ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អត្ថបទបិដក
១២៥ អត្ថបទ
images/articles/3193/rtt555577yuuiii99.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២៥ (អាន: ៤,៤២៥ ដង)
១០. វេលាមសូត្រ [២០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលគហបតី ទានក្នុងត្រកូល អ្នកនៅតែឲ្យដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ទានក្នុងត្រកូល ខ្ញុំព្រះអង្គនៅតែឲ្យដែរ តែទាននោះឯងសៅហង្ម គឺបាយចុងអង្ករ និងទឹកជ្រក់ ជាគំរប់ពីរ។ ម្នាលគហបតី បុគ្គលឲ្យទានសៅហង្មក្តី ឲ្យទានថ្លៃថ្លាក្តី តែឲ្យទាននោះមិនគោរព ធ្វើសេចក្តីមិនកោតក្រែងហើយឲ្យ មិនឲ្យដោយដៃខ្លួនឯង បោះឲ្យ យល់ថាមិនមានផលហើយឲ្យ វិបាករបស់ទាននោះ ៗ កើតក្នុងត្រកូលណា ៗ ចិត្តក៏មិនឱនទៅ ដើម្បីប្រើប្រាស់នូវភត្តដ៏ថ្លៃថ្លា ចិត្តមិនឱនទៅ ដើម្បីប្រើប្រាស់នូវសំពត់ដ៏ថ្លៃថ្លា ចិត្តមិនឱនទៅ ដើម្បីប្រើប្រាស់យានដ៏ថ្លៃថ្លា ចិត្តមិនឱនទៅ ដើម្បីប្រើប្រាស់ក្នុងកាមគុណ ៥ ដ៏ថ្លៃថ្លា មួយទៀត ពួកជនណា ដែលជាកូនក្តី ប្រពន្ធក្តី ទាសៈក្តី អ្នកបំរើក្តី កម្មករក្តី របស់បុគ្គលនោះ ជនទាំងនោះ មិនស្តាប់ មិនផ្ចង់ត្រចៀកស្តាប់ រមែងបញ្ជូនចិត្តទៅក្នុងអារម្មណ៍ដទៃ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលគហបតី ព្រោះថា វិបាកនៃកម្មទាំងឡាយ ដែលបុគ្គលធ្វើដោយមិនគោរព រមែងមានយ៉ាងនេះឯង ម្នាលគហបតី បុគ្គលឲ្យទានសៅហង្មក្តី ថ្លៃថ្លាក្តី តែឲ្យទាននោះដោយគោរព ធ្វើសេចក្តីកោតក្រែងហើយឲ្យ ឲ្យដោយដៃខ្លួនឯង មិនបោះឲ្យ យល់ថាមានផលហើយឲ្យ វិបាករបស់ទាននោះ ៗ កើតក្នុងត្រកូលណា ៗ ចិត្តក៏រមែងឱនទៅ ដើម្បីប្រើប្រាស់ភត្តដ៏ថ្លៃថ្លា ចិត្តរមែងឱនទៅ ដើម្បីប្រើប្រាស់សំពត់ដ៏ថ្លៃថ្លា ចិត្តរមែងឱនទៅ ដើម្បីប្រើប្រាស់យាន ដ៏ថ្លៃថ្លា ចិត្តរមែងឱនទៅ ដើម្បីប្រើប្រាស់ក្នុងកាមគុណ ៥ ដ៏ថ្លៃថ្លា មួយទៀត ពួកជនណាដែលជាកូនក្តី ប្រពន្ធក្តី ទាសៈក្តី អ្នកបំរើក្តី កម្មករក្តី របស់បុគ្គលនោះ ជនទាំងនោះ រមែងស្តាប់ ផ្ចង់ត្រចៀកស្តាប់ មិនបញ្ជូនចិត្តទៅក្នុងអារម្មណ៍ដទៃឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលគហបតី ព្រោះថាវិបាករបស់កម្មទាំងឡាយ ដែលបុគ្គលធ្វើដោយគោរព រមែងមានយ៉ាងនេះឯង។ ម្នាលគហបតី កាលពីព្រេងនាយ មានព្រាហ្មណ៍ ឈ្មោះវេលាម លោកបានឲ្យទាន ជាមហាទាន មានសភាពយ៉ាងនេះ គឺបានឲ្យភាជន៍មាស ៨៤.០០០ ដែលពេញដោយប្រាក់ បានឲ្យភាជន៍ប្រាក់ ៨៤.០០០ ដែលពេញដោយមាស បានឲ្យភាជន៍សំរិទ្ធិ ៨៤.០០០ ដែលពេញដោយប្រាក់ បានឲ្យដំរី ៨៤.០០០ ដែលមានគ្រឿងអលង្ការមាស មានទង់ជ័យមាស ព្រមទាំងបាំងដោយបណ្តាញមាស បានឲ្យរថ ៨៤.០០០ ដែលពាសដោយស្បែកសីហៈ ដែលពាសដោយស្បែកខ្លាធំ ពាសដោយស្បែកខ្លាដំបង ពាសដោយសំពត់កម្ពល មានពណ៌លឿង មានគ្រឿងអលង្ការមាស មានទង់ជ័យមាស បិទបាំងដោយបណ្តាញមាស បានឲ្យមេគោ ៨៤.០០០ សម្រាប់រូតបង្ហូរ (ទឹកដោះ) មានភាជន៍សំរិទ្ធិសម្រាប់ត្រង បានឲ្យនាងកញ្ញា ៨៤.០០០ ដែលពាក់កែវមណី និងកណ្ឌល បានឲ្យបល្ល័ង្ក ៨៤.០០០ ដែលក្រាលដោយព្រំ ក្រាលដោយកម្រាលរោម មានពណ៌ស ក្រាលដោយកម្រាលរោមមានផ្កាជាចង្កោម ក្រាលដោយកម្រាលដ៏ប្រសើរ ធ្វើពីរោមម្រឹគ ឈ្មស់ មានខ្នើយមានពណ៌ក្រហមទាំងពីរខាង ព្រមទាំងពិតាន មានពណ៌ក្រហម បានឲ្យកោដិ [កោដិក្នុងទីនេះ សំដៅយក សំពត់សាកដ ១០ ហៅថាមួយកោដិ។ អដ្ឋកថា។] នៃសំពត់ ៨៤.០០០ គឺសំពត់ថ្មីមានសាច់ល្អិត សំពត់សូត្រមានសាច់ល្អិត សំពត់អម្បោះមានសាច់ល្អិត បាច់និយាយថ្មី ដល់បាយ ទឹក បង្អែម ភោជន គ្រឿងលាប ទីដេក ដូចជាស្ទឹង តែងហូរទៅ ម្នាលគហបតី អ្នកប្រហែលជាមានសេចក្តីសំគាល់នូវវេលាមព្រាហ្មណ៍នុ៎ះយ៉ាងនេះថា ក្នុងសម័យនោះ វេលាមព្រាហ្មណ៍ ជាបុគ្គលដទៃដោយពិត (ក្រៅពីតថាគត) លោកបានឲ្យទាននោះ ជាមហាទាន។ ម្នាលគហបតី ហេតុនុ៎ះ អ្នកមិនត្រូវយល់យ៉ាងនេះឡើយ ក្នុងសម័យនោះ វេលាមព្រាហ្មណ៍ ក៏គឺតថាគត ទានដែលតថាគតបានឲ្យនោះ ជាមហាទាន។ ម្នាលគហបតី មិនមានទក្ខិណេយ្យបុគ្គលណាមួយ ក្នុងទាននោះទេ មិនមានបុគ្គលណាមួយ សំអាតទក្ខិណាទាននោះទេ។ ម្នាលគហបតី វេលាមព្រាហ្មណ៍ បានឲ្យទានណា ដែលឈ្មោះថាមហាទាន និងបុគ្គលណា ញុំាងបុគ្គលដែលមានទិដ្ឋិល្អ ១ រូប (សោតាបន្នបុគ្គល) ឲ្យបរិភោគ ទាននេះ ជាទានមានផលច្រើនជាងមហាទាន បុគ្គលណា ញុំាងបុគ្គលដែលមានទិដ្ឋិល្អ ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាសកទាគាមី ១ រូប ឲ្យបរិភោគ។បេ។ បុគ្គលណា ញុំាងបុគ្គលជាសកទាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាអនាគាមី ១ រូប ឲ្យបរិភោគ បើបុគ្គលណា ញុំាងបុគ្គលជាអនាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាព្រះអរហន្ត ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលជាព្រះអរហន្ត ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះបច្ចេកពុទ្ធ ១ អង្គ ឲ្យបរិភោគ បុគ្គលណា ញុំាងព្រះបច្ចេកពុទ្ធ ១០០ អង្គ ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះតថាគត អរហន្តសម្មាសម្ពុទ្ធឲ្យបរិភោគ បុគ្គលណា ញុំាងសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យបរិភោគ និងបុគ្គលណា ឲ្យគេធ្វើវិហារ ឧទ្ទិសចំពោះសង្ឃមកពីទិសទាំង ៤ បុគ្គលណា មានចិត្តជ្រះថ្លាដល់នូវព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង និងបុគ្គលណា មានចិត្តជ្រះថ្លា សមាទាននូវសិក្ខាបទទាំងឡាយ គឺចេតនាវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ដោយការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ បុគ្គលណា មានចិត្តជ្រះថ្លា សមាទាននូវសិក្ខាបទទាំងឡាយ គឺចេតនាវៀរចាកបាណាតិបាត។បេ។ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ដោយការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដោយហោចទៅ បុគ្គលណា ចំរើននូវមេត្តាចិត្ត សូម្បីអស់កាលត្រឹមតែមួយរូតទឹកដោះគោប៉ុណ្ណោះ ការចំរើនមេត្តាចិត្តនេះ របស់បុគ្គលទាំងនោះ មានផលច្រើនជាងទាននោះទៅទៀត។ ម្នាលគហបតី វេលាមព្រាហ្មណ៍ បានឲ្យទានជាមហាទានណា និងបុគ្គលណា ញុំាងបុគ្គលមានទិដ្ឋិល្អ ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលមានទិដ្ឋិល្អ ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាសកទាគាមី ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលជាសកទាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាអនាគាមី ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលជាអនាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះអរហន្ត ១ អង្គ ឲ្យបរិភោគ បុគ្គលណា ញុំាងព្រះអរហន្ត ១០០ អង្គ ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះបច្ចេកពុទ្ធ ១ អង្គ ឲ្យបរិភោគ បុគ្គលណា ញុំាងពួកព្រះបច្ចេកពុទ្ធ ១០០ អង្គ ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ឲ្យបរិភោគ បុគ្គលណា ញុំាងភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យបរិភោគ និងបុគ្គលណា ឲ្យគេធ្វើវិហារ ឧទ្ទិសចំពោះសង្ឃមកអំពីទិសទាំង ៤ បុគ្គលណា មានចិត្តជ្រះថ្លាដល់នូវព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង និងបុគ្គលណា មានចិត្តជ្រះថ្លា សមាទាននូវសិក្ខាបទទាំងឡាយ គឺចេតនាវៀរចាកបាណាតិបាត។បេ។ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ដោយការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដោយហោចទៅ និងបុគ្គលណា ចំរើននូវមេត្តាចិត្ត សូម្បីអស់កាលត្រឹមតែមួយរូតទឹកដោះគោប៉ុណ្ណោះ និងបុគ្គលណា ចំរើននូវអនិច្ចសញ្ញា សូម្បីអស់កាលគ្រាន់តែផ្ទាត់ម្រាមដៃប៉ុណ្ណោះ ការចំរើននេះ មានផលច្រើនជាងទាននោះទៅទៀត។ ចប់ សីហនាទវគ្គ ទី២។ ហេតុដែលនាំឲ្យកូនប្រពន្ធមិនស្ដាប់បង្គាប់ - បិដកភាគ ៤៩ ទំព័រ ៧៧ ឃ្នាប ២០ ដោយ៥០០០ឆ្នាំ
images/articles/3144/dsvdr564y5ged.jpg
ផ្សាយ : ០៩ តុលា ឆ្នាំ២០២៥ (អាន: ៨,៣៥៧ ដង)
ពហុភាណិសូត្រ ទី៤ [១១៤] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលនិយាយច្រើននេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺនិយាយកុហក ១ និយាយញុះញង់ ១ និយាយពាក្យអាក្រក់ ១ និយាយពាក្យឥតប្រយោជន៍ ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលនិយាយច្រើន មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គលនិយាយតិចនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិននិយាយកុហក ១ មិននិយាយញុះញង់ ១ មិននិយាយពាក្យអាក្រក់ ១ មិននិយាយឥតប្រយោជន៍ ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គលនិយាយតិច មាន ៥ យ៉ាងនេះឯង។ ពហុភាណិសូត្រ ទី ៤ ឬ ទោស ៥ យ៉ាង របស់បុគ្គលនិយាយច្រើន បិដកភាគ ៤៥ ទំព័រ ២៤៩ ឃ្នាប ១១៤ ដោយ​៥០០០​ឆ្នាំ​
images/articles/3162/2022-01-09_16_2500.jpg
ផ្សាយ : ០៩ តុលា ឆ្នាំ២០២៥ (អាន: ៦,៤៧០ ដង)
សមចិត្តវគ្គ ទី៤ [២៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងប្រាប់ នូវអសប្បុរិសភូមិ ១ សប្បុរិសភូមិ ១ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវភូមិទាំងពីរនោះ ចូរប្រុងចិត្តឲ្យប្រពៃ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អសប្បុរិសភូមិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិស រមែងមិនដឹងឧបការៈ ដែលគេធ្វើហើយ (ដល់ខ្លួន) និងមិនធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកអសប្បុរស បានពោលសរសើរហើយ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាអសប្បុរិសភូមិទាំងអស់ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែងដឹងឧបការៈ ដែលគេធ្វើហើយ និងធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកសប្បុរស បានពោលសរសើរហើយ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាសប្បុរសភូមិទាំងអស់ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធើ្វហើយ ឲ្យប្រាកដឡើង ១។ សមចិត្តវគ្គ ទី ៤ ឬ ភូមិរបស់សប្បុរសនិងអសប្បុរស - បិដកភាគ ៤០ ទំព័រ ១៣៦ ឃ្នាប ២៧៧ ដោយ៥០០០ឆ្នាំ
images/articles/3165/fdfge53egrfgre4333.jpg
ផ្សាយ : ០៩ តុលា ឆ្នាំ២០២៥ (អាន: ៥,៥៨៥ ដង)
តតិយវគ្គ [១៩១] ម្នាលភិក្ខុទាំងឡាយ បុគ្គលមួយ កាលកើតឡើងក្នុងលោក ក៏កើតឡើងដើម្បី មិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ បុគ្គលម្នាក់ គឺអ្នកណា។ គឺបុគ្គលជាមិច្ឆាទិដ្ឋិ ជាអ្នកយល់ខុស បុគ្គលនោះ រមែងនាំជនច្រើនឲ្យឃ្លាតចាកព្រះសទ្ធម្ម ឲ្យតាំងនៅក្នុងអសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់នេះឯង កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ [១៩២] ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់ កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បី ជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ បុគ្គលម្នាក់ គឺអ្នក ណា។ គឺបុគ្គលជាសម្មាទិដ្ឋិ ជាអ្នកយល់ត្រូវ បុគ្គលនោះ រមែងនាំជនច្រើន ឲ្យឃ្លាតចាកអសទ្ធម្ម ឲ្យតាំងនៅក្នុងព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់នេះឯង កាលកើតឡើយក្នុងលោក ក៏កើតឡើង ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ តតិយវគ្គ ឬ បុគ្គលម្នាក់កើតឡើងក្នុងលោកដើម្បីជាទុក្ខដល់មនុស្សនិងទេវតាទាំងឡាយ - បិដកភាគ ៤០ ទំព័រ ៧៥ ឃ្នាប ១៩១ ដោយ៥០០០ឆ្នាំ
images/articles/3136/20215ook.jpg
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០២៥ (អាន: ៨,៤១៣ ដង)
[៧១] ម្នាលគហបតិបុត្ត អាចារ្យជាទិសខាងត្បូង សិស្សត្រូវប្រតិបត្តិដោយស្ថាន៥យ៉ាងគឺ ដោយការក្រោកឡើងទទួល១ ដោយការគាល់បំរើ១ ដោយការជឿស្តាប់ឱវាទ១ ដោយការបំរើតូចៗ (មានឲ្យទឹកលុបមុខ និងឈើស្ទន់ជាដើម)១ ដោយការរៀនសិល្បសាស្ត្រដោយគោរព១។ ម្នាលគហបតិបុត្ត អាចារ្យជាទិសខាងត្បូង ដែលសិស្សប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះសិស្ស ដោយស្ថាន៥យ៉ាងវិញ គឺ ដឹកនាំល្អ១ ឲ្យរៀនល្អ១ ប្រៀនប្រដៅសិស្ស ឲ្យចេះត្រឹមត្រូវ ក្នុងសិល្បសាស្ត្រសព្វគ្រប់១ តែងលើកតំកើង ក្នុងទីប្រជុំមិត្តអាមាត្យ១ ធ្វើសេចក្តីការពារ ក្នុងទិសទាំងឡាយ១។ ម្នាលគហបតិបុត្ត ពួកអាចារ្យ ជាទិសខាងត្បូង ដែលសិស្សប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះសិស្ស ដោយស្ថាន៥យ៉ាងនេះ ទិសខាងត្បូងនោះ ដែលសិស្សបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីគ្រូអាចារ្យនិងតួនាទីសិស្ស - បិដកភាគ ១៩ ទំព័រ ៨៥ ឃ្នាប ៧១ ដោយ​៥០០០​ឆ្នាំ​
images/articles/3222/_________________________________.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២៥ (អាន: ៦,៣១៨ ដង)
អ្នកទាំងឡាយ ចូរស្តាប់បច្ចេកពុទ្ធាបទាន ដូចតទៅនេះ នតង្គៈ ជាអ្នកប្រាជ្ញ ជាបុត្រនៃនាងទេវីក្នុងដែនវេទហៈ បានសួរព្រះតថាគត កាលគង់​នៅក្នុងវត្តជេតពនថា ឮថាព្រះ បច្ចេកពុទ្ធទាំងឡាយរមែងមាន តើព្រះបច្ចេកពុទ្ធជាអ្នកប្រាជ្ញ ទាំងនោះ រមែងកើតឡើង ដោយហេតុដូចម្តេចខ្លះ ។ គ្រានោះ ព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ទ្រង់បែរ ទៅត្រាស់នឹងព្រះអានន្ទដ៏ចម្រើន ដោយព្រះសូរសៀងដ៏ពីរោះ ថា ពួកជនណា មានការកសាងបានធ្វើទុកហើយ ក្នុងសំណាក់នៃព្រះពុទ្ធទាំងពួង តែមិនទាន់បានមោក្ខធម៌ក្នុងសាសនានៃព្រះជិនស្រីទេ ។ ជនទាំងនោះ ជាអ្នកប្រាជ្ញ ជាអ្នកមាន ប្រាជ្ញាមុតថ្លាវៀរលែងតែព្រះពុទ្ធទាំងឡាយ រមែងបាននូវបច្ចេក ពោធិញ្ញាណ ដោយប្រធាន នៃសង្វេគនោះផង ដោយអារម្មណ៍ ដ៏ស្តើងស្តួចនោះផង ក្នុងលោកទាំងមូល វៀរលែងតែតថាគត ចេញ មិនមានបុគ្គលណាស្មើ នឹងព្រះបច្ចេកពុទ្ធឡើយ តថាគត នឹងសម្តែងនូវគុណ ត្រឹមតែសង្ខេបនេះ របស់ព្រះបច្ចេកពុទ្ធទាំង ឡាយនោះ ( អ្នកទាំងឡាយចូរស្តាប់នូវគុណ ) របស់ពួកព្រះ បច្ចេកពុទ្ធ ជាមហាមុនី ដោយប្រពៃចុះ ។ អ្នកទាំងឡាយ កាល ប្រាថ្នានូវភេសជ្ជៈ ដ៏ប្រសើរផុតគឺព្រះនិញ្វន ចូរមានចិត្តជ្រះថ្លា ទាំងអស់គ្នា ស្តាប់នូវពាក្យដ៏ពីរោះ ដូចជាទឹកឃ្មុំផ្លឹត របស់ព្រះ មហាឥសី ដែលត្រាស់ដឹងឯង ។ ព្រះបច្ចេកពុទ្ធទាំងឡាយ ដែលមកប្រជុំគ្នា មានព្យាករណ៍ មានទោស មានវត្ថុ នៃសេចក្តី រសាយចិត្ត ទាំងមានហេតុដែលបានសម្រេច នូវពោធិញ្ញាណ ផ្សេង ៗ គ្នា ។ ( ព្រះបច្ចេកពុទ្ធទាំងនោះ ) មានសេចក្តីសំគាល់ ក្នុងការរសាយចិត្ត ក្នុងវត្ថុដែលប្រកបដោយរាគៈ មានចិត្តរសាយក្នុងលោក ដែលគេត្រេកអាល លះបង់នូវបបញ្ចធម៌ និងកិលេសជាត ដែលញុំាងសត្វឲ្យអន្ទះសារ ហើយបាន សម្រេចនូវពោធិញ្ញាណ ក្នុងទីនោះឯង ។ បុគ្គលទម្លាក់ចោល នូវអាជ្ញា ចំពោះសត្វទាំងពួង មិនបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណា​មួយទេ ទាំងជាអ្នកអនុគ្រោះ ចំពោះប្រយោជន៍ ដោយមេត្តាចិត្ត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលទម្លាក់ចោលនូវអាជ្ញា ចំពោះពួកសត្វទាំងពួង មិនបៀត បៀន ចំពោះសត្វទាំងនោះ សូម្បីសត្វណាមួយទេ មិនបាន ប្រាថ្នានូវបុត្រ ( ទៅហើយ ) តើនឹងប្រាថ្នានូវសម្លាញ់អំពីណា គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ សេចក្តីស្រលាញ់ របស់សត្វដែលនៅច្រឡូកច្រឡំគ្នា រមែងមាន ឯសេចក្តីទុក្ខនេះមានឡើង ព្រោះអាស្រ័យសេចក្តីស្រឡាញ់ បុគ្គលកាលឃើញ​ទោស ដែលកើតអំពីសេចក្តីស្រលាញ់ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមានចិត្តជាប់ជំពាក់ កាលអនុគ្រោះចំពោះពួកមិត្តនិងសំឡាញ់ រមែងញុំាងប្រយោជន៍ឲ្យវិនាស បុគ្គលកាលឃើញនូវភ័យ ក្នុងសេចក្តីសិ្នទ្ធស្នាលនុ៎ះ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច​កុយ​រមាស ។ សេចក្តីស្រឡាញ់ ក្នុងបុត្រនិងភរិយា ដូចជាឫស្សីមានមែកចាក់កណ្តាញ់ បុគ្គល កាលមិនជាប់ជំពាក់ ដូចជាទំពាំងឫស្សី គប្បីប្រព្រឹត្តតែម្នាក់ ឯង ដូចកុយរមាស ។ ម្រឹគក្នុងព្រៃ មិនជាប់ចំណង ដើរទៅ រកចំណីតាមចំណង់បាន យ៉ាងណា វិញ្ញូជនកាលបើប្រាថ្នា សេរីភាព ( យ៉ាងនោះ ) គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ការហៅរក រមែងមានក្នុងកណ្តាលនៃសម្លាញ់ គឺ ក្នុងលំនៅ ក្នុងទីបំរើ ក្នុងការដើរ ក្នុងការត្រាច់ចារិក បុគ្គល កាលប្រាថ្នានូវសេរីភាព ដែលពួកជនពាលមិនប្រាថ្នា គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ល្បែងនិងតម្រេក រមែងមាន ក្នុងកណ្តាលនៃសម្លាញ់ ទាំងសេចក្តីស្រលាញ់ដ៏ធំទូលាយ រមែងមានក្នុងបុត្រទាំងឡាយ បុគ្គលកាលខ្ពើមរអើម ចំពោះ ការញ្រត់ប្រាសចាកសត្វនិងសង្ខារជាទីស្រលាញ់ គប្បីប្រព្រឹត្ត តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលជាអ្នកនៅជាសុខ ក្នុង ទិសទាំង ៤ មិនមានថ្នាំងថ្នាក់ចិត្ត ត្រេកអរក្នុងវត្ថុតាមមាន តាមបាន ជាអ្នកអត់ធន់ ចំពោះអន្តរាយ ជាអ្នកមិនតក់ស្លុត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច​កុយ​​រមាស ។ បព្វជិតពួកខ្លះ ឬពួក គ្រហស្ថ ដែលនៅគ្រប់គ្រងផ្ទះខ្លះ គេសង្រ្គោះបានដោយកម្រ បុគ្គលអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ចំពោះពួកកូននៃបុគ្គលដទៃ គប្បីប្រព្រឹត្តតែម្នាក់​ឯង​ ដូចកុយរមាស ។ វីរបុគ្គលលះបង់ នូវវត្ថុទាំងឡាយ ជាគ្រឿងប្រាកដរបស់គ្រហស្ថ កាត់បង់នូវ ចំណង របស់គ្រហស្ថទាំងឡាយ ដូចដើមរលួសផ្អុងជម្រុះ ស្លឹក គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បើបុគ្គលបាន សម្លាញ់ជាអ្នកប្រាជ្ញ មានបញ្ញាខ្ជាប់ខ្ជួន ជាអ្នកប្រព្រឹត្តត្រូវគ្នា មានធម៌ជាគ្រឿង​នៅដ៏ល្អ គប្បីជាអ្នកមានស្មារតីគ្របសង្កត់ នូវអន្តរាយទាំងពួង ហើយមានចិត្តរីករាយ ប្រព្រឹត្តជាមួយ សម្លាញ់នោះចុះ ។ បើបុគ្គលមិនបានសម្លាញ់ ជាអ្នកប្រាជ្ញ មាន បញ្ញាខ្ជាប់​ខ្ជួន​ ជាអ្នកប្រព្រឹត្តត្រូវគ្នា មានធម៌ជាគ្រឿងនៅដ៏ ល្អទេ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចព្រះរាជាទ្រង់លះបង់នូវដែន ដែលទ្រង់ឈ្នះហើយ ឬដូចដំរីឈ្មោះមាតង្គៈ ( លះបង់នូវហ្វូង កាលត្រាច់ទៅ ) ក្នុងព្រៃ ។ តាមពិតយើងសរសើរនូវការបរិបូណ៌ ដោយសម្លាញ់ហើយ តែបុគ្គលគួរគប់រកសម្លាញ់ ដែល មានគុណប្រសើរជាងខ្លួន ឬសម្លាញ់មានគុណស្មើនឹងខ្លួន បើ រកមិនបានពួកសម្លាញ់ទាំងនុ៎ះទេ គប្បីជាអ្នកបរិភោគនូវចតុប្បច្ច័យដែលមិនទោស ហើយប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលឃើញនូវកងមាសទាំងពីរ ដែលកូនជាងមាស ធ្វើសម្រេចល្អហើយ រណ្តំគ្នាត្រង់កដៃ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ឯការឆ្លើយឆ្លងដោយវាចាក្តី ការជាប់ជំពាក់ក្តី ជាមួយនឹងបុគ្គលគម្រប់ពីរ របស់អញ ដូចកងមាស មួយគូមានយ៉ាងនុ៎ះ បុគ្គលកាលរំពឹងឃើញ នូវភ័យនុ៎ះ ក្នុង កាលខាងមុខ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មានរសផ្អែម ជាទីរីករាយនៃ ចិត្ត រមែងញាំញីនូវចិត្ត ដោយសភាពដ៏ប្លែក ៗ បុគ្គលឃើញ ទោស ក្នុងកាមគុណទាំងឡាយហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលឃើញនូវភ័យនុ៎ះ ក្នុងកាមគុណទាំង ឡាយថា នេះជាចង្រៃ ជាបូស ជាឧបទ្រព ជារោគ ជាសរ ទាំង ជាភ័យ របស់អញហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលគ្របសង្កត់ នូវសត្រូវទាំងអស់នុ៎ះ គឺ ត្រជាក់ ក្តៅ គម្លាន សម្រេក ខ្យល់និងកំដៅថ្ងៃ របោមនិងសត្វលូន ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ដំរីមានខ្លួន សមរម្យមាំមួន មានសម្បុរដូចផ្កាឈូក កាលលះបង់ហ្វូង ហើយនៅក្នុងព្រៃ គួរដល់អធ្យាស្រ័យ យ៉ាងណា បុគ្គលគប្បី ប្រព្រឹត្តតែម្នាក់ ឯងដូចកុយរមាសយ៉ាងនោះឯង ។ បុគ្គលបាន នូវសាមយិកវិមុត្តិ ដោយហេតុណា ហេតុនោះ មិនមែនជាទី តាំងនៃបុគ្គលអ្នកត្រេកអរក្នុងពួកទេ បុគ្គលពិចារណានូវពាក្យ នៃព្រះពុទ្ធជាអាទិច្ចពន្ធុហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកន្លងចម្រូងគឺទិដ្ឋិ ដល់នូវធម៌ទៀង គឺមគ្គទី ១ មានមគ្គ ( ដ៏សេស ) បានហើយ មិនមានអ្នកដទៃដឹកនាំ ព្រោះ ដឹងថា អាត្មាអញមានញាណកើតឡើងហើយ គប្បីប្រព្រឹត្តតែ ម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមិនជាប់ចិត្ត ( ក្នុងអាហារ ) មិនកុហក មិនស្រេកឃ្លាន មិនលុបគុណគេ កម្ចាត់បង់មោហៈ ដូចជាទឹកចត់ មិនមានទីអាស្រ័យនៅគឺតណ្ហា ក្នុងលោកទាំងពួងហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គល គប្បីវៀរស្រឡះ នូវសម្លាញ់អាក្រក់ អ្នកមិនឃើញនូវសេចក្តី វិនាស អ្នកអាស្រ័យនៅ ក្នុងកម្មមិនស្មើ មិនគប្បីគប់រកនូវ សម្លាញ់ ដែលជាប់ជំពាក់ ដែលស្រវឹង ( ក្នុងកាមគុណ ) ដោយខ្លួនឯង គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គល គប្បីគប់រកនូវបុគ្គល ជា​ពហុសូត្រ អ្នកទ្រទ្រង់ធម៌ អ្នកប្រកប ដោយគុណដ៏ក្រៃលែង មានប្រាជ្ញាវាងវៃ បុគ្គលដឹងច្បាស់នូវ ប្រយោជន៍ទាំងឡាយ គួរបន្ទោបង់សេចក្តីសង្ស័យ គប្បីប្រព្រឹត្ត តែម្នាក់ឯង ដូច​កុយ​រមាស ។ បុគ្គលមិនអើពើ មិនអាឡោះ អាល័យ នូវល្បែងផង តម្រេកផង កាមសុខក្នុងលោកផង ជា អ្នកវៀរស្រឡះចាកគ្រឿងស្អិតស្អាង អ្នកពោលនូវពាក្យសច្ចៈ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់ នូវ កាមទាំងឡាយតាមចំណែក គឺបុត្រ ភរិយា បិតាមាតា ទ្រព្យ សម្បត្តិ ស្រូវ អង្ករ និងផៅពង្សហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ កាមគុណនេះ ជាគ្រឿងជាប់ជំពាក់ ឯសេចក្តីសុខ ក្នុងកាមនុ៎ះ មានប្រមាណតិច កាមគុណនុ៎ះមាន សេចក្តីត្រេកអរតិច បុគ្គលអ្នកមានគំនិតប្រាជ្ញា លុះដឹងច្បាស់ ថា កាមគុណនុ៎ះ ដូចជាដំបៅពកដូច្នេះហើយ គប្បីប្រព្រឹត្តតែម្នាក់ ឯង ដូចកុយរមាស ។ បុគ្គលទម្លាយនូវសំយោជនៈ ដូចត្រី ក្នុងទឹកទម្លាយនូវសំណាញ់ មិនត្រឡប់មក រកសំយោជនៈ វិញ ដូចភ្លើងឆេះ ( មិនត្រឡប់វិញ ) គប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយ រមាស ។ បុគ្គលមានចក្ខុដាក់ចុះ មានជើងមិនរពឹស ជាអ្នក គ្រប់គ្រងឥន្រ្ទិយ រក្សាចិត្តទុក ( ដោយល្អ ) មិនជោកជាំ មិន រោលរាល ( ដោយកិលេស ) គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយ រមាស ។ បុគ្គលលះបង់នូវភេទគ្រហស្ថ ដូចដើមបារិច្ឆត្តព្រឹក្ស ដែលមានស្លឹកដាច់ហើយ មានសំពត់កាសាយៈ ចេញបួស ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមិនធ្វើ នូវ​សេច​​ក្តីប្រាថ្នា ក្នុងរសទាំងឡាយ ជាអ្នកមិនល្មោភ មិនចិញ្ចឹមនូវបុគ្គលដទៃ ជាអ្នកត្រាច់ទៅសព្វច្រក មិនជាប់ចិត្ត ក្នុង ត្រកូលមួយ ៗ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់នូវហេតុ ជាគ្រឿងរារាំង ៥ យ៉ាង របស់ចិត្ត បន្ទោបង់នូវឧបក្កិលេសទាំងពួង ទាំងមិនអាស្រ័យ ( ដោយ តណ្ហានិងទិដ្ឋិ ) កាត់បង់នូវទោស នៃសេចក្តីស្រឡាញ់ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលធ្វើនូវសុខ ទុក្ខ សោមនស្សនិងទោមនស្ស ក្នុងកាលមុន ឲ្យនៅពីក្រោយខ្នង បាននូវឧបេក្ខាជាសមថៈដ៏ស្អាត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច កុយរមាស ។ បុគ្គលប្រារព្ធព្យាយាម ដើម្បីដល់នូវព្រះនិញ្វន មានចិត្តមិនរួញរា មានការប្រព្រឹត្តមិនខ្ជិលច្រអូស មានសេចក្តី ប្រឹងប្រែងដ៏មាំមួន ប្រកបដោយ កម្លាំងកាយនិងកម្លាំងបញ្ញា ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច​កុយរមាស ។ បុគ្គលកាល មិនលះបង់នូវឈានដ៏ស្ងប់ស្ងាត់ ( ចាកសត្វនិងសង្ខារ ) ជា អ្នកប្រព្រឹត្ត នូវធម៌ដ៏សមគួរក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច ពិចារណានូវទោស ក្នុងភពទាំងឡាយហើយ គប្បីប្រព្រឹត្ត តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកាលប្រាថ្នា នូវការអស់ តណ្ហា ជាអ្នកមិនប្រហែល មិនល្ងង់ មានការចេះដឹង មានស្មារតី មានធម៌ពិចារណាហើយ ជាបុគ្គលទៀង មានសេចក្តី ខ្មីឃ្មាត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកាល មិនតក់ស្លុត ក្នុងលក្ខណៈ មានមិនទៀងជាដើម ដូចសីហៈមិន តក់ស្លុត ក្នុងសំឡេងទាំងឡាយ មិនជាប់ជំពាក់ ក្នុងធម៌ទាំង ឡាយ មានខន្ធជាដើម ដូចខ្យល់មិនជាប់នឹងសំណាញ់ មិនប្រឡាក់ដោយលោភៈជាដើម ដូចស្លឹកឈូក មិនប្រឡាក់ដោយ ទឹក គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ សីហៈជាសេ្តច សត្វ មានចង្កូមជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែងនូវពួក ម្រឹគ យ៉ាងណា បុគ្គលគប់រកនូវសេនាសនៈដ៏ស្ងាត់ ( មានព្រៃ ជាគ្រឿងអាង ) ក៏យ៉ាងនោះដែរ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច កុយរមាស ។ បុគ្គលកាលចម្រើន នូវមេត្តា ឧបេក្ខា ករុណា និងមុទិតា ជាហេតុរួចចាកកិលេស ក្នុងកាលដ៏គួរ មិនខឹង សម្បានឹងលោកទាំងពួង គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះ​បង់​នូវ រាគៈផង ទោសៈផង មោហៈផង ហើយទំលាយចេញនូវសំយោជនៈ មិនតក់ស្លុត ក្នុងការអស់ ទៅនៃជីវិតហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ពួកជនមានប្រយោជន៍ជាហេតុ ទើបគប់រកផង បម្រើផង ឯ ពួកមិត្តដែលឥតហេតុ គេរកបានដោយក្រ ក្នុងថ្ងៃនេះ ឯពួក មនុស្សអ្នកមានបញ្ញា ប្រាថ្នាប្រយោជន៍ផ្ទាល់ខ្លួន ឈ្មោះថាជា មនុស្សមិនស្អាត បុគ្គលគប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ពួកព្រះបច្ចេកពុទ្ធ មានសីលបរិសុទ្ធ មានប្រាជ្ញាបរិសុទ្ធល្អ មានចិត្តតម្កល់មាំ ប្រកបរឿយ ៗ នូវព្យាយាមជា គ្រឿងភ្ញាក់រឭក អ្នកពិចារណានូវសង្ខារ ឃើញនូវធម៌ដ៏វិសេស ដឹងច្បាស់នូវធម៌ ដែលជាអង្គនៃមគ្គនិងពោជ្ឈង្គ ។ ពួក ជនជាអ្នកប្រាជ្ញណា ចម្រើននូវសុញ្ញតវិមោក្ខ អប្បណិហិតវិមោក្ខនិងអនិមិត្តវិមោក្ខ ក្នុងសាសនានៃព្រះជិនស្រីហើយ តែ មិនសម្រេច នូវភាពជាសាវ័កទេ ពួកជនជាអ្នកប្រាជ្ញនោះ គង់ បានជាព្រះបច្ចេកពុទ្ធ ត្រាស់ដឹងឯង ។ ពួកជននោះ ជាអ្នកមាន ធម៌ដ៏ច្រើន មានធម្មកាយដ៏សម្បូណ៌ មានចិត្តជាធំ ឆ្លងនូវទុក្ខ និង ឱឃៈទាំងពួង មានចិត្តខ្ពង់ខ្ពស់ផុត ជាអ្នកឃើញនូវប្រយោជន៍ដ៏ក្រៃលែង គឺព្រះនិញ្វន មានឧបមាដូចសីហៈ ( តែង ប្រព្រឹត្តតែម្នាក់ឯង ) ដូចកុយរមាស ។ ព្រះបច្ចេកពុទ្ធទាំង ឡាយ ជាបុគ្គលមានឥន្រ្ទិយស្ងប់ មានចិត្តស្ងប់ស្ងាត់ មានចិត្ត ជាសមាធិ ប្រព្រឹត្តដោយប្រាជ្ញា ចំពោះ​សត្វ ក្នុងទីបំផុតដែន ដូចប្រទីបឆ្លុះ បំភ្លឺក្នុងលោកខាងមុខ និងលោកនេះ ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ពួកសត្វ ។ ព្រះបច្ចេកពុទ្ធទាំងឡាយ ជាធំជាងជន លះកិលេស​ជាគ្រឿងរារាំងទាំងពួងហើយ ជា ប្រទីបនៃលោក មានរស្មីដូចមាសដុំ ជាទក្ខិណេយ្យ​បុគ្គលដ៏ល្អ របស់សត្វលោក ដោយឥតសង្ស័យ ជាបុគ្គលសម្រេចដោយ និរោធសមាបត្តិ ជារឿយ ៗ ។ សុភាសិតរបស់ព្រះបច្ចេកពុទ្ធ ទាំងឡាយ រមែងប្រព្រឹត្តទៅ ក្នុងមនុស្សលោក ព្រមទាំងទេវ លោក ពួកជនណាស្តាប់ហើយ តែមិនបានធ្វើតាម សុភាសិត មានសភាពដូច្នោះទេ ពួកជនពាលនោះឯង រមែងធ្លាក់ទៅរង ទុក្ខទាំងឡាយ រឿយ ៗ ។ សុភាសិត របស់ព្រះបច្ចេកពុទ្ធទាំង ឡាយ ផ្អែមល្ហែមដូចទឹកឃ្មុំផ្លិតដែលហូរចុះ ពួកជនណាបាន ស្តាប់ហើយ ប្រកបនូវសេចក្តីប្រតិបត្តិតាមយ៉ាងនោះ ពួកជន នោះ ប្រកបដោយប្រាជ្ញា រមែងឃើញនូវសច្ចធម៌ ។ គាថាដ៏ ខ្ពង់ខ្ពស់ណា ដែលព្រះបច្ចេកពុទ្ធទាំងឡាយ ជាអ្នកឈ្នះកិលេស សម្តែងហើយនោះ ព្រះសម្ពុទ្ធជាសីហៈក្នុងសក្យវង្ស ទ្រង់ខ្ពង់ខ្ពស់ជាងជន ទ្រង់ចេញបព្វជ្ជាហើយ បានប្រកាសទុក ដើម្បី ការដឹងច្បាស់នូវធម៌ ។ សុភាសិតទាំងនេះ ដែលព្រះ បច្ចេកពុទ្ធទាំងនោះ សំដែងផ្សេង ៗ គ្នា ដើម្បីអនុគ្រោះដល់សត្វ លោក ព្រះសយម្ភូដូចជាសីហៈ ទ្រង់ប្រកាសទុកហើយ ដើម្បី ញុំាងសំវេគធម៌ សង្គហធម៌ និងឧបាយប្រាជ្ញា ឲ្យចម្រើនឡើង ។ ចប់ បច្ចេកពុទ្ធាបទាន ។ បិដក ភាគ ៧២ - ទំព័រទី ១៦ ដោយ៥០០០ឆ្នាំ
images/articles/3235/____________________________________.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២៥ (អាន: ៧,០៥៦ ដង)
ខ្ញុំកើតជាញ្រហ្មណ៍ ឈ្មោះសុជាត ក្នុងក្រុងហង្សវតី ជា អ្នកសន្សំនូវទ្រព្យសម្បត្តិ ចំនួន ៨០ កោដិ មានទ្រព្យនិងស្រូវជា ច្រើន ។ ខ្ញុំជាអ្នកបង្រៀនមន្ត ចេះចាំមន្ត សម្រេចត្រៃវេទ ដល់ នូវត្រើយក្នុងធម៌របស់ខ្លួន គឺក្បួនទាយលក្ខណៈនិងក្បួនឈ្មោះ ឥសិហាសៈ ។ ក្នុងគ្រានោះ ពួកបរិញ្វជក អ្នកមានផ្នួងសក់ មួយ ពួកពុទ្ធសាវ័ករបស់ព្រះគោតម និងពួកតាបសអ្នកប្រព្រឹត្តតបៈ តែងនាំគ្នាត្រាច់ទៅលើផែនដី ។ ពួកទាំងនោះ តែង ចោមរោមខ្ញុំ ពួកជនជាច្រើនតែងបូជាខ្ញុំ ដោយសំគាល់ថាជា ញ្រហ្មណ៍ មានកិត្តិស័ព្ទល្បីល្បាញ ខ្ញុំមិនបូជាជនណាមួយ ។ វេលានោះ ខ្ញុំជាមនុស្សរឹងត្អឹង ដោយមានះ មិនឃើញបុគ្គល គួរបូជា ទាំងពាក្យថាព្រះពុទ្ធ ក៏មិនដែលមាន ព្រោះព្រះជិនស្រី ទ្រង់មិនទាន់កើតឡើងនៅឡើយ ។ លុះកន្លងថ្ងៃនិងយប់ទៅ ព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុ កម្ចាត់បង់នូវ ងងឹតទាំងពួង ទ្រង់កើតឡើងក្នុងលោក ។ កាលបើពួកជន ជា អ្នកប្រាជ្ញ មានចំនួនច្រើនផ្សាយទៅផង សាសនា​រីកក្រាស់ក្រៃ ផង គ្រានោះ ព្រះសម្ពុទ្ធស្តេចចូលទៅកាន់ក្រុងហង្សវតី ។ ព្រះ ពុទ្ធមានបញ្ញាចក្ខុនោះ ទ្រង់សម្តែងធម៌ដើម្បីប្រយោជន៍ ដល់ ព្រះបិតាក្នុងវេលានោះ ពួកបរិស័ទប្រមាណមួយយោជន៍ ដោយជុំវិញ ( មកគាល់ព្រះអង្គ ) តាមកាលដ៏គួរនោះ ។ គ្រានោះ តាបសឈ្មោះសុនន្ទៈ ដែលពួកមនុស្សរាប់អាន បានបិទ បាំងពុទ្ធបរិស័ទទាំងអស់ ដោយផ្កាទាំងឡាយ ។ កាលព្រះ សម្មាសម្ពុទ្ធ ទ្រង់ប្រកាសសច្ចៈទាំង ៤ ក្នុងមណ្ឌបដ៏ហើយ ដោយផ្កាដ៏ប្រសើរ ពួកបរិស័ទមួយសែនកោដិ ក៏បានសម្រេច ធម្មាភិសម័យ ។ ព្រះសម្ពុទ្ធ ទ្រង់បង្អុរភ្លៀងគឺព្រះធម៌ អស់ ៧ យប់ ៧ ថ្ងៃ លុះដល់ថ្ងៃទី ៨ ព្រះជិនស្រី ក៏ទ្រង់បានទំនាយនូវ តាបសឈ្មោះសុនន្ទៈថា សុនន្ទតាបសនេះ កាលអន្ទោលទៅ ក្នុងភពគឺទេវលោក ឬមនុស្ស​លោក នឹងបានជាអ្នកប្រសើរ ជាងទេវតា ទាំងជាងមនុស្សទាំងអស់ នឹងអន្ទោលទៅក្នុងភព ទាំងឡាយ ។ លុះដល់រវាងមួយសែនកប្ប នឹងមានព្រះសម្ពុទ្ធ ព្រះនាមគោតម កើតឡើងក្នុងត្រកូលឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក ។ សុនន្ទតាបសនេះ នឹងបានជាទាយាទក្នុងធម៌ ជាឱរស ជាធម្មនិម្មិត ជាសាវ័កឈ្មោះបុណ្ណៈ ជាបុត្តនៃនាង មន្តានី របស់ព្រះសាស្តានោះ ។ លុះព្រះសម្ពុទ្ធ បានព្យាករ សុនន្ទតាបស​យ៉ា់ង​នេះហើយ បានញុំាងជនទាំងពួងឲ្យរីករាយ ទ្រង់សម្តែងតាមកម្លាំង របស់ព្រះអង្គ ។ វេលានោះ ពួកបរិស័ទបានប្រណមអញ្ជលីនមស្ការចំពោះសុនន្ទតាបស សុនន្ទ តាបសក៏ធ្វើសក្ការបូជាចំពោះព្រះសម្ពុទ្ធ រួចហើយទើបធ្វើ គតិរបស់ខ្លួនឲ្យស្អាត ។ ខ្ញុំបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះមុនី (ព្រះនាមបទុមុត្តរៈ) ក៏មានបំណងក្នុងវេលានោះថា អាត្មាអញ នឹងបានឃើញព្រះគោតមយ៉ាងណា នឹងធ្វើសក្ការបូជាយ៉ាង នោះ ។ លុះខ្ញុំគិតយ៉ាងនេះរួចហើយ ទើបគិត រកបុញ្ញកិរិយាវត្ថុ ដែលខ្ញុំគួរធ្វើថា អាត្មាអញនឹងប្រព្រឹត្ត​អំពើអ្វីហ្ន៎ ក្នុងបុញ្ញក្ខេត្ត ដ៏ប្រសើរ ។ ឯភិក្ខុជាអ្នកសូត្រអង្គនេះ ព្រះនាមព្រះភាគបាន តាំង​ថា ជាអ្នកប្រសើរខាងព្រះវិន័យ ជាងភិក្ខុអ្នកសូត្រទាំងពួង ក្នុងសាសនា ដូច្នេះអាត្មា​អញ​ នឹងប្រាថ្នាយកតំណែងនោះ ។ ទ្រព្យរបស់អាត្មាអញនេះ ច្រើនណាស់ រាប់មិនអស់ឧបមា​ដូច សាគរ បុគ្គលមិនអាចនឹងឲ្យញាប់ញ័រ បានឡើយ ហេតុនេះ អាត្មាអញ គួរសាងអារាមថ្វាយព្រះសម្ពុទ្ធដោយទ្រព្យនោះ ។ ខ្ញុំបានសាងអារាមមួយ ឈ្មោះ សោភនៈ នៅខាងមុខទីក្រុង ឲ្យជាអារាមសម្រាប់សង្ឃ អស់ចំនួនមួយសែនកហាបណៈ ។ ខ្ញុំបានសាងផ្ទះមានកំពូលផង ប្រាសាទវែងផង មណ្ឌបផង ប្រាសាទមានដំបូលរលីងផង គុហាផង ទីចង្រ្កមដ៏ល្អផង ក្នុង អារាមរបស់សង្ឃ ។ មួយទៀត ខ្ញុំបានសាងរោងកម្តៅកាយ រោងភ្លើង រោងទឹក បន្ទប់សម្រាប់ ស្រង់ទឹក ថ្វាយចំពោះព្រះ ភិក្ខុសង្ឃ ។ ខ្ញុំបានថ្វាយជើងម៉ាតាំង គ្រឿងប្រើប្រាស់ ភាជន៍ ភេសជ្ជៈ ទាំងអស់នុ៎ះ សម្រាប់អារាម ។ ខ្ញុំបានតម្កល់ទុក បុគ្គលអ្នករក្សា ឲ្យគេធ្វើកំពែងយ៉ាងមាំ ( ការពារ ) កុំឲ្យមាន សត្រូវណាមួយ មកបៀតបៀនព្រះអង្គ ទ្រង់ជាតាទិបុគ្គល មានព្រះហឫទ័យស្ងប់រម្ងាប់ ។ ខ្ញុំបានឲ្យគេសាងអាវាស ជា អារាមសម្រាប់សង្ឃ អស់ចំនួនទ្រព្យមួយសែន លុះសាងអារាមមាន សភាពស្តុកស្តម្ភរួចហើយ ក៏បានបង្អោនថ្វាយដល់ ព្រះសម្មាសម្ពុទ្ធថា បពិត្រព្រះមុនី អារាមខ្ញុំបានឲ្យគេសាង ស្រេចហើយ សូមព្រះអង្គទទួលយក បពិត្រព្រះធីរៈ ខ្ញុំព្រះអង្គ នឹងថ្វាយទាន ចំពោះព្រះអង្គ បពិត្រព្រះអង្គមានចក្ខុ សូមព្រះ អង្គទ្រង់ទទួលនិមន្ត ។ ព្រះលោកនាយក ព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវសត្វលោក ទ្រង់គួរទទួលយក នូវគ្រឿង បូជា ទ្រង់ទទួលនិមន្តហើយ ព្រោះទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ។ លុះខ្ញុំបានដឹងថា ព្រះអង្គទ្រង់ទទួល និមន្តហើយ ទើបចាត់ ចែងនូវភោជនាហារ បម្រុងថ្វាយដល់ព្រះសព្វញ្ញូ ទ្រង់ស្វែងរក គុណដ៏ធំ រួចហើយទើបក្រាបទូលភត្តកាល ។ លុះខ្ញុំក្រាប ទូលនូវភត្តកាលរួចហើយ ទើបព្រះលោកនាយក ព្រះនាមបទុមុត្តរៈ ស្តេចមកកាន់អារាមរបស់ខ្ញុំ ( មួយអន្លើ ) ដោយព្រះខីណាស្រព ប្រមាណមួយពាន់អង្គ ។ ខ្ញុំដឹងនូវវេលាដែលព្រះ អង្គ ទ្រង់គង់ស៊ប់ហើយ ក៏បានញុំាងព្រះអង្គ ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយនឹងទឹក លុះខ្ញុំដឹងនូវវេលាដែល ព្រះអង្គសោយ ស្រេចហើយ ទើបក្រាបបង្គំទូលនូវពាក្យនេះថា បពិត្រព្រះ មហាមុនី ខ្ញុំព្រះអង្គបានជាវទីដី អស់តម្លៃមួយសែនកហាបណៈ បានឲ្យគេសាងអារាម ឈ្មោះសោភនៈ ដោយតម្លៃកហាបណៈ ប៉ុណ្ណេះដែរ សូមព្រះអង្គទ្រង់ទទួល ។ ដោយការថ្វាយភូមិនេះ ផង ដោយការតម្កល់ចេតនាទាំងនេះផង ខ្ញុំព្រះអង្គកាលទៅ កើតក្នុងភព ( ណា ៗ ) សូមឲ្យបានសម្រេច តាមដែលខ្ញុំព្រះ អង្គប្រាថ្នា ។ ព្រះសម្ពុទ្ធទ្រង់បានទទួលសង្ឃារាម ដែលខ្ញុំបានសាងល្អ ហើយ ព្រះអង្គគង់កណ្តាលនៃជំនុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់ នូវព្រះពុទ្ធដីការនេះថា បុគ្គលណា បានថ្វាយសង្ឃារាម ដែល ខ្លួនបានសាងល្អហើយ ដល់ព្រះពុទ្ធ តថាគតនឹងព្យាករបុគ្គល នោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ ។ សេនាមាន អង្គ ៤ គឺ ដំរី សេះ រថ ពលថ្មើរជើង រមែងចោមបុគ្គលនេះ ជានិច្ច នេះជាផលនៃសង្ឃារាម ។ ដូរ្យដន្ត្រី ៦០ ពាន់ និងស្គរ ប្រដាប់ល្អហើយ រមែង​ចោម​រោម​បុគ្គលនេះជានិច្ច នេះជាផល នៃសង្ឃារាម ។ ពួកនារី ចំនួន ៨៦ ពាន់ ស្អិតស្អាងល្អហើយ សឹងស្លៀកសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់កណ្ឌល ជាវិការៈនៃកែវមណី ។ ( នារីទាំងនោះ ) មានមុខស្រស់រីករាយ មានសរីរៈល្អ មានចង្កេះរៀវ រមែងចោមរោមបុគ្គលនេះជានិច្ច នេះផលនៃសង្ឃារាម ។ បុគ្គលនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៣០ ពាន់កប្ប បានជាធំជាងទេវតា សោយទេវរាជ្យ អស់ ចំនួនមួយពាន់ដង ។ នឹងបានសម្បត្តិទាំងពួង ដែលទេវរាជ គប្បីបាន ជាអ្នកមានភោគៈមិនខ្វះខាត ហើយសោយរាជ្យក្នុង ឋានទេវលោក ។ នឹងបានជាស្តេចចក្រពត្តិក្នុងដែន អស់មួយ ពាន់ដង នឹងបានជាស្តេច ផែនដីដ៏ស្តុកស្តម្ភ គណនារាប់មិន បាន ។ លុះដល់មួយសែនកប្បទៀត ព្រះគោតមបរមគ្រូ កើត ក្នុងត្រកូលឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក ។ បុគ្គលនេះ នឹងបានជាឱរស ជាទាយាទ ក្នុងធម៌ ជាធម្មនិម្មិត មាននាមថា ឧបាលិ នឹងបានជាសាវ័ក នៃព្រះសាស្តាអង្គនោះ ។ នឹងដល់នូវ ត្រើយ ក្នុងព្រះវិន័យផង ឈ្លាសវៃក្នុងហេតុនិងមិនមែនហេតុ ផង ទ្រទ្រង់នូវសាសនា របស់ព្រះជិនស្រី ទាំងជាបុគ្គលមិន មានអាសវៈ ។ ព្រះគោតមជាបុគ្គលប្រសើរ ក្នុងសក្យត្រកូល ទ្រង់ជ្រាបដំណើរនុ៎ះសព្វគ្រប់ហើយ ទ្រង់គង់ក្នុងកណ្តាលនៃ ភិក្ខុសង្ឃ ហើយនឹងតាំងឧបាលិនុ៎ះ ក្នុងឋានៈជាឯតទគ្គៈ ។ ខ្ញុំប្រាថ្នានូវសាសនា គឺពាក្យប្រៀនប្រដៅ របស់ព្រះអង្គ អាស្រ័យនូវកប្បរាប់មិនបាន ប្រយោជន៍គឺការអស់ទៅនៃសញ្ញោជនៈទាំងពួងនោះ ខ្ញុំក៏បានសម្រេចហើយ ។ បុរសជាប់ក្នុងដែក អណ្តោត ត្រូវរាជទណ្ឌគម្រាមហើយ មិនបានស្រួល ក្នុងដែក អណ្តោត ប្រាថ្នាចង់ឲ្យរួចវិញ ដូចម្តេចមិញ ។ បពិត្រព្រះអង្គ មានព្យាយាមធំ ខ្ញុំព្រះអង្គត្រូវអាជ្ញាគឺភពគម្រាមហើយ ជាប់ នៅហើយ ក្នុងដែកអណ្តោត គឺកម្មឋិតនៅហើយ ដោយ កម្លាំងវេទនា គឺសេចក្តីស្រេកឃ្លាន ។ មិនបានស្រួល ក្នុងភព ក្តៅក្រហាយដោយភ្លើងទាំង ៣ ស្វែងរកឧបាយ ដើម្បីនឹងរួច ស្រឡះ ដូចបុរសដែលប្រាថ្នាដើម្បីរួច ចាករាជទណ្ឌ យ៉ាងនោះ ។ មួយទៀត បុរសអ្នកក្លៀវក្លា ត្រូវពិសបៀតបៀនហើយ គេ ក៏គប្បីស្វែងរកនូវឱសថ ជាឧបាយដើម្បីបន្សាបនូវពិស ។ កាលស្វែងរក ក៏បានឃើញនូវឱសថ ដែលជាគ្រឿង បន្សាប នូវពិស ក៏ផឹកនូវឱសថនោះ ហើយក៏បានសេចក្តីសុខ ព្រោះរួច ផុតអំពីពិស យ៉ាងណាមិញ ។ បពិត្រព្រះអង្គមានព្យាយាមដ៏ ធំ ខ្ញុំព្រះអង្គ ក៏ដូចជាជនអ្នកលង់នៅក្នុងពិស ត្រូវអវិជ្ជាបៀត បៀនហើយ បានស្វែងរកឱសថគឺព្រះសទ្ធម្ម ។ កាលស្វែងរក ឱសថគឺធម៌ ក៏ប្រទះនូវសាសនា របស់ព្រះសក្យមុនីសម្ពុទ្ធ ជា ឱសថគឺសច្ចៈ ដ៏ប្រសើរបំផុត ជាថ្នាំសម្រាប់បន្ទោរបង់នូវសរ ទាំងពួង ។ ខ្ញុំព្រះអង្គ បានផឹកឱសថគឺធម៌ ហើយដកនូវពិស ទាំងពួងចោលចេញ ក៏បានឃើញព្រះនិញ្វន ជាគុណឥតមាន ចាស់ស្លាប់ មានសភាពត្រជាក់ក៏យ៉ាងនោះដែរ ។ បុរសត្រូវ ខ្មោចគម្រាមហើយ ត្រូវគ្រោះថ្នាក់គឺខ្មោចបៀតបៀនហើយ គប្បីស្វែងរកពេទ្យ សម្រាប់ចាប់ខ្មោច ដើម្បីឲ្យរួចផុតអំពី ខ្មោច ។ បុរសនោះ កំពុងតែស្វែងរក ក៏បានឃើញបុគ្គល អ្នក ឈ្លាសវៃ ក្នុងវិជ្ជាចាប់ខ្មោច បុគ្គលនោះ ក៏បានបំបរបង់ខ្មោច ព្រមទាំងធ្វើឫសគល់ឲ្យវិនាស អំពីបុរសនោះចេញ យ៉ាង ណាមិញ ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គត្រូវគ្រោះ ថ្នាក់គឺងងឹតបៀតបៀនហើយ ក៏ខំស្វែងរកពន្លឺគឺញាណ ដើម្បី ឲ្យផុតអំពីងងឹត ក៏បានប្រទះឃើញព្រះសក្យមុនី ទ្រង់ជម្រះ ងងឹត គឺកិលេសរួចហើយ ព្រះអង្គទ្រង់កម្ចាត់ងងឹត របស់ខ្ញុំ ព្រះអង្គដូចជាពេទ្យចាប់ខ្មោច បានបណ្តេញបង់នូវខ្មោចចេញ ។ ខ្ញុំព្រះអង្គបានផ្តាច់បង់ នូវខ្សែគឺសង្សារ ហាមឃាត់នូវខ្សែ គឺ តណ្ហា ដកចោលនូវភពទាំងអស់ ប្រៀបដូចពេទ្យចាប់ខ្មោច (បៀតបៀនខ្មោច) ឲ្យអស់ឫសគល់ ក៏យ៉ាងនោះដែរ ។ សត្វ គ្រុឌ ឆាបយកពួកនាគ ជាចំណីរបស់ខ្លួន ធ្វើមហាស្រះ ទំហំ ១០០ យោជន៍ ដោយជុំវិញ ឲ្យរំភើបញាប់ញ័រ ។ លុះគ្រុឌនោះ ឆាបយកនាគ ធ្វើឲ្យមានក្បាលចុះក្រោម ឲ្យបានសេចក្តីលំបាក ហើយនាំយកទៅកាន់ទី តាមសេចក្តីប្រាថ្នារបស់ខ្លួន យ៉ាងណាមិញ ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គ មានកម្លាំងខ្លាំងដូចគ្រុឌ ខ្ញុំព្រះអង្គកំពុងស្វែងរក អសង្ខតធម៌ គឺព្រះនិញ្វន ហើយបានខ្ជាត់ទោសចោលចេញ អស់ហើយ ។ ខ្ញុំព្រះអង្គ បានឃើញព្រះធម៌ដ៏ប្រសើរ ជាចំណែកនៃសេចក្តី ស្ងប់រម្ងាប់ មិនមានគុណជាតដទៃប្រសើរលើស ហើយកាន់ យកនូវធម៌នោះ ដូចគ្រុឌឆាបយកនាគ ក៏យ៉ាងនោះដែរ ។ វល្លិ ឈ្មោះអាសាវតី កើតក្នុងចិត្តលតាវ័ន កន្លងទៅមួយពាន់ឆ្នាំ វល្លិនោះក៏កើតផ្លែមួយឡើង ។ ពួកទេវតា ( ក្នុងឋានតាវត្តឹង្ស ) តែងនាំគ្នាចូលទៅអង្គុយជិត វល្លិនោះ ដែលមានផ្លែយូរ ៗ ម្តង តាមពិត វល្លិឈ្មោះអាសាវតីនោះ មានផ្លែដ៏ឧត្តម ជាទីពេញ ចិត្តរបស់ពួកទេវតាយ៉ាងនេះ ។ ចំណែកខាងខ្ញុំព្រះអង្គ ខំបម្រើ ព្រះមុនីអង្គនោះរាប់សែនកប្ប ( ប៉ុណ្ណោះ ) តែងនមស្ការ រាល់ ព្រឹកល្ងាចដូចជាពួកទេវតា តែងចូលទៅអង្គុយជិតវល្លិអាសាវតី ។ ការបម្រើ ( របស់ខ្ញុំព្រះអង្គ ) មិនឥតអំពើ ទាំងការ នមស្ការ ក៏មិនជាមោឃៈ ពុទ្ធុប្បាទក្ខណៈ ក៏មិនបានប្រព្រឹត្ត កន្លងនូវខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង ។ ឥឡូវនេះ ខ្ញុំព្រះ អង្គត្រិះរិះទៅមិនឃើញបដិសន្ធិ ក្នុងភពថ្មីទៀតទេ ខ្ញុំព្រះអង្គ មិនមានឧបធិក្កិលេស រួចស្រឡះ ចាកសង្សារ មានចិត្តស្ងប់ រម្ងាប់ ។ ធម្មតាផ្កាឈូក តែងរីកដោយសាររស្មីនៃព្រះអាទិត្យ យ៉ា់ងណាមិញ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គបាន រីកដោយសាររស្មីព្រះពុទ្ធ ក៏យ៉ាងនោះដែរ ។ កំណើតកុកស មិនមានឈ្មោល សព្វ ៗ កាល ទេ កាលបើមេឃគម្រាម ( ផ្គរ លាន់ ) កុកទាំងនោះ ក៏កាន់យកនូវគ័ភ៌ សព្វ ៗ កាល ។ កុក ទាំងនោះ ទ្រទ្រង់គ័ភ៌អស់កាលដ៏យូរ ដរាបទាល់តែមេឃលែង គម្រាម ទាល់តែមេឃបង្អុរភ្លៀង ទើបកុកទាំងនោះរួចផុតចាក ភារៈ យ៉ាងណាមិញ ។ កាលព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ គម្រាមដោយមេឃគឺធម៌ ខ្ញុំព្រះអង្គបានកាន់យកនូវគ័ភ៌គឺ ធម៌ ដោយសម្លេងនៃមេឃគឺ ធម៌ ។ ខ្ញុំព្រះអង្គទ្រទ្រង់ នូវគ័ភ៌ គឺ បុណ្យរាប់សែនកប្ប មេឃគឺ ធម៌មិនគម្រាម ( ដរាបណា ) ខ្ញុំ ក៏មិនបានរួចចាកភារៈធ្ងន់ ( ដរាបនោះ ) ។ បពិត្រព្រះសក្យមុនី ពេលណាព្រះអង្គទ្រង់ គម្រាមដោយមេឃគឺធម៌ ក្នុងក្រុង កបិលព័ស្តុ ដែលជាទីត្រេកអរ ខ្ញុំព្រះអង្គក៏បានរួចចាកភារៈដ៏ ធ្ងន់យ៉ាងនោះដែរ ។ ខ្ញុំព្រះអង្គ ( បានទាំងធ្វើឲ្យជាក់ច្បាស់ ) នូវ សុញ្ញតវិមោក្ខផង អនិមិត្តវិមោក្ខផង អប្បណិហិតវិមោក្ខផង ត្រាស់ដឹងនូវធម៌ទាំងពួង គឺផលទាំង ៤ ផង ទម្លាយនូវធម៌គឺ បណ្តាញនោះផង ។ ចប់ ទុតិយភាណវារៈ ។ ខ្ញុំព្រះអង្គ ប្រាថ្នានូវសាសនារបស់ព្រះអង្គ រាប់កប្បប្រមាណ មិនបាន ប្រយោជន៍គឺចំណែកនៃសេចក្តីស្ងប់ដ៏ប្រសើរបំផុត ខ្ញុំ ព្រះអង្គបានសម្រេចហើយ ។ ខ្ញុំព្រះអង្គដល់នូវត្រើយក្នុងព្រះ វិន័យ ដូចភិក្ខុអ្នកស្វែងរកនូវគុណ អ្នកសូត្រ ( ក្នុងជំនាន់សាសនាព្រះពុទ្ធ ព្រះនាមបទុមុត្តរៈនោះដែរ ) ភិក្ខុជាអ្នកមានគុណ ស្មើ នឹងខ្ញុំព្រះអង្គមិនមានឡើយ ខ្ញុំព្រះអង្គទ្រទ្រង់សាសនា ។ សេចក្តីសង្ស័យរបស់ខ្ញុំព្រះអង្គ ក្នុងវិន័យនុ៎ះផង ក្នុងខន្ធកវិន័យ ផង ក្នុង​តិកច្ឆេទផង ក្នុងបញ្ចកៈផង សូម្បីតែអក្ខរៈមួយ ឬក៏ ព្យញ្ជនៈមួយ មិនមានឡើយ ។ ខ្ញុំព្រះអង្គដល់នូវត្រើយក្នុងព្រះ វិន័យទាំងពួង វាងវៃក្នុងការសង្កត់សង្កិនភិក្ខុបាបផង ក្នុងបដិកម្ម គឺការសម្តែងអាបត្តិផង ក្នុងហេតុដ៏គួរនិងមិនគួរផង ក្នុង ឱសារណកម្ម គឺហៅភិក្ខុចូលកាន់ទីប្រជុំសង្ឃ ក្នុងកាលញុំាង ភិក្ខុឲ្យចេញចាកអាបត្តិផង ។ ខ្ញុំព្រះអង្គបានរៀបទុកដាក់នូវចំណែក ក្នុងវិន័យផង ក្នុងខន្ធកៈផង ក្នុងឧភតោវិភង្គផង ហើយ គប្បីឲ្យប្រជុំចុះ ដោយកិច្ចបាន ។ ខ្ញុំព្រះអង្គ ជាអ្នកឈ្លាសវៃ ក្នុងវោហារផង វាងវៃក្នុងហេតុចម្រើននិងហេតុមិនចម្រើនផង សភាពដែលខ្ញុំព្រះអង្គ មិនចេះដឹង ( នោះ ) មិនមានឡើយ ខ្ញុំ ព្រះអង្គជាភិក្ខុខ្ពស់ឯក ក្នុងសាសនារបស់ព្រះសាស្តា ។ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គជាបុគ្គលយល់រូប ក្នុងសាសនានៃព្រះពុទ្ធជា សក្យបុត្ត ហើយបន្ទោបង់នូវកង្ខាទាំងពួង កាត់បង់នូវសង្ស័យ ទាំងអស់បាន ។ ខ្ញុំព្រះអង្គ ( ដឹងច្បាស់ ) នូវបទផង អនុបទផង អក្ខរៈផង ព្យញ្ជនៈផង ឈ្លាសវៃក្នុងហេតុសព្វអន្លើ គឺហេតុជា ទីតាំង ( ខាងដើម ) និងហេតុជាទីតាំងខាងចុង (នៃសិក្ខាបទ) ។ ព្រះរាជាមានកម្លាំងទ្រង់សង្កត់សង្កិន នូវពួកសេ្តចជាសត្រូវ លុះទ្រង់ឈ្នះសង្គ្រាមហើយ ទើបសាងទីក្រុង ក្នុងដែនដែល ទ្រង់ឈ្នះហើយនោះ ។ ទ្រង់ឲ្យជាងធ្វើកំពែង ស្នាមភ្លោះ សសរខឿនភ្លោងទ្វារនិងប៉មទាំងឡាយផ្សេង ៗ ជាច្រើន ក្នុង នគរ ។ ទ្រង់ឲ្យជាងធ្វើ នូវផ្លូវត្រឡែងកែង ផ្លូវថ្នល់ រានផ្សារជា ចន្លោះ ដែលតាក់តែងល្អ ព្រមទាំង​សភា​សម្រាប់វិនិច្ឆ័យ នូវ សេចក្តីចម្រើន និងសេចក្តីមិនចម្រើន ក្នុងនគរនោះ ។ ព្រះ រាជាអង្គនោះ ទ្រង់តាំងសេនាមាត្យដើម្បីឲ្យសង្កត់សង្កិននូវ ពួកសត្រូវ ឲ្យស្គាល់ទោសនិងមិន​មែន​ទោស ដើម្បីរក្សានូវពួក ពល ។ ព្រះរាជាអង្គនោះ ទ្រង់តាំងបុរសអ្នក រក្សានូវភណ្ឌៈ ជាអ្នកឈ្លាសវៃក្នុងការទុកដាក់ដើម្បីប្រយោជន៍ រក្សានូវ ភណ្ឌៈ ដោយព្រះរាជាបំណងថា កុំឲ្យភណ្ឌៈរបស់អាត្មាអញ វិនាសទៅបានឡើយ ។ បុរសនោះជា អ្នកមានចិត្តស្វាមីភក្តិ ចំពោះព្រះរាជា ព្រោះព្រះរាជា ប្រាថ្នាការចម្រើនដល់បុរស ណា ទ្រង់ក៏ព្រះរាជទាននូវឥស្សរៈ ក្នុងការវិនិច្ឆ័យអធិករណ៍ ដល់បុរសនោះ ដើម្បីប្រតិបត្តិ កុំឲ្បែកមិត្ត ។ ព្រះរាជានោះ ទ្រង់តាំងបុរសអ្នកវាងវៃ ក្នុងឧប្បាទហេតុ ទាំងឡាយផង ក្នុង និមិត្តទាំង​ឡាយ​ផ​ង ក្នុងលក្ខណៈទាំងឡាយផង ជាអ្នកបង្រៀន មន្ត ចេះចាំមន្ត ក្នុងឋានៈជាបុរោហិត ។ ព្រះ​រាជាបរិបូណ៌ ដោយអង្គទាំងឡាយនុ៎ះហើយ ទើបហៅថាក្សត្រិយ៍ បុរសទាំង នោះតែងរក្សាព្រះរាជានោះ សព្វ ៗ កាល ដូចសត្វចាកក្រពាក រក្សាក្រុមញាតិ ដែលដល់សេចក្តីទុក្ខ ។ បពិត្រ​ព្រះអង្គ មាន ព្យាយាមធំ អ្នកផងតែងហៅព្រះអង្គថា ធម្មរាជរបស់សត្វ លោក ព្រមទាំងទេវលោក ដូចក្សត្រិយ៍ដែលកម្ចាត់សត្រូវ ហើយ ដូច្នោះដែរ ។ ព្រះធម្មរាជនោះទ្រង់ញាំញីនូវពួកតិរ្ថិយ ទាំងឡាយផង នូវមារព្រមទាំងសេនាផង ទ្រង់ទម្លាយមោហន្ធ ការដ៏ងងឹត រួចហើយយកសាងធម្មនគរ ។ បពិត្រព្រះអង្គមាន បញ្ញាជាគ្រឿងទ្រទ្រង់ ឯក្នុងធម្មនគរនោះ មានសីលជាកំពែង មានញាណរបស់ព្រះអង្គ ជាក្លោងទ្វារ មានសទ្ធារបស់ព្រះអង្គ ជាសសរខឿន មានការសង្រួម ជានាយឆ្នាំទ្វារ ។ បពិត្រព្រះ មុនី សតិប្បដ្ឋានជាប៉ម បញ្ញារបស់ព្រះអង្គ ជាផ្លូវថ្នល់ ឥទ្ធិបាទ ជាផ្លូវត្រឡែងកែង ថ្នល់គឺពោធិបក្ខិយធម៌ទាំង ៣៧ ព្រះអង្គ ទ្រង់និមិ្មតទុកល្អហើយ ។ ព្រះសូត្រ ព្រះអភិធម្ម និងព្រះវិន័យ ពុទ្ធវចនៈមានអង្គ ៩ ទាំងអស់នុ៎ះ ជាធម្មសភារបស់ព្រះអង្គ ។ សុញ្ញតវិហារ អនិមិត្តវិហារ អប្បណិហិតវិហារ ការមិនមាន តណ្ហា ជាគ្រឿងញាប់ញ័រ និងការរំលត់ទុក្ខ នេះជាធម្មកុដិ របស់ព្រះអង្គ ។ ព្រះថេរៈជាបុគ្គលប្រសើរខាងប្រាជ្ញា ដែល ព្រះអង្គតាំងទុកហើយ ជាអ្នកវាងវៃក្នុងប្រាជ្ញា មានឈ្មោះថា សារីបុត្ត ជាធម្មសេនាបតីរបស់ព្រះអង្គ ។ បពិត្រព្រះមុនីព្រះ ថេរៈដែលឈ្លាសវៃ ក្នុងចុតូបបាតញ្ញាណ គឺប្រាជ្ញាដែលដឹងនូវ ចុតិនិងបដិសន្ធិរបស់សត្វ ដល់នូវត្រើយនៃឫទ្ធិ មានឈ្មោះថា កោលិត ជាបុរោហិតរបស់ព្រះអង្គ ។ បពិត្រព្រះមុនី ព្រះថេរៈ ឈ្មោះកស្សប អ្នកទ្រទ្រង់វង្សបុរាណ មានតេជះដ៏ខ្ពង់ខ្ពស់ ដែលគេគ្របសង្កត់បានដោយក្រ ប្រសើរក្នុងគុណ មានការ កម្ចាត់បង់នូវទោសជាដើម គឺទ្រទ្រង់ធុតង្គទាំង ១៣ ជាអ្នក សម្រាប់ពិភាក្សារបស់ព្រះអង្គ ។ បពិត្រព្រះមុនី ព្រះថេរៈជា ពហូស្សុត អ្នកទ្រទ្រង់ធម៌ ចេះចាំពុទ្ធវចនៈទាំងអស់ក្នុងសាសនា មាននាមថាអានន្ទ ជាអ្នករក្សាធម៌របស់ព្រះអង្គ ។ ព្រះមានព្រះភាគរបស់ខ្ញុំ ជាអ្នកស្វែងរកគុណដ៏ធំ ទ្រង់ប្រទានការ វិនិច្ឆ័យក្នុងវិន័យ ដែលវិញ្ញុភិក្ខុទាំងឡាយ សម្តែងហើយដល់ខ្ញុំ ព្រះអង្គ រំលងព្រះថេរៈទាំងអស់នុ៎ះ ។ ពុទ្ធសាវ័កណាមួយសួរ បញ្ហាក្នុងវិន័យ ( នឹងខ្ញុំព្រះអង្គ ) ខ្ញុំព្រះអង្គមិនបាច់គិត ក្នុងបញ្ហា នោះទេ ខ្ញុំព្រះអង្គប្រាប់សេចក្តីនោះតែម្តង ។ ពុទ្ធក្ខេត្ត កំណត់ ត្រឹមណា វៀរលែងតែព្រះមហាមុនីចេញ មិនមានភិក្ខុណានឹង ស្មើដោយខ្ញុំព្រះអង្គក្នុងវិន័យ តើនឹងមានភិក្ខុប្រសើរ លើសខ្ញុំ ព្រះអង្គពីណា ។ ព្រះគោតមទ្រង់គង់ ក្នុងកណ្តាលជំនុំភិក្ខុ សង្ឃ ហើយទ្រង់ប្រកាស យ៉ាងនេះថា ភិក្ខុណា​មួយ​ជាអ្នក ស្មើដោយឧបាលិ ក្នុងវិន័យនិងខន្ធកៈ មិនមានឡើយ ។ សត្ថុសាសនាមានអង្គ ៩ ដែលព្រះអង្គសម្តែងហើយ ទាំងអម្បាល មាណ ខ្ញុំព្រះអង្គជាអ្នកឃើញឫសគល់ របស់វិន័យ (កាត់បង់) នូវសេចក្តីជាប់ជំពាក់ទាំងពួង ដែលព្រះអង្គសម្តែងហើយក្នុង វិន័យ ។ ព្រះគោតមជាបុគ្គលប្រសើរ ក្នុងសក្យត្រកូល ទ្រង់ រំលឹកឃើញនូវអំពើរបស់ខ្ញុំ ហើយគង់ក្នុងភិក្ខុសង្ឃ ទ្រង់ តម្កល់ខ្ញុំក្នុងទីជាឯតទគ្គៈ ។ ខ្ញុំបានប្រាថ្នាយកនូវ តំណែងនេះ រាប់សែនកប្បមកហើយ ឥឡូវនេះ ប្រយោជន៍នោះ ខ្ញុំបាន សម្រេចហើយ ខ្ញុំបានដល់នូវត្រើយ ក្នុងព្រះវិន័យហើយ ។ កាលពីដើម ខ្ញុំជានាយខ្មាន់ព្រះកេស ជាអ្នកបណ្តុះសេចក្តី ត្រេកអរ ដល់ពួកសក្យៈ លះបង់កំណើតនោះចោលចេញ បាន មកជាបុត្ត របស់ព្រះមហេសីសម្ពុទ្ធវិញ ។ ក្នុងកប្បទី ២ រាប់ អំពីភទ្រកប្បនេះទៅ មានក្សត្រិយ៍ឈ្មោះអញ្ជសៈ មានតេជះ រកទីបំផុតគ្មាន មានយសរាប់មិនបាន ជាម្ចាស់ផែនដី មាន ទ្រព្យច្រើន ។ ខ្ញុំជាព្រះរាជបុត្តរបស់ព្រះរាជានោះ ជាក្សត្រិយ៍ ឈ្មោះចន្ទនៈ ជាអ្នករឹងត្អឹង ដោយស្រវឹងព្រោះជាតិផង ដោយ ស្រវឹងព្រោះយសស័ក្តនិងភោគៈផង ។ មានពួកដំរីមាតង្គៈចំនួន ១ សែន សុទ្ធតែចុះប្រេង ដោយហេតុ ៣ ប្រការ ដ៏ប្រដាប់ ដោយគ្រឿងអលង្ការទាំងពួង ចោមរោមខ្ញុំ សព្វ ៗ កាល ។ វេលានោះ ខ្ញុំមានពួកពលរបស់ខ្លួនចោមរោមហើយ ប្រាថ្នាទៅ កាន់ឧទ្យាន ឡើងជិះដំរីឈ្មោះសិរិកៈ ចេញអំពីនគរទៅ ។ ស្រាប់តែមាន ព្រះបច្ចេកសម្ពុទ្ធ ព្រះនាមរេវតៈ ទ្រង់បរិបូណ៍ ដោយ​ចរណៈ មានទ្វារគ្រប់គ្រង សង្រួមល្អ បាននិមន្តមកចំពោះមុខខ្ញុំ ។ វេលានោះ ខ្ញុំបានបរដំរី​ឈ្មោះសិរិកៈ ទៅឲ្យបៀតបៀនព្រះសម្ពុទ្ធ លំដាប់នោះ ដំរីក៏ក្រោធខឹងមិនលើកជើង ។ លុះ​ខ្ញុំឃើញដំរីមានចិត្តខឹង ក៏ក្រេវក្រោធនឹងព្រះពុទ្ធជាម្ចាស់ បៀតបៀនព្រះសម្ពុទ្ធហើយ ក៏ទៅក្នុងឱទ្យាន ។ ខ្ញុំមិនបាននូវ សេចក្តីសុខស្រួល ក្នុងឱទ្យាននោះ ក្បាល ( របស់ខ្ញុំ ) ហាក់ដូច ជាភ្លើងឆេះ ខ្ញុំក្តៅអន្ទះអន្ទែង ដោយសេចក្តីក្រហល់ក្រហាយ ដូចត្រីជាប់សន្ទូច ។ ផែនដីដែលមានសាគរជាទីបំផុត ហាក់ដូច ជាដុតកំដៅខ្ញុំ ទើបខ្ញុំចូលទៅកាន់សំណាក់នៃព្រះបិតា ហើយ ក្រាបបង្គំទូលថា យើងខ្ញុំបៀតបៀនព្រះពុទ្ធសយម្ភូណា ដូច បុគ្គលបៀត​បៀន​អាសិរពិស ដែលកំពុងក្រោធ ឬដូចបុគ្គល បៀតបៀនគំនរភ្លើង ដែលឆេះរាលមក ឬក៏ដូចបុគ្គលបៀត បៀនដំរីមានភ្លុក ដែលចុះប្រេង ។ ព្រះពុទ្ធជាម្ចាស់អង្គនោះ មានតបៈដ៏ខ្ពង់ខ្ពស់ក្លៀវក្លា ជាព្រះជិនស្រី យើងខ្ញុំបៀតបៀន ហើយ យើងខ្ញុំទាំងអស់គ្នានឹងវិនាស យើងខ្ញុំនឹងញុំាងព្រះសយម្ភូ ជាមុនីអង្គនោះ ឲ្យអត់ទោស ។ ប្រសិនបើយើងខ្ញុំ នឹង មិនបានញុំាងព្រះពុទ្ធ ដែលមានខ្លួនទូន្មានហើយ មានព្រះហឫទ័យខ្ជាប់ខ្ជួននោះ ឲ្យអត់ទោសទេ ដែនរបស់យើងខ្ញុំ មុខជា វិនាសថយពីថ្ងៃទី ៧ ទៅមិនខាន ។ ក្សត្រិយ៍ ៤ ព្រះអង្គ ព្រះ នាមសុមេខលៈ ១ កោសិយៈ ១ សិគ្គវៈ ១ សត្តកៈ ១ ជាមួយ នឹងពួកសេនានោះ បានបៀតបៀនឥសីទាំងឡាយ ហើយដល់នូវ សេចក្តីវិនាស ។ ពួកឥសីអ្នកសង្រួម ប្រព្រឹត្តព្រហ្មចរិយធម៌ ក្រោធខឹងក្នុងកាលណា រមែងធ្វើសត្វលោក ព្រមទាំងទេវ លោក ទាំងសមុទ្រនិងភ្នំឲ្យវិនាសទៅបាន ។ ខ្ញុំបានប្រជុំពួក បុរសក្នុងទី ៣ ពាន់យោជន៍ បានចូលទៅគាល់ព្រះសយម្ភូ ដើម្បីនឹងសម្តែងទោស ។ ពួកបុរសទាំងពួង ស្លៀកសំពត់ទទឹក មានក្បាលទទឹក ធ្វើក្រពុំម្រាមដៃ ក្រាបទៀបព្រះពុទ្ធ ហើយ ទូលថា បពិត្រព្រះអង្គមានព្យាយាមធំ សូមព្រះអង្គអត់ទោស (ព្រោះ) ជនសូមទោសនឹងព្រះអង្គ សូមព្រះអង្គរម្ងាប់ក្រវល់ ក្រវាយ សូមព្រះអង្គកុំធ្វើដែន ( របស់យើងខ្ញុំ ) ឲ្យវិនាស ឡើយ ។ ( ប្រសិនបើព្រះអង្គមិនអនុគ្រោះទេ ) ពួកបុរសទាំង អស់ ព្រមទាំងទេព្តានិងមនុស្ស ទាំងអ្នកធ្វើទាន ទាំងអ្នកថែ រក្សា គេនឹងយកញញួរដែក មកទម្លាយអម្បែងក្បាលយើងខ្ញុំ សព្វ ៗ កាល ។ ( ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ) ភ្លើងមិនឋិតនៅ ក្នុងទឹក ពូជមិន ដុះលើថ្មភ្នំ ដង្កូវមិនឋិត​នៅ​ក្នង​ឱសថ សេចក្តី ក្រោធមិនកើតក្នុងព្រះពុទ្ធ ។ ផែនដីមិនកម្រើក សមុទ្រសាគរ ប្រមាណមិនបាន អាកាសរកទីបំផុតគ្មាន យ៉ាងណាមិញ ព្រះ ពុទ្ធទាំងឡាយ មានព្រះហឫទ័យមិនរំជួយញាប់ញ័រ ក៏យ៉ាង នោះដែរ ។ ព្រះពុទ្ធទាំងឡាយមានព្យាយាមធំ មានខ្លួនទូន្មាន ទ្រងអត់ធន់ មានតបៈ ពួកបុគ្គលអ្នកអំណត់អត់ធន់ មិនមាន ការលុះក្នុងអគតិ ។ ព្រះបច្ចេកសម្ពុទ្ធ ទ្រង់ពោលដូច្នេះហើយ ទើបរម្ងាប់ ក្រវល់ក្រវាយរបស់ខ្ញុំ ហើយហោះទៅតាមអាកាសក្នុងទីចំពោះមុខមហាជន ក្នុងកាលនោះ ។ បពិត្រព្រះ អង្គមានព្យាយាម ព្រោះអំពើនោះហើយ បានជាខ្ញុំព្រះអង្គ ចូល ទៅកាន់ភាព ជាអ្នកថោកទាប លុះកន្លងជាតិនោះមកហើយ ក៏ បានចូលទៅកាន់អភយបុរី គឺព្រះនិញ្វន ។ បពិត្រព្រះអង្គមាន ព្យាយាមធំ វេលានោះ ព្រះពុទ្ធបានញុំាង ខ្ញុំព្រះអង្គ ដែលកំពុង ក្តៅក្រហាយ នៅមិនទាន់រលត់ ឲ្យបន្ទោបង់ក្រវល់ក្រវាយ ចេញ ខ្ញុំព្រះអង្គ បានញុំាងព្រះសយម្ភូ ឲ្យអត់ទោស ។ បពិត្រ ព្រះអង្គមានព្យាយាមធំ ក៏ក្នុងថ្ងៃនេះ ព្រះអង្គបានញុំាងខ្ញុំព្រះ អង្គ ដែលកំពុងក្តៅក្រហាយ ដោយភ្លើងទាំង ៣ ឲ្យរលត់ផង ឥឡូវនេះ ខ្ញុំព្រះអង្គបានដល់នូវភាពត្រជាក់ហើយ ។ លោក ទាំងឡាយណា មានការតម្កល់នូវសោតប្រសាទ លោកទាំង នោះ ចូរស្តាប់ខ្ញុំចុះ ខ្ញុំនឹងប្រាប់ប្រយោជន៍ដល់អ្នក ដូចជាចំណែក ដែលខ្ញុំបានឃើញ ។ ខ្ញុំបានមើលងាយព្រះសយម្ភូនោះ ដែល មានព្រះហឫទ័យស្ងប់រម្ងាប់ មានព្រះហឫទ័យខ្ជាប់ខ្ជួន ដោយ កម្មនោះហើយ បានជាក្នុងថ្ងៃនេះ ខ្ញុំមកកើតក្នុងកំណើតថោក ទាប ។ អ្នកទាំងឡាយ កុំឲ្យខណៈឃ្លាតទៅទទេ ព្រោះបុគ្គល ដែលខណៈកន្លងហើយ រមែងសោកសៅ អ្នកទាំងឡាយគប្បី ព្យាយាម ក្នុងប្រយោជន៍របស់ខ្លួន ( ព្រោះ ) ខណៈប្រាកដដល់ អ្នកទាំងឡាយហើយ ។ ជនពួកខ្លះបានថ្នាំក្អួត ជនពួកខ្លះបានថ្នាំ បញ្ចុះ ជនពួកខ្លះបាន ថ្នាំពិសដែលខ្លាំង ជនពួកខ្លះបានឱសថ ។ ថ្នាំក្អួតសម្រាប់ ពួកបុគ្គលអ្នកប្រតិបត្តិ ( នូវមគ្គ ) ថ្នាំបញ្ចុះ សម្រាប់ពួកបុគ្គលអ្នក ឋិតនៅក្នុងផល ឱសថសម្រាប់ពួកបុគ្គលអ្នកបាននូវផល ជាអ្នកស្វែងរកបុញ្ញក្ខេត្ត ។ ពិសដែល ខ្លាំង សម្រាប់បុគ្គលអ្នកប្រតិបត្តិខុសចាកសាសនា អាសិរ ពិសដែលមានពិសកាចតែង ដុតនរៈនោះតែមួយដង ។ ពិសដ៏ ខ្លាំងដែលបុគ្គលផឹកហើយ បៀតបៀនជីវិតបានតែមួយដង ឯ បុគ្គលអ្នកប្រតិបត្តិខុសចាកសាសនា រមែងក្តៅក្រហាយ អស់ កោដិនៃកប្ប ។ គេតែងឆ្លងចាកលោក ព្រមទាំងទេវលោក ដោយការអត់ធន់ ១ ដោយការមិនបៀតបៀន ១ ដោយមាន ចិត្តមេត្តា ១ ហេតុនោះបុគ្គល មិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំង នោះ ។ ព្រះពុទ្ធទាំងឡាយ មានព្រះហឫទ័យស្មើដោយផែនដី មិនជាប់ជំពាក់ក្នុងលាភនិងអលាភ ក្នុងការរាប់អាន ក្នុងការ មើលងាយ ហេតុនោះបុគ្គល មិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំង នោះ ។ ព្រះមុនីមានហឫទ័យ ស្មើចំពោះសត្វទាំងពួង គឺទេវទត្ត ខ្មាន់ធ្នូ ចោរអង្គុលិមាល រាហុល និងដំរីធនបាល ។ ព្រះ ពុទ្ធមិនមានសេចក្តីស្អប់ជនទាំងនុ៎ះ មិនមានសេចក្តីស្រឡាញ់ ជនទាំងនុ៎ះទេ មានព្រះហឫទ័យស្មើ ចំពោះជនទាំងអស់ គឺចំពោះខ្មាន់ធ្នូ និងចំពោះឱរស ។ បុគ្គលបើឃើញសំពត់កាសាវៈ ជាទង់ជ័យរបស់ព្រះពុទ្ធ ដែលប្រឡាក់ដោយលាមក ដែលគេ ចោលហើយក្នុងផ្លូវ គប្បីធ្វើអញ្ជលីថ្វាយបង្គំ ដោយត្បូង ។ ព្រះ សម្ពុទ្ធទាំងឡាយ ដែលកន្លងទៅហើយក្តី ក្នុងបច្ចុប្បន្ននេះក្តី ក្នុង អនាគតក្តី តែងបរិសុទ្ធ ដោយទង់ជ័យនេះ ព្រោះហេតុនោះ ព្រះ សម្ពុទ្ធទាំងនុ៎ះ បុគ្គលគប្បីនមស្ការ ។ ខ្ញុំចាំវិន័យដោយប្រពៃ គួរ តាមអធ្យាស្រ័យ របស់ព្រះសាស្តាដោយហឫទ័យ ខ្ញុំតែង នមស្ការវិន័យនោះ សព្វ ៗ កាល ។ វិន័យជាទីអាស្រ័យ វិន័យ ជាទីឈរ ទាំងជាទីចង្រ្កមរបស់ខ្ញុំ ខ្ញុំតែងដេកនៅ ក្នុងវិន័យ វិន័យជាទីគោចរ របសខ្ញុំ ។ បពិត្រព្រះអង្គមានព្យាយាមធំ ឧបាលិដល់នូវត្រើយ ក្នុងវិន័យផង ឈ្លាសវៃក្នុងសមថៈផង តែងថ្វាយបង្គំនូវព្រះ បាទារបស់ព្រះសាស្តា ។ ខ្ញុំព្រះអង្គនោះ នឹងត្រាច់ទៅ អំពីស្រុកមួយ ទៅកាន់ស្រុកមួយ អំពីបុរីមួយ ទៅកាន់បុរីមួយ ហើយនមស្ការនូវព្រះសម្ពុទ្ធផង នូវភាពនៃធម៌ ជាធម៌ដ៏ល្អផង ។ ខ្ញុំព្រះអង្គដុតកិលេសទាំងឡាយហើយ ដក ចោលនូវភពទាំងអស់ហើយ អាសវៈទាំងពួងអស់រលីងហើយ ឥឡូវនេះភពថ្មី មិនមានទេ ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់របស់ព្រះពុទ្ធដ៏ប្រសើរ ( នេះ ) ជាដំណើរមកដោយល្អ វិជ្ជាទាំង ៣ ខ្ញុំព្រះអង្គបានសម្រេចហើយ សាសនារបស់ព្រះ សម្ពុទ្ធ ខ្ញុំព្រះអង្គក៏បានប្រតិបត្តិហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧបាលិត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ ។ ចប់ ឧបាលិត្ថេរាបទាន ។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
images/articles/3276/34534534tfrdff.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២៥ (អាន: ៧,៥០៤ ដង)
ខ្ញុំបានឃើញជាដំបូង នូវព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ព្រះ អង្គជាច្បងក្នុងលោក ជាអ្នកដឹកនាំសត្វលោក ទ្រង់ដល់នូវពុទ្ធ ភូមិ ។ ពួកយក្សទាំងអស់មកជួបជុំគ្នា ចោមរោមធ្វើអញ្ជលី ថ្វាយបង្គំព្រះសម្ពុទ្ធ ទៀបគល់នៃពោធិព្រឹក្ស ។ ពួកទេវតាទាំង អស់នោះ មានចិត្តត្រេកអរ សញ្ជរទៅព្ធដ៏អាកាស (ពោលថា) ព្រះពុទ្ធអង្គនេះ ទ្រង់បានដល់ដោយលំដាប់ ទ្រង់កម្ចាត់បង់ងងឹត ដែលជាធម៌ធ្វើឲ្យខ្វាក់ ។ ពួកទេវតាទាំងអស់នោះ មាន សេចក្តីរីករាយប្រព្រឹត្តទៅខាងមុខ សំឡេងកងរំពឹងដ៏ខ្លាំង ប្រព្រឹត្តទៅថា យើងទាំងឡាយនឹងដុតបំផ្លាញនូវពួកកិលេស ក្នុង សាសនារបស់ព្រះសម្មាសម្ពុទ្ធ ។ លុះខ្ញុំដឹងពាក្យរបស់ទេវតាទាំងឡាយ ដែលពោលដោយវាចា ហើយក៏ត្រេកអរ បាន ថ្វាយចង្ហាន់ជាដំបូង ដោយចិត្តដែលត្រេកអរ ។ ព្រះសាស្តា ព្រះអង្គប្រសើរក្នុងលោក ទ្រង់ជ្រាបបំណងរបស់ខ្ញុំ ទ្រង់គង់ ក្នុងកណ្តាលនៃពួកទេវបរិស័ទ ហើយត្រាស់គាថាទាំងនេះថា ៖ តថាគតចេញទៅទ្រង់ព្រះផ្នួសអស់ ៧ ថ្ងៃ ក៏បានដល់នូវ ពោធិញាណ ភត្តជាដម្បូងរបស់តថាគតនេះ ញុំាងព្រហ្មចារីបុគ្គលឲ្យប្រព្រឹត្តទៅបាន ។ បុគ្គលណា ចុះចាកឋានតុសិត មក កើតក្នុងមនុស្សលោកនេះ ហើយថ្វាយចង្ហាន់ដល់តថាគត តថា គតនឹងសម្តែងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគតសម្តែងចុះ ។ បុគ្គលនេះ នឹងបានសោយរាជ្យ ជាស្តេច នៃទេវតា អស់ ៣០ ពាន់កប្ប នឹងគ្របសង្កត់ទេវតាទាំងអស់ ហើយនៅគ្រប់គ្រងទេវលោក ។ លុះច្យុតចាកទេវលោក មក កាន់អត្តភាពជាមនុស្ស នឹងបានជាស្តេចចក្រពត្តិ សោយរាជ្យ ក្នុងមនុស្សលោកនោះ អស់មួយពាន់ដង ។ កន្លងទៅមួយ សែនកប្ប ព្រះសាស្តាព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងបានត្រាស់ដឹងក្នុងលោក ។ កុលបុត្រនោះ ច្យុតចាកទេវលោកមកកាន់អត្តភាពជាមនុស្ស នឹងចេញចាកផ្ទះទៅបួស នៅអស់ ៦ វស្សា ។ លំដាប់អំពីនោះមក ព្រះពុទ្ធនឹងទ្រង់ សម្តែងនូវអរិយសច្ច ក្នុងវស្សាជាគម្រប់ ៧ កុលបុត្រមាន ឈ្មោះថាកោណ្ឌញ្ញៈ នឹងបានធ្វើឲ្យជាក់ច្បាស់នូវធម៌ ជា ដម្បូង ។ ខ្ញុំបួសតាមព្រះពោធិសត្វ ដែលចេញទៅទ្រង់ព្រះផ្នួស ហើយ បានធ្វើសេចក្តីព្យាយាមដោយប្រពៃ ខ្ញុំចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដុតបំផ្លាញ នូវកិលេសទាំងឡាយ ។ ព្រះសព្វញ្ញុពុទ្ធ លុះបានត្រាស់ដឹង ក្នុងលោក ព្រមទាំងទេវលោកហើយ ទ្រង់យកសច្ចៈនេះទួងស្គរ គឺអមតនិញ្វន ក្នុងព្រៃធំដល់ខ្ញុំ ។ ឥឡូវនេះ ខ្ញុំនោះបានដល់នូវអមតនិញ្វន ជាសន្តិបទដ៏ប្រសើរ ជាអ្នកមិនមានអាសវៈ ព្រោះកំណត់ដឹងនូវអាសវៈទាំងពួង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។ ចប់ អញ្ញាកោណ្ឌញ្ញត្ថេររាបទាន ។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
images/articles/3106/6yergerw343.jpg
ផ្សាយ : ២១ ឧសភា ឆ្នាំ២០២៥ (អាន: ៥,៤០២ ដង)
[៦៣] ម្នាលគហបតិបុត្រ មនុស្ស៤ពួកនេះ អ្នកត្រូវដឹងថា ជាមិត្ត មានសន្តានល្អ គឺមិត្តមានឧបការៈ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តរួមសុខទុក្ខ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តមានសេចក្តីឈឺឆ្អាល អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១។ [៦៤] ម្នាលគហបតិបុត្រ មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ រក្សាមិត្តដែលធ្វេសប្រហែស១ រក្សាសម្បត្តិរបស់មិត្ត ដែលធ្វេសប្រហែស១ ជាទីពឹងពំនាក់ នៃមិត្តដែលមានសេចក្តីភិតភ័យ១ កាលបើកិច្ចដែលត្រូវធ្វើ កើតឡើងហើយ តែងជួយផ្តល់ភោគៈ ជាទ្វិគុណ ជាងទ្រព្យដែលមិត្តត្រូវការនោះ១។ ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង។ [៦៥] ម្នាលគហបតិបុត្រ មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត១ ជួយបិទបាំងនូវអាថ៌កំបាំងរបស់មិត្ត១ មិនបោះបង់គ្នា ក្នុងគ្រាមានវិបត្តិ១ សូម្បីជីវិត ក៏ហ៊ានលះបង់ ដើម្បីប្រយោជន៍ដល់មិត្ត (ស៊ូប្តូរជីវិត)១។ ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង។ [៦៦] ម្នាលគហបតិបុត្រ មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ហាមមិត្តឲ្យឃ្លាតចាកអំពើអាក្រក់១ ដឹកនាំឲ្យមិត្តតំកល់នៅតែក្នុងអំពើល្អ១ ឲ្យបានឮពាក្យដែលមិនធ្លាប់បានឮ១ ប្រាប់ផ្លូវឋានសួក៌១។ ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង។ [៦៧] ម្នាលគហបតិបុត្រ មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ជួយព្រួយចិត្ត ពីព្រោះមិត្តបានសេចក្តីវិនាស១ ជួយត្រេកអរ ព្រោះមិត្តបានសេចក្តីចម្រើន១ ទទឹងទាស់នឹងមនុស្ស ដែលពោលទោសមិត្ត១ សរសើរតែមនុស្ស ដែលពណ៌នាគុណមិត្ត១។ ម្នាលគហបតិបុត្ត មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង ដោយស្ថាន៤យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែងសេចក្តីនេះ លុះព្រះសុគត ជាសាស្តា ត្រាស់សេចក្តីនេះហើយ ទើបទ្រង់សំដែងពាក្យជាគាថាព័ន្ធ តទៅទៀតថា [៦៨] មិត្តដែលមានឧបការៈ សំឡាញ់ដែលរួមសុខទុក្ខ មិត្តដែលប្រាប់ប្រយោជន៍ មិត្តដែលមានសេចក្តីឈឺឆ្អាល បណ្ឌិតស្គាល់ជាក់ នូវបុគ្គលទាំង៤ពួកនុ៎ះថា ជាមិត្តមែនទែន ហើយគប្បីចូលទៅអង្គុយជិតស្និទ្ធស្នាល ដូចជាមាតា និងបុត្ត ដែលកើតពីទ្រូង។ អ្នកប្រាជ្ញបរិបូណ៌ដោយសីល តែងរុងរឿង ដូចជាភ្លើងដែលភ្លឺដូច្នោះឯង កាលបុគ្គលសន្សំទ្រព្យ រមែងធ្វើទ្រព្យ ឲ្យជាគំនរ ដូចជាឃ្មុំដូច្នោះឯង។ ភោគៈទាំងឡាយ តែងដល់នូវការពូនជាគំនរ ដូចជាដំបូក ដែលកណ្តៀរ កពូន ដូច្នោះឯង។ គ្រហស្ថក្នុងត្រូកូល បានសន្សំភោគៈទាំងឡាយ យ៉ាងនេះហើយ ទើបអាច (តាំងខ្លួន) កុលបុត្រដែលចែកភោគៈទាំងឡាយជា៤ចំណែក គឺបិរភោគភោគៈទាំងឡាយ១ចំណែក ប្រកបការងារពីរចំណែក ទាំងតំកល់ទុកនូវចំណែកទី៤ ដោយក្រែងមានអន្តរាយទាំងឡាយ (ទៅខាងមុខ) កុលបុត្រនោះ ទើបឈ្មោះថា ចងបាច់មិត្តទាំងឡាយបាន [ចំណែកទីមួយ បរិភោគ ប្រើប្រាស់ ចាយវាយ ចំណែកទី២ ទី៣ ប្រកបការងារ គឺប្រកបកសិកម្ម និងពាណិជ្ជកម្មផ្សេងៗ ចំណែកជាគំរប់៤ ទុកសម្រាប់ការពារអន្តរាយផ្សេងៗ មានអន្តរាយអំពីស្តេចជាដើម។ ម្យ៉ាងទៀត ឲ្យរំលែកអំពីចំណែកទាំង៤ នោះ ធ្វើកុសល ឬឲ្យជាថ្លៃគ្រឿងស្លៀកពាក់ និងឈ្នួលកោរកាត់ (អដ្ឋកថា)។ ]។ មិត្តគួរសេពគប់ ៤ ពួក បិដក ១៩ ទំព័រ ៨១ ឃ្នាប ៦៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3107/20CCook.jpg
ផ្សាយ : ២១ ឧសភា ឆ្នាំ២០២៥ (អាន: ១២,៣១៨ ដង)
ឧជ្ជយសូត្រ ទី៥ [៥៥] លំដាប់នោះ ឧជ្ជយព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧជ្ជយព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំមានប្រាថ្នា ដើម្បីទៅឃ្លាតចេញអំពីស្រុក ធម៌ទាំងឡាយណា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខ ក្នុងបច្ចុប្បន្ន ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្តីសុខ ក្នុងបរលោក គប្បីមានដល់ពួកយើងខ្ញុំ សូមព្រះគោតមដ៏ចំរើន ទ្រង់សំដែងនូវធម៌នោះដល់យើងខ្ញុំ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខ ក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ធម៌៤ ប្រការ តើដូចម្ដេច។ គឺ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១។ ម្នាលព្រាហ្មណ៍ ចុះឧដ្ឋានសម្បទា តើដូចម្តេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ចិញ្ចឹមជីវិតដោយការប្រឹងប្រែង ក្នុងការងារណា ទោះភ្ជួរក្ដី ជួញប្រែក្ដី រក្សាគោក្តី ការងាររបស់ខ្មាន់ធ្នូក្ដី ការងាររបស់រាជបុរសក្ដី សិល្បៈណាមួយក្ដី ជាអ្នកប៉ិនប្រសប់ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស ប្រកបដោយឧបាយ ជាគ្រឿងពិចារណា ក្នុងការងារទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលព្រាហ្មណ៍ នេះហៅថា ឧដ្ឋានសម្បទា។ ម្នាលព្រាហ្មណ៍ ចុះអារក្ខសម្បទា តើដូចម្ដេច។ ម្នាលព្រហ្មណ៍ ភោគៈទាំងឡាយ ដែលកុលបុត្រក្នុងលោកនេះ បានមកដោយកំឡាំងព្យាយាម ប្រឹងប្រែង សន្សំ ដោយកំឡាំងដៃ បែកញើស ហូរញើស ជាភោគៈ ប្រកបដោយធម៌ កុលបុត្រនោះ រមែងញុំាងភោគៈទាំងនោះ ឲ្យសម្រេច ដោយការរក្សាគ្រប់គ្រង ដោយគិតថា ធ្វើដូចម្ដេច កុំឲ្យសេ្ដចទាំងឡាយ នាំយកភោគៈទាំងនេះ របស់អាត្មាអញទៅបាន កុំឲ្យពួកចោរលួចយកទៅបាន កុំឲ្យភ្លើងឆេះបាន កុំឲ្យទឹកបន្សាត់ទៅបាន កុំឲ្យពួកទាយាទ មិនជាទីស្រឡាញ់ ដណ្ដើមយកទៅបាន ម្នាលព្រាហ្មណ៍ នេះហៅថាអារក្ខសម្បទា។ ម្នាលព្រាហ្មណ៍ ចុះកល្យាណមិត្តតា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ នៅអាស្រ័យក្នុងស្រុក ឬនិគមណា ពួកជនណា ទោះគហបតីក្ដី គហបតិបុត្រក្ដី ក្មេង តែចំរើនដោយសីល ចាស់ហើយតែចំរើនដោយសីល បរិបូណ៌ដោយសទ្ធា បរិបូណ៌ដោយសីល បរិបូណ៌ដោយចាគៈ បរិបូណ៌ដោយបញ្ញា មាននៅក្នុងស្រុក ឬនិគមនោះ (កុលបុត្រនោះ) រមែងឈរចរចា សាកច្ឆាជាមួយនឹងពួកជនទាំងនោះ តែងសិក្សានូវសទ្ធាសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយសទ្ធា តាមសមគួរ សិក្សានូវសីលសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយសីល តាមសមគួរ សិក្សានូវចាគសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយចាគៈ តាមសមគួរ សិក្សានូវបញ្ញាសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយបញ្ញា តាមសមគួរ ម្នាលព្រាហ្មណ៍ នេះហៅថា កល្យាណមិត្តតា។ ម្នាលព្រាហ្មណ៍ ចុះសមជីវិតា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ដឹងច្បាស់នូវការចំរើននៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាស របស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជនអ្នកថ្លឹងជញ្ជីងក្ដី កូនសិស្សនៃជនអ្នកថ្លឹងជញ្ជីងក្ដី លើកនូវជញ្ជីងថ្លឹង ហើយក៏ដឹងថា ទន់ទៅខាងម្ខាង បះឡើងខាងម្ខាងផង យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ កុលបុត្រអ្នកដឹងច្បាស់នូវការចំរើន នៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាសរបស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចំរើនតិច តែចិញ្ចឹមជីវិត ច្រើនលើសលុប អ្នកផងទាំងឡាយ តែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ បរិភោគនូវភោគៈទាំងឡាយ ដូចជាគេស៊ីផ្លែល្វា។ ម្នាលព្រាហ្មណ៍ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចំរើនធំ តែចិញ្ចឹមជីវិត ដោយក្បិតក្បៀត អ្នកផងទាំងឡាយ រមែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ មុខជានឹងស្លាប់ ៗ ដោយឥតទីពឹង។ ម្នាលព្រាហ្មណ៍ កាលណាកុលបុត្រនេះ ដឹងច្បាស់នូវការចំរើន នៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាស យ៉ាងនេះ ឯសេចក្ដីវិនាស របស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ ម្នាលព្រាហ្មណ៍ នេះហៅថា សមជីវិតា។ ម្នាលព្រាហ្មណ៍ កាលដែលភោគៈទាំងឡាយ ចំរើនឡើងយ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីវិនាស ៤ ប្រការ គឺជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រលាមក មានសំឡាញ់លាមក សមគប់នឹងបុគ្គលលាមក ១។ ម្នាលព្រាហ្មណ៍ ដូចស្រះធំ មានផ្លូវនៃសេចក្ដីចំរើន ៤ ផង មានផ្លូវនៃសេចក្ដីវិនាស ៤ ផង បុរសគប្បីបិទខ្ទប់នូវផ្លូវនៃសេចក្ដីចំរើនទាំងនោះ របស់ស្រះនោះផង គប្បីបើកបង្ហូរ នូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះផង ទាំងភ្លៀងសោត ក៏មិនបង្អោរនូវធារទឹក ដោយប្រពៃផង ម្នាលព្រាហ្មណ៍ កាលបើយ៉ាងនេះ ស្រះដ៏ធំនោះ នឹងមានសេចក្ដីសាបសូន្យជាប្រាកដ មិនមានសេចក្ដីចំរើនឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ កាលដែលភោគៈទាំងឡាយ ចំរើនឡើង យ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រលាមក មានសំឡាញ់លាមក សមគប់នឹងបុគ្គលលាមក ១ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ កាលដែលភោគៈទាំងឡាយចំរើនឡើង យ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីចំរើន ៤ ប្រការគឺ ជាអ្នកមិនលេងស្រី ១ មិនលេងសុរា ១ មិនលេងល្បែងភ្នាល់ ១ មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងបុគ្គលល្អ ១។ ម្នាលព្រាហ្មណ៍ ស្រះធំមានផ្លូវនៃសេចក្ដីចំរើន ៤ផង មានផ្លូវនៃសេចក្ដីវិនាស ៤ផង បុរសគប្បីបើកបង្ហូរនូវផ្លូវនៃសេចក្ដីចំរើនទាំងនោះ របស់ស្រះនោះផង គប្បីបិទនូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះផង ទាំងភ្លៀងសោត ក៏បង្អោរចុះនូវធារទឹកដោយប្រពៃផង ម្នាលព្រាហ្មណ៍ កាលបើយ៉ាងនេះហើយ សេចក្ដីចំរើនរបស់ស្រះនោះ នឹងមានប្រាកដ មិនមានសេចក្ដីសាបសូន្យឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ កាលបើភោគៈទាំងឡាយ ចំរើនឡើង យ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីចំរើន ៤ ប្រការ គឺជាអ្នកមិនលេងស្ត្រី ១។បេ។ សមគប់នឹងបុគ្គលល្អ ១ យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន ដើម្បីសេចក្តីសុខក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខ ក្នុងបរលោក ដល់កុលបុត្រ។ ធម៌ ៤ ប្រការ តើដូចម្ដេច។ គឺសទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលព្រាហ្មណ៍ ចុះសទ្ធាសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿនូវការត្រាស់ដឹងនៃព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ ម្នាលព្រាហ្មណ៍ នេះហៅថា សទ្ធាសម្បាទា។ ម្នាលព្រាហ្មណ៍ ចុះសីលសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាលព្រាហ្មណ៍ នេះហៅថា សីលសម្បទា។ ម្នាលព្រាហ្មណ៍ ចុះចាគសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគរួចស្រឡះហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះបង់ ជាអ្នកគួរដល់ស្មូម ត្រេកអរក្នុងការចែករលែកនូវទាន ម្នាលព្រាហ្មណ៍ នេះហៅថា ចាគសម្បទា។ ម្នាលព្រាហ្មណ៍ ចុះបញ្ញាសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ជាអ្នកមានប្រាជ្ញា។បេ។ ជាដំណើរយល់ការ ដែលអស់ទៅនៃទុក្ខដោយប្រពៃ ម្នាលព្រាហ្មណ៍ នេះហៅថា បញ្ញាសម្បទា។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខ ក្នុងបរលោក ដល់កុលបុត្រ។ កុលបុត្រអ្នកមានព្យាយាម ប្រឹងប្រែង ក្នុងទីនៃការងារទាំងឡាយ ១ មិនប្រហែសធ្វេស មានការចាត់ចែង ១ ចិញ្ចឹមជីវិតស្មើ ១ ចេះថែរក្សាទ្រព្យ ដែលរកបានមក ១ មានសទ្ធា ១ បរិបូណ៌ដោយសីល ១ ដឹងនូវពាក្យពេចន៍ ១ ប្រាសចាកសេចក្ដីកំណាញ់ ជំរះនូវផ្លូវ មានសួស្ដី ជាផ្លូវទៅកាន់បរលោកជានិច្ច ១ ធម៌ទាំង ៨ ប្រការនេះ តែងនាំមកនូវសេចក្ដីសុខក្នុងលោកទាំងពីរ ដែលព្រះដ៏មានព្រះភាគ ព្រះអង្គជាសច្ចនាម ទ្រង់សំដែងដល់កុលបុត្រអ្នកមានសទ្ធា ស្វែងរកផ្ទះ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្ដីសុខក្នុងបរលោកផង ដោយប្រការដូច្នេះ ការបរិច្ចាគ និងបុណ្យនេះ តែងចំរើនដល់គ្រហស្ថទាំងឡាយ យ៉ាងនេះឯង។ ឧជ្ជយសូត្រ ទី៥ ឬ ប្រយោជន៍ក្នុងបច្ចុប្បន្ន ៤ និងបរលោក ៤ បិដក ៤៨ ទំព័រ ២៥១ ឃ្នាប ៥៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3108/20Cook.jpg
ផ្សាយ : ២១ ឧសភា ឆ្នាំ២០២៥ (អាន: ១០,២៨៩ ដង)
[៤៩] អរិយសាវ័ក មិនសេពនូវធម៌ ជាប្រធាននៃសេចក្តីវិនាសភោគ៦យ៉ាង ដូចម្តេចខ្លះ។ ម្នាលគហបតិបុត្ត កិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ បានប្រកបរឿយៗ នូវការត្រាច់ទៅតាមច្រកល្ហកខុសកាល ជាប្រធាននៃសេចក្តីវិនាសភោគ ១ ការដើរមើលមហោស្រពជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ការប្រកបរឿយៗ នូវហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺលេងល្បែងភ្នាល់ ជាប្រធាន នៃសេចក្តីវិនាសភោគៈ ១ ការសេពនូវបាបមិត្ត ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ការប្រកបរឿយៗ នូវសេចក្តីខ្ជិល ជាប្រធាននៃសេចក្តីវិនាសភោគៈ ១។ [៥០] ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទនេះមាន៦យ៉ាង គឺវិនាសទ្រព្យដែលឃើញជាក់ស្តែងខ្លួនឯង ១ ការកឲ្យកើតជម្លោះ ១ ហេតុនាំឲ្យកើតរោគទាំងឡាយ ១ ការនាំឲ្យខូចឈ្មោះ ១ ការបង្ហាញកេរ្តិ៍ខ្មាស ១ ហេតុជាគំរប់ ៦ គឺធ្វើបញ្ញាឲ្យមានកំឡាំងថយ ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំង នៃសេចក្តីប្រមាទមាន៦យ៉ាងនេះឯង។ [៥១] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការដើរទៅតាមច្រកល្ហកខុសកាលនេះមាន៦យ៉ាង គឺអ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនរក្សាខ្លួន១ អ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនរក្សាកូនប្រពន្ធ១ អ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនរក្សាទ្រព្យសម្បត្តិ១ សេចក្តីរង្កៀស តែងកើតមានក្នុងកន្លែង (ដែលខ្លួនទៅដល់) នោះៗ១ ពាក្យមិនពិត តែងធ្លាក់មកត្រូវលើបុគ្គលនោះ[រមែងត្រូវគេចោទបង្កាច់ ក្នុងអំពើដែលខ្លួនមិនបានធ្វើសោះ ព្រោះជាន់ដានចោរ។]១។ បុគ្គលនោះឈ្មោះថា បំពេញនូវធម៌ទុក្ខច្រើន១។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវកិរិយាត្រាច់ទៅ តាមច្រកល្ហកខុសកាល មាន៦យ៉ាងនេះឯង។ [៥២] ម្នាលគហបតិបុត្ត ទោសក្នុងការដើរមើលល្បែង មហោស្រពនេះ៦យ៉ាង គឺរបាំក្នុងទីណា ក៏ទៅក្នុងទីនោះ១ ចម្រៀងក្នុងទីណា ក៏ទៅក្នុងទីនោះ១ ការប្រគំក្នុងទីណា ក៏ទៅក្នុងទីនោះ១ គេប្រជុំនិយាយរឿងព្រេង ឥតប្រយោជន៍ (មានរឿងចម្បាំងនៃមហាភារតៈ និងរឿងនាងសិតាជាដើម) ក្នុងទីណា ក៏ទៅក្នុងទីនោះ១ ល្បែងវាយគង [បើតាមព្យញ្ជនៈ គួរប្រែថា ល្បែងលេងទះទៃ គឺច្រៀងប្របកៃ។] ក្នុងទីណា ក៏ទៅក្នុងទីនោះ១ ល្បែងវាយរនាតក្នុងទីណា ក៏ទៅក្នុងទីនោះ១។ ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាដើរមើលល្បែង មហោស្រព មាន៦យ៉ាងនេះឯង។ [៥៣] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការលេងល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំង នៃសេចក្តីប្រមាទនេះ មាន៦យ៉ាង គឺបុគ្គលនោះ បើឈ្នះគេ តែងបានពៀរ១ បើចាញ់គេ តែងសោកស្តាយទ្រព្យសម្បត្តិ១ វិនាសទ្រព្យសម្បត្តិ ដែលឃើញជាក់ស្តែង ទាន់ភ្នែក១ កាលបើទៅសាលាវិនិច្ឆ័យ គេមិនជឿស្តាប់ពាក្យ១ ពួកមិត្តអាមាត្យ តែងបោះបង់ចោល១ ជាបុគ្គលដែលគេមិនត្រូវការដណ្តឹង ឬឲ្យកូនស្រី ព្រោះគេគិតថា បុរសបុគ្គលអ្នកលេងល្បែងភ្នាល់ មិនអាចចិញ្ចឹមប្រពន្ធបានទេ១។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការលេងល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ មាន៦យ៉ាងនេះឯង។ [៥៤] ម្នាលគហបតិបុត្ត ទោសក្នុងការសេពគប់ នូវបាបមិត្តនេះ មាន៦យ៉ាង គឺពួកជនដែលជាអ្នកលេងល្បែងភ្នាល់១ ជនដែលជាអ្នកលេង[អ្នកលេង មាន៤យ៉ាង គឺអ្នកលេងស្រី១ អ្នកលេងភត្ត១ អ្នកលេងផឹកស្រា១ អ្នកលេងមើមឈើ មានស៊ីមើមដំឡូងជាដើម១។] ស្រី១ ជនដែលជាអ្នកលេងផឹកសុរា១ ជនដែលជាអ្នកបោកប្រាស បញ្ឆោតអ្នកដទៃ ដោយរបស់ក្លែង១ ជនដែលជាអ្នកបំបាត់ប្រវញ្ចន៍អ្នកដទៃ ក្នុងទីចំពោះមុខ១ ជនដែលជាអ្នកឆក់ដណ្តើមទ្រព្យអ្នកដទៃ១ ជនទាំងនោះ ជាមិត្ត ជាសំឡាញ់ របស់ជននោះ។ ម្នាលគហបតិបុត្ត ទោសក្នុងការសេពគប់នូវបាបមិត្ត មាន៦យ៉ាងនេះឯង។ [៥៥] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវសេចក្តីខ្ជិលនេះ មាន៦យ៉ាង គឺមិនធ្វើការងារដោយអាងថា ត្រជាក់ណាស់១ មិនធ្វើការងារ ដោយអាងថាក្តៅណាស់១ មិនធ្វើការងារ ដោយអាងថាល្ងាចណាស់១ មិនធ្វើការងារ ដោយអាងថាព្រឹកណាស់១ មិនធ្វើការងារ ដោយអាងថាឃ្លានណាស់១ មិនធ្វើការងារ ដោយអាងថាស្រេកណាស់១ កាលបើជនអ្នកខ្ជិលច្រអូសនោះ ច្រើនដោយការពោលអាងកិច្ចយ៉ាងនេះ ភោគទាំងឡាយ ដែលមិនទាន់កើត ក៏ខានកើតឡើងផង ភោគៈទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវសេចក្តីរេចរឹលទៅវិញផង។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវសេចក្តីខ្ជិល មាន៦យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែងធម៌នេះហើយ ព្រះសុគត ជាសាស្តា លុះសំដែងធម៌នេះហើយ ទ្រង់សំដែងគាថាព័ន្ធនេះ តទៅទៀតថា [៥៦] បុគ្គលខ្លះ ជាមិត្តសំឡាញ់ បានតែក្នុងរោងសុរាក៏មាន បុគ្គលខ្លះថា សំឡាញ់ៗ តែនៅចំពោះមុខក៏មាន បុគ្គលណា កាលបើប្រយោជន៍ (ខ្លួន) កើតឡើង ទើបធ្វើជាសំឡាញ់បុគ្គលនោះ មកជាសំឡាញ់នឹងខ្លួនក៏មាន។ កិរិយាដេកដល់ថ្ងៃ១ ធ្វើសេវនកិច្ច នឹងប្រពន្ធអ្នកដទៃ១ ភាវៈជាអ្នកមានពៀរច្រើន១ ភាវៈជាអ្នកធ្វើអំពើឥតប្រយោជន៍១ បាបមិត្ត១ ភាវៈជាអ្នកកំណាញ់ស្វិតស្វាញ១ ហេតុទាំង៦នុ៎ះ រមែងបំផ្លាញបុរស (ឲ្យវិនាស)។ នរជន ដែលមានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ មានមារយាទ និងគោចរអាក្រក់ តែងវិនាសចាកលោកទាំងពីរ គឺលោកនេះ និងលោកខាងមុខ។ ល្បែងភ្នាល់ ល្បែងស្រី និងល្បែងសុរា១ របាំ និងចម្រៀង១ ការដេកថ្ងៃ១ ការឲ្យគេបំរើខ្លួន ក្នុងកាលមិនគួរ១ ពួកមិត្តអាក្រក់១ ភាវៈជាអ្នកមានសេចក្តីកំណាញ់ស្វិតស្វាញ១ ហេតុទាំង៦នេះ តែងបំផ្លាញបុរសឲ្យវិនាស។ ពួកជនលេងល្បែងភ្នាល់ ផឹកសុរា ធ្វើសេវនកិច្ចនឹងស្រី ដែលស្មើដោយជីវិតរបស់បុរសដទៃ សេពគប់នឹងបុគ្គលថោកទាប (ខាតលក្ខណ៍) មិនសេពគប់នឹងបុគ្គល ដែលមានសេចក្តីចំរើន (គ្រប់លក្ខណ៍) យសរបស់ពួកជននោះឯង តែងសាបសូន្យ ដូចព្រះចន្ទខាងរនោច។ ជនដែលជាអ្នកផឹកសុរា ជាអ្នកខ្សត់ទ្រព្យ ជាអ្នកឥតមានកង្វល់ ដោយការងារចិញ្ចឹមជីវិត មានតែស្រវឹងជានិច្ច ប្រាសចាកសេចក្តីចំរើន លិចចុះក្នុងបំណុល ដូចដុំថ្មលិចចុះទៅក្នុងទឹក បុគ្គលនោះ តែងធ្វើការងារឲ្យវឹកវរ ដល់ខ្លួនដោយឆាប់។ បុគ្គលដេកក្នុងវេលាថ្ងៃ ជាប្រក្រតី មិនក្រោកឡើងពីយប់ ជាប្រក្រតី ជាអ្នកស្រវឹងជានិច្ច ជាអ្នកលេងល្បែង មិនអាចនឹងគ្រប់គ្រងផ្ទះសម្បែងបាន។ ប្រយោជន៍ទាំងឡាយ តែងកន្លងហួសមនុស្សដែលលះបង់ចោលនូវការងារ ដោយពោលអាងថា វេលានេះ ត្រជាក់ណាស់ ក្តៅណាស់ ល្ងាចណាស់។ ជនណាមួយ ធ្វើនូវកិច្ចការរបស់បុរស មិនអើពើនូវត្រជាក់ និងក្តៅ ក្រៃលែងជាងស្មៅ (ទៅទៀត) ជននោះ រមែងមិនសាបសូន្យចាកសេចក្តីសុខឡើយ។ ប្រធាននៃសេចក្តីវិនាសភោគៈ ៦ យ៉ាង បិដកភាគ ១៩ ទំព័រ_ ៧១ ឃ្នាប ៤៩ ដោយ​៥០០០​ឆ្នាំ​
images/articles/3119/20ecple_W.jpg
ផ្សាយ : ២១ ឧសភា ឆ្នាំ២០២៥ (អាន: ៧,៣២៧ ដង)
[៧២] ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ស្វាមីត្រូវទំនុកបម្រុង ដោយស្ថាន៥យ៉ាងគឺ ដោយការរាប់អាន ជាភរិយាពេញទី១ ដោយមិនមើលងាយ១ ដោយមិនប្រព្រឹត្តក្បត់ចិត្ត១ ដោយប្រគល់ឲ្យជាធំ (ក្នុងការផ្ទះ)១ ដោយការឲ្យគ្រឿងតែងខ្លួន១។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុង ដោយស្ថានទាំងឡាយ៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមី ដោយស្ថានទាំងឡាយ ៥យ៉ាងវិញ គឺ ចាត់ចែងការងារដោយល្អ១ សង្គ្រោះជនជាញាតិទាំងពីរខាងដោយល្អ១ មិនប្រព្រឹត្តក្បត់១ ថែទាំទ្រព្យដែលស្វាមីរកបានមក១ ឈ្លាស មិនខ្ជិលច្រអូស ក្នុងកិច្ចការសព្វគ្រប់១។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុងដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមីដោយស្ថាន៥យ៉ាងនេះ ទិសខាងលិចនោះ ដែលស្វាមីបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីស្វាមីនិងតួនាទីភរិយា បិដក ១៩ ទំព័រ ៨៦ ឃ្នាប ៧២ ដោយ​៥០០០​ឆ្នាំ​
images/articles/3134/20fffmons.jpg
ផ្សាយ : ២១ ឧសភា ឆ្នាំ២០២៥ (អាន: ៧,២៦៩ ដង)
[៧៥] ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ កុលបុត្តត្រូវផ្គត់ផ្គង់ ដោយស្ថាន៥យ៉ាងគឺ ដោយកាយកម្ម ប្រកបដោយមេត្តា១ ដោយវចីកម្ម ប្រកបដោយមេត្តា១ ដោយមនោកម្ម ប្រកបដោយមេត្តា១ ជាអ្នកមិនបិទទ្វារ [អដ្ឋកថា ថា ទ្វារផ្ទះបើកទាំងអស់ក្តី បិទទាំងអស់ក្តី បើមិនឲ្យអ្វី ឬធ្វើល្អអ្វី ដល់អ្នកមានសីលសោះ ក៏ឈ្មោះថា បិទទ្វារដែរ បើឲ្យ ឬធ្វើល្អអ្វី ដល់អ្នកមានសីល ក៏ឈ្មោះថា បើកហើយ។] ផ្ទះ១ ដោយកិរិយាឲ្យអាមិសទាន១។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្ត ទំនុកបម្រុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៦យ៉ាង គឺ ហាមឃាត់កុលបុត្ត ចាកអំពើអាក្រក់១ ឲ្យតាំងនៅតែក្នុងអំពើល្អ១ អនុគ្រោះដោយចិត្តដ៏ល្អ១ ឲ្យបានស្តាប់ពាក្យ ដែលមិនធ្លាប់ស្តាប់១ បំភ្លឺសេចក្តី ដែលធ្លាប់ស្តាប់ហើយ១ ប្រាប់ផ្លូវសួគ៌១។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្តផ្គត់ផ្គង់ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៦យ៉ាងនេះ ទិសខាងលើនុ៎ះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ ព្រះមានព្រះភាគ បានសំដែងសេចក្តីនេះ ព្រះសុគត ជាសាស្តា លុះសំដែងសេចក្តីនេះហើយ ទ្រង់ត្រាស់ពាក្យជាគាថាព័ន្ធ តទៅទៀតថា [៧៦] មាតាបិតា ជាទិសខាងកើត អាចារ្យ ជាទិសខាងត្បូង កូនប្រពន្ធ ជាទិសខាងលិច មិត្តអាមាត្យ ជាទិសខាងជើង ទាសៈ និងកម្មករ ជាទិសខាងក្រោម សមណព្រាហ្មណ៍ ជាទិសខាងលើ គ្រហស្ថក្នុងត្រកូល ដែលអាចគ្រប់គ្រងផ្ទះ គប្បីនមស្ការទិសទាំងឡាយនុ៎ះ។ បណ្ឌិត [អដ្ឋកថា ថា បណ្ឌិតមានប្រាជ្ញាវៃ ក្នុងស្ថានជាទីសំពះទិស។] បរិបូណ៌ដោយសីល មានវាចាដ៏ពីរោះ មានប្រាជ្ញាវៃ [អដ្ឋកថា ថា បណ្ឌិតមានប្រាជ្ញាវៃ ក្នុងស្ថានជាទីសំពះទិស។] មានកិរិយាប្រព្រឹត្តឱនលំទោន ជាប្រក្រតី មិនរឹងត្អឹង បុគ្គលមានសភាពដូច្នោះ រមែងបានយស បុគ្គលមានព្យាយាម រវៀសរវៃ មិនខ្ជិលច្រអូស រមែងមិនញាប់ញ័រក្នុងអន្តរាយទាំងឡាយ បុគ្គលមានកិរិយាប្រព្រឹត្តឥតចន្លោះ មានប្រាជ្ញាវាងវៃ បុគ្គលមានសភាពដូច្នោះ រមែងបានយស។ បុគ្គលមានសេចក្តីសង្គ្រោះ ជាអ្នកចងមិត្ត ជាអ្នកដឹងដំណើរពាក្យ [សំដៅយកមនុស្សនាំពាក្យខ្លួន ដែលបានថាឲ្យរបស់អ្វី ដល់សំឡាញ់ហើយ ក៏ឲ្យទាល់តែបាន ដឹងចិត្តសំឡាញ់ថា ចង់បានអ្វី ក៏ឲ្យរបស់នោះ ឬដឹងថា សំឡាញ់ខ្វះខាតអ្វី ក៏ឲ្យរបស់នោះ។] ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកដឹកនាំ ពន្យល់ការណ៍ផ្សេងៗ ជាអ្នកណែនាំរឿយៗ បុគ្គលមានសភាពដូច្នោះ រមែងបានយស។ ទាន១ ពាក្យពីរោះ១ សេចក្តីប្រព្រឹត្ត ជាប្រយោជន៍ក្នុងលោកនេះ១ ភាវៈជាអ្នកមានចិត្តស្មើ ក្នុងធម៌ទាំងឡាយ និងក្នុងបុគ្គលនោះៗ តាមសមគួរ១។ សង្គហធម៌ ទាំងនេះ (មានក្នុងលោក ទើបលោកប្រព្រឹត្តទៅបាន) ដូចជារថមានប្រែកទប់ ទើបប្រព្រឹត្តទៅបាន ដូច្នោះឯង បើ សង្គហធម៌ ទាំងនេះមិនមានហើយ មាតាក្តី បិតាក្តី ក៏មិនបាននូវសេចក្តីរាប់អាន និងការបូជា អំពីកិច្ចដែលកូនត្រូវធ្វើ។ ព្រោះហេតុតែអ្នកប្រាជ្ញាទាំងឡាយ សំឡឹងឃើញ សង្គហធម៌ ទាំងនោះដោយប្រពៃ ហេតុនោះ បានជាលោកដល់នូវភាវៈជាធំផង គួរគេសរសើរផង។ តួនាទីព្រះសង្ឃនិងតួនាទីពុទ្ធបរិស័ទ្ធ - បិដកភាគ ១៩ ទំព័រ ៨៩ ឃ្នាប ៧៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3133/20ccver.jpg
ផ្សាយ : ២១ ឧសភា ឆ្នាំ២០២៥ (អាន: ៦,៣៨៤ ដង)
[៧៣] ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង កុលបុត្ត ត្រូវប្រតិបត្តិដោយស្ថាន៥យ៉ាងគឺ ដោយការឲ្យរបស់១ ដោយការនិយាយតែពាក្យគាប់ចិត្ត១ ដោយការប្រព្រឹត្តិ ឲ្យជាប្រយោជន៍១ ដោយការប្រព្រឹត្តិខ្លួនស្មើ១ ដោយការមិនកុហកបញ្ឆោត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាង គឺ រក្សាមិត្តដែលធ្វេសប្រហែស១ ជួយថែទាំទ្រព្យសម្បត្តិ របស់មិត្តដែលធ្វេសប្រហែស១ ជាទីពឹងរបស់មិត្តដែលមានភ័យ១ មិនបោះបង់គ្នាក្នុងគ្រាវិបត្តិ១ រាប់អានរហូតដល់ផៅពង្សរបស់មិត្ត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យ ជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាងនេះ ទិសខាងជើងនោះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីរបស់មិត្ត ៥ យ៉ាង - បិដកភាគ ១៩ ទំព័រ ៨៧ ឃ្នាប ៧៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3275/___________________________.jpg
ផ្សាយ : ២១ ឧសភា ឆ្នាំ២០២៥ (អាន: ៩,៩៨០ ដង)
​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវធីតា​ ​នាង​មាន​សម្បុរ​ល្អ​ ​ឋិតនៅ​ហើយ​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺច្បាស់​ដូច​ផ្កាយព្រឹក​ ​នាង​មាន​សម្បុរ​បែបនេះ​ ​ដោយ​ហេ​តុ​អី្វ​ ​ផល​សម្រេច​ដល់​នាង​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​នាង​ផង​ ​តើ​ដោយ​ហេ​តុ​អី្វ​ ​ ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​អាត្មា​សូម​សួរ​នាង​ ​នាង​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ហេ​តុ​អី្វ​។​ ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​​ សេ​ចកី្ត​ច្រណែន​កី្ត​ ​សេ​ចកី្ត​កំ​ណាញ់​កី្ត​ ​មានះ​កី្ត​ ​ការ​លើកខ្លួន​ផ្ទឹម​កី្ត​ ​មិន​មានដល់​ខ្ញុំ​ ​កាលដែល​នៅ​គ្រប់គ្រង​ផ្ទះ​ ​ខ្ញុំ​មិន​មាន​សេ​ចកី្ត​ក្រោធ​ ​ជា​អ្នក​ប្រព្រឹត្ត​តាម​អំណាច​ភស្តា​ ​មិន​មាន​សេ​ចកី្ត​ប្រមាទ​ជានិច្ច​ ​ក្នុង​ការ​រក្សា​ឧបោសថ​​ខ្ញុំ​បាន​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​អស់​ថ្ងៃទី​ ​១៤​ ​ទី​ ​១៥​ ​និង​ទី​ ​៨​ ​នៃ​បក្ខ​ផង​ ​អស់​បាដិហារិយ​បក្ខ​ផង​ ​ជា​អ្នក​សង្រួម​ក្នុង​សីល​គ្រប់​កាល​ ​ជា​អ្នកមាន​សេ​ចកី្ត​សង្រួម​ ​មានការ​ចែករំលែក​ទាន​ ​នៅ​គ្រប់គ្រង​វិមាន​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​សង្រួម​ចាក​មុសាវាទ​ ​ចាក​ការ​លួច​ ​ចាក​ការប្រព្រឹត្តិ​កន្លង​ ​ជា​អ្នក​ឆ្ងាយ​ចាក​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​ត្រេកអរ​ក្នុង​សិក្ខាបទ​ទាំង​ ​៥​ ​ឈ្លាសវៃ​ ​ក្នុង​អរិយសច្ច​ ​ជា​ឧបាសិកា​របស់​ព្រះ​គោតម​ ​ដែល​មាន​បញ្ញាចក្ខុ​ ​មានយស​ ​ខ្ញុំ​មានយស​ដោយ​សីល​ជា​របស់​ខ្លួន​ផង​ ​ដោយ​យស​ផង​ ​រមែង​សោយ​នូវ​បុណ្យ​ ​ជា​របស់​នៃ​ខ្លួនខ្ញុំ​ ​ដល់​នូវ​សេ​ចកី្ត​សុខ​ ​មិន​មាន​រោគ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​ ​ព្រោះ​ដំណើរ​នោះ​ ​ផល​ទើប​សម្រេច​ដល់​ខ្ញុំ​ ​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​ខ្ញុំ​ផង​។​ ​ បពិត្រ​ភិក្ខុ​ ​មាន​អានុភាព​ច្រើន​ ​ខ្ញុំ​សូម​ទូល​លោក​ថា​ ​ខ្ញុំ​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើបុណ្យ​ណា​ ​ខ្ញុំ​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ផលបុណ្យ​នោះ​។ បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ ​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមានព្រះភាគ​ ​ដោ​យសិរ្សៈ​ ​តាម​ពាក្យ​របស់ខ្ញុំ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាសិកា​ឈ្មោះ​ឧត្តរា​ ​សូម​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះមានព្រះភាគ​ដោ​យសិរ្សៈ​។​ ​បពិត្រ​លោកម្ចាស់​ ​ព្រះមានព្រះភាគ​ ​គប្បី​ព្យាករ​នូវ​ខ្ញុំ​ក្នុង​សាមញ្ញ​ផល​ណាមួយ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ជា​សេ​ចកី្ត​អស្ចារ្យ​ល្មម​ទេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ចំពោះ​នាង​ឧត្តរា​នោះ​ ​ក្នុង​សកទាគាមិផល​។​ ​ចប់​ ​ឧត្តរា​វិមាន​ ​ទី១៥​។​ បិដក ភាគ ៥៥ - ទំព័រទី ២៥ ដោយ៥០០០ឆ្នាំ
images/articles/3266/675u6y5terfrt4t44.jpg
ផ្សាយ : ២១ ឧសភា ឆ្នាំ២០២៥ (អាន: ៦,០០៧ ដង)
(ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរល្អញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ដូចផ្កាយព្រឹក ឋិតនៅ នាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេច ដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយ ណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈ ទាំងនោះក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ? ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាល ដែលកើតជាមនុស្សបានធ្វើបុណ្យអី្វ នាង មានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់ សព្វទិស តើដោយ ហេតុអី្វ? ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត ត្រេកអរ លុះព្រះមោគ្គល្លាន សួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា៖ ជនទាំងឡាយស្គាល់នូវខ្ញុំថា សោណទិន្នា ខ្ញុំជាឧបាសិកានៅក្នុងស្រុក នាលន្ទា ជាស្ត្រីបរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករំលែក នូវទាន សព្វកាល មានចិត្តជ្រះថ្លា ក្នុងពួកបុគ្គល មានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប ខ្ញុំបានរក្សា ឧបោសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផងអស់បាដិហារិយបក្ខ ផងបានសង្រួម ក្នុងសីលទាំងឡាយសព្វកាល ជាអ្នកវៀរចាក បាណាតិបាត សង្រួមចាក មុសាវាទ ឆ្ងាយចាក ការលួច ចាកការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃ ក្នុងអរិយសច្ច ជាឧបាសិកា របស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរ បែបនោះ។បេ។ បានជាខ្ញុំមានសម្បុរ ភ្លឺច្បាស់ សព្វទិស។ ចប់ សោណទិន្នាវិមាន ទី៦។ ខុទ្ទកនិកាយ វិមានវត្ថុ ចតុត្ថភាគ (ព្រះត្រៃបិដក ភាគទី៥៥) ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធើ្វព្រួញតែងពត់ព្រួញ (ឱ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះឯង) ។ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.82