Reading Article
Public date : 13, Jan 2023 (2,450 Read)
ចិត្តប្រទូស្តរបស់បុគ្គលធ្វើមរណកាល
|
ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត កំណត់ចិត្តដោយចិត្តហើយ ដឹងច្បាស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលមានចិត្តប្រទូស្ដយ៉ាងនេះថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ មុខជាទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ រឿងនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលនោះ មានចិត្តប្រទូស្ដ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែមានចិត្តប្រទូស្ដ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត និងនរក។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ព្រះពុទ្ធ ទ្រង់ជ្រាបបុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលមានចិត្តប្រទូស្ដ ទើបទ្រង់ព្យាករសេចក្ដីនុ៎ះ ក្នុងសំណាក់ភិក្ខុទាំងឡាយថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ មុខជាទៅកើតក្នុងនរក ព្រោះតែបុគ្គលនោះ មានចិត្តប្រទូស្ដ បុគ្គលបែបនោះ ដូចជាគេនាំយកទៅទំលាក់យ៉ាងនេះឯង សត្វទាំងឡាយ រមែងទៅកាន់ទុគ្គតិ ព្រោះហេតុតែមានចិត្តប្រទូស។ ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១០។ បិដក ភាគ ៥៣ - ទំព័រទី ១៨ ដោយ៥០០០ឆ្នាំ
|
Articles you may like