អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៧៨៧ ដង)
មិនសម្លាប់សត្វ

|
ជីវិតគឺជាវត្ថុបំណងដ៏សំខាន់បំផុតសម្រាប់សត្វលោកគ្រប់ៗរូប ទោះជាសត្វនោះកើតមកមានលក្ខណៈល្អក្ដី អាក្រក់ក្ដី ពាលក្ដី បណ្ឌិតក្ដី ក្មេងក្ដី ចាស់ក្ដី ជាអ្នកស្ដុកស្ដម្ភក្ដី កំសត់ទុគ៌ត ជាអ្នកមានអវយវៈគ្រប់គ្រាន់ក្ដី ឬក៏ដល់នូវសភាពជាអ្នកពិការយ៉ាងណាក្ដីក៏នៅតែត្រូវការជីវិត ព្រោះជីវិតគឺជាវត្ថុដ៏សំខាន់មានតែមួយគត់សម្រាប់សត្វលោកគ្រប់ៗរូប។ សត្វលោកគ្រប់ៗរូប គេស្រលាញ់ជីវិតរបស់គេណាស់ គ្មានអ្នកណាចង់ស្លាប់ទេ គេសុខចិត្តលះបង់ទ្រព្យសម្បត្តិដើម្បីការពារអវយវៈ គេលះបង់អវយវៈដើម្បីការពារជីវិត នៅពេលដែលការពារជីវិតមិនបាន គេសែនសោកស្ដាយនិងតក់ស្លុតយ៉ាងខ្លាំងក្រៃលែង ដូច្នេះជីវិតជារបស់ប្រសើរកាត់ថ្លៃពុំបាន គ្មានទីផ្សារដាក់លក់ទេ មហាសេដ្ឋី មហាមូលធន ក៏មិនអាចយកប្រាក់ទិញបានដែរ បើអាចទិញបានគេមិនព្រមស្លាប់ងាយៗនោះទេ។
អ្នកដែលត្រូវគេសម្លាប់ រមែងព្រាត់ប្រាស់ចោលរបស់ជាទីស្រលាញ់ ជាទីគាប់ចិត្ត ស្លាប់ទៅ ទាំងសេចក្ដីភិតភ័យតក់ស្លុត ចំណែកញាតិមិត្ត បងប្អូនសាច់សាលោហិតជិតស្និទ្ធរបស់គេ ជ្រួលច្របល់ យំយែកទួញសោកបោកប្រាណ ព្រោះហេតុតែបុគ្គលជាទីស្រលាញ់ ត្រូវបាត់បង់ជីវិតដោយសារការសម្លាប់នោះ ដូច្នេះយើងមានឈ្មោះថាជាមនុស្សម្នាក់ ត្រូវតែមានប្រាជ្ញាស្មារតីឧស្សាហ៍ពិចារណាឲ្យបានជារឿយៗថា បើយើងស្រលាញ់ជីវិតរបស់យើងយ៉ាងណា អ្នកដទៃគេក៏ស្រលាញ់ជីវិតរបស់គេ យ៉ាងនោះដែរបើយើងចង់រស់ នោះអ្នកដទៃគេក៏ចង់រស់ដូចយើងដែរ កាលបើយើងឧស្សាហ៍ពិចារណាយ៉ាងនេះអោយបានរឿយៗ នោះយើងមានសេចក្ដីអនុគ្រោះ ឲ្យនូវអភ័យដល់សត្វទាំងអស់ក្នុងលោក ដូចជា ព្រៃធំតែងផ្ដល់ នូវភាពកក់ក្ដៅដល់ម្រឹគីម្រឹគា ដូចជាអាកាសវាហាដ៏ធំទូលាយតែងផ្ដល់នូវការសប្បាយដល់បក្សី សត្វ ឬដូចជា មហាសមុទ្រតែងផ្ដល់ជម្រកដ៏សុខសាន្តដល់មច្ឆាទាំងឡាយ យើងត្រូវតែជាមនុស្សមានចិត្តទូលាយដូចផែនដី ត្រូវឧស្សាហ៍ស្ដាប់នូវធម៌របស់សប្បុរស អប់រំចិត្តអោយបានល្អ រហូតទាល់តែចិត្តយើង បានជ្រកក្រោមម្លប់ដ៏ត្រជាក់នៃព្រហ្មវិហារធម៌គឺ មេត្តា។ ការដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ ពុំមែនពឹងពាក់ចំពោះតែទ្រព្យសម្បត្តិ កិត្តិយសប៉ុណ្ណោះទេ យើងពិតជាត្រូវការធម៌មេត្តាការរាប់អាន ការអោយអភ័យពីអ្នកដទៃ ជាចាំបាច់ណាស់ព្រោះថាបើអ្នកដទៃគ្រប់ៗរូបប្រាសចាកធម៌មេត្តា ក្លាយជាមនុស្សឃោរឃៅគ្មានត្រាប្រណីហើយ នោះយើងក៏មិនអាចរស់នៅបានសុខឡើយ សូមឲ្យមនុស្សគ្រប់ៗគ្នាចងចាំថា ដែលយើងនៅរស់ព្រោះអ្នកដទៃគេមិនសម្លាប់យើង តើហេតុអ្វីបានជាគេមិនសម្លាប់យើង? គឺបានមកអំពីការដែល គេតាំងចិត្តថា អាត្មាអញមិនបៀតបៀន មិនសម្លាប់សត្វដទៃនោះឯង ដូច្នេះជីវិតពិតជាត្រូវការមេត្តាធម៌ បើប្រាសចាកមេត្តាធម៌ហើយ សកលលោកនេះនឹងក្លាយទៅជាថ្លុកឈាម ព្រោះតែការ កាប់សម្លាប់គ្នាពុំខាន។ ដឹងថាជីវិតពិតមានតម្លៃ គួរខំកែខៃរួសរាន់សាងល្អ លះក្ដីប្រមាទសង្វាតធម៌ស ធ្វើជាមនុស្សល្អរបស់សង្គម។ ដកស្រង់ចេញពីសៀវភៅ ជីវិតពិតជាត្រូវការព្រះធម៌ ដោយ៥០០០ឆ្នាំ |