អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨០៤ ដង)
រឿងស្តេចចចកឈ្មោះសព្វនាឋៈ

|
រឿងស្តេចចចកឈ្មោះសព្វនាឋៈ
(ចាក អ. ស.) (ចចកអើយ ចចកជើងមានះ វិនាសប្រាណឯង) ក្នុងកាលដែលកន្លងទៅហើយ មានបុរោហិតព្រះចៅពារាណសីម្នាក់ជាអ្នកចេះបឋវី ជយមន្ត(មន្តបង្វិលផែនដីឲ្យវិល) ។ ថ្ងៃមួបុរោហិត ចូលទៅកាន់អរណ្យប្រទេស អង្គុយលើខ្នងថ្មដោយបំណងថា នឹងស្វាធ្យាយមន្តវិជ្ជាការខ្លួន លុះអង្គុយស៊ប់សួនលើខ្នងថ្មរួចស្រួលបួលហើយ ក៏តាំងរាយមន្តនោះឯង ។ ក្នុងពេលដែលបុរោហិតស្វាធ្យាយមន្ត មានចចក១ដេកនៅក្នុងរន្ធខាងក្រោមផ្ទាំងសិលានោះ បានស្តាប់ដោយយកចិត្តទុកដាក់ ហើយធ្វើឲ្យចាំស្ទាត់ ។ ចចកនេះ កាលពីដើមធ្លាប់កើតជាពា្រហ្មណ៍ អ្នកចេះស្ទាត់ជំនាញនូវមន្តឈ្មោះបឋវីជយះនោះ ។ ចចកកបានចងចាំមន្តនេះស្ទាត់ហើយ ក៏បោលចូលទៅក្នុងព្រៃភ្លាម ហើយតាំងរាយមន្តប្រមូលសត្វចតុប្បាទទាំងឡាយ មានដំរីសេះ សីហ ខ្លាធំ ជ្រូកជាដើម ឲ្យមកចុះចូលក្នុងអំណាចខ្លួន ហើយតាំងខ្លួនឯងជាស្តេចនាមសព្វនាឋះ នឹងអភិសេកចចកញីមួយជាអគ្គហេសី ។ ជាធម្មតាស្តេចចចកនឹងអគ្គមហេសីតែងតែអង្គុយទន្ទឹមគ្នាលើខ្នងនៃសីហះដែលជ្រែងលើខ្នងដំរីមួយគូរ ។ ស្តេចចចកមានយសដ៏ខ្ពង់ខ្ពស់ច្រើនមហិមាយ៉ាងនេះ ក៏កើតចិត្តមានៈលោភលន់ចង់បានសម្បត្តិ របស់ព្រះចៅពារាណសីថែមទៀត ហើយប្រមូលកងទ៧ពវេហ៍ពលចូឡទៅលោមក្រុងពារាណសី មានចំនួនពល១២យោជន៍ ។ ទើបបញ្ជូនសារលិខិតមួយច្បាប់ទៅថ្វាយមានសេចក្តីថា " ព្រះចៅពារាណសីទ្រង់ឲ្យរាជឬ ឲ្យចំបាំងដល់យើង" អ្នកនគរវឹកវរភិតភ័យជាមហិមា ទើបបង្គាប់គ្នីគ្នាឲ្យបិទទ្វារក្រុង ។ ក្នុងនគរនោះមានបុរោហិតម្នាក់ ជាអ្នកមានប្រាជ្ញាវាងវៃជាពន់ពេក បានលួងលោមព្រះរាជានឹងអ្នកនគរកុំឲ្យភ័យ ខ្លួនទទួលភារៈចេញច្បាំងជួស ហើយឡើងទៅលើប៉មក្បែរទ្វារស្រែកសួរថា ហៃសព្វនាឋះសម្លាញ់អ្នកធ្វើឧបាយយ៉ាងណា ដែលមកប្រាថ្នារាជ្យនេះស្តេចចចកប្រាប់ថា យើងឲ្យសីហះបន្លឺឡើងនូវសំរែកដ៏ខ្លាំងធ្វើឲ្យមនុស្សក្សិណក្ស័យជីវិត ទើបយករាជ្យនេះ ។ លុះយកការណ៏បានហើយ បុរោហិតក៏ចុះពីប៉មមកបង្គាប់ឲ្យទូងស្គរកេរិ៍ពាសពេញនគរដោយពាក្យថា មនុស្សទាំងឡាយ ចូរបិទត្រចៀកដោយម្សៅសណ្តែករាជមាសកុំខាន។ មនុស្សទាំងឡាយក៏ធ្វើតាមបង្គាប់គ្រប់ៗគ្នា ដោយហោចទៅ សូម្បីតែសត្វឆ្មា ក៏មនុស្សយកម្សៅសណ្តែករាជមាសចុកត្រចៀកឲ្យដែរ ។ លុះអ្នកនគររៀបប្រដាប់ការពារខ្លួនប្រាណហើយស្រេច បុរោហិតក៏ទៅឡើងលើប៉មពោលប្រាប់ស្តេចចចកថា នែសព្វនាឋះ អ្នកមិនអាចនឹងញាំងសីហះឲ្យបន្លឺសីហនាទបានឡើយ កេសររាជសីហ៍ទាំងឡាយដែលបរិបូណ៍ដោយជាតិមានដៃជើងក្រហមឆ្អៅ មិនដែលធ្វើតាមអំណាចចចកកញ្ចាស់ប្រាកដដូចអ្នកឯងទេ បើអ្នកអាចឲ្យសីហះបន្លឺសម្រែកបាន ចូរឲ្យបន្លឺទៅចុះ ព្រោះល្មមពេលវេលាហើយ ។ ស្តេចសព្វនាឋះ ជាសត្វមានមានះរឹងត្អឹង ក៏ពោលប្រាប់បុរោហិតថា អញអង្គុយលើខ្នងសីហះណាអាចឲ្យសីហះនោះបន្លឺសម្រែកលាន់ឮខ្លាំងពេក ក៏ឡប់ញ្ញាវង្វេងវង្វាន់ភាន់ភាំងជល់តែគ្នាឯងស្លាប់ពេលនោះដែរ ។ សត្វចតុប្បាទទាំងអស់លើកតែសីហះចេញ ស្លាប់ទាំងអស់ដោយសម្រែកសត្វសីហះនោះឯង ។ ឯសីហះទាំងឡាយឃើញម្ចាស់នឹងយកពលស្លាប់អស់ដូច្នោះ ក៏បោលទៅក្នុងព្រៃវិញ ។ គំនរសត្វស្លាប់ មានចំងាយ១២យោជន៍ ។ បរុរោហិតបានបង្គាប់បុរសឲ្យយកនូវស្គរភរី ប្រកាសប្រាប់អ្នកក្រុង ឲ្យមកយកសាច់ទៅស៊ីខ្លះ ធ្វើងៀតទុកខ្លះ ។ពាក្យថាសាច់ងៀត មានពីត្រឹមនោះមក ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |