អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៤០៥ ដង)
ធម្មៈដែលសម្តែងអំពីការមិនមានតួខ្លួន (អនត្តា)

|
ធម្មៈដែលសម្តែងអំពីការមិនមានតួខ្លួន (អនត្តា)
ជំនឿរឿងអត្តា អ្វីដែលមនុស្សទូទៅនាំគ្នាយល់ថាជា " វិញ្ញាណ " " អត្តា " ឬដែលភាសាសំស្រ្កឹតហៅថា " អាត្ម័ន " នោះ គឺពួកគេនាំគ្នាសំដៅទៅដល់អ្វីដែលមាននៅក្នុងខ្លួនមនុស្ស ថាជាសភាវៈគង់វង្ស ឋិតឋេរនិងមានលក្ខណៈពេញលេញ ជាសភាវៈដែលមិនប្រែប្រួល ហើយស្ថិតនៅពីក្រោយលោកទាំងមូល ជាអ្នកសម្តែងចេញនូវការផ្លាស់ប្តូរប្រែប្រួល ។ សាសនាមួយចំនួនមានជំនឿថា មនុស្សម្នាក់ៗមានវិញ្ញាណដែលព្រះជាម្ចាស់បានបង្កើតមក ហើយបន្ទាប់អំពីការស្លាប់ វិញ្ញាណនេះក៏នឹងទៅស្ថិតជានិច្ចនិរន្តរ៍នៅក្នុងនរក ឬសួគ៌តាមជតាកម្មរបស់វិញ្ញាណ ដោយអាស្រ័យទៅលើការជំនុំជម្រះរបស់ព្រះជាម្ចាស់ ។ ចំណែកនៅក្នុងសាសនាមួយចំនួនទៀតមានជំនឿថា វិញ្ញាណឆ្លងកាត់ការមានជីវិតមកជាច្រើនគ្រា រហូតដល់ត្រូវបានជម្រះឲ្យបរិសុទ្ធផូរផង់ ហើយនៅទីបំផុតក៏នឹងចូលទៅនៅរួមជាមួយនឹងព្រះជាម្ចាស់ឬព្រះព្រហ្ម ពោលគឺវិញ្ញាណនៃចក្រវាលឬអាត្ម័ន ដែលជាប្រភពកំណើតរបស់ខ្លួន ។ ពួកគេនៅមានជំនឿទៀតថា វិញ្ញាណឬអត្តាជាអ្នកគិត ជាអ្នកទទួលដឹងនូវអារម្មណ៍ និងជាអ្នកទទួលគុណនិងទោសពីកម្មល្អនិងអាក្រក់របស់ខ្លួន ។ ជំនឿដូច្នេះហៅថា ជំនឿដែលជឿថាមានតួខ្លួន (អត្តវាទ) ។ ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី " បែ្រសម្រួលដោយ លីន កុសល ដោយ៥០០០ឆ្នាំ |