អានអត្ថបទ
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៣,៩៣៥ ដង)
តួនាទីស្វាមីនិងតួនាទីភរិយា

|
[៧២] ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ស្វាមីត្រូវទំនុកបម្រុង ដោយស្ថាន៥យ៉ាងគឺ ដោយការរាប់អាន ជាភរិយាពេញទី១ ដោយមិនមើលងាយ១ ដោយមិនប្រព្រឹត្តក្បត់ចិត្ត១ ដោយប្រគល់ឲ្យជាធំ (ក្នុងការផ្ទះ)១ ដោយការឲ្យគ្រឿងតែងខ្លួន១។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុង ដោយស្ថានទាំងឡាយ៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមី ដោយស្ថានទាំងឡាយ ៥យ៉ាងវិញ គឺ ចាត់ចែងការងារដោយល្អ១ សង្គ្រោះជនជាញាតិទាំងពីរខាងដោយល្អ១ មិនប្រព្រឹត្តក្បត់១ ថែទាំទ្រព្យដែលស្វាមីរកបានមក១ ឈ្លាស មិនខ្ជិលច្រអូស ក្នុងកិច្ចការសព្វគ្រប់១។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុងដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមីដោយស្ថាន៥យ៉ាងនេះ ទិសខាងលិចនោះ ដែលស្វាមីបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។
តួនាទីស្វាមីនិងតួនាទីភរិយា បិដក ១៩ ទំព័រ ៨៦ ឃ្នាប ៧២ ដោយ៥០០០ឆ្នាំ |