ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,២១៣ ដង
ស្កែនយកតំណ
ទុក្ករកិរិយា និង ការត្រាស់ដឹង

ទុក្ករកិរិយា និង ការត្រាស់ដឹង

ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ៣១០ ដង)

នែអគ្គិវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មា​អញ​ខាំ​សង្កត់ធ្មេញដោយធ្មេញទាំងឡាយ ទល់ពិតាន (ក្រអូបមាត់) ដោយអណ្តាត សង្កត់​គាប​ផ្ទប់​នូវចិត្តដោយចិត្ត ។ នែអគិ្គវេស្សនៈ តថាគតនោះក៏ខាំសង្កត់ធ្មេញដោយធ្មេញទាំងឡាយ ទល់ពិតានដោយអណ្តាត សង្កត់គាបផ្ទប់នូវចិត្តដោយចិត្ត នែអគិ្គវេស្សនៈ កាលដែលតថាគតនោះ ខាំសង្កត់ធ្មេញដោយធ្មេញទាំងឡាយ ទល់ពិតានដោយ​អណ្តាត​ សង្កត់គាបផ្ទប់នូវចិត្តដោយចិត្ត ញើសក៏ហូរចេញអំពីក្លៀក ទាំងសងខាង ។ នែ​អគិ្គវេស្សនៈ ដូចបុរសដែលមានកម្លាំង ចាប់បុរសដែលមានកម្លាំងថយជាងខ្លួន ត្រង់​ក្បាលផង ចាប់ត្រង់កផង គប្បីសង្កត់គាបផ្ទប់ មានឧបមាយ៉ាង ណាមិញ នែអគ្គិវេស្សនៈ កាលដែលតថាគតខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតានដោយ​អណ្តាត​ សង្កត់គាបផ្ទប់នូវចិត្តដោយចិត្ត ញើសក៏ហូរចេញអំពីក្លៀក ទាំងសងខាង មាន​ឧបមេយ្យយ៉ាងនោះឯង ។ 

នែអគិ្គវេស្សនៈ សេចកី្តព្យាយាមរបស់តថាគត តឹងតែងណាស់ មិនធូរថយ សតិក៏តម្កល់​ខ្ជាប់មិនមានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាមចាក់​ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចកី្តព្យាយាមដ៏លំបាក​នោះឯង ។ នែអគិ្គវេស្សនៈ ទុកណាជាទុក្ខវេទនាមានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់នូវចិត្តរបស់តថាគតបានឡើយ ។ នែអគ្គិវេស្សនៈ តថាគត​នោះមានសេចកី្តត្រិះរិះដូច្នេះថា បើដូច្នោះមានតែ អាត្មាអញពិចារណានូវអប្បាណកជ្ឈាន គឺឈានដែលគ្មានដង្ហើមចេញចូល ។ នែអគិ្គវេស្សនៈ តថាគតក៏បិទខ្យល់​ដង្ហើមចេញនិងខ្យល់ដង្ហើមចូលអំពីមាត់ផង អំពីច្រមុះផង ។ នែអគ្គិវេស្សនៈ លុះ​តថាគតបិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលអំពីមាត់ផង អំពីច្រមុះផង សំឡេងរបស់ខ្យល់ដែលចេញអំពីរន្ធត្រចៀកទាំងសងខាង ក៏ឮខ្លាំងក្រៃពេក ។ សំឡេង​ស្នប់របស់ជាងមាស ដែលកំពុងសប់លាន់ឮខ្លាំង យ៉ាងណាមិញ ម្នាល​អគិ្គ​វេស្សនៈ​ លុះតថាគតបិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលអំពីមាត់ផង អំពីច្រមុះផង សំឡេងរបស់ខ្យល់ដែលចេញអំពីរន្ធត្រចៀកទាំងសងខាង ក៏លាន់ឮខ្លាំង យ៉ាង​នោះឯង ។ 

នែអគ្គិវេស្សនៈ សេចកី្តព្យាយាមរបស់តថាគត តឹងតែងណាស់ មិនបន្ធូរបន្ថយ ទាំង​សតិ​ក៏តម្កល់ខ្ជាប់ មិនបានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាម​ចាក់ដោតហើយ ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចកី្ត​ព្យាយាមដ៏លំបាកនោះឯង ។ នែអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនាមានសភាព ដូច្នោះ​ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្ត របស់តថាគតបានឡើយ ។ នែ​អគិ្គវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មា​អញ ពិចារណានូវអប្បាណកជ្ឈាន ។ នែអគ្គិវេស្សនៈ តថាគតក៏បិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង ។ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏ចាក់ដោតនូវក្បាល ។ នែអគិ្គវេស្សនៈ បុរសមានកម្លាំង ចាក់ឆ្កៀលខួរក្បាល ដោយចុងដែកស្រួតដ៏មុត យ៉ាងណាមិញ នែ​អគិ្គ​វេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះ​ផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏ចាក់ដោតនូវក្បាល យ៉ាងនោះឯង។ 

នែអគ្គិវេស្សនៈ សេចកី្តព្យាយាមរបស់តថាគត តឹងតែងណាស់ មិនធូរថយឡើយ សតិក៏តម្កល់ខ្ជាប់ មិនបានវង្វេងភ្លេចឡើយ តែចំណែកខាងកាយ របស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចកី្ត​ព្យាយាបដ៏លំបាកនោះឯង ។ នែអគិ្គវេស្សនៈ ទុកណា ជាទុក្ខវេទនាមានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់នូវចិត្តរបស់តថាគតបានឡើយ ។ នែ​អគិ្គ​វេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញពិចារណា​នូវអប្បាណកជ្ឈាន តែម្យ៉ាង ។ នែអគិ្គវេស្សនៈ តថាគតក៏បិទខ្យល់ដង្ហើមចេញ​និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង ។ នែអគ្គិវេស្សនៈ​ លុះតថាគតនោះបិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះ​ផង អំពីត្រចៀកផងហើយ សីសវេទនា(១) ដ៏ខ្លាំងក្រៃលែងក៏កើតប្រាកដក្នុងក្បាល ។ នែអគ្គិវេស្សនៈ បុរសមានកម្លាំង រុំក្បាលដោយកំណាត់ព្រ័ត្រដ៏មាំ យ៉ាង​ណា​មិញ នែអគ្គិវេស្សនៈ លុះតថាគតបិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល អំពីមាត់​ផង ​អំពីច្រមុះផង អំពីត្រចៀកផងហើយ សីសវេទនាដ៏ខ្លាំងក្រៃលែង ក៏កើតប្រាកដក្នុង​ក្បាល ក៏យ៉ាងនោះឯង ។ 

នែអគិ្គវេស្សនៈ សេចកី្តព្យាយាមរបស់តថាគត តឹងតែងណាស់ មិនធូរថយឡើយ ទាំង​សតិ​ក៏តម្កល់ខ្ជាប់ មិនបានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាម​ចាក់ដោត ទៅជាកាយ ក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសេចកី្តព្យាយាម​ដ៏លំបាកនោះឯង ។ នែអគ្គិវេស្សនៈ ទុកណាជា ទុក្ខវេទនាមានសភាពដូច្នោះ កើត​ឡើងដល់តថាគត ក៏គ្របសង្កត់ចិត្តរបស់តថាគតមិន បានឡើយ ។ នែ​អគិ្គ​វេស្សនៈ​ តថាគតនោះមានសេចកី្តត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ពិចារណា​នូវកអប្បាណកជ្ឈាន  ។ នែអគិ្គវេស្សនៈ តថាគតនោះក៏បិទ ខ្យល់ដង្ហើមចេញនឹង​ខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង ។ នែអគ្គិវេស្សនៈ លុះ​តថាគតនោះបិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពី​ត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏សៀតឆ្មូលផ្ទៃ ។ នែអគិ្គវេស្សនៈ បុរសអ្នក​សម្លាប់គោ ឬកូនសិស្សនៃបុគ្គលអ្នកសម្លាប់គោដ៏ឈ្លាសវៃ គប្បីអារនូវផ្ទៃដោយកាំបិតសម្រាប់អារគោដ៏មុត យ៉ាងណាមិញ នែអគ្គិវេស្សនៈ លុះតថាគតបិទខ្យល់ដង្ហើម​ចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពី ត្រចៀកផងហើយ ខ្យល់​ដ៏ខ្លាំងក្រៃលែង ក៏សៀតឆ្មូលនូវផ្ទៃ យ៉ាងនោះឯង។ 

នែអគិ្គវេស្សនៈ សេចកី្តព្យាយាមរបស់តថាគត តឹងតែងណាស់ មិនធូរថយឡើយ ទាំងសតិ ក៏តម្កល់ខ្ជាប់ មិនបានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាម ចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចកី្តព្យាយាម ដ៏លំបាកនោះឯង ។ នែអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនាមានសភាពដូច្នោះ កើតឡើង ដល់តថាគត ក៏មិនបានគ្របសង្កត់នូវចិត្តរបស់តថាគតបានឡើយ ។ ម្នាល​អគ្គិវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មា​អញពិចារណានូវអប្បាណកជ្ឈាន ។ ម្នាលអគិ្គវេស្សនៈ តថាគតនោះក៏បិទ ខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង ។ ម្នាលអគ្គិវេស្សនៈ លុះតថាគតនោះបិទខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះ​ផង អំពីត្រចៀកផងហើយ សេចកី្តក្តៅក្រហាយដ៏ខ្លាំងក្រៃលែង ក៏កើតឡើងក្នុងកាយ ។ ម្នាលអគិ្គវេស្សនៈ បុរសមានកម្លាំងពីរនាក់ ចាប់នូវបុរសមាន កម្លាំងថយជាងខ្លួន ត្រង់ដៃទាំងសងខាង ឆ្អើរកម្តៅលើរណ្តៅរងើកភ្លើង យ៉ាងណាមិញ ម្នាលអគ្គិវេស្សនៈ លុះតថាគតនោះបិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ សេចកី្តក្តៅក្រហាយដ៏ខ្លាំងក្រៃលែង ក៏កើតឡើងក្នុងកាយ យ៉ាងនោះឯង ។ 

នែអគិ្គវេស្សនៈ សេចកី្តព្យាយាមរបស់តថាគត តឹងតែង ណាស់ មិនធូរថយឡើយ ទាំង​សតិក៏តម្កល់ខ្ជាប់ខ្ជួន មិនបានវង្វេងភ្លេច តែចំណែកខាង កាយរបស់តថាគត ដែល​ត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយ​សារ​សេច​​កី្តព្យាយាមដ៏លំបាកនោះឯង ។ ម្នាលអគ្គិវេស្សនៈ ទុកណា ជាទុក្ខវេទនា​ មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនបានគ្របសង្កត់ នូវចិត្តរបស់តថាគតឡើយ ។ ម្នាលអគិ្គវេស្សនៈ មានពួកទេវតា បានឃើញតថាគត ដូច្នោះហើយ និយាយយ៉ាងនេះថា ព្រះសមណគោតមធ្វើមរណកាលហើយ ។ ទេវតាពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតមមិនទាន់ធ្វើមរណកាលនៅឡើយទេ តែគង់នឹង ធ្វើមរណកាលពុំខាន ។ ទេវតាពួកខ្លះនិយាយយ៉ាងនេះថា ព្រះសមណគោតមមិនបាន ធ្វើមរណកាលទៅ​ហើយទេ ទាំងនឹងមិនធ្វើមរណកាលឡើយ ព្រះសមណគោតមជាអរហន្ត ទ្រង់​គង់​ព្រះជន្មាយុដោយពិត ការគង់ព្រះជន្មាយុរបស់ព្រះអរហន្តនោះ មានសភាពយ៉ាងនេះ ។

ម្នាលអគ្គិវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអាត្មាអញប្រតិបត្តិ ដើម្បីផ្តាច់បង់នូវអាហារ ដោយប្រការទាំងពួង ។ ម្នាលអគ្គិវេស្សនៈ លំដាប់នោះឯង ពួកទេវតាចូលទៅរកតថាគត ហើយនិយាយដូច្នេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គកុំប្រតិបតិ្តដើម្បីផ្តាច់បង់នូវអាហារ ដោយប្រការទាំងពួងឡើយ បពិត្រព្រះ​អង្គអ្នកនិទ៌ុក្ខ បើព្រះអង្គនឹងប្រតិបត្តិដើម្បីផ្តាច់បង់នូវអាហារ ដោយប្រការ​ទាំង​ពួង​តទៅ យើងទាំងឡាយនឹងញុំាង​ឱជាទិព្វ ឲ្យជ្រួតជ្រាបទៅតាមរណ្តៅរោម ទាំង​ឡាយ​របស់ព្រះអង្គ ៗ នឹងរស់នៅដោយឱជាទិព្វនោះបាន ។ ម្នាលអគ្គិវេស្សនៈ តថាគត នោះមានសេចកី្តត្រិះរិះយ៉ាងនេះថា បើអាត្មាអញនឹងប្តេជ្ញាថាខ្លួនជាអ្នកគ្មានភោជន ដោយប្រការទាំងពួងផង ទេវតាទាំងឡាយនេះ នឹងញុំាងឱជាទិព្វឲ្យជ្រួតជ្រាប ចូលទៅតាមរណ្តៅរោមទាំងឡាយរបស់អាត្មាអញផង អាត្មាអញនឹងរស់នៅដោយ​ឱជាទិព្វនោះផង អំពើនោះជាអំពើកុហករបស់អាត្មាអញ ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង ក៏និយាយឃាត់ទេវតាទាំងនោះវិញ តថាគតប្រាប់ថា កុំឡើយ ដូច្នេះ ។

ម្នាលអគិ្គវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ បរិភោគនូវអាហារបន្តិចៗ ទោះបីគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងកី្ត គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងកី្ត ត្រឹមតែមួយទូកដៃ ៗ ។ម្នាល​អគិ្គ​វេស្សនៈ តថាគតក៏បានបរិភោគ នូវអាហារបន្តិច ៗ ទោះបីគ្រាប់សណ្តែកបាយកី្ត គ្រាប់​ពពាយជ្រុងកី្ត គ្រាប់សណ្តែកកង់កី្ត គ្រាប់សណ្តែកទ្រើងកី្ត ត្រឹមតែមួយទូកដៃ ៗ ។​ ម្នាល​អគ្គិវេស្សនៈ កាលដែលតថាគតនោះ បរិភោគអាហារបន្តិច ៗ ទោះបីគ្រាប់ សណ្តែក​បាយកី្ត គ្រាប់ពពាយជ្រុងកី្ត គ្រាប់សណ្តែកកង់កី្ត គ្រាប់សណ្តែកទ្រើងកី្ត ត្រឹមតែមួយទូកដៃ ៗ កាយតថាគតក៏ដល់នូវអាការស្គាំងស្គមក្រៃលែង ។ អវៈយវៈតូចធំ របស់តថាគត ដូចជាថ្នាំងនៃវលិ្ល ឈ្មោះអសីតិកៈ ឬដូចជាថ្នាំងនៃវលិ្លប្រេង ព្រោះមានអាហារតិចនោះឯង ។ គូថរបស់តថាគត ដូចជាស្នាមជើងនៃសត្វឱដ្ឋ ព្រោះមានអាហារ​តិចនោះឯង ។ ឆ្អឹងខ្នងរបស់តថាគត រដិបរដុប ដូចជាលំពង់ឈើ ដែលវល្លិព័ទ្ធ​វេញ​ ព្រោះមានអាហារតិចនោះឯង ។ របៀបឆ្អឹងជំនីរទាំងឡាយ របស់តថាគត ក៏រគីម​រគាម ដូចជាបង្កង់នៃសាលាចាស់ ដ៏រគីមរគាម ព្រោះមានអាហារតិចនោះឯង ។ ប្រស្រី​ភ្នែក ក្នុងរណ្តៅភ្នែករបស់តថាគត ក៏ជ្រៅខូងចុះទៅ ដូចក្រពេញទឹកក្នុងអណ្តូង​ ទឹកជ្រៅ ដ៏ជ្រៅខូងចុះទៅ ព្រោះមានអាហារតិចនោះឯង ។ ស្បែកក្បាល ឰដ៏ក្បាល​ របស់តថាគត ដែលអាហារតិចនោះពាល់ត្រូវហើយ ក៏ស្វិតជ្រីវ ដូចជាផ្លែននោងព្រៃ ដែលគេកាត់ អំពីខ្ចី លុះខ្យល់នឹងកម្តៅថ្ងៃពាល់ត្រូវហើយ ក៏សិ្វតជ្រីវដូច្នោះឯង ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯងគិតថា អាត្មាអញនឹងស្ទាបស្បែកពោះ ក៏ចាប់ត្រូវលើ ឆ្អឹងខ្នងទៅវិញ គិតថាអាត្មាអញនឹងស្ទាបឆ្អឹងខ្នង ក៏ចាប់ត្រូវលើស្បែក​ពោះ​ទៅវិញ ម្នាលអគ្គិវេស្សនៈ ព្រោះថា ស្បែកពោះរបស់តថាគតជាប់នឹងឆ្អឹងខ្នង ព្រោះ​មានអាហារ តិចនោះឯង ។ ម្នាលអគិ្គវេស្សនៈ តថាគតនោះឯងគិតថា អាត្មាអញនឹង​បន្ទោបង់នូវវច្ចៈ ឬទឹកមូត្រ ក៏ដួលផ្កាប់ក្នុងទីនោះ ព្រោះមានអាហារតិចនោះឯង ។ ម្នាលអគិ្គវេស្សនៈ តថាគតនោះ ឯងធ្វើកាយនេះឲ្យស្រួលបួល ដុសខ្លួនប្រាណដោយ​ដៃ ម្នាលអគិ្គវេស្សនៈ កាលបើតថាគតនោះ ដុសខ្លួនប្រាណដោយដៃ រោមទាំងឡាយមានគល់ស្អុយ ក៏ធ្លាក់ចុះអំពីកាយ ព្រោះមានអាហារតិចនោះឯង ។ ម្នាល​អគិ្គវេស្សនៈ មនុស្សទាំងឡាយបាន ឃើញតថាគត ហើយពោលយ៉ាងនេះថា ព្រះ​សមណគោតម មានសម្បុរខ្មៅ ។ មនុស្សពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណ​គោតមមិនខ្មៅទេ ព្រះសមណគោតម សម្បុរសណ្តែកបាយ ។ មនុស្សពួកខ្លះនិយាយយ៉ាងនេះថា ព្រះ​សមណ​គោតមមិនមែនសម្បុរខ្មៅ មិនមែនសម្បុរសណ្តែកបាយទេ ព្រះសមណ​គោតមមាន សម្បុរស្បែកប្រផែះ ។ ម្នាលអគិ្គវេស្សនៈ សម្បុរស្បែករបស់តថាគតបរិសុទ្ធ ផូរផង់ដល់ម្ល៉ោះ ក៏ត្រឡប់ ជាអាប់អន់ ព្រោះមានអាហារតិចនោះឯង ។ 

ម្នាលអគិ្គវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះដូចេ្នះថា ជនទាំងឡាយ ណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអតីតកាល បានសោយនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសជាងនេះទៅ​ទៀត​ទេ ។ ជនទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអនាគតកាល នឹង​រងនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពី ព្យាយាម មានកំណត់​តែ​ត្រឹមប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។ ជនទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងកាលឥឡូវនេះ នឹងរងនូវ ទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច.. ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹម ប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។ ចំណែកខាងអាត្មាអញ មិនទាន់បាន ត្រាស់ដឹងនូវគុណវិសេសគឺញាណទស្សនៈដ៏ឧត្តម ដែលអាចកម្ចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយទុក្ករកិរិយា ដ៏ផ្សាខ្លោចនេះនៅឡើយ ។ ផ្លូវដទៃ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង គប្បីមានដែរឬហ្ន៎ ។ ម្នាលអគិ្គវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា កាលដែលអាត្មាអញអង្គុយ នៅក្រោមម្លប់នៃដើមព្រីងដ៏ត្រជាក់ ក្នុងកិច្ចការរបស់សក្យរាជជាបិតា ក៏ធ្លាប់បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិត្តកៈ និងវិចារៈ មានបីតិនិងសុខ ដែលកើតអំពីសេចកី្តស្ងាត់នោះ ហើយសម្រេចសម្រាន្តនៅ ឱហ្ន៎ នុ៎ះឯង ជាផ្លូវនៃការត្រាស់ដឹងហើយ​ ទេដឹង ។ ម្នាលអគិ្គវេស្សនៈ វិញ្ញាណជាគ្រឿងរឭកតាមនូវស្មារតី ក៏កើតឡើងដល់​តថាគតនោះថា ផ្លូវនុ៎ះឯងហើយ ជាផ្លូវនៃការត្រាស់ដឹង ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចកី្តតិ្រះរិះដូច្នេះថា សេចកី្តសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញខ្លាចសេចកី្តសុខនោះ ឬហ្ន៎ ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានឭសេចកី្តត្រិះរិះដូច្នេះថា សេចកី្តសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញ មិនខ្លាចសេចកី្តសុខនោះទេ ។ ម្នាល​អគិ្គវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះដូច្នេះថា បុគ្គលមានកាយ ដល់នូវអាការ​ស្គាំងស្គមក្រៃលែងយ៉ាងនេះ មិនងាយបាននូវសេចកី្តសុខនោះទេ បើដូច្នោះគួរតែ​អាត្មាអញ បរិភោគនូវអាហារដ៏គ្រោតគ្រាត គឺបាយនិងនំវិញ ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯងក៏បរិភោគនូវអាហារដ៏គ្រោតគ្រាត គឺបាយនិងនំ ។ ម្នាល​អគិ្គ​វេស្សនៈ សម័យនោះឯង ភិក្ខុទាំង ៥ រូប តាមមកបម្រើតថាគត ដោយគិតថា ព្រះ​សមណ​គោតមរបស់យើងនឹងបានត្រាស់ដឹងនូវធម៌ណា លោកនឹងប្រាប់នូវធម៌នោះ ដល់​យើងទាំងឡាយ ។ ម្នាលអគិ្គ​វេស្សនៈ ព្រោះហេតុតែតថាគត​បរិភោគនូវអាហារដ៏គ្រោតគ្រាត គឺបាយនិងនំ ក្នុងកាលណា ភិក្ខុទាំងប្រាំរូបនោះ លះបង់ រត់ចោលតថាគត ក្នុងកាលនោះ ដោយគិតថា ព្រះសមណគោតមប្រកបដោយល្មោភច្រើន ដោះចោលព្យាយាម ត្រឡប់ទៅដើម្បីសេចកី្តល្មោភច្រើន ។

ម្នាលអគ្គិវេស្សនៈ លុះតថាគតនោះឯង បរិភោគនូវអាហារដ៏គ្រោតគ្រាតហើយ ក៏មានកម្លាំង បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវ​បឋម​ជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិនិង សុខដែលកើតអំពីសេចកី្តស្ងាត់​នោះ ក៏សម្រេចសម្រាន្ត នៅដោយឥរិយាបថទាំង ៤ ។ ម្នាលអគ្គិវេស្សនៈ ទុក​ណា​ជាសុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្តរបស់តថាគតបានឡើយ ។ លុះតថាគតរម្ងាប់វិតក្កៈនិងវិចារៈហើយ ក៏បានដល់នូវទុតិយ​ជ្ឈាន​ ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចកី្តជ្រះថ្លាគឺសទ្ធា ជាសភាព​នៃចិត្តដ៏ខ្ពស់ឯក ឥតមានវិតក្កៈនិងវិចារៈមានតែបីតិនិងសុខ ដែលកើតអំពីសមាធី​គឺបឋមជ្ឈាន... ក៏បានដល់ នូវតតិយជ្ឈាន... បានដល់នូវចតុត្ថជ្ឈាន ក៏សម្រេចសម្រាន្ត​ទៅដោយឥរិយាបថទាំង ៤ ។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនាមានសភាពដូច្នេះកើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្ត របស់តថាគត បានឡើយ ។ កាល​ដែលចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួលពោល គឺកិលេស ប្រាស​ចាកឧបកិ្កលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ (ដោយអំណាចឈានទាំង ៤) ដោយប្រការដូច្នេះហើយ តថាគតបង្អោនចិត្តទៅដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ ។ តថាគតនោះ រឭកឃើញនូវបុព្វេនិវាស​ច្រើនប្រការ គឺរឭកឃើញជាតិ ១ ខ្លះ ជាតិ ២ ខ្លះ ។បេ។ រឭកឃើញនូវបុព្វេនិវាស​ច្រើនប្រការ ព្រមទាំងអាការគឺរូបនិងអាហារជាដើម ព្រមទាំងឧទ្ទេសគឺឈ្មោះនិងគោត្រកូលជាដើម ដោយប្រការដូច្នេះ ។ ម្នាលអគិ្គវេស្សនៈ វិជ្ជាទី ១ នេះ​ឯង តថាគតបានហើយក្នុងបឋមយាមនៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅហើយ វិជ្ជាក៏កើតឡើង​ សេចកី្តងងឹតខ្ជាត់បាត់ទៅហើយ ពន្លឺក៏កើតឡើងដល់តថាគត ដូចបុគ្គលដែលមិន​ប្រមាទ មានព្យាយាមញុំាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ដែល​បាននូវវិជ្ជាទី ១ នោះដែរ ។ ម្នាលអគ្គិវេស្សនៈ ទុកណាជាសុខវេទនា មានសភាព ដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ នូវចិត្តរបស់តថាគត បានឡើយ ។

កាលបើចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ តថាគតក៏បង្អោនចិត្តទៅ ដើម្បីសត្តចុតូបបាតញ្ញាណ ។ តថាគតនោះ មានចក្ខុ ដូចជាទិព្វដ៏ស្អាត កន្លងហួសចក្ខុរបស់មនុស្សធម្មតា ក៏បានឃើញនូវពួកសត្វដែលច្យុត ដែលកើតឡើង ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ រូបអាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ មួយវិញទៀត តថាគតដឹងច្បាស់នូវពួកសត្វដែលប្រព្រឹត្តទៅតាមកម្ម ។បេ។ ម្នាលអគ្គិវេស្សនៈ វិជ្ជាទី ២ នេះឯង តថាគតបានហើយ ក្នុងមជ្ឈិមយាមនៃរាត្រី អវិជ្ជាខ្ជាត់បាត់ទៅ ហើយវិជ្ជាក៏កើតឡើង សេចកី្តងងឹត ខ្ជាត់បាត់ទៅហើយ ពន្លឺកកើតឡើងដល់តថាគត ដូចបុគ្គលដែលមិនប្រមាទ មានព្យាយាមញុំាងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ដែលបាននូវវិជ្ជាទី ២ ដូច្នោះដែរ ។ ម្នាលអគ្គិវេស្សនៈ ទុកណាជាសុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់នូវចិត្ត របស់តថាគត បានឡើយ ។ 

កាលបើចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមាន ទីទួលពោល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគតក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ។ តថាគតបានដឹងច្បាស់តាមពិតថា នេះជាទុក្ខ បានដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ បានដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ បានដឹង ច្បាស់​តាមពិតថា នេះសេចកី្តប្រតិបត្តិជាដំណើរទៅកាន់ទីរលត់ទុក្ខ បានដឹងច្បាស់តាមពិត​ថា នេះជាអាសវៈ បានដឹងច្បាស់តាមពិតថា នេះជាធម៌នាំឲ្យកើតអាសវៈ បានដឹង ច្បាស់​តាមពិតថា នេះជាទីរលត់អាសវៈ បានដឹងច្បាស់តាមពិតថា នេះសេចកី្តប្រតិបត្តិ ជាដំណើរទៅកាន់ ទីរលត់អាសវៈ ។ កាលបើតថាគតនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តរបស់តថាគតរួចចាកកាមសវៈ​ផង ចិត្តរបស់តថាគតរួចចាកភវាសវៈផង ចិត្តរបស់តថាគតរួចចាកអវិជ្ជាសវៈផង ។បេ។ តថាគតដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀតមិនមានឡើយ ។ ម្នាលអគ្គិវេស្សនៈ វិជ្ជាទី ៣ នេះឯង តថាគតបានហើយក្នុងមច្ឆិមយាមនៃរាត្រី អវិជ្ជាខ្ជាត់បាត់ទៅហើយ វិជ្ជាក៏កើតឡើង សេចកី្តងងឹតខ្ជាត់បាត់ទៅហើយ ពន្លឺក៏កើតឡើងដល់តថាគត ដូចបុគ្គលដែលមិនប្រមាទ មានព្យាយាម ញុំាងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ដែលបាននូវវិជ្ជាទី ៣ ដូច្នោះដែរ ។ ម្នាលអគ្គិវេស្សនៈ ទុកណាជាសុខវេទនាមាន សភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់នូវចិត្តរបស់តថាគតបានឡើយ ។

(សុត្តន្តបិដក មជ្ឈិមនិកាយ មូលបណ្ណាសក មហាយមកវគ្គ បិដកលេខ ២២ ទំព័រ ១១៣) ដោយ ស.ដ.វ.ថ. ។

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
ទុក្ករកិរិយា និង ការត្រាស់ដឹង
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ១១,២១៣ ដង)
ទោស ៥ យ៉ាង របស់បុគ្គលទ្រុស្តសីល
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៦ (អាន: ៦,០៤៣ ដង)
ធម៌ដែលនាំឲ្យពួកអកុសលចម្រើនឡើង
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៥,៥៩១ ដង)
ផលនៃការសមាទានឧបេាសថកន្លះថ្ងៃ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.44