Reading Article
Public date : 28, Jul 2019 (11,895 Read)
អំណាចនៃសេចក្ដីល្អ
|
សេចក្ដីល្អមានអំណាចសំខាន់ដ៏ក្រៃលែងក្នុងខ្លួនមនុស្ស ធ្វើឲ្យជាទីគោរពលើកតម្កើងរបស់មនុស្សទាំងឡាយ។ រឹតតែមានច្រើន ឬរឹតតែប្រើច្រើន គឺ រឹតតែល្អ និងជាពិសេស គឺមិនមានអ្នកណាមកទម្លាយបាន។ ឯចំណែកខ្លួនឯងវិញក៏រមែងសប្បាយចិត្ត មានសេចក្ដីសុខក្នុងជីវិត ដែលជាផលត្រូវឃើញច្បាស់ក្នុងបច្ចុប្បន្នទាន់ភ្នែក។ រីឯអ្នកដទៃដែលមានទំនាក់ទំនងសេពគប់ ក៏បានសុខត្រជាក់ស្រួលក្រោមម្លប់នៃគុណធម៌ផងដែរ។
សូម្បីមិនមានការអួតអាង និងមិនចាំបាច់មានការនិយាយឃោសនា បបួលឲ្យអ្នកណាៗមករាប់អាន ក៏សេចក្ដីពិតនៃគុណធម៌នោះៗ មានប្រាកដនៃខ្លួនឯងដែរ។ គុណធម៌ជាអំណាចដ៏រឹងមាំ និងឋិតថេរយូរអង្វែង មិនចាំបាច់ប្រជែងដណ្ដើមពីអ្នកដទៃ មិនមានការចុះទុនដោយការប្រព្រឹត្តអាក្រក់បៀតបៀនគ្នា និងមិនមានភ័យពីអ្នកដទៃដណ្ដើមយកឡើយ។ អំណាចនៃគុណធម៌ រមែងធ្វើឲ្យថ្ងៃ ខែ ឆ្នាំ ទាំងអស់ក្នុងជីវិត ទៅជា ថ្ងៃ ខែ ឆ្នាំ ល្អទាំងអស់សម្រាប់អ្នកដែលមាននូវគុណធម៌នោះ។ ជាពិសេសបំផុត គឺអំណាចនៃគុណធម៌អាចកម្ចាត់បង់សត្រូវក្នុងខ្លួនគឺកិលេសដែលជាមេនៃសេចក្ដីទុក្ខបាន។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |
Articles you may like