អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៧,០៥៨ ដង)
អំពីការងារ ៣ មុខតាមឱវាទព្រះពុទ្ធគ្រប់ព្រះអង្គ

|
អំពីការងារ ៣ មុខតាមឱវាទព្រះពុទ្ធគ្រប់ព្រះអង្គ
១- ការងារសង្រួមកាយ ការងារសម្រួមវាចា ការងារសង្រួមចិត្ត ពិតជាការងារប្រចាំថ្ងៃ នៃជនប្រុសស្រី ទាំងគ្រហស្ថ ទាំងបព្វជិត ព្រោះជាការបិទទ្វាការពារទប់ស្កាត់នូវបាបថ្មីៗ កុំឲ្យចូលមករួមដៃជាមួយបាបចាស់ កាត់បន្ថយកម្លាំងបាបដែលសន្សំក្នុងសន្តានចិត្ត ប្រៀបបីដូចជាបុគ្គលដែលខំព្យាយាមតមចំណីទាស់ព្រោះហេតុតែខ្លួនឯងឈឺរោគថ្លើម ដូច្នោះឯង។ ២- ការងារបំពេញសេចក្ដីល្អ ពិតជាត្រូវធ្វើបន្តមិនឲ្យដាច់ធ្វើទានរឿយៗ រក្សាសីលជាប់លាប់ អប់រំចម្រើនសេចក្ដីស្ងប់ជាប្រចាំ រៀនធម៌ស្ដាប់ធម៌បំពេញចំណេះ ទាំងអស់នេះសុទ្ធតែជាការងារបំប៉ននូវស្មារតី ប្រៀបបីដូចអ្នកឈឺថ្លើម ខំប្រឹងថែសុខភាព បំប៉នចំណីល្អៗ ប្រើប្រាស់អ្វីៗមានអនាម័យ ដើម្បីជួយកម្លាំងគ្របសង្កត់នូវរោគ ដូច្នោះដែរ។ ៣- ការងារអប់រំចម្រើននូវសតិប្បដ្ឋាន៤ គឺជាការងារស្រាវជ្រាវរាវរកសេចក្ដីពិត ក្នុងជីវិតមានតែរូបធម៌ និង នាមធម៌ ដើម្បីកំចាត់នូវការវង្វេង ព្រមដោយការប្រកាន់សុខផ្សេងៗ ប្រព្រឹត្តទៅដើម្បីអរិយមគ្គជាលោកុត្តរ ប្រហារបង់នូវអនុស័យ។ ចំពោះកុលេស ឬ នីវរណៈច្រើនៗក្នុងជីវិតប្រចាំថ្ងៃវាជាមេរោគចង្រៃ បើទុកឲ្យវាចេះតែរីកច្រើនឡើងៗ ជាការលំបាកក្នុងការសម្លាបវាឲ្យអស់ណាស់ ដូច្នេះជាមួយគ្នានឹងការចំរើនសតិប្បដ្ឋាន៤ ពុទ្ធបរិស័ទរមែងបំពេញនូវការងារមួយទៀត គឺការងារគ្របសង្កត់នូវនីវរណធម៌ ការស្ដាប់ព្រះធម៌ពិរោះ មានសេចក្ដីជ្រះថ្លា មានការតាំងចិត្តមាំទាំងក្នុងពេលស្ដាប់នោះ ក៏ជាការគ្រប់សង្កត់នូវនីវរណធម៌ដោយពិត ម្យ៉ាងទៀតព្រោះការប្រកបព្យាយាមក្នុងអធិចិត្ត គ្របសង្កត់នូវនីវរណៈដោយសមថកម្មដ្ឋានសេចក្ដីនេះប្រៀបដូចអ្នកឈឺរោគថ្លើម ក្នុងការប្រើប្រាស់ថ្នាំ រមែងប្រើប្រាស់ថ្នាំពីរមុខ គឺមួយមុខសម្រាប់ហ៊ុមព័ទ្ធមេរោគ និងមួយមុខទៀត សម្រាប់ជំនួយដល់ការប្រហារនូវមេរោគនោះ ដូច្នោះឯង។ ការចម្រើនសតិប្បដ្ឋាន៤ ជាការដុសខាត់សេចក្ដីប្រកាន់រឿយៗ បញ្ញាក៏ភ្លឺថ្លាឡើងៗ ហើយរមែងជាឧបការៈដល់កុសលធម៌ដទៃទៀតគ្រប់យ៉ាងទាំងអស់ សតិប្បដ្ឋាន៤ជាគំនរនៃកុសលធម៌ ការចម្រើនសតិយ៉ាងនេះរឿយៗ រមែងឈានទៅរកការឃើញច្បាស់មួយថា ធម៌ទាំងឡាយទាំងពួង គឺកុសលធម៌ អកុសលធម៌ និង អព្យាកតធម៌ គ្រាន់តែជាខន្ធ អាយតនៈ ធាតុតែប៉ុណ្ណោះ ពុំមែនជាសត្វសោះឡើយ ហើយមិនគួរប្រកាន់ថា ជារបស់មាំមួនទៀតផង។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |