង្គមទាំងមូល ១. ភាពលោភលន់ និងអត្មានិយម ចង់បានហួសប្រមាណ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនចេះចែករំលែក និងមិនគិតពីប្រយោជន៍រួម។ ២. ភាពខឹង ការស្អប់ ការចងគំនុំ និងការមិនចេះអភ័យទោស ងាយខឹង រក្សាកំហឹង បង្កជម្លោះ និងបំផ្លាញសន្តិភាពទាំងក្នុងខ្លួន និងក្នុងសង្គម។ ៣. ភាពច្រណែន និងការប្រកួតប្រជែងដោយមានការគាបសង្កត់ មិនរីករាយនៅពេលឃើញអ្នកដទៃជោគជ័យ ចង់ទាញអ្នកដទៃឱ្យធ្លាក់ចុះ ជាជាងខិតខំអភិវឌ្ឍខ្លួនឯង។ ៤. ភាពក្រអឺតក្រទម និងការអួតអាង គិតថាខ្លួនតែងតែត្រឹមត្រូវ មិនទទួលយកការរិះគន់ មិនហ៊ានទទួលស្គាល់កំហុស និងមិនចង់កែប្រែខ្លួន។ ៥. ភាពខ្ជិល ការរកលេស និងការគេចវេះពីទំនួលខុសត្រូវ នៅពេលបរាជ័យ តែងតែបន្ទោសអ្នកដទៃ។ នៅពេលជោគជ័យ បែរជាចង់ទទួលកិត្តិយសសម្រាប់ខ្លួនឯង។ ៦. ខ្វះវិន័យ ការអត់ធ្មត់ និងការតស៊ូ ធ្វើអ្វីតាមអារម្មណ៍ ងាយបោះបង់ មិនអាចតស៊ូរហូតដល់សម្រេចគោលដៅ។ ៧. ការបោកប្រាស់ ការកេងបន្លំ និងភាពមិនស្មោះត្រង់ ប្រើល្បិចកល កុហក ឬកេងចំណេញលើអ្នកដទៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ មនុស្សបែបនេះបំផ្លាញទំនុកចិត្ត ដែលជាមូលដ្ឋាននៃសង្គមរឹងមាំ។ ៨. ការនិយាយដើម ការញុះញង់ និងការបំបែកបំបាក់ ផ្សព្វផ្សាយពាក្យចចាមអារ៉ាម បង្កការយល់ច្រឡំ ធ្វើឱ្យមនុស្សបែកបាក់ និងបំផ្លាញសាមគ្គីភាពក្នុងគ្រួសារ សហគមន៍ និងសង្គម។ ៩. ខ្វះបញ្ញា និងការពិចារណា មិនចេះរៀនពីកំហុស មិនទទួលយកការពិត ងាយជឿ ងាយធ្វើតាមអារម្មណ៍ និងមិនហ៊ានផ្លាស់ប្តូរខ្លួនឯង។ បុគ្គលដែលមានបុគ្គលិកលក្ខណៈទាំងនេះ មិនត្រឹមតែរារាំងការរីកចម្រើនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរារាំងការអភិវឌ្ឍរបស់គ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូលផងដែរ។ ប្រសិនបើនៅក្នុងភូមិមួយមានមនុស្សប្រភេទនេះច្រើន ភូមិនោះនឹងពិបាករីកចម្រើន។ ពីព្រោះការរីកចម្រើនពិតប្រាកដ មិនកើតឡើងដោយសារធនធានធម្មជាតិ ឬបច្ចេកវិទ្យាតែមួយមុខទេ ប៉ុន្តែកើតចេញពីគុណភាពនៃចិត្ត សីលធម៌ ទំនួលខុសត្រូវ និងសាមគ្គីភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះ សូមយើងទាំងអស់គ្នាចាប់ផ្តើមផ្លាស់ប្តូរពីខ្លួនឯង។ កុំរង់ចាំឱ្យអ្នកដទៃផ្លាស់ប្តូរមុន។ នៅពេលមនុស្សម្នាក់ៗកែប្រែចិត្ត និងអាកប្បកិរិយារបស់ខ្លួន គ្រួសារនឹងរឹងមាំ សហគមន៍នឹងមានសាមគ្គីភាព ហើយប្រទេសជាតិនឹងរីកចម្រើនដោយសន្តិភាព និងវិបុលភាព។ អនាគតដ៏ល្អប្រសើររបស់ប្រទេសជាតិ មិនស្ថិតនៅក្នុងដៃអ្នកដទៃទេ ប៉ុន្តែស្ថិតនៅក្នុងចិត្ត និងការប្រព្រឹត្តរបស់យើងគ្រប់ៗគ្នា។ ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
images/articles/3524/2026-07-31_12_28_18-_New_Text_Document_____Notepad.jpg
Public date : 31, Jul 2026 (289 Read)
ព្រះពុទ្ធសាសនា​ចាប់កំណើត​ឡើង​នៅលើ​ទឹកដី​កម្ពុជា​ តាំងពី​សតវត្ស​ទី៥ មកម្ល៉េះ​ ដោយ​​មាន​ប្រភព​ខ្លះ​បង្ហាញថា​ នៅ​សតវត្ស​ទី៣នៃ​គ្រឹ​ស្ត​សករាជ និង​ឯកសារ​ខ្លះទៀត​បង្ហាញ​ថា​ ព្រះពុទ្ធសាសនា​ថេរវាទ​ត្រូវបាន​នាំចូល​មកលើ​ទឹកដី​កម្ពុជា​ ក្នុង​រាជ​ព្រះបាទ​អសោក ដែល​បាន​បញ្ជូន​សមណ​ទូត២អង្គ​ព្រះនាម សោ​ណ​ត្ថេ​រ និង​ឧ​ត្ត​រ​ត្ថេ​រ មកកាន់​ទឹកដី​​សុវណ្ណ​ភូមិ​ តាំងពី​សតវត្ស​ទី៣ មុន​គ្រឹ​ស្ត​សករាជ។ ហើយ​ព្រះពុទ្ធសាសនា​​បាន​បន្ត​​រីក​ចម្រើន​​បន្តិចម្តងៗ ជាមួយនឹង​ព្រហ្មញ្ញសាសនា ដូច​មាន​សិលាចារឹកមួយ​ នៅ​លើ​​ទឹកដី​វៀតណាម​​សព្វថ្ងៃ គឺ​សិលាចារឹក​វ៉ូ​កាញ់ ខេត្ត​ញ៉ា​ត្រាង​ ចុះ​កាលបរិច្ឆេទ​នា​សតវត្ស​ទី៣ ដែល​បាន​និយាយ​ពី​ព្រះមហាក្សត្រ ​គឺ​ព្រះបាទ​ស្រី​មារ​ ទាក់ទង​ទៅនឹង​ពុទ្ធសាសនា​នេះ​​ផង​ដែរ។ ក្រៅពី​ការចូល​មកកាន់​ទឹកដី​ខ្មែរ​ តាមរយៈ​អ្នក​ផ្សព្វផ្សាយ​ទាំងនោះ ពុទ្ធសាសនា​​​ក៏ត្រូវ​បានមក​តាមរយៈ​ពួក​អ្នកជំនួញ​ឥណ្ឌា​ផងដែរ។ ហើយ ចាប់ពី​សតវត្ស​ទី​១៣​រៀងមក លើកលែងតែ​នៅ​សម័យ​ដែល​ខ្មែរក្រហម​គ្រប់គ្រង​អំណាច ព្រះពុទ្ធសាសនា​​បានក្លាយ​ទៅជា​សាសនា​របស់​រដ្ឋ ដែលមាន​ពុទ្ធសាសនិក​ជា​ខ្មែរ​ប្រមាណ​ជិត ៩៥​ភាគរយ ​នៃ​ប្រជាជន​សរុប។ ពុទ្ធសាសនា​នៅ​សម័យ​ហ្វូណន៖ អាណាចក្រ​ហ្វូណន​ពី​សតវត្ស​ទី២ មុន​គ្រឹ​ស្ត​សករាជ រហូត​ដល់​សតវត្ស​ទី៦នៃ​គ្រឹ​ស្ត​សករាជ បាន​កាន់​នូវ​លទ្ធិ​ហិណ្ឌូ​ ដោយមានព្រះ​មហា​ក្សត្រ​​​ជា​អ្នកដឹកនាំ និង​មាន​ជំនឿ​លើ​ព្រះ​សិវ និង​ព្រះ​វិស្ណុ។ ទោះជា​យ៉ាងនេះ​ក្ដី​ព្រះពុទ្ធសាសនា ក៏មាន​វត្តមាន​រួចជាស្រេច​ហើយ ​នៅលើ​ទឹកដី​នៃ​អាណាចក្រ​នេះ ដែលជា​សាសនា​ទី២ បន្ទាប់ពី ​ព្រាហ្មណ៍​សាសនា។ ព្រះពុទ្ធសាសនា​មាន​ភាព​រីកចម្រើន​រុងរឿង​ ​នៅ​កំឡុង​សតវត្ស ​ទី៥-៦នៃ​គ្រឹ​ស្ត​សករាជ​ ក្នុង​រជ្ជកាល​ ព្រះបាទ​កៅ​ឌិ​ណ្ឌ​ន្យ​វរ្ម័ន ព្រោះ​មានការ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ និង​ជាតិ​ឥណ្ឌា ​ទៅកាន់​ប្រទេស​ចិន ​ដើម្បី​យក​ឯកសារ និង​ពុទ្ធរូប​ ទៅ​ថ្វាយ​ដល់​ស្ដេច​ក្រុង​ចិន ហើយ​ព្រមទាំង​បាន​ជួយ​បកប្រែ​គម្ពីរ​ពី​សំស្ក្រឹត​ទៅ​ភាសា​ចិន​ទៀតផង។ ព្រះសង្ឃ​នាម ​សង្ឃ​បាល​ បាន​គង់នៅ ស្រុក​ចិន​ ១៦ឆ្នាំ​ ព្រមទាំង​បានទទួល​ងារ​ជា ​ព្រះរាជ​គ្រូ​របស់​ចិន​ទៀតផង នេះ​ក៏​ព្រោះតែ​ចំណេះដឹង​ផ្នែក​សាសនា​របស់​ព្រះអង្គ។ ពុទ្ធសាសនា​សម័យ​ចេនឡា៖ នៅ​សម័យ​ហ្វូណន​ ព្រះពុទ្ធសាសនា​នៅ​រុងរឿង​គួរសម​នៅឡើយ។ លុះដល់​ចុង​សតវត្ស​ទី៧ តាម​សង្ឃដីកា​របស់​ព្រះសង្ឃ​ចិន​មួយអង្គ ​ព្រះនាម​យ៉ី​សិង ដែល​បាន​និមន្ត​ត្រឡប់​ពី​ប្រទេស​ឥណ្ឌា​ ទៅកាន់​ប្រទេស​ចិន​ កាត់​តាម​រាជាណាចក្រ​ចេនឡា​ ឱ្យដឹងថា ពី​ដើមឡើយ​ព្រះធម៌​មាន​ភាពរុងរឿង​ណាស់ ហើយ​បាន​ផ្សព្វផ្សាយ​គ្រប់ទិសទី តែ​ឥឡូវនេះ​ស្ដេចកំណាច មួយអង្គ​បាន​ បំផ្លិច​បំផ្លាញ ចោល​​អស់ ហើយ​ព្រះសង្ឃ​រកតែ​មួយអង្គ​និមន្ត​មិនបាន​ផង (ត្រឹង​ងា ប្រវត្តិសាស្ត្រ​ខ្មែរ​ភាគ១ភាគ២,១៩៧៣)។ តាមរយៈ​នេះ​ឃើញថា​ព្រះពុទ្ធសាសនា​ត្រូវបាន​សាបរលាប​នូវ​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​សតវត្ស​នេះ ប៉ុន្តែ​មិនមែន​មានន័យថា​បាត់បង់​ទាំងស្រុង​នោះទេ ផ្ទុយទៅវិញ​នៅ​សតវត្ស​ក្រោយមក​ពុទ្ធសាសនា​មហាយាន ​បានចាប់ផ្ដើម​ផ្សាយ​ឥទ្ធិពល របស់ខ្លួន និង​មាន​ប្រជាពលរដ្ឋ​បាន​គោរពខ្លះៗហើយ។ នៅ​សម័យនេះ​មាន​សិលា​ចារិក​តែមួយគត់​ដែល​និយាយ​ពី​ ព្រះ​ភិក្ខុ​ពុទ្ធសាសនា​ចំនួន​ពីរ​អង្គ។ ពុទ្ធសាសនា​សម័យអង្គរ៖ បន្ទាប់ពី​ការ​ទ្រុឌទ្រោម​នៃ​លទ្ធិពុទ្ធ​សាសនា​ហីនយាន​ នៅ​សម័យ​ចេនឡា​នា​ កំឡុង​សតវត្ស​ទី៧ មកពុទ្ធសាសនាមហាយាន​បានចាប់ផ្តើម​កកើតឡើង រហូត​ដល់​សម័យអង្គ​រ។ នៅក្នុង​សតវត្ស​ទី៩ រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី២ មានការ​ប្រារព្វ​ធ្វើ​ពិធី​ទេវរាជ​នៅលើ​ភ្នំ​គូលែន ដែល​អាច​បង្ហាញថា​ព្រះរាជា​អង្គ​នេះ​មាន​ជំនឿ​​យ៉ាង​មុតមាំ​ចំពោះ​ព្រហ្មញ្ញសាសនា ដែលមាន​ឥទ្ធិពល​ខ្លាំងក្លា​នៅ​សម័យ​នោះ និង​​មាន​ការគោរព​រាប់អាន​ខ្លាំង​ពី​ប្រជារាស្ត្រ​ខ្មែរ។ តែ​ទោះជា​យ៉ាងណាក្ដី​ក៏​ពុទ្ធសាសនា​​មហាយាន​បាន​បន្ត​វត្តមាន​របស់ខ្លួន​ដដែល​នៅលើ​ទឹកដី​ខ្មែរ​លាយឡំ​ជាមួយនឹង​លទ្ធិ​ព្រា​ហ្ម​ផងដែរ។ តាមរយៈ​ឯកសារ​ខ្លះ​បាន​បង្ហាញថា​ពុទ្ធសាសនា​បាន​រីកចម្រើន និង​មានការ​ទទួលស្គាល់​បន្តិចម្ដងៗ ពី​ប្រជារាស្ត្រ និង​ព្រះមហាក្សត្រ​ខ្មែរ​បន្ត​បន្ទាប់មក។ នៅ​សតវត្ស​ទី៩ ក្នុង​រាជ​ព្រះបាទ​យ​សោ​វរ្ម័នទី១ មានការ​សាងសង់​បារាយណ៍​ខាងកើត​ឈ្មោះ យ​សោធ​រត​ដាក ដោយនៅ​ភាគ​ខាងកើត​លើ​ច្រាំង​នៃ​បារាយណ៍​នេះ​មានការ​សាងសង់​បន្ថែម​នូវ​អាស្រម ​សម្រាប់​គណៈ​សាសនា​ នៅ​សម័យ​នោះ​ដូចជា៖ - ព្រា​ហ្ម​ណា​ស្រម សម្រាប់​អ្នក​កាន់​និកាយ​ព្រះ​ឥសូរ -វៃ​ស្ន​វា​ស្រម សម្រាប់​អ្នក​កាន់​និកាយ​ព្រះ​វិស្ណុ -សៅ​គ​តា​ស្រម សម្រាប់​អ្នក​កាន់សាសនា​ព្រះពុទ្ធ តាមរយៈ​នេះ​ឃើញថា​នៅ​សម័យ​នោះ​ពុំមាន​ការហាមឃាត់ មិនឱ្យ​គោរព​ព្រះពុទ្ធសាសនា​នោះទេ ទោះបី​ព្រាហ្មណ៍​សាសនា​មានការ​រីកចម្រើន​ខ្លាំង​ក៏ដោយ។ ហើយ​ព្រះមហាក្សត្រ​មានការ​បើកចំហ​ចំពោះ​ប្រជាពលរដ្ឋ​ឱ្យមាន​សិទ្ធិ​ក្នុង​ការគោរព​សាសនា​​​នោះ​ដែរ។ តាម​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​យើង​សម័យអង្គរ​បានបង្ហាញ​ទៀតថា នា​​សម័យអង្គរ ព្រះពុទ្ធសាសនា​មហាយាន​បានចាប់ផ្ដើម​រុងរឿង​នៅក្នុង​រាជ្យ​របស់​ក្សត្រ​​មួយចំនួន។ រាជ​ព្រះបាទ​សូរ្យ​វរ្ម័នទី១ ៖ព្រះបាទ​សូរ្យ​វរ្ម័នទី១ ជាបឋម​ក្សត្រ​ខ្មែរ​ទី១ នៃ​សម័យអង្គរ ដែល​បាន​លើកតម្កើង​ព្រះពុទ្ធសាសនា​ឱ្យ​ថ្កុំថ្កើង​រុងរឿង។ ទ្រង់​គ្រង​រាជសម្បត្តិ​នៅ​​កំឡុង​ឆ្នាំ (១០០២​-​១០៥០) ជា​ពុទ្ធសាសនិក​ដ៏​ឆ្នើមដែល​បាន​គាំទ្រ និង​លើកទឹកចិត្ត​​ដល់​ប្រជាពលរដ្ឋ​ដែល​រាប់អាន​ចំពោះ​ព្រះពុទ្ធសាសនា លើសពីនេះ​​ពុទ្ធសាសនា​​ថេរវាទ​ត្រូវបាន​ព្រះអង្គ​ធ្វើការ​ផ្សព្វផ្សាយ ឱ្យ​កាន់តែ​រុងរឿង ហើយ​បាន​តម្កើង​សាសនា​​នេះ​ជា​សាសនា​​របស់​រដ្ឋ។ ទោះជា​ព្រះ​អង្គជា​ពុទ្ធសាសនិក​ក៏ដោយចុះ ព្រះអង្គ​ក៏​​តែង​​មេត្តា​ដល់​សាសនាព្រាហ្មណ៍​ផងដែរ ដោយនៅ​សម័យ​នោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា និង​អ្នក​កាន់សាសនា​ព្រាហ្មណ៍​បានរស់នៅ​ជាមួយគ្នា​ដោយ​សុខសាន្ត។ តាម​សិលា​ចារិក​បានបង្ហាញ​អំពី​ទឹកចិត្ត​របស់​ព្រះអង្គ គោរព​ស្រឡាញ់​ចំពោះ​ពុទ្ធសាសនា​ទាំងពីរ​និកាយ គឺ​ហិន​យាន និង​មហាយាន ដោយ ​ព្រះអង្គ​បាន​ប្ដូរ​តួនាទី​របស់​គ្រួសារ​ព្រាហ្មណ៍​សិវ​កៃ​វ​ល្យ​ដែលមាន​ នាទី​រៀបចំ​ពិធី​សម្រាប់​ព្រះមហាក្សត្រ​តាម​បវេណី​ព្រាហ្មណ៍​នោះ ឱ្យទៅជា​បុព្វ​ជិត​កំពូល របស់​ព្រះអង្គ​វិញ។ ភស្ដុតាង​មួយទៀត​ដែល​បង្ហាញ​ឱ្យ​កាន់តែច្បាស់​ថា​ព្រះ​អង្គជា​ពុទ្ធសាសនិក​នោះ គឺ​ព្រះអង្គ​មាន​មរណៈនាម​ថា ន​វ៌ា​បទ។ រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ព្រះមហាវីរក្សត្រ​ដ៏​ឆ្នើម​បំផុត​របស់​ខ្មែរ​នា​សម័យអង្គរ គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ដែលជា​ស្ថាបនិក​ទី៣នៃ​ទីក្រុង​អង្គរ សំណង់​ប្រាសាទ​ជាច្រើន​ត្រូវបាន​សាងសង់​នៅក្នុង​រាជ​ក្សត្រ​អង្គ​នេះ ដែល​សំណង់​ប្រាសាទ​ទាំងនោះ​ជា​ប្រភេទ​សំណង់ បែប​ពុទ្ធសាសនា និង​ខ្លះទៀត​បង្ហាញ​ពី​កា​រប​ញ្ជូ​ល​គ្នា ទាំង​ពុទ្ធ​លក្ខណ និង​ព្រាហ្មណ៍​លក្ខណ។ ទ្រង់​គ្រងរាជ្យសម្បត្តិ​ក្នុងឆ្នាំ (១១៨១-១២១៥) ដែល​អ្នក​ប្រវត្តិវិទូ​បានចាត់ទុក​ថា​ជា​សម័យកាល​មួយ​ដែល​កម្ពុជា​រុងរឿង​ជាទីបំផុត ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។ ក្រៅពី​ការរីកចម្រើន​រុងរឿង​ក្នុង​ផ្នែក​សង្គម នយោបាយ ហើយ​វិស័យ​សាសនា​ក៏​រីកចម្រើន​ព្រមជាមួយ​នោះ​ផងដែរ។ ព្រះអង្គ​បាន​លើកស្ទួយ​ព្រះពុទ្ធសាសនា​មហាយាន ឱ្យបាន​ថ្កុំថ្កើងតែ​ទោះជា​យ៉ាងនេះ​ក្ដី​ព្រះអង្គ​ក៏​មិនដែល​បំភ្លេចចោល​ព្រហ្មញ្ញសាសនា​នោះដែរ។ ព្រះអង្គ​បាន​បង្រួម​សាសនា​ទាំងពីរ​ចូលគ្នា​តែមួយ ក្នុង​បំណង​ដើម្បី​លើកស្ទួយ​ដល់​ពុទ្ធសាសនា​មហាយាន​ ដែល​ព្រះអង្គ​បាន​គោរព ជា​សាសនា​​របស់​រដ្ឋ និង​ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅជាប់​ដិតដាម​ជាមួយ​ព្រហ្មញ្ញ​សាសនា​មានការ​អាក់អន់ចិត្ត​ផងដែរ។ ភាព​វៃឆ្លាត​នេះ​បានធ្វើ​ឱ្យមាន​ការឯកភាព​​គ្នា​ក្នុងការ​រស់នៅ ​របស់​ប្រជាពលរដ្ឋ​ក្រោម​ការដឹកនាំ​របស់​ទ្រង់ និង​ធ្វើឱ្យមាន​ស្ថេរភាព​នយោបាយ​ក្នុងស្រុក​ផងដែរ។ លទ្ធិទេវរាជ​ត្រូវបាន​ប្រែក្លាយ ​ទៅជា​ពុទ្ធិ​រាជ​វិញ មាន​ភស្ដុតាង ដែល​បង្ហាញថា​ពុទ្ធសាសនា​មហាយាន​មានការ​រីកចម្រើន​ខ្លាំង​នៅក្នុង​សម័យនេះ​ដូចជាសំណង់​ប្រាសាទ​បែប​ពុទ្ធសាសនា​ជាច្រើន​ពាសពេញ​ផ្ទៃ​ប្រទេស​​​ដូច​ជា (ប្រាសាទ​តាព្រហ្ម​ប្រាសាទព្រះខ័ន)ជាដើម ដែលជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះអង្គ​។ នៅ​សម័យ​ឆ្នាំ១១៨០ព្រះសង្ឃ​ខ្មែរ​មួយរូប​ជា​បុត្រ ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី៧ ព្រះនាម​តាម​លិ​ន្ទ បាន​ទៅ​សិក្សា​ភាសាបាលី និង​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធសាសនា​ នៅ​កោះ​សេរី​លង្កា​ហើយ​បាន​នាំចូល​ចំណេះដឹង​ទាំងនេះ ​មកវិញ​នៅ​កំឡុង​ឆ្នាំ១១។ ព្រះអង្គ​ទទួល​មរណៈនាម​ថាមហា​បរម​សៅ​គ​ត។ ព្រះបាទ​​ជ័យវរ្ម័ន​ទី៧ ទ្រង់​​ផ្ទាល់​​ជា​ពុទ្ធសាសនិក មហាយាន​ដែលជា​ភស្ដុតាង​បញ្ជាក់​កាន់តែច្បាស់​​ថា​​ពុទ្ធ​សាសនា​​ថេរវាទ​បាន​រីកចម្រើន​រុងរឿង​ខ្លាំង​នៅ​សម័យ​នោះ។ បេសកកម្ម​របស់​ពួក​ចិន​នៅ​សម័យ​នោះមក​កាន់​ក្រុង​អង្គរ ដែល​ដឹកនាំ​ដោយ Chou Ta-Laun នៅ​ឆ្នាំ​១២៩៦​-​១២៩៧​ បានកត់សម្គាល់​ឃើញ​មាន​ព្រះសង្ឃ​ពុទ្ធសាសនា​ថេរវាទ​ នៅលើ​ទឹកដី​នេះ។ ពុទ្ធសាសនា​នៅ​សម័យ​ចុង​អង្គរ ៖គេ​បានដឹង​មកហើយ​ដែរ​ថា ព្រះពុទ្ធសាសនា ​ថេរវាទ​នេះ​រីក​ចម្រើន​​តាំង​ពី​ រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧មក​ម្លេះ​ដោយ​ទ្រង់ ​បាន​បញ្ជូន​បុត្រ​របស់​ទ្រង់​ព្រះនាម​តាម​លិ​ន្ទ​ទៅបួស​ជា​ព្រះសង្ឃ និង​សិក្សា​ចំណេះដឹង​ពី​ពុទ្ធសាសនា​​ជា​ភាសាបាលី​នៅ​កោះ​ស្រីលង្កា។ ព្រះ​អង្គ​ម្ចាស់​តាម​លិ​ន្ទ​បាន​ត្រឡប់មក​កម្ពុជា​វិញ ហើយ​បាន​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ជំនឿ និង​បែបបទ​ព្រះពុទ្ធ​សាសនា​ដែល​ទ្រង់​បាន​រៀនសូត្រ។ ទ្រង់​បានក្លាយ​ទៅជា​ព្រះសង្ឃ​ជាន់ខ្ពស់​នៅ​សម័យ​​នោះ​ដោយ​ការចេះដឹង​របស់​ព្រះអង្គ។ នៅក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី៨ព្រះពុទ្ធសាសនា​ត្រូវបាន​បំផ្លិចបំផ្លាញ រូបចម្លាក់​បែប​ពុទ្ធសាសនា​ត្រូវបាន​កោស​លុប និង​បំផ្លាញចោល ឬ​ប្ដូរ​ទៅជា​រូប​បែប​ព្រាហ្មណ៍​វិញ។ គេ​ឃើញ​មានការ​វាយកម្ទេច​ព្រះពុទ្ធ​រូប​ចោល។ សម័យនេះ​ពួក​ព្រាហ្មណ៍​ទាំងអស់​ត្រូវបាន​​សណ្តោស​​ឡើងវិញ និង​ផ្ដល់​សិទ្ធ​ក្នុង​ការពង្រឹង​សាសនា​នេះ​ឡើងវិញ​ផងដែរ។ តែ​ទោះបីជា​យ៉ាង​ណា​ក៏ដោយ​ ព្រះពុទ្ធសាសនា​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​និយម​កាន់តែ​ច្រើនណាស់​ទៅហើយ។ បើទោះបី​ជាមាន​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​ព្រះពុទ្ធសាសនា​នេះ​ច្រើន​ណាស់​ទៅហើយ​យ៉ាង​ណា​ក្ដី ក៏​ប​ដិ​វត្តន៍​​សាសនា​ពី​ព្រាហ្មណ៍ ទៅ​ព្រះពុទ្ធ​នោះ​មិនអាច​​ធ្វើទៅ​រួច​នោះដែរ។ ដូចនេះ​សាសនា​នេះ​បាន​ពួន ​សម្ងំ​នៅក្នុង​ស្រទាប់​ប្រជាពល​រដ្ឋ​​ខ្មែរ​រហូតដល់​រជ្ជកាល​ព្រះបាទ​ ត្រសក់ផ្អែម​ទើប​មានការ​លើកស្ទួយ​ព្រះពុទ្ធសាសនា​​ឱ្យ​រីកចម្រើន​​ឡើង​វិញ​ រហូតមកដល់​ស​ព្វ​ថ្ងៃនេះ។ ពុទ្ធសាសនា​សម័យ​កណ្ដាល៖ ក្រោយ​សតវត្ស​ទី១៣មក ​ព្រះពុទ្ធសាសនា​ត្រូវបាន​លើក​តម្កើង​ជា​សាសនា​របស់​រដ្ឋ។ ព្រះរាជា​ខ្មែរ និង​ប្រជាពលរដ្ឋ​គ្រប់​ម​ជ្ឍ​ដ្ឋា​ន និយម​ព្រះពុទ្ធសាសនា​នេះ​ខ្លាំងណាស់ និង​មាន​ជំនឿ​យ៉ាង​មុតមាំ ដែល​គេ​ចាត់ទុកជា​ទីពឹង​ទី​នឹករ​ឮ​ក បើទោះបីជា​ប្រជាពលរដ្ឋ​ខ្មែរ​មិនទាន់​បោះបង់ចោល​ជំនឿ​លើ​ព្រលឹង អារក្ខ អ្នកតា​ក៏ដោយ។ ប៉ុន្តែ​ចំពោះ​ព្រាហ្មណ៍​សាសនា​ ពុំមាន​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​រាប់អាន​ទៀត​នោះឡើយ។ ទោះជា​យ៉ាងនេះ​ក្ដី​ក៏​ទំនៀមទម្លាប់​បែប​ព្រាហ្មណ៍​នៅតែ​ដិតដាម​ក្នុង​ប្រពៃណី​របស់​របស់​ជនជាតិ​ខ្មែរ​រហូតដល់​សព្វថ្ងៃ។ ឯ​ក្នុង​ព្រះបរមរាជវាំង​វិញ​គេ​នៅ​ឃើញ​មាន​ពួក​ព្រាហ្មណ៍​បា​គូ​នៅមាន​សេសសល់ ក្នុង​ភារកិច្ច​ជា​អ្នករៀបចំ​ពិធីផ្សេងៗនិង​ថែរក្សា​ទ្រព្យសម្បត្តិ​សម្រាប់​រាជ្យ។ ក្នុងសម័យ​នោះ​ចំនួន​វត្ត​អារាម​បាន​កើន​ឡើងជា​លំដាប់។ ព្រះ​មហាថេរ​ដែលមាន​តួ​នាទី​​មើល​ការខុសត្រូវ​លើ​ការរៀបចំ​ខាង​សាសនា និង​លើ​វត្ត​អារាម​នៅក្នុង​ខេត្តនីមួយ​ៗ​ លែងមាន​លទ្ធភាព​បន្ត​ការគ្រប់គ្រង​នោះ​តទៅទៀតហើយ។ ដោយហេតុ​នោះ​សម្ដេច​សង្ឃរាជ ​ដោយមាន​ការព្រមព្រៀង​ជាមួយ​រាជាគណៈ​ឋានានុក្រម និង​សហការី​​ទាំងអស់ ទ្រង់​បានស្នើ​ទៅ​ព្រះរាជា សូមឱ្យ​មានការ​កែប្រែ​ដែលមាន​បែង​ចែក​​ដូចតទៅ៖ ព្រះ​មហាថេរមួយអង្គៗពីមុន​ឥឡូវ​ត្រូវ​តែងតាំង​ជា​មេគណៈ ទទួលខុសត្រូវ​លើ​គណៈសង្ឃ​ក្នុង​ខេត្ត​នីមួយៗ។ ចំណែកឯ​ព្រះ​រាជាគណៈ​ទាំង៤សម្រាប់ និង​សម្ដេចព្រះសង្ឃរាជ​ជា​អ្នកត្រួតពិនិត្យ និង​សម្រេច​កិច្ចការ​សាសនា​ទាំងពួ​ង​ ក្នុង​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​​ទាំងមូល។ រាជាគណៈ ឬ​មន្ត្រី​សង្ឃ​ទាំង៤សម្រាប់ ត្រូវ​បែង​ចែកជា ​ឯក ទោ ត្រី ចត្វា ដូច​មន្ត្រីជាន់ខ្ពស់​ខាង​អាណាចក្រ​ដែរ។ - សម្រាប់​ឯក​ជា​រាជាគណៈ​របស់​ក្សត្រិយ៍​ទ្រង់​រាជ្យ -សម្រាប់ទោ​ជា​រាជាគណៈ​របស់​ក្សត្រិយ៍​ឧភយោរាជ -សម្រាប់​ត្រី​ជា​រាជាគណៈ​របស់​សម្ដេចព្រះ​មហាឧបរាជ -សម្រាប់​ចត្វា​ជា​រាជាគណៈ​របស់​សម្ដេចព្រះ​វររាជ​ជននី (សៀវភៅ​លោក​ត្រឹង​ងារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ភាគ២) ព្រះពុទ្ធសាសនា​ក៏​ដើរតួ​យ៉ាងសំខាន់​ផងដែរ ​ក្នុង​វិស័យ​អក្សរសាស្ត្រ និង​ការតាក់តែង​និពន្ធ។ ហេតុនេះហើយ​ទើប​ឃើញ​កើតមាន​ជា​ អត្ថបទ​គម្ពីរ បិតក ជាតក​ច្រើន​កើតឡើង​ហូរហែ។ មិនតែប៉ុណ្ណោះ​អត្ថបទ​បែប​ព្រះពុទ្ធសាសនាពោលគឺ​ទស្សនៈ​ពុទ្ធ​និយម​ត្រូវ​បាន​អ្នកនិពន្ធ​ខ្មែរ​យកមក​ធ្វើជា​វិធីសាស្ត្រ ក្នុងការ​តាក់តែង​អត្ថបទ​របស់ខ្លួន​ផង​ដែរ​។ ព្រឹត្តិការណ៍​ទាំងនេះ​បាន​កើតឡើង​ នៅក្រោយ​ពេលដែល​ទីក្រុង​អង្គរ​ត្រូវបាន​ព្រះ​រាជា​ខ្មែរ​បោះបង់ចោល ហើយ​ប្រទេស​ធ្លាក់ចូល​ទៅក្នុង​កលិយុគ ចម្បាំង​កើតមាន​​ញឹកញាប់។ ការ​លើកយក​ទស្សនៈ​បុណ្យ​បាប​របស់​ពុទ្ធសាសនា​ ម​ក​តាក់តែង​ជា​ស្នាដៃ​អក្សរ​សិ​ល្បិ៍​នេះ ត្រូវបាន​អ្នកសិក្សា​ខ្លះ​វិភាគ​ថា​ជាការ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាការ​លួងលោម កុំឱ្យ​ពួកគាត់​ធ្លាក់​ទឹកចិត្ត បាក់​ទឹកចិត្ត ដោយ​ចាត់ទុក​ហេតុការណ៍ ឬ​ទុក្ខលំបាក​វេទនា​ដែល​ខ្លួន​ជួបប្រទះ​ នេះ​ជា​កម្ម​ពៀរ​របស់ខ្លួន​ដែល​បាន​សាង​មកពី​អតីតជាតិ។ ព្រះសង្ឃ​ក្នុង​ពុទ្ធសាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា អក្សរ​​សិល្បិ៍​ អក្សរសាស្ដ្រ​ជាតិ និង​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​ឱ្យនៅ​គង់វង្ស។ ចំពោះ​វិស័យ​សង្គមកិច្ច​វិញ ​ព្រះសង្ឃ​ជា​គ្រូ​ពេ​ទ្រ ជា​អ្នកកាត់ក្ដី ជា​អ្នកមើលការខុសត្រូវ​ដ​ល់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ។ ទីធ្លា​វត្ត​អារាម បានក្លាយ​ទៅជា​ទី​សម្រាប់​ជន​ទុរគត​​សម្រាក និង​ព្យាបាល​ជំងឺ ការសណ្តោស​របស់​ព្រះសង្ឃ​ពុទ្ធសាសនា ការចូលរួមចំណែក​​ច្រើន​ក្នុង​វិស័យ​សង្គមជាតិ​នោះ បានធ្វើឱ្យ​ព្រះពុទ្ធសាសនា​កាន់តែ​ទទួល​បានការ​រាប់អាន​ពី​ប្រជាពលរដ្ឋ​ខ្មែរ។ ពុទ្ធសាសនា​សម័យ​អាណានិគម​បារាំង៖ សម័យ​អាណានិគមនិយម​បារាំង​គិត​ចាប់ពី​ ឆ្នាំ១៨៦៣ នៅពេលដែល​ព្រះ​នរោត្តម​ទ្រង់​បាន​ចុះសន្ធិសញ្ញា​ជាមួយ​បារាំង​ ថ្ងៃ១១ ខែសីហា ​ឆ្នាំ១៩៦៣ នេះ​តែម្ដង ក្នុង​បំណង​យក​បា​រាំង ជា​ខែល​ការពារ​ប្រទេស​កម្ពុជា​​ពី​ការឈ្លានពាន​របស់​​ប្រទេសជិតខាង មាន​យួន សៀម​ជាដើម។ ក្នុង​កំឡុង​សតវត្ស​ទី ១៧, ១៨, ១៩ ប្រ​ទេ​សសៀម​បាន​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​មក​លើ​​នយោបាយ​ក្នុងស្រុក​របស់​ខ្មែរ ដែលជា​ហេតុ​ធ្វើឱ្យ​ឥទ្ធិពល​នៃ​ប្រពៃណី​សាសនា​ក៏​លាយឡំ​ជាមួយគ្នា​នោះ​ផងដែរ។ ដូចជា​នៅក្នុង​ឆ្នាំ១៨៥៥ ព្រះបាទ​នរោត្តម​បាន​និ​មន្ត​ព្រះសង្ឃ​​ធម្មយុត្តិកនិកាយ​ពី​ប្រទេស​សៀម​ចូល​ម​ក្នុងស្រុក​ខ្មែរ ដើម្បី​បង្កើត​និកាយ​នេះ​នៅក្នុង​ស្រុក​ខ្មែរ​ផងដែរ។ សម្ដេច​ប៉ាន​ទ្រង់​ជា​ព្រះសង្ឃ​ខ្មែរ​ក៏ប៉ុន្តែ​ទ្រង់​បាន​ទៅ​សិក្សា​​ប្រទេស​សៀមហើយ​ត្រូវបានតែងតាំង​ជា​ព្រះសង្ឃ​ធម្មយុត្តិ​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា គង់នៅ​ក្នុង​វត្ត​បទុម​វ​ត្តី​ក្រុងភ្នំពេញ។ ហើយ​ប្រពៃណី​នេះ​បាន​បន្ត​ជាប់​គ្រប់​រាជការ​ព្រះមហាក្សត្រ​ខ្មែរ​រហូតដល់​សព្វថ្ងៃ។ ក្នុងសម័យ​អាណានិគម​នេះ ក៏​មិន​ខុសពី​សម័យ​កណ្ដាល​ប៉ុន្មាន​ដែរ ព្រះពុទ្ធសាសនា​បាន​​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​សង្គម​ខ្មែរ ទាំង​វិស័យ​សង្គមកិច្ច សុខាភិបាល អប់រំ យុត្តិធម៌ និង​ជាឃ្លាំង​អភិរក្ស​អក្សរសាស្ដ្រ​ជាតិខ្មែរ ព្រមទាំង​វប្ប​ធ​ម៍​ប្រពៃណី​របស់​ខ្មែរ​យើង​ផងដែរ។ ក្រោម​ការជិះជាន់​របស់​បារាំង​មកលើ​ប្រជាពលរដ្ឋ​ខ្មែរនិង​ពុទ្ធសាសនា បានធ្វើឱ្យ​ព្រះសង្ឃ​ខ្មែរ​ងើបឡើង​តស៊ូ​បះបោរ​ប្រឆាំង​ជាមួយ​បារាំង ប៉ុន្តែ​ត្រូវ​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ រហូតដល់​មានការ​ចាប់ខ្លួន​ធ្វើ​ទោសទណ្ឌ​ទៀតផង។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​ ពុទ្ធសាសនា​នៅតែ​ពង្រឹង​ខ្លួន​ជានិច្ច​ពុំមាន​ការចុះ​ញ៉ម​ជាមួយ​ពួក​បារាំង​នោះឡើយ ដែល​នៅ​ឆ្នាំ១៩១៤គេ​ឃើញ​មានការ​សាងសង់​សាលា​ភាសាបាលី​ជាន់ខ្ពស់​មួយ​នៅ​ភ្នំពេញ និង​ក្រោយមក​កែប្រែ​ទៅជា​មហា​វិទ្យាល័យ​។ ការសិក្សាអប់រំ​ចំពោះ​ព្រះសង្ឃ​ មិន​ត្រឹមតែ​ចំណេះដឹង​ខាង​ភាសាបាលី​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​មូលដ្ឋានគ្រឹះ​នៃ​ចំណេះដឹង​ទូទៅ​ តាមបែប​ទំនើប​ក៏ត្រូវ​យកមក​សិក្សា​រៀនសូត្រ​នៅឯ​សាលារៀន​ផងដែរ។ សាលា​បាលី​ជាន់​ទាប​ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ ឆ្នាំ​១៩៣៣ ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​ព្រះសង្ឃ​ ដែល​ទើប​បួស​ថ្មី​អាច​សិក្សា​ពី​ភាសាបាលី​នេះ​ពី​កម្រិត​ដំបូង​បាន។ ពុទ្ធសាសនា​សម័យ​ខ្មែរក្រហម៖ កំឡុង​ឆ្នាំ១៩៧៥ នៅពេលដែល​ពួក​ខ្មែរក្រហម​បាន​ដណ្ដើម​កាន់កាប់​ទីក្រុង​ភ្នំពេញ​ជា​ស្ថាពរ ពួកគេ​បាន​បំបាត់ចោល​ទាំងអស់​នូវ​ជំនឿ​សាសនាផ្សេងៗ មិនឱ្យ​មានការ​គោរព​ប្រតិបត្តិ​អ្វី​ទាំងអស់ សូម្បីតែ​ព្រះសង្ឃ​ជាទី​សក្ការៈ​ត្រូវបាន​ពួក​នោះ​ចាប់​ផ្សឹក​ទាំងអស់។ ទី​អារាម​បានក្លាយ​ទៅជា​ឃ្លាំង​ផ្ទុក​នូវ​សម្ភារ សព្វាវុធ និង​ជាឃ្លាំង​ស្រូវឬ​ត្រូវ​បំផ្លាញចោល។ តាម​ការប៉ាន់ស្មាន​នៅមុន​របប​ខ្មែរក្រហម​ព្រះសង្ឃ​ខ្មែរ​មាន​ចំនូ​ន​សរុប​ចន្លោះ​ពី ៦៥០០០អង្គ ទៅ៨០០០០អង្គ។ ប៉ុន្តែ​​ក្រោយ​ពេលដែល​ខ្មែរក្រហម​បាន​ត្រូវបាន​កម្ចាត់ នៅ​កំឡុង​ឆ្នាំ១៩៨០ ព្រះសង្ឃ​ត្រូវបាន​គេ​ប្រមូលផ្តុំ​ឡើងវិញ​សល់​មិន​ដល់ ៣០០០អង្គ​ ផង។ ពុទ្ធសាសនា​សម័យ​ក្រោយ​របប​ប៉ុលពត៖ ក្រោយ​ជ័យជំនះ​លើ​កងទ័ព​ខ្មែរក្រហម​នៅ​ឆ្នាំ១៩៧៩ ជំនឿ​សាសនា​ត្រូវបាន​បើកចំហ​ឡើងវិញ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។ ព្រះ​ពុទ្ធ​សាសនា​ ក៏ត្រូវ​បាន​លើកតម្កើង​សារជាថ្មី​ផងដែរ ​ដោយ​រដ្ឋាភិបាល​បាន​និមន្ត​ព្រះសង្ឃ​ខ្មែរ​ ដែល​បាន​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម​ កាលពី​កំឡុង​សម័យ​ខ្មែរក្រហម​នោះ ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​វិញ​ ដើម្បី​ដឹកនាំ​ព្រះពុទ្ធសាសនា​ឡើងវិញ។ នៅ​ឆ្នាំ១៩៨១​ព្រះសង្ឃ​ខ្មែរ​មួយអង្គ​ត្រូវបានតែងតាំង​ជា​ព្រះសង្ឃ​ទី១នៃ​កម្ពុជា​គណៈមហានិកាយ ទ្រង់​ព្រះនាម​ទេព​វង្ស។ បច្ចុប្បន្ននេះ​ព្រះពុទ្ធសាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដឹកនាំ​ប្រទេស ពុទ្ធសាសនា​បានក្លាយ​ជា​អ្នក​អប់រំ​ ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ ពុទ្ធសាសនា​ក៏បាន​ជួយ​សង្គម​ខ្មែរ​ក្នុង​វិស័យផ្សេងៗផងដែរ។ ព្រះសង្ឃ​មាន​រាប់​សែន​អង្គ​នៅ​ទូទាំងប្រទេស ដែល​ទន្ទឹមនឹងនោះ​វត្ត​អារាម​ក៏ត្រូវ​បាន​កសាង​ឡើង​ជា​​បន្តបន្ទាប់​ពាសពេញ​ប្រទេស​ផងដែរ។ នៅ​ឆ្នាំ១៩៩១ក្រោយពី​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​​កម្ពុជា​វិញព្រះបាទ​នរោត្តម​សីហនុ​បានរៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​ ដឹកនាំ​ពុទ្ធសាសនា​​ដោយមាន​ទាំង ​ធម្មយុត្តិកនិកាយ និង​មហានិកាយ។ ទន្ទឹមនឹង​ការចាត់ទុក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ នៅ​ឆ្នាំ១៩៩១ ការប្រកាន់​ជំនឿ​សាសនា​ដទៃទៀត​ ក៏ត្រូវ​បាន​គាំទ្រ​ពី​រដ្ឋា​ភិបាល​ផងដែរ។ ប្រភពចម្លង៖គេហទំព័រខេមររតនារាម ដោយ៥០០០ឆ្នាំ
images/articles/3521/2026-07-29_12_37_54-_New_Text____otepad.jpg
Public date : 31, Jul 2026 (293 Read)
ក្នុងឆ្នាំ៦២៣មុនគ្រឹស្តសករាជ មានព្រះរាជបុត្រមួយព្រះអង្គព្រះនាម សិទ្ធត្ថ បានប្រសូត្រ ឡើងក្នុងរាជត្រកូល នានគរកបិលវត្ថុ (នេប៉ាល់) ភាគខាងជើងប្រទេស​ឥណ្ឌា​ ដែលមានព្រះរាជបិតា ព្រះនាម សុទ្ធោទនៈ និងព្រះមាតានាម សិរិមហាមាយា ។​ ព្រះអង្គធំធាត់នៅ លើគំនរទ្រព្យ និង លោកិយសុខ តែជាចុងក្រោយ ព្រះអង្គឈ្វេង​យល់ថា សុវត្ថិភាព និងសុខភាពផ្លូវលោក មិនអាច ធានាដល់សេចក្តីសុខពិតប្រាកដឡើយ ។ លុះព្រះជន្ម ២៩ព្រះវស្សា ព្រះអង្គបានចេញចាកព្រះរាជ មហេសី និងព្រះរាជបុត្រ ហើយតាំងទីសេនាសនៈចំពោះបាទាគ្រូបង្រៀនសាសនាល្បីៗ នៅសម័យ នោះដើម្បីរៀនសូត្រពីពួកគេ ។ គ្រូទាំងអស់នោះបង្រៀនស្ទើរតែអស់នូវចំណេះ​វិជ្ជា ប៉ុន្តែព្រះអង្គមិន ចេះវិជ្ជាណាមួយដែលជាហេតុនៃសេចក្តីទុក្ខ ហើយនិងវិធី​ដើម្បីយកជំនះលើសេចក្តីទុក្ខនោះឡើយ ។ ជាចុងក្រោយបន្ទាប់ ពីចំនាយពេលរៀន​សូត្រ ៦ព្រះវស្សា មានតែសមាធិទេដែលព្រះអង្គបាន ពិសោធន៍ ជាមាគ៌ាទំលាយ​នូវអវិជ្ជា ហើយព្រះអង្គបានយល់ពីហេតុនៃសេចក្តីទុក្ខភ្លាមៗ ។ ពីពេលនោះរហូតមក គេហៅព្រះអង្គថា ព្រះពុទ្ធ មានន័យថា ជាអ្នកត្រាស់ដឹង ។ ព្រះ​អង្គ ចំនាយពេល ៤៥ឆ្នាំទៀត ដែលព្រះអង្គបានត្រាច់ចរជុំវិញប្រទេសឥណ្ឌាខាងជើង​ ដើម្បីបង្រៀនអ្នក ដទៃនូវអ្វីដែលបានឃើញ ។ ខន្តិធម៌ និងករុណាធម៌របស់ព្រះ​អង្គ មានលក្ខណៈជាប្រវត្តិសាស្រ្ត ហើយ ព្រះអង្គមានសាវ័ករាប់ពាន់នាក់ ។ ក្នុងព្រះ​ជន្មាយុ ​៨០ព្រះវស្សា ទោះបីជរា និងព្យាធិ ក៏ព្រះ អង្គមានសេចក្តីសុខ និងសេចក្តីស្ងប់​រហូតព្រះអង្គបានបរិនិព្វាននូវទីបំផុត ។ ១. ទ្រង់ចុះចាប់បដិសន្ធិ :ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំរកា មុន ព.ស ៨១វស្សា ២. ទ្រង់ប្រសូត្រ:ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច មុន ព.ស ៨០វស្សា ៣. ទ្រង់រៀបអភិសេក: ថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំឆ្លូវ ព្រះជន្ម ១៦ព្រះវស្សា ៤. ទ្រង់ចេញបួស: ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំថោះ ព្រះជន្ម ២៩ព្រះវស្សា ៥. ទ្រង់ត្រាស់ដឹង :ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរកា ព្រះជន្ម ៣៥ព្រះវស្សា ៦. ទ្រង់ដាក់អាយុសង្ខារ :ថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ ព្រះជន្ម ៨០ព្រះវស្សា ៧. ទ្រង់បរិនិព្វាន :ថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ព្រះជន្ម ៨០ព្រះវស្សា ៨. ចាប់រាប់ ពុទ្ធសករាជ (ព.ស.): ថ្ងៃពុធ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ ក្រោយពុទ្ធបរិនិព្វាន ៨ថ្ងៃ ៩. ថ្វាយព្រះភ្លើង : ថ្ងៃពុធ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ ក្រោយពុទ្ធបរិនិព្វាន ៨ថ្ងៃ ប្រភពៈ គេហទំព័រBuddhismforpeace ដោយ៥០០០ឆ្នាំ
images/articles/3526/2026-07-31_15_50_16-_New_Text_Document_f_-_Notepad.jpg
Public date : 31, Jul 2026 (170 Read)
ដើមឡើយនោះ ប្រជាជនទីបេគោរពខ្មោច ព្រាយ ទេវតា ម្យ៉ាងហៅថា លទ្ធិបនប៉ោ បន្ទាប់មក ព្រះបាទស្រងស័នគ័មប៉ោ (ប្រសូតិ ព.ស. ១១៦០) ព្រះមហាក្ស័ត្រនៃទីបេ បានរៀបអភិសេកជាមួយរាជបុត្រីនៃប្រទេសនេបាល និង រាជបុត្រីនៃប្រទេសចិន ជាអ្នកគោរពព្រះពុទ្ធសាសនា ។ ព្រះពុទ្ធសាសនា ទើប​បាន​ផ្សព្វផ្សាយចូលមកកាន់ប្រទេស​​ទីបេ។ ព្រះបាទស្រងស័នគ័មប៉ោ ទ្រង់បានបញ្ជូនរាជទូតនាម ថនមិ​ស័ន​ភោតៈ​ ទៅសិក្សាព្រះពុទ្ធសាសនា និង ភាសាផ្សេងៗ នៅប្រទេស​ឥណ្ឌា​ និង បានរចនា​កែប្រែអក្សរឥណ្ឌា មានសរសេរជាភាសាទីបេ ជាឧបករណ៍ក្នុងការអារាធនាពុទ្ធធម៌ចូល​មក​កាន់ប្រទេស ដោយការប្រែគម្ពីរព្រះពុទ្ធសាសនាភាសាសំស្រ្កឹតជាភាសាទីបេជា​ដើម។ ទោះជាយ៉ាងណាក៏ដោយ ព្រះពុទ្ធសាសនានៅក្នុងយុគដំបូងនោះ នៅពុំទាន់បានផ្សាយ​ផ្សាយទំលំទូលាយឡើយ ព្រោះមានប្រឆាំងពីជំនឿ និង លទ្ធិប្រពៃណីដើមរបស់មូលដ្ឋាន ។ ក្នុងកាលតមក រជ្ជកាលព្រះមហាក្ស័ត្រព្រះអង្គទី ៥ រាប់ចាប់ពីព្រះបាទស្រងស័នគ័មប៉ោ នោះ (ព.ស.១២៩៨​​-១៣៤០​)​ ព្រះអង្គទ្រង់បានអារាធនា ព្រះភិក្ខុ សាន​ត្រ័កក្សិត នៃមហាវិទ្យានាលន្ទា មកផ្សព្វផ្សាយគោលពុទ្ធធម៌ក្នុងប្រទេសទីបេ តែស្របគ្រានោះកើត​គ្រោះ​ធម្ម​ជាតិ និង រោគរបាត ប្រជាជនទាំងឡាយទើបសំឡឹងទៅឃើញថា ជាហេតុចម្លែក ព្រោះនាំមកនូវលទ្ធិខុសឆ្គងចូលប្រៀនប្រដៅ រហូតដល់​ព្រះអង្គ សាន​ត្រ័ក្សិត ត្រូវនិមន្តត្រឡប់ទៅឥណ្ឌាវិញ មួយគ្រាសិន ប៉ុន្តែព្រះអង្គបានកែប្រែហេតុការណ៍នេះ ដោយណែនាំឲ្យ​អារាធនា ព្រះភិក្ខុ បទុមសម្ភវៈ ជាអង្គ​ប្រៀនប្រដៅព្រះពុទ្ធសាសនាបែបតន្ត្រៈ ចូលទៅបំពេញភារកិច្ច ដែលត្រូវអធ្យាស្រ័យ​របស់ប្រជាជន រហូតដល់ស្ថានការណ៍ស្ងប់រៀបរយ ។ ព្រះអង្គ​សានត្រ័ក្សិត ទើប​និមន្តត្រឡប់ឥណ្ឌាម្តងទៀត តែនោះក៏បានប្រតិបត្តិ សាសនកិច្ចផ្សព្វ​ផ្សាយ​ពុទ្ធធម៌ដែលពិត និង ប្រែគម្ពីររហូតដល់សុគតិនៅក្នុងប្រទេសទីបេ នោះឯង ។ ចំណែកឯការ ដែលព្រះ​អង្គ​បទុមសម្ភវៈនិមន្តចូលទៅគ្រានោះ ក៏បានជាគំរូ​ឲ្យព្រះពុទ្ធសាសនាបែបតន្ត្រៈចូលទៅចាក់ឫសមាំ និង រីកចំរើនក្នុងប្រទេសទីបេជារៀងតមក ។ ព្រះមហាក្ស័ត្រទីបេអង្គបន្ទាប់ ៗ មក ស្ទើរគ្រប់ព្រះ​អង្គ​មាន​ព្រះរាជសទ្ធាក្នុងព្រះពុទ្ធសាសនា ព្រះអង្គខ្លះទ្រង់ជាអ្នកប្រាជ្ញ យល់ដឹងព្រះធម៌​យ៉ាងជ្រាលជ្រៅ អក្សរសិល្បិ៍ ព្រះពុទ្ធសាសនាបានរីកចំរើនច្រើនឡើង ដូចជា មានការចងក្រង​វចនានុក្រម​ភាសាសំស្រ្កឹតទីបេ ច្បាប់ដំបូងក្នុងរជ្ចកាល ព្រះបាទ រ៉ាលប៉ាជេន (ព.ស.​១៣៥៩-​១៣៨១) ជាដើម។ ចំពោះ​ព្រះមហាក្ស័ត្រអង្គក្រោយនេះ ទ្រង់មានព្រះរាជ​សទ្ធាជាខ្លាំង រហូតដល់ព្រះអង្គទ្រង់សំយ៉ាកព្រះកេសា រងជាអាសនៈ ប្រគេនព្រះសង្ឃគង់សំដែងព្រះធម៌​ថ្វាយព្រះអង្គ តែបន្ទាប់មកមានហេតុអាក្រក់ ត្រូវបានគេលប​ធ្វើគត់ ហើយម៉្យាង​ដោយ​ព្រះមហាក្ស័ត្រអង្គនេះ​ ទ្រង់ជាបដិបក្ខចំពោះព្រះពុទ្ធសាសនា ឡើងគ្រងរាជ្យបាន ហើយ​បំផ្លាញ់វត្ត​អារាម​ កំចាត់ និរទេស ព្រះសង្ឃជាដើម ជាហេតុ​ឲ្យកកើតការខឹងសម្បារយ៉ាងខ្លាំងរហូតដល់ត្រូវធ្វើគត់។ ពេល ព.ស.១៣៨៤ គ្រានោះ​ឯងហើយ ព្រះសង្ឃ ដែលគេចចេញបញ្ហាក៏បានត្រឡប់មកកាន់ ទីបេវិញ គ្រានេះអំណាច​របស់ព្រះសង្ឃក៏ត្រឡប់មករឹងប៉ុងវិញគង់វង់ជាងគ្រាណាៗ ទាំងអស់ក្នុងគ្រាមុន ។ កាលកន្លងមកដល់ពុទ្ធសតវត្សរ៍ទី ១៦ ព្រះអតីសៈ ឬទីបង្ករ ស្រីជញាណ នៃមហា វិទ្យាល័យវិក្រមសីលានៃដែនវិហារ តៃទទួលអារាធនាចូលទៅ​ផ្សព្វផ្សាយព្រះពុទ្ធសាសនាក្នុងប្រទេសទីបេ ។ ហេតុ​ការណ៍​គ្រា​នេះ ចាត់ថាជាការនាំ​ព្រះពុទ្ធសាសនាពី​ប្រទេស ប្រទេសឥណ្ឌាមកកាន់ទីបេ គ្រាធំបំផុតក្នុងកាលអាវសាន ជាហេតុញ៉ាំងឲ្យព្រះពុទ្ធសាសនាប្រតិស្ឋានគង់វង្សជាសាសនាប្រចាំជាតិរបស់ទីបេ ហើយនិកាយផ្សេងៗ បានបែកខ្ញែក ក្រចាយ​ចេញ​ទៅទៀត ។ និកាយចាស់ ដែលគោរពព្រះអង្គ​បទុមសម្ភវៈនោះ បន្ទាប់មក មានឈ្មោះថា និកាយមួកក្រហម ចំណែកពាក្យប្រៀនប្រដៅរបស់ព្រះអតីសៈជាបែប យោគាចារ ដែលផ្សំផ្គុំពាក្យប្រៀនប្រដៅទាំងនិកាយថេរវាទ និង មហា​យាន​បញ្ចូល​គ្នា ។ បង្គាប់ព្រះសង្ឃឲ្យប្រព្រឹត្តិព្រហ្មចារីយធម៌ និង មិនលះបង់អបិយជំនឿផ្សេង ៗ ។ បន្ទាប់ មកមានអ្នកបដិវត្តន៍ដ៏ធំដុំរបស់ទីបេ នាម តះសងខះប៉ះ (កើត ព.ស.១៩០១) អាស្រ័យ ពាក្យប្រៀនប្រដៅនេះ បង្កើតនិកាយ​កេលុកប៉ះ ឬនិកាយមួកលឿង ឡើង និង បានចម្រាញ់ព្រះពុទ្ធសាសនាឲ្យបានហ្មត់​ចត់​​ពីពិធីផ្សេង ៗ ។ ចំណែកឯអក្សរសិល្បិ៍ ក៏មានការរួបរួមសមទិ្ធផលខាងផ្នែកប្រែគម្ពីរ​ជាភាសាទីបែ។ នៅពុទ្ធសតវត្សរ៍ ១៩ ដោយ​ចាត់​​ចែង​គម្ពីរ​ទាំងនោះចេញជាពីរពួកគឺ ពួកពុទ្ធវចនៈ មានសមិទ្ធិផលប្រែ ១០០ ក្បាល និង ពួក អត្ថវណ្ណនាមានសមទ្ធិផលប្រែ ២២៥ ក្បាល ។ គម្ពីរទាំងអស់នេះបានទុកនៅបន្សល់ដល់ បច្ចុប្បន្ននេះ ហៅថា ព្រះត្រៃបិដក ឬគម្ពីរព្រះពុទ្ធសាសនាច្បាប់ទីបេ ។ ព្រះសង្ឃនិកាយកេលុកប៉ះនោះ បានទទួលការគោរព​ពី​អ្នក​គ្រប់គ្រងម៉ុងហ្គោលី ថាជាអ្នកដឹកនាំផ្លូវចិត្ត (ស្មារតី) និង តមកប្រកាន់ថាជាអ្នកដឹកនាំ​ប្រទេស​ជាតិទៀតផង។ គ្រាសំខាន់ក៏គឺ ក្នុងរជ្ជកាលក្ស័ត្រម៉ុងហ្គោលី ព្រះនាមអ័លត័នខាន់, ព្រះអង្គបានទ្រង់បាន ជួបប្រមុខសង្ឃអង្គទី ៣ នៃនិកាយនេះ នាមសតន័មយ៉ាសោ​(ព.ស.២០៨៩​-២១៣០) ។ ព្រះមហាក្ស័ត្រអ័លត័នខាន់មានជំនឿថា ព្រះអង្គប្រមុខសង្ឃអង្គនេះ ជាគ្រូរបស់របស់ ព្រះអង្គក្នុងអឌិតជាតិ ពេល ដែលអង្គសោយជាតិជាកុលៃខាន់ ទើបហៅព្រះអង្គយ៉ាសោ ថា ទះលេ (ត្រូវត្រង់ពាក្យ ដែលប្រើហៅព្រះនាមរបស់ទីបេឥឡូវនេះថា ទះលៃ ឬ Dalai ប្រែជាភាសាថៃត្រូវនឹងសំនឿងដើម គឺប្រែថា ទះលេ នោះឯង) ចាប់ពីពេលនោះមកក៏ហៅប្រមុខសង្ឃថា ដាលៃឡាមះ ទាំងអស់។ ដាលៃឡាមះអង្គទី ៥ (ព.ស.២២២៣) បានទទួលអំណាចពីមេដឹកនាំម៉ុងហ្គោលី ឲ្យគ្រប់គ្រងទីបេទាំងស្រុង។ ព្រះពុទ្ធសាសនា និង វប្បធម៌បានរុងរឿរីកចំរើនបន្តមកជាលំដាប់ រហូតដល់សម័យ​ដាលៃ​ឡា​មៈអង្គទី ៧​(ព.ស.២៣៥១​-២៤០១) ក៏​ចាប់ផ្តើម​មានអ្នក​បួស​សាសនាគ្រឹស្តចារិកចូលទៅ ចំណែកឯសម្ព័ន្ធភាព​ជាមួយ​ប្រទេសឥណ្ឌា​ក៏​បាន​​​សាបរលាបទៅ ព្រោះឈានដល់យុគ ដែលឥណ្ឌាត្រូវបានគ្រង់គ្រងពីបរទេស ហើយ​​គណៈសង្ឃដើមនៅឥណ្ឌាអន់ថយទៅៗ ។ ទីបេ​ទើបឈានចូលទៅដល់យុគនៃ​បិទ​ទ្វារនៅឯកា ហើយក៏មានការជ្រៀតជ្រែកពីបរទេស ជួបប្រទះភាពជ្រួលច្របល់ និង​ វិបល្លាសផ្សេង ៗ ។ តាមហេតុការណ៍ក្នុងប្រវត្តិសាស្រ្តពិភពលោកបច្ចុប្បន្ន រហូតដល់​ចិនដីគោកចូលមកគ្រប់គ្រងនៃ ព.ស.២៤៩៤ ខណៈ​នេះ​ ​ដាលៃឡាមៈ​​ ប្រមុខ​សង្ឃនៃ​ប្រទេសទីបេ​បច្ចុប្បន្ន អង្គទី ១៤ ទ្រង់ព្រះកាយគង់នៅប្រទេសឥណ្ឌា ។ ព្រះអង្គ​ទ្រង់និមន្ត​ភៀស​ព្រះ​កាយ​ចេញពីទីបេ ក្នុង ព.ស. ២៥០២​ ជា​ដើម​មក ។ ប្រភពៈ វីគីភីឌា ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.06