អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៥៧៧ ដង)
សុទ្ធដ្ឋកសូត្រ

|
សុទ្ធដ្ឋកសូត្រ
ជនពាលតែងដឹងថា អាត្មាអញឃើញ (នូវរូប) ស្អាតប្រសើរ មិនមានរោគ ការស្អាត តែងមានដល់សត្វ ដោយរូបដែលឃើញហើយ ការដឹងយ៉ាងនេះថា ប្រសើរដូច្នេះ ហើយជាអ្នកពិចារណាឃើញរឿយៗ ថា ស្អាត រមែងជឿថា ជាញាណ ។ ប្រសិនបើការស្អាត មានដល់សត្វព្រោះរូបដែលឃើញ ហើយមែន សត្វនោះគង់នឹងលះបង់នូវកងទុក្ខ ដោយញាណបាន ឬសត្វដែលប្រកបដោយឧបធិនោះ គង់នឹងស្អាត ដោយមគ្គមិនស្អាត ដោយគុណដទៃ ព្រោះទិដ្ឋិ រមែងប្រាប់បុគ្គលអ្នកមានទិដ្ឋិនោះ កាលពោលយ៉ាងនោះ ។ ខីណសវព្រាហ្មណ៍ មិនពោលសរសើរនូវការស្អាតត្រង់អារម្មណ៍ដែលបានឃើញបានឮ បានប៉ះពាល់ ឬត្រង់សីលនិងវ័តជាងអរិយមគ្គញាណទេ (លោក) មិនប្រឡាក់នឹងបុណ្យបាប លះបង់នូវសេចក្តីយល់ថា ខ្លួនមានធ្វើនូវកម្មក្នុងលោកនេះ ។ ពួកអ្នកសុទ្ធិវាទៈ អ្នកលុះក្នុងអំណាចតណ្ហា លះបង់នូវលទ្ធិមុនហើយ អាស្រ័យនូវលទ្ធិខាងក្រោយទៀត ពួកសុទ្ធិវាទៈ រមែងឆ្លងនូវកិលេសគ្រឿងជាប់មិនរួចឡើយ សុទ្ធិវាទៈទាំងនោះ តែងកាន់យកខ្លះ លះចោលវិញខ្លះ ដូចពានរចាប់យកមែកឈើដែលនៅចំពោះមុខ ។ សត្វកាន់យកនូវវ័តទាំងឡាយ ដោយខ្លួនឯង ជាសត្វជាប់ស្អិតក្នុងកាមសញ្ញាហើយ តែងទៅគប់រកគ្រូខ្ពស់និងទាប អ្នកប្រាជ្ញមានបញ្ញាក្រាស់ដូចផែនដី ត្រាស់ដឹងនូវសច្ចធម៌ ដោយវេទ គឺមគ្គញាណទាំង ៤ មិនបានទៅគប់រកគ្រូខ្ពស់និងទាបឡើយ ។ អ្នកប្រាជ្ញនោះ កម្ចាត់បង់មារសេនា ហើយ ឋិតនៅនឹងនួន ក្នុងអារម្មណ៍ទាំងពួង ទោះអារម្មណ៍ដែលឃើញ ដែលឮដែលប៉ះពាល់ ណាមួយក្តី (អ្នកណាមួយ) គប្បីកំណត់នូវអ្នកប្រាជ្ញអ្នកឃើញ (ដ៏បរិសុទ្ធ) មានគ្រឿងប្រក់គឺកិលេស បើកហើយ នោះឯង ដោយគ្រឿងកំណត់ណាក្នុងលោកបាន ។ អ្នកប្រាជ្ញទាំងឡាយបែបនោះមិនកំណត់ មិនធ្វើតណ្ហានិងទិដ្ឋិ ឲ្យជាប្រធាន ទាំងមិនពោលសរសើរនូវទិដ្ឋិ ថាជារបស់ស្អាតម៉ត់ចត់ទេ តែងផ្តាច់ចោលនូវចំណង គឺសេចក្តីប្រកាន់ ដែលចងក្នុងចិត្តសន្តាន របស់ខ្លួន តែងមិនធ្វើសេចក្តីប្រាថ្នា ក្នុងសន្តានឯណានីមួយក្នុងលោកទេ ។ (អ្នកប្រាជ្ញនោះ ) ប្រព្រឹត្តកន្លងនូវខេត្រដែន (កិលេស) បន្សាត់បង់បាប លោកមិនមានសេចក្តីប្រកាន់ ព្រោះជា្រប ព្រោះឃើញទេ លោកមិនត្រេកអរ ក្នុងកាមរាគ មិនរីករាយ ក្នុងរូបភព និងអរូបភព អ្នកប្រាជ្ញនោះ មិនមាន សេចក្តីប្រកាន់ថា នេះជារបស់ប្រសើរក្នុងលោកឡើយ ។ ចប់ សុទ្ធដ្ឋកសូត្រ ដកស្រង់ពីព្រះត្រៃបិដក ភាគ ៥៤ ទំព័រ ២៧០-២៧៣ ដោយ៥០០០ឆ្នាំ |