អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៩៤៦ ដង)
សេចក្ដីទុក្ខសោក កើតអំពីសេចក្ដីស្រលាញ់

|
រឿងឯកបុត្កគហបតី
(ចាក បិ. ម.) (សេចក្ដីទុក្ខសោក កើតអំពីសេចក្ដីស្រលាញ់) កាលនោះព្រះមានព្រះភាគ គង់នៅវត្តជេតពន ជិតក្រុងសាវត្ថី។ មានគហបតីម្នាក់ កើតទុក្ខក្រៀមក្រំ បានចូលលទៅគាល់ព្រះអង្គ ក្រាបថ្វាយបង្គំហើយអង្គុយក្នុងទីគួរមួយ។ ព្រះសម្ពុទ្ធត្រាស់សួរថា ម្នាលគហបតី អ្នកមានមុខក្រៀមស្រពាប់ស្រពោន តើមានហេតុអ្វី? គហបតីក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើនទូលព្រះបង្គំមានបុត្រតែមួយគត់ ឥឡូវវាធ្វើមរណកាលចោលខ្ញុំព្រះអង្គទៅ។ និយាយដូច្នេះហើយ ក៏យំសោកចំពោះព្រះភ័ក្ត្រ រៀបរាប់ថា ម្នាលកូនសម្លាញ់ ឪពុកស្រលាញ់កូនណាស់ ស្រលាញ់អូនស្មើជីវិត តាំងពីកូនស្លាប់ទៅ ឪតែងទៅយំសោក ហៅរកកូននៅឈាបនដ្ឋានរាល់ថ្ងៃ កិច្ចការ និងចំណីអាហារ ឪលះបង់អស់ហើយ ឥតចង់បានទ្រព្យ ឥតស្រេកឃ្លានឡើយ តើឥឡូវនេះកូននៅទីណា ឲ្យឪឃើញមុខផង។ ព្រះសម្ពុទ្ធត្រាស់ថា ម្នាលគហបតី ដំណើរនេះពិតយ៉ាងហ្នឹងហើយ សេចក្ដីសោកស្ដាយ ខ្សឹកខ្សួល ទុក្ខតូចចិត្ត និងការចង្អៀតចង្អល់ចិត្ត តែងកើតមកអំពីសេចក្ដីស្រលាញ់ មានសេចក្ដីស្រលាញ់ជាដែនកើត។ គហបតីឆ្លើយបដិសេធពុទ្ធភាសិតនេះថា ត្រូវដូច្នេះខ្លះដែរ ប៉ុន្តែបើតាមពិតនោះ សេចក្ដីត្រេកអរ និងសេចក្ដីរីករាយ តែងកើតមកអីពីសេចក្ដីស្រលាញ់ មានស្រលាញ់ជាដែនកើតវិញទេ។ និយាយដូច្នេះហើយ ក៏ក្រោកចាកអាសនៈចេញទៅ ឥតមានការគួរសមចំពោះព្រះសម្ពុទ្ធឡើយ។ ទៅដល់ពាក់កណ្ដាលផ្លូវ បានជួបពួកអ្នកលេងល្បែងភ្នាល់ ក៏និយាយប្រាប់អ្នកទាំងនោះថា ព្រះពុទ្ធបានសម្ដែងខុសយ៉ាងនេះថា សេចក្ដីទុក្ខសោកកើតមកពីសេចក្ដីស្រលាញ់។ ចំណែកខ្ញុំយល់ថា សេចក្ដីត្រេកអររីករាយសប្បាយ កើតពីសេចក្ដីស្រលាញ់។ ពួកអ្នកលេងឆ្លើយអបជើងថា បាទទាន លោកមានប្រសាសន៍ពិតជាត្រូវ។ គហបតីគិតថា វាទៈរបស់អញសមគ្នានឹងយោបល់របស់ពួកអ្នកលេងហើយ។ ក៏ដើរចេញពីទីនោះទៅ។ ពាក្យនេះបានឮខ្ទរខ្ទាលទៅក្នុងព្រះរាជវាំង ព្រះបាទបសេនទិកោសល ត្រាស់សួរនាងមល្លិកាទេវីជាមហេសីថា ព្រះសមណគោតម ជាគ្រូរបស់នាងបានសម្ដែងថា សេចក្ដីទុក្ខសោកកើតអំពីសេចក្ដីស្រលាញ់ ដូច្នេះមែនឬ? ព្រះនាងមល្លិកាទេវីក្រាបបង្គំទូលថា បើព្រះសម្ពុទ្ធបរមគ្រូសម្ដែងយ៉ាងណាពិតជាដូច្នោះមែនហើយ។ វេលានោះព្រះបាទបសេនទិកោសល ទ្រង់ខ្ញាល់ចំពោះនាងមល្លិកាទេវីថា នែ! មល្លិកានាងចេះតែចាក់បណ្ដោយ ឲ្យតែគ្រូថាយ៉ាងណា សិស្សចេះតែគាំទ្រថាត្រូវយ៉ាងនោះ នាងចូរជៀសចេញអំពីមុខអញទៅ នាងឯងខិលខូចណាស់។ នាងក៏ចេញទៅរាជដំណាក់វិញ។ លុះទៅដល់ហើយ បានហៅនាឡិជង្ឃព្រាហ្មណ៍ឲ្យចូលគាល់ មានព្រះសវនីយ៍ថា នែ ព្រាហ្មណ៍ចូរអ្នកទៅគាល់ព្រះសម្ពុទ្ធបរមគ្រូ ថាខ្ញុំសូមថ្វាយបង្គំព្រះបាទា ដោយសិរិសាហើយថា ខ្ញុំសូមក្រាបបង្គំទូលសួរអំពីព្រះវាចាថាសេចក្ដីទុក្ខសោក កើតអំពីសេចក្ដីស្រលាញ់ មានសេចក្ដីស្រលាញ់ជាដែនកើត តើព្រះអង្គបានសម្ដែងដូច្នេះមែនឬទេ។ កាលនាឡជង្ឃព្រាហ្មណ៍ទៅដល់ថ្វាយបង្គំ តាមដំណើរការណ៍ ហើយព្រះសម្ពុទ្ធត្រាស់ថា ពិតដូច្នេះមែនរឿងធ្លាប់មានមកហើយ។ ម្នាលព្រាហ្មណ៍ ក្នុងក្រុងសាវត្ថីនេះ មានស្ត្រីម្នាក់កើតទុក្ខសោក ព្រោះមាតាស្លាប់ នាងទៅជាឆ្កួត ដើរគ្រប់ច្រក់ល្ហក់រកមាតាខ្លួន។ នេះហើយជាសេចក្ដីទុក្ខសោកកើតអំពីសេចក្ដីស្រលាញ់។ ម្នាលព្រាហ្មណ៍ ក្នុងក្រុងសាវត្ថីនេះឯង មានបុរសម្នាក់កើតទុក្ខព្រោះមាតាស្លាប់ដែរ បុរសនោះទៅជាឆ្កួតដើរគ្រប់ច្រកល្ហកសួររកមាតាខ្លួន។ នេះហើយជាសេចក្ដីទុក្ខកើតអំពីសេចក្ដីស្រលាញ់។ ម្នាលព្រាហ្មណ៍ ក្នុងក្រុងសាវត្ថីនេះឯង មានស្ត្រីម្នាក់ទើបនឹងមានស្វាមី ពួកញាតិរបស់នាងមិនពេញចិត្តបាននិយាយបំបែកចេញអំពីស្វាមី បម្រុងលើកនាងទៅឲ្យបុរសដទៃទៀត។ នាងមានសេចក្ដីស្រឡាញ់ចំពោះស្វាមីបានដំណាលរឿងនោះប្រាប់។ ឯស្វាមីក៏មានសេចក្ដីស្រឡាញ់ចំពោះនាងដែរ គិតស្រុះគ្នាដូច្នេះហើយ ស្វាមីកាប់ប្រពន្ធជាពីរកំណាត់ ហើយវះពោះខ្លួនឯងស្លាប់ជាមួយគ្នាទៅ។ នេះឯងជាសេចក្ដីទុក្ខសោក កើតអំពីសេចក្ដីស្រលាញ់។ គ្រានោះ នាឡិជង្ឃព្រាហ្មណ៍ ត្រេកអរ អនុមោទនាចំពោះព្រះពុទ្ធភាសិតនេះ ហើយថ្វាយបង្គំលាទៅបរមរាជវាំង នាំពុទ្ធភាសិតនោះទៅក្រាបទូលនាងមល្លិកាទេវីតាមដំណើររឿង។ ព្រះនាងមល្លិកាទេវី មានព្រះទ័យរីករាយ ចូលទៅគាល់ព្រះបាទបសេនទិកោសល ទូលសួរថា បពិត្រមហារាជកុមារីព្រះនាមវជិរី ជារាជធីតា តើព្រះអង្គសព្វព្រះទ័យស្រឡាញ់ទេ? -អើមល្លិកា យើងស្រឡាញ់ រជិរីកុមារីណាស់។
-បើកុមារីនេះ និរាសព្រាត់ប្រាស់ទៅ តើព្រះអង្គមានសេចក្ដីទុក្ខសោកតូចព្រះទ័យឬទេ? -អើ មល្លិកា បើដូច្នេះមែន ជីវិតរបស់អញ ក៏មុខជានឹងប្រែប្រួលទៅដែរ ចំណង់បើសេចក្ដីទុក្ខសោកនោះនឹងខានកើតមានដល់អញឯណាបាន។ -បពិត្រមហារាជ នាងវាសភខត្កិយា ព្រះអង្គសព្វព្រះទ័យស្រឡាញ់ឬទេ? -អើ មល្លិកា យើងស្រឡាញ់វាសភខត្តិយាណាស់។ -បើនាងព្រាត់ប្រាស់និរាសទៅ តើព្រះអង្គមានសេចក្ដីទុក្ខសោកតូចព្រះទ័យឬទេ? -ពិតជាមានណាស់ហើយ។ -បពិត្រមហារាជ វិឌួឌភសេនាបតី ព្រះអង្គសព្វព្រះទ័យស្រលាញ់រាប់អានឬទេ? -អើ មល្លិកា យើងស្រលាញ់សេនាបតីនេះណាស់។ -បើសេនាបតីនោះព្រាត់ប្រាស់និរាសទៅ តើព្រះអង្គមានសេចក្ដីទុក្ខសោកតូចព្រះទ័យឬទេ? -ពិតជាមានណាស់ហើយ។ -បពិត្រមហារាជ ចុះខ្លួនខ្ញុំម្ចាស់ តើព្រះអង្គសព្វព្រះទ័យស្រលាញ់ដែររឺទេ? -អើ មល្លិកា ឯងជាទីស្រលាញ់របស់អញណាស់ដែរ។ -បើខ្ញុំម្ចាស់ ព្រាត់ប្រាស់និរាសចាកព្រះអង្គទៅ តើព្រះអង្គមានសេចក្ដីទុក្ខសោក អាឡោះអាល័យតូចព្រះទ័យដែរឬទេ? -អើ មល្លិកា! បើឯងព្រាត់ប្រាស់ពីអញទៅ សេចក្ដីទុក្ខសោក នឹងកើតមានដល់អញប្រាកដណាស់ សូម្បីជីវិតអញក៏នឹងត្រូវប្រែប្រួលទៅដែរ។ -បពិត្រមហារាជ ដែនកាសី និងដែនកោសល តើព្រះអង្គសព្វព្រះទ័យឬទេ? -អើ មល្លិកា ដែនទាំងពីរនេះ ជាទីស្រលាញ់របស់ព្រោះយើងប្រើប្រាស់ខ្លឹមចន្ទន៍ ដែលបានមកអំពីដែនទ្រទ្រង់កម្រងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗអានុភាពនេះដែនទាំងពីរនេះឯង។ -បើដែនទាំងពីរនេះ មានវិបត្តិប្រែប្រួលទៅ តើព្រះមានសេចក្ដីទុក្ខសោក តូចព្រះទ័យឬទេ? -អើ មល្លិកា ពិតជាមានណាស់ហើយ។ព្រះបាទបសេនទិកោសល ត្រាស់ថា អស្ចារ្យណាស់មល្លិកា ព្រះសម្ពុទ្ធអង្គនោះ ប្រហែលជាទ្រង់ត្រាស់ដឹងឃើញច្បាស់ដោយប្រាជ្ញាមែន នាងចូលឲ្យទឹកសម្រាប់ជម្រះកាយដល់អញ។ លុះព្រះអង្គជម្រះព្រះកាយហើយ ពានាសំពត់ ប្រណម្យអញ្ជីឆ្ពោះត្រង់ទីព្រះសម្ពុទ្ធ ទ្រង់គង់បន្លឺឧទានអស់វារៈបីដងថា " នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស "។ កាលបើព្រះបាទបសេនទិកោសល បានយល់ហេតុនៃសេចក្ដីស្រលាញ់ និងសេចក្ដីទុក្ខសោកដូច្នេះហើយនាងមល្លិកាក្រាបបង្គំទូលថាៈ បពិត្រមហារាជ ព្រះអរហន្តសម្ពុទ្ធបរមគ្រូរបស់ខ្ញុំទ្រង់ជ្រាបច្បាស់ ឃើញច្បាស់តាមដំណើរនេះហើយ ព្រះអង្គត្រាស់សម្ដែងថា " បិយជាតិកា សោកបរិក្ខទោមនស្សុបាយាសា បិយប្បភូតិកា ប្រែថា សោកខ្សឹកខ្សួល សេចក្ដីទុក្ខតូចចិត្ត សេចក្ដីចង្អៀតចិត្ត តែងកើតឡើងអំពីសេចក្ដីស្រលាញ់ មានសេចក្ដីញំជាដែនកើត "។ ស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក ដោយ៥០០០ឆ្នាំ |