ធម៌ ៧ យ៉ាងនេះ ធ្វើឲ្យសាបសូន្យដល់ឧបាសក

|
ទុតិយបរិហានិសូត្រ ទី៩ [២៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ឧបាសក។ ៧ យ៉ាង តើអ្វីខ្លះ។ ឧបាសកញុំាងការឃើញនូវភិក្ខុ ឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់ព្រះសទ្ធម្ម ១ មិនសិក្សាក្នុងអធិសីល [សីល៥ ឬសីល១០។ អដ្ឋកថា។] ១ ជាអ្នកមិនមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ ជាអ្នកមានចិត្តរិះគន់ ស្វែងរកទោសស្តាប់ធម៌ ១ ស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈក្នុងទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានោះ ១។ ឧបាសកណា ញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ មិនសិក្សាក្នុងអធិសីល ១ មានសេចក្តីមិនជ្រះថ្លាក្នុងពួកភិក្ខុចំរើនឡើងដោយក្រៃលែង ១ មានចិត្តរិះគន់ប្រាថ្នាស្តាប់ព្រះសទ្ធម្ម ១ ស្វែងរកទក្ខិណេយ្យបុគ្គលដទៃ ខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈចំពោះទក្ខិណេយ្យបុគ្គលនោះ ១ ឧបាសក កាលសេពនូវបរិហានិយធម៌ទាំង ៧ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងសាបសូន្យចាកព្រះសទ្ធម្ម។ ឧបាសកណា មិនញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ សិក្សាក្នុងអធិសីល ១ សេចក្តីជ្រះថ្លាក្នុងពួកភិក្ខុរបស់ឧបាសកនោះ ចំរើនឡើងដោយក្រៃលែង ១ មានចិត្តមិនរិះគន់ ស្តាប់នូវព្រះសទ្ធម្ម ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកតែងធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គល ក្នុងសាសនានេះ ១ ឧបាសក កាលសេពនូវអបរិហានិយធម៌ទាំង ៧ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងមិនសាបសូន្យ ចាកព្រះសទ្ធម្មឡើយ។
|