អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ២៣,២៧២ ដង)
ចិត្តរបស់បុថុជ្ជនតែងតែប៉ោងផតដោយលោកធម៌

|
រឿងភិមសេនបុរស
( ចាក ភិ. ឯ. ) ( ចិត្តរបស់បុថុជ្ជនតែងតែប៉ោងផតដោយលោកធម៌ ) កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្ត សោយរាជ្យក្នុងក្រុងពារាណសី កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិក្នុងត្រកូលឧទិច្ចព្រាហ្មណ៍ បានរៀនសិល្បសាស្ត្រចេះយ៉ាងចំណានសព្វគ្រប់ ហើយពូកែឆើតខាងវិជ្ជាបាញ់ធ្នូទើបអ្នកនគរហៅថា " ចុឡធនុគ្គហបណ្ឌិតពោធិ" ។ ដំណឹងតាមជើងគម្ពីរថា ចុឡធនុគ្គហបបណ្ឌិតពោធិសត្វនោះមានរូបកាយតូចទាប មិនមាំទាំសមជានាយខ្មាន់ធ្នូទេ ។ ថ្ងៃមួយមានសេចក្តីត្រិះរិះថា ខ្លួនអញមិនសមជានាយខ្មាញ់ធ្នូ គួរតែអញប្រាស្រ័យទាក់ទងនិងបុរសណាមួយដែលមានរូបមាំទាំសមជាខ្មាញ់ធ្នូ ហើយនាំទៅគាល់ព្រះរាជាអង្គណាមួយ ដើម្បីចិញ្ចឹមជីវិតដោយសាររូបបុរសនោះ ។ គិតដូច្នេះហើយ ក៏ដើរស្វែងរកបានជួបនឹងជាងតម្បាញម្នាក់ មានរូបធំថ្លោសមាំទាំ ទើបព្រះពោធិសត្វសួរថា សម្លាញ់ឯងឈ្មោះអ្វី ? ជាងតម្បាញប្រាប់ថា ខ្ញុំឈ្មោះភិមសេន ។ ព្រះពោធិសត្វនិយាយថា អ្នកមានរូបកាយធាត់ធំតែគ្មានចំណេះឲ្យសមតាមមាឌ ចំណែកខ្ញុំមានវិជ្ជាខាងបាញ់ធ្នូពូកែអស្ចារ្យក្នុងជម្ពូទ្វីប មានតែមួយប៉ុណ្ណោះ ប៉ុន្តែមាឌខ្ញុំមិនបានហេតុដូច្នោះចូរអ្នកធ្វើជាមិត្រនឹងខ្ញុំ អ្នកចូលទៅក្រាបទូលព្រះរាជាថា អ្នកជានាយខ្មាញ់ធ្នូ ព្រះរាជានឹងសព្វព្រះរាជហឫទ័យចំពោះអ្នកបើមានធ្វើការអ្វីចាំខ្ញុំធ្វើជំនួស យើងនឹងរស់នៅក្នុងឋានៈខ្ពង់ខ្ពស់ ដោយឧបាយនេះទាំងពីរនាក់ ។ ភិមសេនបុរសមានសេចក្តីត្រេកអរ នាំគ្នាទៅគាល់ព្រះបាទព្រហ្មទត្ត ព្រះពោធិសត្វក៏ដាក់ខ្លួនធ្វើជាអ្នកបំរើភិមសេនបុរស ។ ព្រះបាទព្រហ្មទត្ត ឃើញអ្នកទាំងពីរចូលគាល់ហើយ ត្រាស់សួរថា អ្នកមានការអ្វី ? ភិមសេនបុរសទូលថា មកសូមជ្រកកោនក្រោមម្លប់ព្រះរាជសម្ភារបារមី ព្រះករុណាថ្លៃវិសេស ព្រោះទូលព្រះបង្គំចេះពូកែយ៉ាងចំណានខាងវិជ្ជាបាញ់ធ្នូ ។ ព្រះរាជាត្រាស់សួរភិមសេនទៀតថា ចុះបុរសតូចទាបដែលអង្គុយក្រោយខ្នងអ្នកនោះជាអ្វីនឹងអ្នក ? ភិមសេនទូលថា ជាអ្នកបំរើទូលព្រះបង្គំ ។ព្រះរាជាមានព្រះរាជហឫទ័យសោមនស្សចំពោះនាយភិមសេន ក៏ទ្រង់ទទួលឲ្យនៅ ហើយព្រះរាជទានប្រាក់បៀរវត្សន៍ឲ្យក្នុង ១ ខែ ១ ពាន់កហាបណៈ ។ ចាប់ដើមពីថ្ងៃនោះមក កិច្ចការរាជការទាំងប៉ន្មានដែលជាមុខក្រសួងរបស់នាយភិមសេន គឺចុឡធនុគ្គហបណ្ឌិត ពោធិសត្វធ្វើជំនួសទាំងអស់ ។ ថ្ងៃមួយមានខ្លាធំចូលស្រុក ពួននៅព្រៃគុម្ពោតមួយចាំចាប់អ្នកស្រុកស៊ីជាអាហារ អ្នកផងដើរទៅមកមិនដឹងវាចាប់ស៊ីអស់ជាច្រើន ។ ព្រះរាជាទ្រង់ជ្រាបដំណឹងនោះ ក៏ចាត់នាយភិមសេនឲ្យទៅចាប់ខ្លា ។ នាយភិមសេនទទួលធានាថា អាចចាប់យកខ្លាមកថ្វាយបាន ហើយថ្វាយលាបង្គំព្រះរាជា ចូលទៅប្រាប់ព្រះពោធិសត្វៗ ប្រាប់ឧបាយថា " អ្នកចូលទៅប្រកាសប្រាប់អ្នកស្រុកថា ឲ្យនាំគ្នាកាន់កាំបិទ ពូថៅ ដាវ លំពែង ស្នា ធ្នូទៅតាមអ្នក ដើម្បីចាប់ខ្លា កាលបើទៅដល់ព្រៃនោះ ឲ្យអ្នកស្រុកព័ទ្ធជុំវិញហើយ អ្នកឯងចូលទៅពួនក្បែរឈើណាមួយ អ្នកស្រុកនឹងសម្លាប់ខ្លានោះបានជាពុំខាន បើដឹងថាគេសម្លាប់បានហើយ អ្នកបោចវល្លិ៍កាន់ដើរតម្រង់ទៅកន្លែងនោះ ហើយនិយាយបំភ័យអ្នកស្រុកថា អ្នកណាវាយខ្លានោះស្លាប់ យើងទៅបោចវល្លិ៍ បំរុងចាប់ខ្លានេះចងទាំងរស់យកទៅថ្វាយព្រះរាជា អ្នកទាំងឡាយមិនគួរធ្វើដូច្នេះសោះ កាលបើនិយាយដូច្នេះហើយ អ្នកស្រុកនិងភិតភ័យនិយាយអង្វរអ្នកថា " សូមលោកអត់ទោសពួកយើងខ្ញុំ បានជាសម្លាប់ជ្រុលទៅហើយ យើងខ្ញុំនឹងជូនទ្រព្យជាទីគាប់ចិត្តដល់លោក.. " អ្នកនឹងបានល្បីថាអាចសម្លាប់ខ្លាបានតែម្នាក់ឯងផង បានទ្រព្យអំពីអ្នកស្រុកផង បានទទួលព្រះរាជរង្វាន់យ៉ាងច្រើនអំពីព្រះរាជាផង ។ នាយភិមសេន ធ្វើតាមឧបាយព្រះពោធិសត្វ ក៏បានសម្រេចលទ្ធផលដូចឧបាយនោះមែន ។ សម័យក្រោយមក មានក្របីព្រៃកំណាច ធ្វើបាបសម្លាប់អ្នកស្រុក ព្រះរាជាចាត់ប្រើនាយភិមសេនទៀត នាយភិមសេនធ្វើតាមឧបាយព្រះពោធិសត្វ បានសម្រេចលទ្ធផលដូចមុនទៀត ។ បុណ្យស័ក្តក៏ចេះតែឡើងជាលំដាប់ ។ នាយភិមសេន ស្រវឹងដោយលោកធម៌ ក៏ភ្លេចព្រះពោធិសត្វ ត្រឡប់ជាតិះដៀលព្រះពោធិសត្វថា មិនបានការ ហើយលើកខ្លួនឯងថា ជាអ្នកគ្រាន់បើឆ្លាតប្រសព្វវាងវៃវិញ ព្រះពោធិសត្វ ឮដូច្នោះហើយក៏នៅស្ងៀម មានអាការៈជាប្រក្រតីដូចពេលមុនៗ មក ។ កន្លងបានបន្តិចមកមានស្តេចសាមល្ល លើកទព័មកព័ទ្ធក្រុងពារាណសី ព្រះបាទព្រហ្មទត្ត ក៏ចាត់នាយភិមសេនឲ្យចេញទៅបង្រ្កាប នាយភិមសេនក៏តាំងខ្លួនជាមេទព័ធំ ឡើងជិះលើខ្នងដំរីជ័យ នាំពលសេនាទៅតតាំងជាមួយស្តេចសាមល្ល ឥតពិគ្រោះសាកសួរព្រះពោធិសត្វដូចមុនឡើយ ទុកព្រះពោធិសត្វដូចជាបាវព្រាវសុទ្ធៗ ឲ្យជិះតោងដំរីពីក្រោយខ្លួនទៅ ។ ទៅជិតដល់ទីសមរភូមិឮសូរសន្ធឹកសម្រែកហ៊ោកញ្រ្ជៀវ ក៏ភ័យញាប់ញ័រចង់របូតធ្លាក់ពីលើខ្នងដំរី ព្រះពោធិសត្វ ខំចាប់ទប់កុំឲ្យធ្លាក់ នាយភិមសេនចេះតែភ័យញ័រខ្លាំងឡើងៗ ដរាបដល់រាគអាចម៍រាគនោមដាក់លើខ្នងដំរី ព្រះពោធិសត្វបានឳកាសដូច្នោះក៏ស្តីបង្អន់ដោយអាការៈគម្រាម ជាអនេកប្បការដរាបដល់ទន់អស្មិមានៈ ហើយទើបនិយាយលួងលោមថា សំឡាញ់កុំអៀនខ្មាស ភិតភ័យអ្វី ចូរចុះទៅមុជទឹកលាងខ្លួនឲ្យស្អាត ចាំខ្ញុំចាប់យកស្តេចសាមល្លទៅថ្វាយព្រះរាជាឲ្យបានដូចបំណង ។ កាលភិមសេនចុះផុតពីខ្នងដំរីហើយ ព្រះពោធិសត្វ បានឲ្យហ្មលាងខ្នងដំរីស្អាត ក៏កាន់ធ្នូឡើងជិះលើខ្នងដំរីបញ្ជាការទ័ពចូលចាប់យកស្តេចសាមល្ល បានដូចប្រាថ្នាហើយនាំយកស្តេចសាមល្លនោះទាំងសេនា ទៅថ្វាយព្រះបាទព្រហ្មទត្តៗ ទ្រង់មានព្រះហឯឫទ័យសោមនស្សរីករាយ ព្រះរាជទានរង្វាន់ និងឋានន្តរស័ក្តយ៉ាងធំជាឧត្តមសេនីយ៍ ដល់ព្រះពោធិសត្វ ។ កិត្តិស័ព្ទកោតសរសើរឥទ្ធានុភាព របស់ព្រះពោធិសត្វ ក៏ល្បីរន្ទឺសុះសាយពេញជម្ពូទ្វីប ឯនាយភិមសេន ក៏អន់អស់រាសីនៅអាស្រ័យដោយបុណ្យព្រះពោធិសត្វ លែងមានកេរិ្តឈ្មោះដរាបអស់ជីវិត ។ ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក ដោយ៥០០០ឆ្នាំ |