អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១៣,១៤២ ដង)
ការដាំដើមឈើឈ្មោះថា ធ្វើសេនាសនៈទាន

|
រុក្ខជាតិទាំងឡាយដែលដុះហើយលើផែនដី ធំក្តី តូចក្តី ជារុក្ខជាតិដុះឯងឬមានមនុស្សដាំ គឺជាជម្រកយ៉ាងត្រជាក់សម្រាប់មនុស្ស និងសត្វ ដូចជាដាំដើមឈើដែលនៅតាមព្រៃភ្នំជាជម្រករបស់សត្វព្រៃទាំងឡាយដូចជា ដំរី រមាំង ប្រើស ក្តាន់ ជាដើម និងសត្វបក្សាបក្សី ជាច្រើនទៀត ដែលបានរស់នៅតាមព្រៃឈើទាំងឡាយនោះ ។
ចំណែករុក្ខជាតិដែលដុះក្នុងស្រុក ជាជម្រករបស់សត្វស្រុកទាំងឡាយ និងជាជម្រករបស់មនុស្ស ជាគ្រហស្ថ ឬបព្វជិត ។ ដើមឈើណានៅតាមដងផ្លូវ គឺជាទីពឹងរបស់អ្នកធ្វើដំណើរទាំងឡាយ គឺអ្នកដំណើរទាំងនោះតែងចូលទៅជ្រកសម្រាកកាយ បរិភោគអាហារប្រកបដោយសេចក្តីរីករាយក្រោមម្លប់ឈើនោះ ។ បើដើមឈើណាដែលព្រះសង្ឃ ឬពុទ្ធបរិស័ទបានដាំនៅក្នុងទីអារាម គឺដើមឈើនោះមានប្រយោជន៍សម្រាប់ព្រះសង្ឃផង ពុទ្ធបរិស័ទផងបានជ្រកក្រោមម្លប់ញ៉ាំងឲ្យកម្លាំងកាយកើតឡើង ហើយបានបំពេញបុណ្យកុសលផ្សេងៗ នៅខាងក្រោមម្លប់ឈើទាំងនោះ ។ ម៉្យាងទៀតរុក្ខជាតិខ្លះ ដែលបានដាំបណ្តុះអាចនឹងមានផ្កាមានផ្លែនិងស្លឹកជាអាហាររបស់មនុស្សសត្វទាំងឡាយ ដូចជា ដើមត្នោត ដើមដូង ដើមស្វាយ ដើមអង្គាដី ជាដើម រុក្ខជាតិទាំងនោះមានប្រយោជន៍ គឺជាទីជម្រកដ៏ត្រជាក់ របស់មនុស្សសត្វទាំងឡាយ និងជាអាហាររបស់មនុស្សសត្វទាំងឡាយ ។ ដូច្នេះបើបុគ្គលឯណាបានដាំដើមឈើតាមដងវិថីក្តី តាមទីរមណីយដ្ឋានក្តី តាមទីសាធារណៈក្តី និងក្នុងវត្តអារាមក្តី គឺរមែងបានប្រយោជន៏ពីរយ៉ាង គឺប្រយោជន៍សម្រាប់ខ្លួនឯងមួយ និងសម្រាប់អ្នកដទៃមួយ ។ ប្រយោជន៍សម្រាប់ខ្លួនឯងតើដូចម្តេច? ក្នុងបច្ចុប្បន្ននេះ នឹងមានអ្នកសរសើររាប់អានគេតែងនិយាយថា លោកអ៊ុំ លោកតា លោកយាយ ឈ្មោះនេះបានដាំដើមឈើនៅត្រង់នេះ ត្រង់នោះជាដើម ហើយអ្នកផងតែងនិយាយទៀតថា អ្នកដាំដើមឈើនេះគឺជាអ្នកមានមេត្តា មានករុណានិងមានបញ្ញាវាងវៃ ទើបបានថែរក្សាដើមឈើទាំងនេះទុកឲ្យជាប្រយោជន៍ដល់មនុស្សសត្វទូទៅ ម៉្យាងទៀតអ្នកដាំដើមឈើជាទាន ក្នុងបរលោក រមែងបាននូវសម្បត្តិមនុស្សនិងសម្បត្តិទេវតានិងរួចផុតចាកទុក្ខ ។ ប្រយោជន៍សម្រាប់អ្នកដទៃ តើដូចម្តេច? គឺបានឲ្យអ្នកដទៃជ្រកអាស្រ័យផង និងញ៉ាំងធាតុអាកាសក្នុងស្រុកនោះៗ ឲ្យប្រព្រឹត្តទៅបានដោយល្អ ដូចជាការ ការពារខ្យល់ព្យុះជាដើម ។ ហេតុដូច្នេះ យើងទាំងអស់គ្នាត្រូវចេះដាំដើមឈើ និងជួយថែរក្សាព្រៃឈើឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ខ្លួនឯងនិងដល់សង្គមជាតិ ។ ព្រោះដាំដើមឈើមួយដើម ដូចជាបានកសាងផ្ទះមួយខ្នងឲ្យទៅជាទានដូច្នោះដែរ ។ ស្រង់ចាកសៀវភៅ " អានិសង្សទីសេនាសនៈទាន " រៀបរៀងដោយ ធម្មាចារ្យ កែវ-វិមុត្ត ដោយ៥០០០ឆ្នាំ |