អានអត្ថបទ
ផ្សាយ : ២៨ មករា ឆ្នាំ២០២៣ (អាន: ១,៨១២ ដង)
ជតុកណ្ណិកត្ថេរាបទាន

|
កាលនោះ ខ្ញុំកើតជាសេដ្ឋីបុត្រ នៅក្នុងនគរហង្សវតី ជាអ្នកឆ្អែតស្កប់ស្កល់ដោយកាមគុណទាំងឡាយ ញុំាងគេឲ្យចោមរោម។ កាលនោះ ខ្ញុំឡើងកាន់ប្រាសាទទាំង ៣ ប្រើប្រាស់ភោគៈច្រើន ញុំាងគេឲ្យចោមរោមដោយការរាំច្រៀង ក្នុងប្រាសាទនោះ។ តូរ្យតន្រ្តីប្រកបដោយការប្រគំដ៏ពីរោះ ដែលគេនាំមកដើម្បីខ្ញុំ ពួកស្រីទាំងអស់ កាលត្រេកអរ រមែងដឹកនាំនូវចិត្តខ្ញុំ។ ពួកស្រីកំពុងពេញល្បែង ពួកស្រីតឿ ពួកស្រីពេញរូបរាង ពួកស្រីចំទង់ ពួកស្រីឡើងរ៉ាវ និងពួកស្រីត្លុក តែងចោមរោមខ្ញុំសព្វៗ កាល។ ពួកអ្នកប្រគំ ពួកអ្នកដំស្គ ពួកអ្នករបាំ ជាច្រើនគ្នា ពួករបាំប្រុសស្រី តែងចោមរោមខ្ញុំសព្វៗ កាល។ ពួកជាងកំណោរ ពួកអ្នកផ្ងូតទឹក ពួកអ្នកដាំស្ល ពួកអ្នកធ្វើផ្កាកម្រង ពួកសុបាសកជន ពួកអ្នកប្រដាល់ ពួកអ្នកចំបាប់ទាំងអស់នោះ តែងចោមរោមខ្ញុំសព្វៗ កាល។
កាលពួកជនទាំងនុ៎ះ កំពុងលេងក្នុងការបាញ់ធ្នូដែលសិក្សាស្ទាត់ហើយ ខ្ញុំឥតស្គាល់យប់ និងថ្ងៃឡើយ ដូចជាព្រះឥន្រ្ទឋិតនៅក្នុងតាវត្តិង្សបុរី។ ពួកអ្នកដើរផ្លូវ ពួកអ្នកកំព្រា ពួកយាចក ពួកអ្នកដើរជាច្រើនគ្នា អ្នកទាំងអស់នោះ តែងចូលទៅសុំទានក្នុងផ្ទះខ្ញុំជានិច្ច។ ពួកសមណៈ និងព្រាហ្មណ៍ជាបុញ្ញក្ខេត្តដ៏ប្រសើរ ញុំាងបុណ្យឲ្យចម្រើនដល់ខ្ញុំ តែងមកកាន់ផ្ទះខ្ញុំ។ ពួកនិគ្រន្ថទាំងអស់នោះ គឺពួកបដកៈ លដុកៈ បុប្ផសាដកៈ ទណ្ឌិកៈ ឯកសិខៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកប្រព្រឹត្តចិញ្ចឹមជីវិតដោយប្រពៃ ពួកអ្នកប្លន់ដណ្តើមទ្រព្យគេ ពួកអ្នកប្រព្រឹត្តធម៌ដូចគោ ពួកអ្នកប្រព្រឹត្តធម៌ដូចទេវតា ពួកអ្នកទ្រទ្រង់ល្អងធូលីទាំងនុ៎ះ តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកប្រព្រឹត្តធម៌ ពួកអ្នកដល់នូវការសម្រេចហេតុផ្សេងៗ ពួកអ្នកប្រជុំគ្នារម្ងាប់ការក្រោធ ពួកអ្នកមានតបៈ និងពួកអ្នកប្រព្រឹត្តនៅក្នុងព្រៃជាច្រើន តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនខ្វាក់ ពួកទមិឡ ពួកអ្នកដែនសាកុឡៈ ពួកអ្នកដែនមលយាលកៈ ពួកអ្នកដែនសវរៈ និងពួកអ្នកដែនយោនកៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកដែនគន្ធកៈ ពួកអ្នកដែនមុណ្ឌកៈ ពួកអ្នកដែនកុដ្ឋលៈ ពួកអ្នកដែនសានុវិន្ទកៈ ពួកអ្នកដែនអារាព និងពួកអ្នកដែនចិន តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកអាស្រ័យនៅភ្នំអលសន្ទកៈ ពួកអ្នកអាស្រ័យនៅភ្នំបល្លវៈ ពួកអ្នកឡើងកំពូលភ្នំ និងពួកចេតបុត្ត អ្នកនៅក្រៅដែន តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនមធុរៈ ពួកជនអ្នកនៅក្នុងដែនកោសល ពួកជនអ្នកនៅក្នុងដែនកាសី ពួកជនអ្នកនៅក្នុងដែនហត្ថិបុរី ពួកជនអ្នកនៅក្នុងដែនឥសិន្ទៈ និងពួកជនអ្នកនៅក្នុងដែនមក្កលៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនចេលាវកៈ ពួកជនអ្នកនៅក្នុងដែនអារម្ពៈ ពួកជនអ្នកនៅក្នុងដែនឱភាសៈ ពួកជនអ្នកនៅក្នុងដែនមេឃលៈ ពួកជនអ្នកនៅក្នុងដែនខុទ្ទកៈ និងពួកជនអ្នកនៅក្នុងដែនសុទ្ទកៈជាច្រើន តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនរោហកៈ ពួកជនអ្នកនៅក្នុងដែនសិន្ទវៈ ពួកជនអ្នកនៅក្នុងដែនចិត្តកៈ ពួកជនអ្នកនៅក្នុងដែនឯកកណ្ណិកៈ ពួកជនអ្នកនៅក្នុងដែនសុរដ្ឋៈ និងពួកជនអ្នកនៅក្នុងដែនអបរន្តៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកកុមារនៅក្នុងដែនសុបារកៈ នៅក្នុងដែនមលយៈ នៅក្នុងសោណភូមិ នៅក្នុងដែនវិជ្ជហារ ពួកជនទាំងអស់នោះ តែងមកកាន់ផ្ទះខ្ញុំ។ ពួកជាងផ្កាកម្រង ពួកជាងតម្បាញ ពួកជាងធ្វើស្បែក ពួកជាងចាំងឈើ ពួកអ្នកធ្វើការងារ និងពួកស្មូនឆ្នាំង តែងមកកាន់ផ្ទះខ្ញុំ។ ពួកជាងកែវមណី ពួកជាងលោហៈ ពួកជាងមាស ពួកជាងត្បាញសំពត់ និងពួកជាងសំណ ទាំងអស់នោះ តែងមកកាន់ផ្ទះខ្ញុំ។ ពួកជាងកូនសរ ពួកជាងក្រឡឹង ពួកជាងតម្បាញ ពួកអ្នកធ្វើទឹកអប់ ពួកជាងជ្រលក់ និងពួកជាងជុល តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកស្លប្រេង ពួកអ្នកនាំឧស ពួកអ្នកដងទឹក ពួកអ្នកចិញ្រ្ចាំសាច់ ពួកអ្នកដាំស្ល និងពួកអ្នកឈ្លាសវៃក្នុងសំឡេង តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកចាំទ្វារ ពួកអ្នករក្សាអង្គ ពួកអ្នកក្រងផ្កា ពួកអ្នកចាក់ចោលផ្កា ពួកអ្នកជិះដំរី និងពួកគង្វាលដំរី តែងមកកាន់ផ្ទះខ្ញុំ។ ខ្ញុំបានឲ្យសាមគ្គី ដល់ស្តេចឈ្មោះអានន្ទៈ ខ្ញុំបំពេញសេចក្តីខ្វះខាតដោយរតនៈមានពណ៌ ៧។ ពួកជនជាច្រើនទាំងអស់ណា មានវណ្ណៈផ្សេងៗគ្នា ដែលខ្ញុំបានពណ៌នារួចហើយ ខ្ញុំដឹងចិត្តនៃជននោះ ហើយឲ្យឆ្អែតស្កប់ស្កល់ដោយរតនវត្ថុ។ កាលបើគេនិយាយពាក្យពីរោះ កាលបើគេទួងស្គរឡើង កាលបើគេផ្លុំស័ង្ខឡើង ខ្ញុំត្រេកអរតែក្នុងផ្ទះរបស់ខ្លួន។ សម័យនោះ ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ព្រមទាំងព្រះខីណាស្រពមួយសែនអង្គ កើតមានឡើងហើយ។ ព្រះសម្ពុទ្ធមានចក្ខុ ព្រមដោយភិក្ខុទាំងឡាយ ទ្រង់ស្តេចទៅតាមថ្នល់ រុងរឿងដូចជាដើមទីបព្រឹក្ស ដែលញុំាងទិសទាំងពួងឲ្យភ្លឺ។ កាលបើព្រះលោកនាយកស្តេចយាងទៅ ស្គរទាំងពួង ក៏លាន់ឮឡើង រស្មីរបស់ព្រះពុទ្ធក៏ផ្សាយចេញទៅ ហាក់ដូចព្រះអាទិត្យទើបនឹងរះ។ ខណៈនោះ ពន្លឺដ៏ធំទូលាយ ចាំងចូលទៅក្នុងផ្ទះទាំងឡាយ ដោយរស្មីផ្សាយចូលទៅតាមចន្លោះសន្ទះទ្វារ។ ខ្ញុំបានឃើញរស្មីរបស់ព្រះពុទ្ធហើយ បានប្រាប់បរិស័ទខ្ញុំថា ព្រះពុទ្ធដ៏ប្រសើរ ស្តេចយាងមកតាមថ្នល់នេះដោយឥតសង្ស័យ។ ខ្ញុំបានចុះអំពីប្រាសាទដោយរហ័ស ទៅរង់ចាំពាក់កណ្តាលផ្លូវ ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយក្រាបបង្គំទូលថា សូមព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ អនុគ្រោះដល់ខ្ញុំព្រះអង្គ។ ព្រះពុទ្ធជាអ្នកប្រាជ្ញអង្គនោះ ទ្រង់ទទួលនិមន្ត មួយអន្លើដោយពួកភិក្ខុមួយសែនអង្គ។ លុះខ្ញុំនិមន្តព្រះសម្ពុទ្ធរួចហើយ នាំព្រះអង្គទៅឯផ្ទះរបស់ខ្ញុំ ញុំាងព្រះមហាមុនីឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក ក្នុងផ្ទះនោះ។ ខ្ញុំបានដឹងកាលដ៏គួរនៃព្រះពុទ្ធដ៏ប្រសើរ ជាតាទិបុគ្គល ទ្រង់ឆាន់រួចហើយ ក៏បម្រើព្រះពុទ្ធដ៏ប្រសើរដោយតូរ្យតន្រ្តី ព្រមទាំងចម្រៀង។ ព្រះសម្ពុទ្ធ ទ្រង់ព្រះនាមបទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវលោក គួរទទួលគ្រឿងបូជា ទ្រង់គង់នៅខាងក្នុងផ្ទះ ហើយត្រាស់គាថាទាំងនេះថា បុគ្គលណា បានបម្រើតថាគតដោយតូរ្យតន្រ្តីផង បានថ្វាយបាយ និងទឹកផង ដល់តថាគត តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគតនឹងសម្តែងដូចតទៅនេះ នរៈនេះ នឹងមានគ្រឿងបរិភោគច្រើន ព្រមទាំងមាសប្រាក់ ភោជន និងបានសោយឯករាជ្យក្នុងទ្វីប ៤។ នរៈនេះ នឹងសមាទានសីល ៥ ត្រេកអរក្នុងកុសលកម្មបថ ១០ ប្រព្រឹត្តសមាទានកុសលធម៌ ហើយនឹងញុំាងបរិស័ទឲ្យសិក្សា។ តូរ្យតន្រ្តីមួយសែន និងពួកនារីមានខ្លួនប្រដាប់ប្រពៃ តែងគាល់បម្រើនរៈនេះជានិច្ច នេះជាផលនៃការបម្រើ។ នរៈនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៣០ ពាន់កប្ប បានជាព្រះឥន្រ្ទសោយរាជ្យជាស្តេចទេវតា អស់ ៦៤ ដង។ នឹងបានជាស្តេចចក្រពត្តិ អស់ ៧៤ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប។ កន្លងទៅមួយសែនកប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម កើតក្នុងត្រកូលព្រះបាទឱក្កាករាជ្យ ត្រាស់ដឹងក្នុងលោក។ នរៈនេះ បើចូលទៅកាន់កំណើតណា ទោះជាទេវតា ឬជាមនុស្ស នឹងជាអ្នកមានភោគៈមិនខ្វះខាត ក្នុងបច្ឆិមជាតិ នឹងបាននូវភាពជាមនុស្ស។ ក្នុងកាលនោះ នរៈនេះ ជាអ្នកស្វាធ្យាយមន្ត ដល់នូវត្រើយនៃវេទទាំង ៣ កាលស្វែងរកប្រយោជន៍ដ៏ឧត្តម នឹងត្រាច់ទៅតាមផែនដី។ នរៈនោះ លុះកាលជាខាងក្រោយ ក៏ចេញបួស ត្រូវកុសលមូលដាស់តឿន នឹងតេ្រកអរក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមគោតម។ នរៈនេះ នឹងញុំាងព្រះសម្ពុទ្ធ ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ ឲ្យប្រោសប្រាណ នឹងដុតកំដៅនូវកិលេសទាំងឡាយ ហើយបានជាព្រះអរហន្ត។ ថ្ងៃនេះ ខ្ញុំនៅក្នុងសាសនានៃព្រះពុទ្ធជាសក្យបុត្រ ខ្ញុំឥតភ័យ ដូចជាស្តេចខ្លាធំ ឬដូចជាកេសររាជសីហ៍ ជាស្តេចម្រឹគនៅក្នុងព្រៃ។ ខ្ញុំមិនដែលឃើញនូវកំណើតរបស់ខ្ញុំក្នុងទេវលោកកំសត់ ឬក្នុងកំណើតមនុស្សកំសត់ ឬក៏ក្នុងទុគ្គតិឡើយ នេះជាផលនៃការបម្រើ។ ខ្ញុំជាអ្នកប្រកបក្នុងវិវេក ជាអ្នកមានចិត្តស្ងប់ មិនមានឧបធិ មិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថា ព្រះជតុកណ្ណិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។ ចប់ ជតុកណ្ណិកត្ថេរាបទាន។ បិដក ភាគ ៧៤ - ទំព័រទី ២៦០ ជតុកណ្ណិកត្ថេរាបទាន ទី៩ ដោយ៥០០០ឆ្នាំ
|