អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៤៥៤ ដង)
មនុស្សយើងត្រូវតែយកចិត្តទុកដាក់ចំពោះការងារ

|
មនុស្សអត់ការងារជាមនុស្សអន់ ជាមនុស្សទ្រមក់ ប៉ុន្តែបើមានការងារអាក្រក់ ទុច្ចរិតទៅវិញនោះ ជាមនុស្សគម្រក់តែម្តង ដេកលក់វិញប្រសើរជាង ។
ការងារបែងចែកមនុស្សលោកឲ្យខ្ពង់ខ្ពស់ ឬថោកទាប ដូច្នេះសូមមនុស្សលោកទាំងឡាយ ខំប្រឹងប្រែងលះបង់នូវការងារណាដែលសៅហ្មង ដើម្បីឲ្យខ្លួនឯងបានសណ្តករបូតរួចផុតអំពីភាពនៃបុគ្គលថោកទាប ហើយខំប្រឹងប្រែងព្យាយាមក្នុងការងារណាដែលបរិសុទ្ធ ប្រាសចាកទោស ឲ្យបានទៅជាមនុស្សឧត្តុង្គឧត្តមខ្ពង់ខ្ពស់ រស់នៅដោយក្តីស្ងប់ រីករាយជានិច្ច ដោយមកអំពីបានពិចារណាឃើញអំពើដ៏បរិសុទ្ធរបស់ខ្លួនឯង ។ មនុស្សយើងត្រូវតែយកចិត្តទុកដាក់ចំពោះការងារ ជាពិសេស គឺការងារដែលខ្លួនឯងកំពុងធ្វើ បើការងារនោះប្រាសចាកនូវទោសហើយ ទោះជាការងារអ្វីក៏ដោយ កុំឲ្យមើលងាយថា អន់ឬថោកទាបឲ្យសោះ ត្រូវចេះស្រឡាញ់ការងារនោះ ព្រោះមិនមានអ្នកណាម្នាក់គាំទ្រយើងឲ្យខ្ពង់ខ្ពស់ ក្រៅអំពីខ្លួនឯងដែលគោរពស្រឡាញ់នូវការងាររបស់ខ្លួនឡើយ ។ ការងារអ្វីក៏ដោយ ក៏ត្រូវចាប់ផ្តើមពីដំបូងទៅដែរ ហើយរាល់ការងារទាំងអស់ វាតែងតែមាននូវឧបសគ្គមករារាំងជាធម្មតា ប៉ុន្តែថា បើមានការព្យាយាម និងសេចក្តីអត់ធន់ហើយ ការងារនោះរមែងបានសម្រេច មានលទ្ធផលល្អគួរជាទីគាប់ចិត្ត ផ្ទុយទៅវិញ មនុស្សដែលមិនយកចិត្តទុកដាក់ក្នុងការងាររបស់ខ្លួន មិនខុសអំពីមនុស្សដែលអត់ការងារឡើយ ហើយមិនយូរប៉ុន្មាន អ្នកនោះនឹងទៅជាមនុស្សបាត់បង់នូវការងារ ក្លាយទៅជាមនុស្សពិការទាំងដែលនៅមានអវយវៈគ្រប់គ្រាន់ ខ្លាចលំបាកហើយខ្ជិលមិនព្យាយាម មិនរួចអំពីសេចក្តីលំបាកឡើយ ខ្វះខន្តីសេចក្តីអត់ធន់ ការងារមិនបានល្អ ខ្វះការតស៊ូការងារមិនសម្រេច រវល់តែរឿងស្នេហា កាន់ការងារធំមិនបាន ព្រោះសេចក្តីប្រហែសធ្វេស ការងារដែលចេះស្ទាត់ហើយនោះត្រឡប់ទៅជាបរាជ័យដូចបុគ្គលល្ងង់ខ្លៅ ។ ការងារមានតម្លៃចំពោះមនុស្សនៅត្រង់ណា? ដកស្រង់ចេញពីសៀវភៅ " មនុស្សជាមួយនឹងការងារ " រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ដោយ៥០០០ឆ្នាំ |