អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ៦,៣០១ ដង)
បញ្ហាស្តាយក្រោយ

|
បញ្ហានេះ ជាប់ទាក់ទងនឹងរឿងដែលកន្លងទៅហើយ ហើយនៅចាំបានថាវាជាការមិនល្អ វាជាបាបកម្ម ។ រឿងខ្លះ គ្រាន់តែនឹកឃើញហើយ គិតថា ខាតពេលឥតប្រយោជន៍ គួរឲ្យខ្មាស់អៀន ជ្រុលហួសអស់ហើយ ។ល។ ប៉ុន្តែ ចំពោះរឿងបាបកម្មដែលបានធ្វើហើយ នាំឲ្យក្រៅក្រហាយស្តាយក្រោយ ព្រោះដឹងថាជាអំពើនាំមានពៀរវេរា សៅហ្មងចិត្តនៅពេលជិតស្លាប់ ទៅកាន់ទុគ្គតិ...។
ទាល់តែអប់រំសតិប្បដ្ឋាន ទើបស្ងប់ចិត្ត មិនប្រកាន់ការនឹកគិតថាជាតួខ្លួន អ្វីដែលដឹងនូវអារម្មណ៍គ្រាន់តែជាវិថីចិត្តដែលកើតឡើងហើយមិនបានតាំងនៅប៉ុណ្ណោះ ។ ធម្មតានៃអកុសលកម្ម តែងតែកើតអំពីហេតុនៃអកុសលកម្មនោះ គឺលោភៈ ទោសៈ និងមោហៈ ទាំងបីនេះហៅថា អកុសលមូល ។ បុគ្គលចម្រើនសតិប្បដ្ឋាន ទើបមិនបានប្រកាន់ថា ខ្លួនជាអ្នកប្រព្រឹត្តនូវកម្មនោះៗឡើយ គ្រាន់តែនិយាយដោយសន្មតប៉ុណ្ណឹងឯងមិនប្រកាន់ដោយការយល់ខុសនោះទេ ។ ម៉្យាងទៀត ចំពោះបាបកម្មផ្សេងៗ វាជារឿងវដ្តសង្សារ មិនអាចបន្ទោសអ្នកណាៗ រឹតតែមិនត្រូវបន្ទោសខ្លួនឯងនោះទៀត ។ ចំណែកកុសលធម៌ដែលអាស្រ័យសទ្ធានិងបញ្ញា គឺជាការហែរចេញពីវដ្តសង្សារ ដូច្នេះទើបអ្នកចម្រើនសតិប្បដ្ឋាន មិនក្តៅក្រហាយស្តាយក្រោយក្នុងរឿងនេះឡើយ ។ ការក្តៅក្រហាយចិត្ត គឺជាចិត្តដែលមានអារម្មណ៍ជាធម្មតារបស់ចិត្ត គ្រាន់តែថាពេលហ្នឹងវាមានតួកុក្កុច្ចនីវណៈប្រកបជាមួយប៉ុណ្ណោះ ដូច្នេះជំនួសការគិតខ្វល់ទៅក្នុងអារម្មណ៍នោះៗ សតិរំលឹកដឹងនូវនីវរណៈដែលធ្វើឲ្យចិត្តក្តៅក្រហាយនោះឯង ឃើញនីវរណៈគ្រាន់តែជានីវរណៈ ប្រកបជាមួយនឹងចិត្ត កើតក្នុងចិត្ត មិនមែនជាតួខ្លួនយើងឡើយ ហើយក៏មិនមែនកើតជាមួយនឹងយើងដែរ គឺកើតជាមួយនឹងចិត្តប៉ុណ្ណោះ ។ ការរលឹកដឹងដល់តួសភាវធម៌ដូច្នេះ ការក្តៅក្រហាយចិត្តក៏រលត់បាត់ទៅនៅតែប្រកបជាមួយនឹងសតិសម្បជញ្ញៈ មានបីតិមានបស្សទ្ធិ រមែងមិនទាស់នឹងអារម្មណ៍ក្នុងលោក ។ បុគ្គលអប់រំចម្រើននូវវិបស្សនា ឃើញនាមរូបព្រមដោយបច្ច័យ សូម្បីនៅជាបុថុជ្ជន ក៏មិនទៅកាន់អបាយភូមិឡើយ ក្នុងជាតិបន្ទាប់ស្លាប់នោះឯង ។ ស្រង់ចេញពីសៀវភៅ " គតិធម៌ " រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |