អានអត្ថបទ
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៤,៥៧៣ ដង)
ការក្រែងចិត្ត

|
ការក្រែងចិត្ត
កូនជាទីស្រឡាញ់, កាលបើកូននឹងធ្វើអ្វី មិនថានឹងធ្វើក្នុងផ្ទះរបស់ខ្លួនឯង ឬនឹងធ្វើនៅទីដទៃណា ៗ បើការងារដែលនឹងធ្វើនោះអាចប៉ះពាល់ដល់អ្នកជិតខាង ធ្វើឲ្យរំខានគេ ឬក្តៅក្រហាយចិត្ត កូនត្រូវប្រយ័ត្នឲ្យណាស់ ។ កូនកុំធ្វើអ្វី ៗតាមចិត្តចង់ ឬប្រកាន់សិទ្ធិថា ធ្វើបាននោះឡើយ កូនត្រូវចេះត្រែងចិត្តអ្នកដទៃផង ដូចជានៅផ្ទះជាប់គ្នា នៅបន្ទប់ជាប់គ្នា ឬនៅបន្ទប់ជាមួយ គ្នាជាដើម ។ ការក្រែងចិត្តគ្នានេះល្អណាស់ នាំមិនឲ្យឈ្លោះគ្នា មិន ទាស់ចិត្តគ្នាទទេ ៗ ។ កូនសាងមិត្តល្អជាងសាងសត្រូវ សាងសត្រូវមិនល្អទេ កូនកុំចេះគិតថា អ្នកណាស្អប់ ៗ ទៅ ទាំងកូនខ្លួនឯងក៏កុំចូលចិត្តស្អប់អ្នកដទៃឡើយ ។ បើចាំបាច់កូននឹងធ្វើអ្វី កូនត្រូវប្រាប់ឲ្យគេដឹងជាមុន ឬរឹតតែល្អណាស់ទៅទៀត នោះ គឺកូនសូមអនុញ្ញាតពីគេ ។ រឿងនេះមិនខូចខាតអ្វីឡើយ ការដែលកូនចេះក្រែងចិត្តអ្នកដទៃនោះ គេក៏នឹងក្រែងចិត្តកូនវិញដែរ ហើយគេសប្បាយចិត្តនឹងអនុញ្ញាត ហើយគេអាចទ្រាំបានក្នុងកិច្ចការដែលកូនធ្វើនោះ គីមិនក្តៅក្រហាយចិត្តដោយគិត ថាកូនរំខានគេឡើយ ។ សូមឲ្យកូនយកចិត្តគេមកដាក់ចិត្តកូន មានខ្លួនឯងជាឧបមា ចិត្តយើងចិត្តគេ កុំធ្វើអ្វី ៗ តាមតែចិត្តខ្លួនឯងឲ្យសោះ ។ សូមឲ្យកូនចាំទុកថា ការក្រែងចិត្តជាសម្បត្តិរបស់មនុស្សល្អ ជាក្រមួនស្នេហ៍ ជាមារយាទក្នុងសង្គមនិងជាសុជីវធម៌ធ្វើមិនឲ្យទាស់ចិត្តអ្នកដទៃផង ។ លើកតួយ៉ាងដូចជា នៅក្នុងបន្ទប់ប្រជុំ ឬកន្លែងសម្តែងធម៌ទេសនា អ្នកដទៃគេតាំងចិត្តស្តាប់ តែយើងគិតតែជជែក ធ្វើឲ្យអ្នកដទៃរំខានត្រចៀក ។ យើងប្រកបអាជីព ឬជួសជុលអ្វី ដែលនាំគេក្តៅក្រហាយចិត្ត ដូចនេះយើងត្រូវក្រែងចិត្ត ត្រូវប្រាប់គេខ្លះផង យកចិត្តគេផង បើនឹងត្រូវធ្វើយូរ ក៏ត្រូវក្រែងចិត្តឲ្យខ្លាំង យ៉ាងនេះនឹងមិនមាន រឿងអ្វីច្រើនទេ ។ កូនកុំគិតបែបអ្នលលែងថា " មានរឿងក៏មាន " ការគិតបែបនេះ ជាការគិតរបស់មនុស្សឃើញតែពីបាន គិតតែពីខ្លូនឯង មិនគិតដល់ចិត្តថ្លើមអ្នកដទៃផង ។ ចូរ កូនកុំគិតយ៉ាងនេះឡើយ វាជារភងដែលគួរឲ្យអៀនខ្មាសណាស់ ។ ដកស្រង់ចេញពីសៀវភៅ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយ សូត្រ តុលា ដោយ៥០០០ឆ្នាំ |