អានអត្ថបទ
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ២៣,៧៤៨ ដង)
សំនួរ ចម្លើយអំពីព្រះធម្មគុណ

|
ស. តើពាក្យថា ធម៌ មានន័យដូចម្ដេច? ច. បើពាក្យថា ធម៌មួយម៉ាត់ ប្រែបានច្រើនយ៉ាងគឺប្រែថា សភាវៈទ្រទ្រង់សត្វលោក គឺបុណ្យ បាប សុចរិត ទុច្ចរិត ពោលគឺ កុសលធម៌ក៏មានអកុសលធម៌ក៏មាន។ ស. ចុះពាក្យថា ធម្មគុណមានសេចក្ដី ដូចម្ដេច? ច. គុណធម៌ គឺភាវៈដែលស្រោចស្រង់ទ្រទ្រង់សត្វ អ្នកប្រតិបត្តិតាមគន្លងធម៌ ឲ្យបានសេចក្ដីសុខ សេចក្ដីចម្រើន។ ពាក្យថាព្រះធម៌ មានស័ព្ទដែលគួរប្រែចេញជាច្រើនយ៉ាងពិតមែន ប៉ុន្តែក្នុងទីនេះសំដៅយកចំពោះតែ ទ្រឹស្ដី គឺ សេចក្ដីអធិប្បាយពន្យល់ហេតុផលឲ្យឃើញជាបែបយ៉ាងព្រមទាំងផលរបស់បុគ្គល អ្នកសិក្សា អ្នកប្រតិបត្តិប៉ុណ្ណោះ។ ស. តើធម្មគុណទី ១ មានសេចក្ដីដូចម្ដេច? ច. ព្រះធម្មគុណទី ១ « ស្វាក្ខាតធម៌ » លោកសំដៅយក ព្រះបរិយត្តិធម៌ និងបដិបត្តិធម៌ព្រោះធម៌ទាំងនេះ ដែលព្រះសម្ពុទ្ធប្រកាសទុកហើយថាជាធម៌ស្របគ្នា រលាយចូលគ្នាដោយជិតស្និទ្ធ ដូចជាខ្សែដែលវេញធ្លុងត្រូវគ្នា មិនប្រែប្រួល ឃ្លាតចាកគ្នា មានលម្អក្នុងបទដើម បទកណ្ដាល និងបទចុង ព្រោះប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធបរិបូណ៌ក្រៃលែងគ្រប់យ៉ាងទាំងអត្ថ និងព្យព្ជានៈ។ បដិបត្តិធម៌ ជាផ្លូវជាឧបាយ សម្រាប់អ្នកប្រតិបត្តិ ដើម្បីឆ្ពោះត្រង់ទៅរកមគ្គផលនិព្វាន គឺថាកាលបើបុគ្គលមិនប្រតិបត្តិក៏មិន ត្រូវបានទទួលមគ្គផលនិព្វាន លុះត្រាតែប្រតិបត្តិទើបអាចដើម្បីបានមគ្គផលនិព្វាន។ « ស្វាក្ខាតោ ភគវតា ធម្មោ » ធម៌ដែលព្រះដ៏មានព្រះភាគត្រាស់សម្ដែងទុកល្អហើយ មាន ២ យ៉ាងគឺ៖ ១- បរិយត្តិធម៌ ធម៌របស់សេក្ខបុគ្គល (ការសិក្សា) ២- នព្វលោកុត្តរធម៌ ធម៌ជាលោកុត្តរមាន៩ យ៉ាងគឺ មគ្គ ៤ ផល ៤ និព្វាន ១។ ស. តើធម្មគុណទី ២ មានសេចក្ដីដូចម្ដេច? ច. ព្រះធម្មគុណទី ២ គឺ « សន្ទិដ្ឋិកធម៌ » សេចក្ដីថា មគ្គផលដែលបុគ្គលណាបានដល់ហើយបុគ្គលនោះ អាចឃើញជាក់ច្បាស់ដោយខ្លួនឯង។ មគ្គផលដែលបុគ្គលមិនទាន់បានដល់ មិនទាន់បានសម្រេចនោះ ពុំអាចមកឃើញជាមួយផងបានឡើយ។ ស. តើព្រះធម្មគុណ ទី ៣ មានសេចក្ដីដូចម្ដេច? ច. ព្រះធម្មគុណទី ៣ គឺ « អាកាលិកធម៌ » មានសេចក្ដីថា ធម៌ជាទីប្រគល់ឲ្យនូវផលដល់អ្នកប្រតិបត្តិមិនរង់ចាំកាល គឺថាកាលបើបុគ្គលបានអរិយមគ្គហើយ ក៏ត្រូវបានអរិយផលក្នុងលំដាប់គ្នា មិនឋិតនៅក្នុងអរិយមគ្គអស់កាលយូរឡើយមួយទៀតថា បើអរិយមគ្គកើតហើយពុំមែនសាបសូន្យត្រឹមអរិយមគ្គទៅវិញ ខានបានផលនោះឡើយ ពុំមែនដូចផ្កាឈើនិងផ្លែឈើនោះទេដូចយ៉ាង ដើមឈើមានផ្កាមានផ្លែតាមរដូវកាលផ្សេងៗគ្នា ផ្កាឈើខ្លះ គ្រាន់តែកើតមានអំពើដើមឈើ ហើយក៏ស្វិតស្រពោន ឬជ្រុះបាត់ទៅវិញ មិនបានទៅជាផ្លែទេ ផ្កាខ្លះក៏បានទៅជាផ្លែ។ អកាលិកធម៌ មិនប្រព្រឹត្តទៅដូចផ្កាឈើនោះឡើយ។ ស. តើព្រះធម្មគុណទី ៤ មានសេចក្ដីដូចម្ដេច? ច. ព្រះធម្មគុណទី ៤ គឺ « ឯហិបស្សិកធម៌ » មានសេចក្ដីថា ព្រះធម៌មានលម្អដ៏អស្ចារ្យ ចំណែកចំពោះបុគ្គលអ្នកប្រតិបត្តិ ដែលបានដល់ បានសម្រេចច្បាស់លាស់ហើយហាក់ដូចជា ហៅអ្នកដទៃឲ្យមកមើលឃើញបានថា « អ្នក ចូល មក នេះព្រះធម៌ អ្នកចូរមើលចុះ » ព្រះធម៌នេះស្រស់ត្រកាលណាស់ រមែងប្រាកដដល់បុគ្គលអ្នកបានសម្រេច។ ស. តើព្រះធម្មគុណទី ៥ មានសេចក្ដីដូចម្ដេច? ច. ព្រះធម្មគុណទី ៥ គឺ « ឱបនយិកធម៌ » មានសេចក្ដីថា ព្រះធម៌មានគុណដ៏ជ្រាលជ្រៅណាស់ដែលបុគ្គលគួរបង្អោនចូលមកទុកដាក់ ក្នុងចិត្តដោយគោរព គឺថាគួរចម្រើន គួរបណ្ដុះឲ្យកើតមានរឿយៗខ្ជាប់ខ្លួន ក្នុងខន្ធសន្ដាន។ ស. តើព្រះធម្មគុណទី ៦ មានសេចក្ដីដូចម្ដេច? ច. ព្រះធម្មគុណទី ៦ គឺ « បច្ចត្តវេទិតព្វវិញ្ញុធម៌ » មានសេចក្ដី ព្រះធម៌ គឺ មគ្គផល ដែលបុគ្គលណា ត្រូវដឹងបានចំពោះខ្លួនតាមទំនើងខ្លួនម្នាក់ឯង ឯអ្នកដទៃដែលមិនបានប្រតិបត្តិមិនបានចម្រើន តាមផ្លូវដ៏បរិសុទ្ធនោះពុំអាចបានដឹង បានឃើញផងឡើយ។ ធម្មគុណទី ២ ដល់ទី ៥ បានដល់បដិវេធធម៌ ( ធម៌គឺការត្រាស់ដឹង ឬយល់ច្បាស់) ។ ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក ដោយ៥០០០ឆ្នាំ |