អានអត្ថបទ
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២១,១៤៩ ដង)
ទោសនៃការទ្រុស្រ្តមិត្រ និងគុណនៃសង្គហធម៌

|
រឿងឧទិច្ចតាបស
( ចាក ស. ឯ.) ( ទោសនៃការទ្រុស្រ្តមិត្រ និងគុណនៃសង្គហធម៌ ) ក្នុងអវសរដែលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុង នគរពារាណសី មានព្រះរាជបុត្រ ១ព្រះអង្គ កាចឃោរឃៅ ជេរស្តីទាត់ធាក់គេឯងឥតហេតុផល ពួកព្រះរាជវង្សានុវង្ស និងប្រជាជនទាំងប្រទេស ស្អប់ខ្ពើមព្រះរាជកុមារនោះពន់ពេក នាំគ្នាហៅថាទុដ្ឋកុមារ ប្រែថាកុមារអ្នកប្រទុស្ត ។ ថ្ងៃមួយព្រះរាជកុមារ យាងទៅក្រសាលក្នុងស្ទឹងធំជាមួយរាជបរិពារ លុះទៅដល់បង្គាប់មហាត្លឹក ឲ្យនាំទៅស្រង់ទឹកកណ្តាលស្ទឹង ។ សម័យនោះ មហាមេឃងងឹតទោរទឹមគ្រប់ទិស បំរុងបង្អោរភ្លៀងធំ ពួកបរិពារនាំព្រះរាជកុមារចុះទៅកណ្តាលស្ទឹង ហើយខ្សឹបគ្នាឲ្យដឹងការសម្ងាត់ហើយ លែងព្រះរាជកុមារ ឲ្យអណ្តែតទៅតាមខ្សែទឹកស្ទឹងនោះទៅ ទើបនាំគ្នាមកកាន់ព្រះរាជនិវេសន៍វិញ ។ ព្រះរាជាកាលបើមិនឃើញព្រះរាជបុត្រហើយត្រាស់សួរពួកបរិពារ រកព្រះរាជបុត្រនោះ ។ ពួករាជ្យបរិពារក្រាបទូលថា បពិត្រព្រះប្រិយមហាក្សត្រ ពួកខ្ញុំព្រះអង្គមិនបានឃើញទេ កាលមេឃខ្មៅ ផ្គរ រន្ទះមុនភ្លៀងទូលព្រះបង្គំស្មានថា ទ្រង់យាងត្រឡប់មកព្រះរាជដំណាក់ហើយ ទើបទូលព្រះបង្គំតាមមករកនេះ ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ដូច្នេះហើយ ព្រួយព្រះរាជហឫទ័យ អាល័យព្រះរាជកុមារនោះជាខ្លាំង ទើបយាងទៅកាន់ស្ទឹង ចាត់រាជបុរសឲ្យដើរស្វែងរកគ្រប់ច្រកល្ហក តែមិនជួបឃើញព្រះរាជកុមារឡើយ ។ ឯព្រះកុមារ កាលអណ្តែត ទៅតាមស្ទឹងនោះបានឃើញឈើអណ្តែតទឹក ១ កំណាត់ក៏ចាប់តោងទៅ ។ នៅតាមមាត់ស្ទឹងនោះ មានកំណប់ទ្រព្យ ៤០ កោដិទៅកប់ជិតមាត់ស្ទឹងនោះ ដែលម្ចាស់ទ្រព្យដល់អាយុស្លាប់ ទៅកើតជាពស់ព្រៃនៅរក្សាទ្រព្យនោះ ។ ឯសេដ្ឋីម្នាក់ទៀត នៅនគរពារាណសីនោះដែរ បានយកទ្រព្យ ៣០ កោដិទៅកប់ក្នុងជិតគ្នាដល់ស្លាប់ទៅកើតជាកណ្តុរ នៅរក្សាទ្រព្យនោះ ។ ដោយអំណាចភ្លៀងធំ ទឹកស្ទឹងជោរជន់លិចរន្ធពស់ រន្ធកណ្តុរអស់សត្វទាំងពីរហែលតាមខ្សែទឹក មកប៉ះនឹងកំណាត់ឈើ ដែលព្រះរាជកុមារកំពុងតោង ក៏ឡើងទំលើកំណាត់ឈើនោះម្ខាងម្នាក់ ឯព្រះរាជកុមារនៅតោងកណ្តាល ឥតបៀតបៀនសត្វនោះឡើយ ចេះតែនាំគ្នាបណ្តែតខ្លួនតាមខ្សែទឹកនោះទៅ ដល់មាត់ស្ទឹងមួយ មានដើមរកាមួយដើម រលំក្បេរមាត់ស្ទឹងនោះ កូនសេកដែលនៅក្នុងសំបុកលើដើមរកាក៏ធ្លាក់ទៅក្នុងទឹក អណ្តែតវិលវល់តាមខ្សែទឹក ក៏ទៅតោងនឹងកំណាត់ឈើរបស់ព្រះរាជកុមារនោះដែរ រួមអ្នកអណ្តែតទឹកទាំងអស់ ៤នាក់ គឺព្រះរាជកុមារ ១ ពស់ ១ កណ្តុរ ១ សេក ១ ។ ក្នុងសម័យនោះ ព្រះពោធិសត្វ ទ្រង់សោយព្រះជាតិក្នុងត្រកូលឧទិច្ចព្រាហ្មណ៍ នាដែនកាសីបានចេញចាកផ្ទះទៅបួសជាតាបស តាំងអាស្រមនៅក្បែរមាត់ស្ទឹងនោះមានឈ្មោះហៅថា ឧទិច្ចតាបស លោកកំពុងតែដើរចង្រ្កមក្នុងពេលយប់ ស្រាប់តែឮសំឡេងព្រះរាជកុមារស្រែកយំក្តែងៗ ដោយសេចក្តីស្រេកឃ្លាន និងធាតុត្រជាក់បៀតបៀន លោកក៏មានព្រះទ័យមេត្តា ជួយស្រោចស្រង់ឲ្យរួចអំពីសេចក្តីស្លាប់ ទើបលោកស្រែកប្រាប់ពីចម្ងាយថា កុំភ័យចាំយើងជួយ ក៏លាត់ស្បង់ចងក្បិត ហើយលោតហែលទៅទាញយកទាំងកំណាត់ឈើនោះ មកដល់ច្រាំងនាំយកព្រះរាជកុមារ និងសត្វទាំងបី មានកំលាំងតិចហេវជាង ទើបនាំឲ្យអាំងភ្លើងមុន ឯព្រះរាជកុមារឲ្យអាំងក្រោយបន្ទាប់គ្នា ដើម្បីឲ្យស្រួលធាតុដល់ព្រះរាជកុមារនោះផង ដល់ពេលឲ្យអាហារ ក៏ឲ្យសត្វទាំងបីមុនដែរ ។ ព្រះរាជកុមារឃើញដូច្នោះមានសេចក្តីអាក់អន់ព្រះទ័យ នឹកថាតាបសនោះកោង មិនស្គាល់ព្រះរាជបុត្រព្រះបាទព្រហ្មទត្ត ក៏ចងគំនុំនឹងតាបសនោះ ។ នៅបានពីរ បីថ្ងៃ មានកម្លាំងស្រួលបួលគ្រប់គ្នា ទឹកស្ទឹងក៏ស្រក់អស់ដូចធម្មតា ។ ទើបពស់លាតាបស ហើយនិយាយបវារណាចំពោះតាបសថា "លោកម្ចាស់មានព្រះគុណលើរូបខ្ញុំព្រះករុណា ឥតអ្វីប្រៀបផ្ទឹមស្មើបាន ខ្ញុំសូមតបស្នងគុណលោកដោយកំណប់ទ្រព្យ ៤០ កោដិ បើមានសេចក្តីត្រូវការពេលណា សូមនិមន្តទៅរកខ្ញុំព្រះករុណា នៅក្បែរស្ទឹងឯនុះ ហើយហៅខ្ញុំព្រះករុណាថាពស់ៗ ដូច្នោះខ្ញុំព្រះករុណានឹងបង្ហាញកំណប់ទ្រព្យនោះដល់លោកម្ចាស់ បវារណាដូច្នេះហើយលាចេញទៅ ។ ឯកណ្តុរក៏បវារណាដោយកំណប់ទ្រព្យ ៣០ កោដិរបស់ខ្លួនដូចពស់ដែរ បានផ្តាំថាបើទៅរកខ្ញុំព្រះករុណាឲ្យហៅថាកណ្តុរៗដូច្នេះ ហើយលាចេញទៅ ។ ឯសេកបវារណាថា ខ្ញុំគ្មានកំណប់ទ្រព្យទេ បើព្រះគុណត្រូវការដោយស្រូវសាលី សូមនិមន្តទៅកន្លែងព្រះករុណាឯនោះ ហៅខ្ញុំព្រះករុណាថា សេកៗដូច្នេះ ខ្ញុំព្រះករុណានឹងនាំពួកសេកជាញាតិមិត្រ ទៅនាំស្រូវសាលីមកប្រគេន បវារណាដូច្នេះហើយក៏លាចេញទៅ ។ ចំណែកព្រះរាជកុមារ ដែលចងគំនុំនឹងតាបសគិតថា ត្រូវលានឹងគេដែរ អញបវារណាបញ្ឆោតតាបសឲ្យទៅកន្លែងអញៗនឹងសម្លាប់ចោល គិតដូច្នេះហើយបវារណាថាបពិត្រលោកម្ចាស់ បើឮថាខ្ញុំព្រះករុណាបានសោយរាជ្យហើយសូមទាននិមន្តទៅ ខ្ញុំព្រះករុណានឹងទំនុកបំរុងដោយបច្ច័យទាំងបួន លុះបវារណាលាហើយ ក៏លាចេញទៅ មិនយូរប៉ុន្មាន បានសោយរាជ្យដូចព្រះរាជបំណងមែន ។ តាបសគិតថា អញនឹងល្បងមើលសត្វទាំងបីជាមុនសិន តើវាដឹងគុណអញដូចវាថាមែនឬទេ ? ទើបនិមន្តទៅសំណាក់ពស់ជាមុន ពស់ឬតាបសហៅឈ្មោះខ្លួន ក៏ចេញពីរន្ធមកគួរសមគោរពតាបស ហើយជូនកំណប់ទ្រព្យទាំង ៤០ កោដិ តាបសទទួលហើយ ឲ្យពរសរសើរគ្រប់សព្វ ផ្ញើទុកសិននិមន្តទៅសំណាក់កណ្តុរទៀត កណ្តុរក៏ធ្វើបដិសណ្ឋារៈ ជូនកំណប់ ៣០ កោដិមានទំនងដូចពោះដែរ ។ តាបសទៅកាន់សំណាក់សេកទៀត សេកក៏ធ្វើបដិសណ្ឋារៈ សួរតាបសថា បើត្រូវការស្រូវសាលីក្នុងពេលនេះ ខ្ញុំនឹងនាំគ្នាទៅពាំពីព្រៃហេមពាន្តមកជូន តាបសថាកុំអាល ចាំត្រូវការយើងប្រាប់ ទើបនិមន្តទៅកាន់សំណាក់ព្រះរាជកុមារ ដែលទើបបានរាជាភិសេកហើយនោះ ទើបតែនិមន្តចូលទៅបិណ្ឌបាតក្នុងទីក្រុង ជួនជាខណៈនោះ ព្រះរាជាទ្រង់គង់លើដំរី ដើម្បីប្រទក្សិណព្រះនគរ ក៏បានទតឃើញតាបសពីចម្ងាយ ស្គាល់ជាក់ហើយគំនុំក៏កើតឡើង ទើបប្រាប់រាជបុរសថា អ្នកទាំងឡាយ ចូរចាប់តាបសនោះ ចងស្លាបសេកឲ្យឆាប់កុំឲ្យមកជួបនឹងអញ ហើយវាយបណ្តើរអាក្រោសក្នុងផ្លូវធំទាំង៤ ក្នុងព្រះនគរយកទៅកាន់ទីសម្លាប់កាត់ក្បាល យកដែកដោតឆ្កាងទុក ។ ពួករាជបុរស ក៏ចាប់តាបសចងស្លាបសេក វាយបណ្តើរតាមផ្លូវក្នុងព្រះនគរ បំរុងយកទៅសម្លាប់ ឯតាបសលោកមិនយំសោកអង្វរអ្នកណាឡើយ ព្រោះលោកដឹងថាជាការចងពៀររបស់ព្រះរាជា ទើបលោកនិយាយប្រកាសថា " តាមដំណឹងពិត បណ្ឌិតទាំងឡាយក្នុងលោកនេះ លោកពោលថា ស្រង់កំណាត់ឈើអណ្តែតទឹក ប្រសើរជាងស្រង់មនុស្សទ្រុស្តមិត្តកំណាចដែលលង់ទឹក " ។ ពួកបណ្ឌិតបុរសទាំងឡាយ នៅក្បែរនោះបានឮដូច្នោះហើយ សួរតាបសថា លោកម្ចាស់បានធ្វើគុណចំពោះព្រះរាជារបស់យើងខ្ញុំឬ ? តាបសប្រាប់ហូរហែរតាមដំណើររឿង ។ ពួកអ្នកនគរទាំងឡាយ បានស្តាប់ហើយកើតសេចក្តីអាណិតអាសូរចំពោះតាបស នឹកខឹងចំពោះព្រះរាជា ទើបស្រែកប្រកាសថា " ព្រះរាជាអង្គនេះជាមនុស្សអកត្តញ្ញូ ទ្រុស្តមិត្រ យើងរាប់អានព្រះរាជាបែបនេះ សេចក្តីទុក្ខ អន្តរាយនឹងកើតដល់ពួកយើងមិនខាន យើងត្រូវចាប់សម្លាប់ចោលចេញ ក៏នាំគ្នាឡោមពទ្ធ័ចាប់សម្លាប់បោះចោលក្នុងជ្រោះហើយ អញ្ជើញតាបសឲ្យសោយរាជ្យអភិសេកជាក្សត្រក្នុងនគរនោះទៅ ។ តាបសគឺព្រះបរមពោធិសត្វ ទ្រង់គ្រប់គ្រងរាជ្យប្រកបដោយទសពិធរាជធម៌ដ៏បរិបូណ៍ ញុំាងប្រជាជនឲ្យបានសុខសាន្តគ្រប់និគមជនបទទាំងអស់ ។ ថ្ងៃមួយបាន នាំពួករាជបរិពារទៅនាំពស់ កណ្តុរ សេក និង ជីកកំណប់ទ្រព្យ ៧០ កោដិមកទុកក្នុងព្រះនគរ ចំណាយទ្រព្យធ្វើទ្រុងមាស រន្ធកែវផលិតឲ្យពស់ កណ្តុរ សេកនៅ ហើយជប់លៀងឲ្យចំណីដល់សត្វទាំងនោះ ដោយវត្ថុមានតម្លៃច្រើន ។ ព្រះរាជា និងសត្វទាំងបី មានសេចក្តីរាប់អានគ្នាដរាបដល់អស់អាយុរៀងៗខ្លួន ។ បានដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក ដោយ៥០០០ឆ្នាំ |