អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ១៦,៩៧១ ដង)
ការប្រឹក្សាគ្នារបស់សប្បុរសទាំងឡាយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់

|
សុត្តន្តបិដក អង្គុតរនិកាយ តិកនិបាត មហាវគ្គ ( បិ. ៤១ ទំ ២៤៣ )
ជនទាំងឡាយណានិយាយ ( ទាំងកំហឹង ) ជាអ្នកប្រកាន់ខ្ជាប់ ជាអ្នកលើកតម្កើងខ្លួន ពោលទាក់ទងដល់អនរិយគុណ ជាអ្នកស្វែងរកកំហុសគ្នាទៅវិញទៅមក តែងត្រេកអរចំពោះពាក្យទុព្ភាសិត សេចក្តីភ្លាំងភ្លាត់ភាន់ច្រឡំនឹងការផ្ចាញ់សម្តីនៃគ្នានឹងគ្នា ឯអរិយជនមិនប្រព្រឹត្តការនិយាយដូច្នោះឡើយ ។ បើអរិយជន ប្រាថ្នានឹងនិយាយ ក៏ជាអ្នកឈ្លាស ស្គាល់កាល និយាយតែពាក្យសម្តីដែលប្រកបដោយធម៌ ជាសម្តីដែលអរិយជនធ្លាប់ប្រព្រឹត្តមកហើយ ជាអ្នកមានប្រាជ្ញា មិនក្រោធ មិនលើកខ្លួន មានចិត្តឥតមានមានះគ្រប់សង្កត់ ជាអ្នកមិនលើកកម្ពស់ ជាអ្នកមិនរួសរាន់ លោកជាអ្នកមិនមានឫស្យានឹងសេចក្តីប្រកាន់ខ្លួន ដឹងពិតហើយទើបនិយាយ, សម្តីដែលគេនិយាយត្រូវ ក៏អនុមោទនា កាលបើគេនិយាយខុស ក៏មិនដេញដោល មិនប្រុងប្រណាំងប្រជែង មិនអាងហេតុចាប់ខុសគេ មិននិយាយប៉ប៉ាចប៉ប៉ោច មិននិយាយសង្កត់សង្កិនគេ មិននិយាយបាតដៃជាខ្នងដៃ ។ ការប្រឹក្សាគ្នារបស់សប្បុរសទាំងឡាយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីសេចក្តីជ្រះថ្លា, អរិយជនទាំងឡាយតែងប្រឹក្សាគ្នាយ៉ាងនេះ នេះជាការប្រឹក្សានៃអរិយជនទាំងឡាយ បុគ្គលអ្នកមានបញ្ញា កាលបើដឹងសេចក្តីនុ៎ះច្បាស់ហើយ មិនគួរនិយាយប្រឹក្សាលើកតម្កើងតែខ្លួនឯងឡើយ ។ ដកស្រង់ចេញពីសៀវភៅ ព្រហ្មចរិយធម៌ រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |