អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៩៦១ ដង)
គុណនៃការចិញ្ចឹមមាតាបិតា

|
រឿងស្តេចសេក
( ចាក កេ. ប. ) ( គុណនៃការចិញ្ចឹមមាតាបិតា ) ក្នុងកាលកន្លងទៅហើយ មានព្រាហ្មណ៍គ្រាមមួយឈ្មោះសាលិន្ទយៈ តាំងនៅទិសឦសានពីក្រុងរាជគហៈ ។ តពីព្រាហ្មណ៍គ្រាមនោះ មានស្រែនៃជនក្នុងដែនមគធៈមួយ នៅទិសឦសានដូចគ្នា ។ ក្នុងទិសឦសានតពីមគធក្ខេត្តនោះដដែល មានដើមរការ១ ធំដុះទៀបញកភ្នំ ។ លើដើមរកានោះ មានសេកនៅជាច្រើន ។ ពេលនោះព្រះពោធិសត្វ កើតជាស្តេចសេកមានសរីរៈធំប៉ុនដុំរទេះតែងតែហើរទៅពាំយកចំណីពីព្រៃហេមពាន្ត មកចិញ្ចឹមមាតាបិតា ។ គ្រានោះមានព្រាហ្មណ៍ម្នាក់ ជាកោសិយគោត្ត នៅអាស្រ័យក្នុងស្រុកសាលិន្ទយនោះ បានសាបព្រោះស្រូវសាលីក្នុងស្រែមួយ មានពាន់នៃករីសជាប្រមាណ ហើយឲ្យបុរសម្នាក់ជាអ្នកថែទាំមើលការខុសត្រូវ ។ ស្តេចសេកនិងបរិវារតែងហើរទៅចុះក្នុងស្រែនោះជានិច្ចកាល ។ ឯខេត្តបាលបុរសដេញមិនឈ្នះសោះ ព្រោះហ្វូងសេកច្រើនហួស ។ អស់សេកទាំងនោះ ស៊ីត្រឹមតែឆ្អែតក៏ហើរទៅ ។ ប្លែកអស្ចារ្យណាស់ មានតែស្តេចសេកមួយទេ ដែលស៊ីឆ្អែតហើយឆ្លៀតពាំគួរស្រូវនោះជាច្រើនយកទៅទៀត ។ ខេត្តបាលបុរសក៏ទៅជំរាបព្រាហ្មណ៍ ៗ ពោលថា បើដូច្នោះ ចូរយកវេញរោមកន្ទុយសេះធ្វើជាអន្ទាក់ដាក់ត្រង់កន្លែងស្តេចសេកនោះវាចុះ បើចាប់បាន ត្រូវនាំគ្នាយកមកទាំងរស់កុំខានហ្ន ! ។ ខេត្តបាលបុរសធ្វើតាមបង្គាប់ព្តាហ្មណ៍ក៏ចាប់ស្តេចសេកនោះ ហើយយកទៅឲ្យទាំងរស់ ។ ព្រាហ្មណ៍គ្រាន់តែឃើញស្តេចសេកភ្លាម មានសេចក្តីស្រលាញ់យ៉ាងខ្លាំង ហើយឲ្យឈរទុំលើភ្លៅខ្លួនសួរថា នែសេក អ្នកស៊ីស្រូវសាលីដរាបឆ្អែត ហើយនាំទៅដោយជំពុះទៀត យើងឆ្ងល់ណាស់ជង្រុករបស់អ្នកមានឬទេ ឬអ្នកចងពៀរចំពោះយើង ? ស្តេចសេកឮនូវសំនួរនោះក៏ ពោលគាថាដ៏ផ្អែមល្ហែមជាភាសាមនុស្សថាៈ ន មេ វេរំ តយា សទ្ធឹ កោដ្ឋំ មយ្ហំ ន វិជ្ជតិ ឥណំ មុញ្ចាមិណំ ទម្មិ សម្បត្តោ កោដិសិម្ពលឹ និធិម្បិ តត្ថ និទហាមិ ឯវំ ជានាហិ កោសិយ ។ ខ្ញុំមិនធ្វើពៀរចំពោះអ្នកទេ ជង្រុករបស់ខ្ញុំក៏គ្មាន ខ្ញុំនាំស្រូវទៅដើមរការវិញនោះ ព្រោះសងបំណុលចាស់បុលបំណុលថ្មី ទាំងកំណប់ខ្ញុំកប់ក្នុងទីនោះ ម្នាលកោសិយព្រាហ្មណ៍អ្នកចូរដឹងយ៉ាងនេះចុះ ។ ដើម្បីដោះស្រាយចំនូរព្រាហ្មណ៍ នឹងធ្វើសេចក្តីនោះឲ្យច្បាស់លាស់ ទើបពោលគាថាដទៃទៀតថាៈ អជាតបក្ខា សកុណា បុត្តកា មយ្ហំ កោសិយ តេមំ ភតា ភរិស្សន្តិ តស្មា តេសំ ឥណ ទទេ ។ ហៃកោសិយៈ សកុណជាតិកូនខ្ញុំមិនទាន់ដុះស្លាបទេ ខ្ញុំចិញ្ចឹមវា វាមុខជាចិញ្ចឹមខ្ញុំវិញ ហេតុនោះខ្ញុំត្រូវឲ្យបំនុលដល់ពួកវានោះ ។ មាតាបិតា ចឌ្ឍោ ជិណ្ណកា គតយោព្វនា តេសំ តុណេ្ឌន ហាតូន មុញ្ចេ បុព្វេ កតំ ឥណំ ។ ឯមាតាបិតាខ្ញុំសោត មានវ័យចម្រើនណាស់ទៅហើយ ខ្ញុំនាំស្រូវដោយចំពុះ នឹងយកទៅសងបំណុលចាស់នោះ ។ អញ្ញេ បិ តត្ថ សកុណា ខីណបក្ខា សុទុព្វលា តេសំ បុញ្ញត្ថិកោ ទម្មិ តំ និធី អាហុ បណ្ឌិតា ។ លើដើមរកានោះ មានពួកសត្វស្លាបដទៃ មានស្លាបរិលនឹងមានកម្លាំងអន់ថយណាស់ ខ្ញុំជាអ្នកចំណូលដោយបុណ្យនឹងឲ្យដល់សត្វទាំងឡាយនោះទៀត ពួកបណ្ឌិតពោលនូវបុញ្ញកម្មនោះថាជាអនុគាមិកនិធិ ។ ព្រាហ្មណ៍ឮគាថានោះជ្រះថ្លាណាស់ បានប្រគល់ស្រែឲ្យហើយពោលថា ចាប់ពីថ្ងៃនេះទៅ អញនិងញាត្តិចូរទំពារស៊ីស្រូវនេះចុះ ទើបស្រាយចំណងពីជើង ។ សេកពោធិសត្វ ជាសត្វដឹងប្រមាណ ក៏ទទួលយកតែត្រឹម ៨ ករីសប៉ុណ្ណោះ សល់ពីនោះប្រគល់ឲ្យព្រាហ្មណ៍វិញ ទើបឲ្យឪវាទជាដំបូន្មានដ៏ប្រសើរឆ្នើមតែមួយម៉ាត់ថា មហាព្រាហ្មណ៍ អ្នកកុំប្រមាទឲ្យសោះ ហើយនាំនូវគួរស្រូវសាលីហើរឆ្ពោះទៅកាន់សំណាក់មាតាបិតាទៅ ។ ព្រាហ្មណ៍បោះនូវគោលក្នុងស្រែ ៨ ករីសនោះហើយ ពោលប្រាប់ខេត្តបាលបុរសថា អ្នកកុំឃាត់ឃាំងពួកសេកទៀតចាប់ពីថ្ងៃនេះតទៅ ។ ហ្វូងសេកបានមានសេចក្តីសុខសប្បាយកាយចិត្ត ដោយសារតែស្តេចរបស់ខ្លួនមានបញ្ញាយ៉ាងពិទ័គ្ធ ហើយតែងហើរទៅពាំនាំយកមកបរិភោគនូវស្រូវក្នុងស្រែ ៨ ករីសនោះជាប់ជានិច្ច ។ ( ព្រះមហា សំ-សុខ និសិ្សតសាលាបាលីជាន់ខ្ពស់ ) ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក ដោយ៥០០០ឆ្នាំ |