អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១១,១៩៩ ដង)
ព្រះនិព្វានជាធម៌ដ៏ឧត្ដម

|
ព្រះនិព្វានជាធម៌ដ៏ឧត្ដម
និព្វានំ បរមំ វទន្តិ ពុទ្ធា ព្រះពុទ្ធទាំងឡាយតែងសម្ដែងថា ព្រះនិព្វានជាធម៌ដ៏ឧត្ដម នោះ, ឲ្យមានសេចក្ដីពិស្ដារដើម្បីជាគ្រឿងប្រដាប់សតិបញ្ញា និងជាវត្តប្រតិបត្តិរបស់សាធុជនពុទ្ធបរិស័ទ ដូចតទៅនេះ៖ លោកអ្នកប្រាជ្ញទាំងឡាយ ហៅថា ពុទ្ធៈ។ ពុទ្ធៈនេះមានច្រើនប្រភេទ, ន័យខ្លះចែកជា ២, ន័យខ្លះចែកជា ៣, ន័យខ្លះចែកជា៤។ ១. តាមន័យដែលចែកជា ២ ចំពូកនោះ គឺព្រះសព្វញ្ញុពុទ្ធលោកអ្នកត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងឥតចន្លោះ ចំពោះព្រះអង្គ ហើយសម្ដែងប្រដៅអ្នកដទៃឲ្យត្រាស់ដឹងបាន ១, ព្រះបច្ចេកពុទ្ធ លោកអ្នកត្រាស់ដឹងចំពោះព្រះអង្គដែរ តែសម្ដែងប្រដៅអ្នកដទៃឲ្យត្រាស់ដឹងតាមធម៌មិនបាន ១។ ២. តាមន័យដែលចែកជា ៣ ចំពូកនោះ គឺព្រះសព្វញ្ញុពុទ្ធ, ព្រះបច្ចេកពុទ្ធ១, ព្រះអនុពុទ្ធ លោកអ្នកត្រាស់ដឹងតាមព្រះសព្វញ្ញុពុទ្ធ១។ ៣. តាមន័យដែលចែកជា ៤ ចំពូកនោះ គឺព្រះសព្វញ្ញុពុទ្ធ ១, ព្រះបច្ចេកពុទ្ធ ១, ព្រះសុតពុទ្ធ លោកអ្នកចេះដឹងដោយការរៀនសូត្រតាមធម៌របស់ព្រះសព្វញ្ញុពុទ្ធ ១, ព្រះសាវ័កពុទ្ធ លោកអ្នកចេះដឹងដោយការស្ដាប់ធម៌របស់ព្រះសព្វញ្ញុពុទ្ធដោយគោរព ដែលហៅថា សាវ័ករបស់ព្រះពុទ្ធនោះ១។ ព្រះពុទ្ធមានច្រើនចំពូកដូចពោលមកនេះ, បើសម្ដែងដោយបរិយាយ កំណត់យកតែត្រង់លោកអ្នកចេះដឹងធម៌វិន័យរបស់ ព្រះសព្វញ្ញុពុទ្ធទាំងប៉ុន្មាន បានឈ្មោះថា ព្រះពុទ្ធ ទាំងអស់។ ព្រះពុទ្ធទាំងនោះ រមែងពោលសរសើរព្រះនិព្វានថាជាធម៌ដ៏ឧត្ដម មិនត្មះដិះដៀលព្រះនិព្វានឡើយ។ អធិប្បាយពាក្យថា និព្វាន ដូចម្ដេចហៅថា និព្វាន? សេចក្ដីរំលត់ភ្លើងកិលេស និងភ្លើងទុក្ខយ៉ាងស្និទ្ធឥតកម្រើកបានទៀត លោកហៅថា និព្វាន។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |