អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៨,៩១៦ ដង)
ពុទ្ធឱវាទនៃព្រះដ៏មានព្រះភាគ ចំពោះកុមារីចៅរបស់មេណ្ឌកសេដី្ឋ

|
ព្រះដ៏មានព្រះភាគទទួលការយាងពីឧត្តគ្គហមេណ្ឌកនត្តាជាចៅមេណ្ឌកសេដី្ឋ ថ្វាយភត្តផង និងសុំព្រះដ៏មានព្រះភាគសំដែងធម៌អប់រំកូនស្រីផងដែលត្រូវរៀបចំឲ្យមានស្វាមី ពេលថ្វាយភត្តដល់ព្រះពុទ្ធសព្វគ្រប់ហើយក៏អង្គុយក្នុងទីសមគួរ។
លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុង ទីសមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រ ព្រះអង្គដ៏ចំរើន ពួកកុមារីរបស់ខ្ញុំព្រះអង្គទាំងអម្បាលនេះ មុខជានឹងទៅ កាន់ត្រកូលបី្ត បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទូន្មានពួក កុមារីទាំងនោះឲ្យទាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅ ពួកកុមារីទាំងនោះ ដោយឳវាទទានុសាសនៈណា ដែលនាំ ឲ្យបានប្រយោជន៍នឹងសេចកី្តសុខ អស់កាលដ៏វែងដល់កុមារីទាំងនោះ។ ![]() លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងកុមារីទាំងនោះ យ៉ាងនេះថា ម្នាលកុមារីទាំងឡាយ ហេតុដូច្នេះពួកកុមារី ក្នុងលោកនេះត្រូវសិក្សាយ៉ាងនេះថា មាតានឹងបិតា ជាអ្នកប្រាថ្នាសេចកី្តចំរើន ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចកី្តអនុគ្រោះហើយឲ្យដល់បុរសជាស្វាមីណា យើងទាំងឡាយ ជាស្រីភ្ញាក់ឡើងមុនគេ ដេកក្រោយគេ ប្រុងខ្លួននឹងទទួលកិច្ចការអី្វៗ ប្រព្រឹត្តផ្គាប់ផ្គុន និយាយពាក្យផ្អែមល្ហែមដល់ស្វាមីនោះ ម្នាលកុមារីទាំងឡាយ ឲ្យនាងត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា បុគ្គលណាជាទីគោរពនៃស្វាមី ទោះជាមាតាកី្ត បិតាកី្ត សមណព្រាហ្មណ៌កី្ត យើងទាំងឡាយនឹងធ្វើសក្ការៈ គោរពរាប់អាន បូជាដល់បុគ្គលទាំងនោះ ទាំងទទួលគួរសម រៀបចំដោយអាសនៈនឹងទឹក លាងជើង ចំពោះជនទាំងឡាយ ដែលមកដល់ហើយ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ការងារទាំងឡាយណា ខាងក្នុងផ្ទះរបស់បី្ត ទោះរោមចៀមកី្ត កប្បាសកី្តពួកយើងនឹងជាស្រីឈ្លាវៃ ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស បរិបូណ៌ដោយឧបាយនឹងការត្រិះរិះ ក្នុងកិច្ចការទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ![]() ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ជនណាជាជនខាងក្នុងផ្ទះរបស់ស្វាមីទោះខ្ញុំកី្ត អ្នកបម្រើកី្ត អ្នកធ្វើការងារកី្ត ពួកយើងដឹងការងារដែលជនទាំងនោះធ្វើហើយ ព្រោះការងារដែលជនទាំងនោះ ធ្វើហើយផង ដឹងការងារដែលជនទាំងនោះ មិនបានធ្វើ ព្រោះការងារដែលជនទាំងនោះ មិនបានធ្វើផង ដឹងថាឈឺធ្ងន់ ឈឺស្រាលផង ហើយចែករំលែកខាទនីយភោជនីយាហារ ជាចំណែកៗ ដល់ជនទាំងនោះផង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ស្វាមីនាំរបស់ណាមក ទោះទ្រព្យកី្ត ស្រូវកី្ត ប្រាក់កី្ត មាសកី្ត យើងទាំងឡាយនឹងធ្វើរបស់នោះ ឲ្យសម្រេចដោយការរក្សានឹងការគ្រប់គ្រង មិនជាស្រីអ្នកលេង មិនជាស្រីអ្នកលួច មិនជាស្រីអ្នកផឹកសុរា មិនមែនជាស្រីអ្នកបំផ្លាញរបស់ទ្រព្យដែលខ្លួនគ្រប់គ្រងនោះ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងពួកទេវតាមានកាយជាទីគាប់ចិត្ត។ ស្វាមីណា ចិញ្ចឹមភរិយានោះសព្វកាល មានព្យាយាមខ្វល់ខ្វាយ ជានិច្ច ភរិយាមិនត្រូវមើលងាយស្វាមីអ្នកចិញ្ចឹម អ្នកបំពេញសេចកី្តប្រាថ្នាទាំងពួង (នោះ) ឡើយ ស្ត្រីល្អមិនត្រូវក្រោធខឹងនឹងស្វាមី ដោយកិរិយាប្រព្រឹត្តឫស្យាផង ស្ត្រីអ្នកចេះដឹង រមែងគួរសមនឹងពួកជនទាំងពួង អ្នកជាទីគោរពរបស់ស្វាមីផង ភរិយាជាស្ត្រីមានព្យាយាម មិនខ្ជិលច្រអូស សង្គ្រោះជនខាងក្នុងផ្ទះស្វាមី ប្រព្រឹត្តកិច្ចការជាទីគាប់ចិត្តរបស់ស្វាមី។ នារីណាបានប្រព្រឹត្តយ៉ាងនេះ លុះតាមអំណាចសេចកី្តប្រាថ្នារបស់ស្វាមីនារីនោះ រមែងទៅកើតក្នុងពួកទេវតាទាំងនោះ ដែលមានកាយជាទីពេញចិត្ត និងមានសេចកី្តសុខព្រោះភាពស្មោះត្រង់។ ដោយ៥០០០ឆ្នាំ |