អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៤,៧៤៤ ដង)
រឿងនាងបង្កជាទេវី

|
រឿងនាងបង្កជាទេវី
(ចាក លោ ជា) (កំលាំងនៃពាក្យឃោសនាពូកែស័ក្កិសិទ្ធិ) កាលកន្លងទៅហើយ មានព្រះរាជាមួយអង្គព្រះនាម កាសិរាជ សោយរាជសម្បតិ្តក្នុងនគរពារាណសី មានអគ្គមហេសីពីរព្រះអង្គ មួយព្រះនាមចន្ទាទេវី ជាអគ្គមហសីដើម មួយទៀតព្រះនាមបង្កជាទេវី។ ហេតុដែលបានព្រះនាងបង្កជានោះដូច្នេះ ថ្ងៃមួយព្រះរាជាចេញពីព្រះនគរទៅទស្សនានូវការបច្ចន្តជនបទ ដល់ពាក់់កណ្តាលផ្លូវក្បែរបឹងឈូកមួយ បានឃើញស្រ្តីអ្នករកស៊ីលក់ស្លឹកឈូក ផ្កាឈូក និងផ្លែងឈូកជាដើម កំពុងតែនាំម្តាយនិងកូនបេះឈូកនៅក្នុងបឹង ឯកូនរបស់ស្ត្រីកំសត់នោះឈ្មោះនាងបង្កជាមានអាយុ ១៦ ឆ្នាំ ។
ម្តាយរបស់នាងបានឃើញព្រះរាជាឈប់ទតបឹងឈូកនោះ ក៏កាច់ផ្កាឈូកឲ្យនាងបង្កយកទៅថ្វាយ ហេតុតែវាសនាឆើតឆាយរបស់នាងបង្កជា ក៏បណ្តាលទឹកព្រះទ័យព្រះរាជា ឲ្យជោរជោគទៅដោយសេចក្តីស្នេហាចំពោះនាងក្រៃលែង ទប់ទល់ពុំបាន ក៏ចាប់នាងដាក់លើខ្នងដំរីមង្គលវិលត្រឡប់មកព្រះរាជធានីវិញ រៀបពិធីរាជាភិសេកជាអគ្គមហេសីទី១។ ស្លេះសេចក្តីត្រឹមនេះសិន នឹងដំណាលអំពីឈ្មោះរបស់ព្រះនាងទាំងពីរ ដែលឈ្មោះថា ចន្ទា ព្រោះនាងនោះមានរូបល្អស្រស់មានមុខមូលដូចជាព្រះចន្ទ ដែលឈ្មោះថា បង្កជា ព្រោះនាងនោះកាលគ្រប់ខែ ១០ ហើយ មាតាចុះទៅបេះឈូកក្នុងទឹកបឹង ក៏សម្រាលនាងដេកនៅលើភក់។ នាងបង្កជានេះពិតជាកូនអ្នកស្រែមែន ប៉ុន្តែដូចជាមាសទឹកដប់ ល្អសព្វអន្លើឥតខ្ចោះ ទឹកមុខស្រស់ញញឹមដូចបុបូជាតិរីកក្នុងរាត្រីត្រជាក់ ដែលមានដំណក់ទឹកសន្សើមសម្រក់ចុះមកប្រស់ព្រំ។ ដំណាលពីនាងចន្ទាទេវី ដែលធ្លាប់មានបុណ្យថយមកជាមហេសីទី២ ទឹកបេះដូងរបស់ព្រះនាងពុះកញ្រ្ជោលស្ទើរធ្លាយព្រះឱរាបញ្ចេញផ្សែងជាអណ្តាតភ្លើងដុតព្រះនាងរាល់ទិវាលរាត្រី ដើមភ្លើងនេះបណ្តាលមកពីសេចក្តីស្នេហា ព្រះនាងខំឆ្លៀតរកឧបាយកលមិនបានបណ្តាលឲ្យកើតសេចក្តីព្យាយាទយ៉ាងធំ។ ថ្ងៃមួយព្រះរាជាសេ្តចយាងទៅក្រសាលឱទ្យាន ទុកមហេសីពីរឲ្យនៅចាំព្រះរាជដំណាក់ ពេលនេះហើយជាសម័យល្អបើកឱកាសឲ្យសេចក្តីព្យាយាទរបស់នាងចន្ទាទេវីសំដែងឬទ្ធិ។ គឺបានជូលអ្នកលេង ៤ នាក់ឲ្យបួសជាលោកធុតង្គ ទៅនៅក្នុងព្រៃស្មសាន ហើយនាងទូលសុំពរព្រះរាជានិមន្តលោក ៤ អង្គដែលធុតង្គនៅក្នុងព្រៃស្មសាននោះមកដាក់បាត្រក្នុងរាជវាំងជាយូរខែមកហើយ ទាំងព្រះរាជាក៏គោរពរាប់អានលោកធុតង្គ ដម្កល់ទុកជាជីតុនយ៉ាងខ្ពស់របស់ព្រះអង្គ។ ក្នុងពេលយប់ដែលព្រះរាជាចេញទៅផ្ទំយកខ្យល់អាកាសនៅឱទ្យាន នាងចន្ទាទេវីបានជួលស្រ្តីចេះសណ្តំម្នាក់ ឲ្យចូលទៅវាយមន្តសណ្តំនាងបង្កជាដែលផ្ទំក្នុងបន្ទប់ដ៏មានសិរី កាលបើត្រូវសណ្តំហើយ នាងចន្ទាចូលទៅដោះកយកចិញ្ជៀនព្រះទម្រង់ និងកោសក់របស់នាងបង្កជា មួយចំហៀងក្បាល ហើយបិទទ្វារទៅវិញ យកសក់និងចិញ្ជៀនទៅឲ្យលោកធុតង្គ ៤ អង្គដែលនាងបានជួលឲ្យបួសនៅក្នុងព្រៃស្មសាន ហើយប្រាប់ឧបាយដល់លោកនោះថា បើព្រះរាជាយាងមកដល់ព្រះរាជដំណាក់ហើយ លោកត្រួវយកសក់និងចិញ្ជៀនថ្វាយរួចទូលថា ល្ងាចមិញមានយក្ខីនីម្នាក់ទៅស៊ីសពខ្មោចក្នុងព្រៃស្មសាន អាត្មាភាពដើរចង្រមប្រទះឃើញ គិតធ្វើបាបអាត្មាភាពៗ រាយមន្តចាប់បានដោះយកចិញ្ជៀនកោសក់យកមកថ្វាយ សូមព្រះករុណាចាត់ឲ្យរាជអាមាត្យរកមើលក្រែងមាននៅក្នុងនគរ។ ថ្លែងពីព្រះរាជា កាលបើព្រះអាទិត្យបើកទិសខាងកើតបញ្ចេញរស្មីក្រហមហើយ ទ្រង់នឹកភ្នកដល់ព្រះនាងបង្កជាទេវីជាទីសំណប់ ក៏ស្តេចយាងត្រឡប់មកព្រះរាជនិវេសន៍វិញ ស្តេចយាងដល់ព្រះរាជដំណាក់ឃើញលោកធុតង្គជាជីតុន ៤ អង្គគង់ចាំខាងក្រៅ។ លោកធុតង្គនោះ ក៏យកសក់ក្បាលនិងចិញ្ជៀនថ្វាយព្រះរាជា ហើយទូលតាមពាក្យដែលនាងចន្ទាទេវីបង្គាប់ ព្រះរាជាទតឃើញចិញ្ជៀនស្គាល់ច្បាស់ជាចិញ្ជៀន ដែលព្រះរាជទានដល់នាងបង្កជា ពិនិត្យមើលសក់ក្បាលទៀត ក៏ហាក់ដូចជាសក់នាងបង្កជាទ្រង់នឹកឆ្ងល់ពេកហើយពិចារណាថា នាងបង្កជាប្រហែលជាយក្ខិនីមែន ព្រោះកាលអញយកមកធ្វើជាមហេសី មិនមែនយកពីផ្ទះបុគ្គលណាទេ គឺយកពីបឹងឈូក ប្រហែលជាយក្ខិនីទៅលេងបឹងឈូកឃើញអញ ក៏និមិ្មតជាស្ត្រីក្រមុំឲ្យអញស្រឡាញ់។ ទ្រង់ពិចារណាដូច្នេះហើយ ក៏ចូលទៅគោះទ្វារបន្ទប់នាងបង្កជាៗ មិនបើកទ្វារមិនឆ្លើយ ព្រោះនាងនឹកអៀនខ្មាស់ពេកដេកឲ្យគេលួចកោរសក់អស់មួយចំហៀងក្បាលមិនដឹងខ្លួន ស៊ូដេកអត់បាយឲ្យស្លាប់ក្នុងបន្ទប់ប្រសើរជាង។ ឯព្រះរាជាកាលបើហៅមិនឆ្លើយហើយ ក៏គាស់ទ្វារបើកចូលទៅ ឃើញបាត់ចិញ្ជៀនពីដៃ ក្បាលកោរមួយចំហៀង ហើយសំគាល់ថានាងពិតជាយក្ខិនី ក៏បញ្ចេញព្រះសូរសីហនាទថាយក្ខិនីៗ ស្ទុះចេញមកក្រៅវិញ ពួកនាងចន្ទាទេវីក៏នាំគ្នាស្រែកឃោសនាថា នាងបង្កជាគឺយក្ខិនីៗ ឮសន្ធឹកកងរំពងពេញព្រះរាជធានីមួយរំពេច។ ព្រះរាជាក៏ប្រើរាជអាមាត្យឲ្យដេញនាងចេញពីដំណាក់ នាងក៏យកកន្សែងគ្របក្បាលក៏រត់ចុះទៅ ពួកនាងចន្ទាទេវីនិងអ្នកនគរ ក៏នាំគ្នាដេញនាងបង្កជាដរាបដល់ចេញផុតពីនគរនោះទៅ ( ឱ! គួរសំវេគនាងបង្កជាខ្លួនជាមនុស្សសុទ្ធ អ្នកនគរសំគាល់ថាយក្ខិនីពិត ដោយសារតែពាក្យឃោសនារបស់នាងចន្ទាទេវី)។ នាងបង្កជាទេវី កាលបើគេដេញផុតពីព្រុំដែននគរ ហើយក៏លែងស្តាយជីវិតគិតតែដើរចូលទៅក្នុងព្រៃឲ្យស្លាប់ ទៅដល់ពាក់កណ្តាលព្រៃ ឃើញផ្ទះយាយតាកំសត់ម្នាក់ ក៏សុំបាយទឹកទទួលទាន យាយតាមានធម៌សប្បុរស បានឲ្យបាយទឹកដល់នាងហើយសួរដឹងរឿងរ៉ាវសព្វគ្រប់ ឃាត់នាងឲ្យនៅជាមួយមិនឲ្យទៅណាទៀត នាងក៏ព្រមនៅ។ ចំណែកខាងព្រះរាជាតំាងពីថ្ងៃដែលនាងបង្កជាចេញផុតនគរហើយ ចេះតែរំពឹងពិចារណារឿងនោះមិនភ្លេច ព្រោះឃើញអាការប្លែករបស់នាងចន្ទាទេវីនិងបាត់ពុំដែលឃើញលោកធុតង្គ ៤ អង្គ។ ថ្ងៃមួយមានព្រះទ័យនឹកភ្នកដល់នាងបង្កជាទេវីថា នាងពុំមែនជាយក្ខិនីទេ គឺប្រាកដជាឧបាយព្យាយាទរបស់នាងចន្ទាទេវី ទ្រង់សង្ស័យដូច្នេះហើយ ដល់វេលាយប់ទ្រង់ក្លែងភេទ មិនឲ្យអ្នកណាស្គាល់ ចេញពីព្រះរាជដំណាក់យាងទៅក្បែរទាមស្រា ទាំងប៉ុន្មានដែលមាននៅក្នុងនគរ ក៏បានជួបនឹងអ្នកលេង ៤ នាក់ដែលនាងចន្ទាជួលឲ្យបួសធ្វើនយោបាយ ស្គាល់បានដោយសក់ក្បាលខ្លី ព្រោះទើបនឹងសឹកក្នុងវេលាដែលធ្វើនយោបាយសម្រេចហើយ។ អាមួយណា អញទើបត្រួវចាយច្រើនជាង ព្រោះអញជាអ្នកទទួលការសម្ងាត់ផ្ទាល់ពីនាងចន្ទាទេវី។ អាមួយទៀតថាមិនស្គាល់ដល់អញទេ អញខំទៅយកសក់ក្បាលនិងចិញ្ជៀនរបស់នាងបង្កជាពីដៃនាងចន្ទាទេវីមក។ ព្រះរាជាកាលបើយកបាយការណ៍បានសព្វគ្រប់ហើយស្តេចត្រឡប់មកផ្ទំវិញ ទ្រង់សង្កេតការណ៍នេះអស់ពីរបីរាត្រី ទើបឲ្យរាជអាមាត្យចាប់អ្នកលេងទាំអ ៤ នាក់ និងចាប់នាងចន្ទាទេវីព្រមទាំងញាតិមិត្តរបស់នាងមកឃុំទុកមួយកន្លែង ហើយចាត់ចែងឲ្យរាជបុរសទៅសើបដំណឹងរកនាងបង្កជាទេវី ទៅរកឃើញនៅផ្ទះយាយតាកំសត់ ហើយប្រាប់នាងថាស្តេចឲ្យអញ្ជើញទៅវិញ នាងបង្កជាមិនព្រមទៅបានផ្តាំមកព្រះរាជាវិញថា នាងជាយក្ខិនីទេ សូមលាព្រះអង្គឈប់ឲ្យជួបព្រះភ័ក្រ្តព្រះរាជាហើយ។ រាជាអាមាត្យមកទូលតាមបណ្តាំ ព្រះរាជាទ្រង់ព្រះសណ្តាប់ ហើយអួលចុកក្នុងព្រះឱរាអាណិតព្រះនាងដរាបដល់ស្រក់ទឹកព្រះនេត្រ ទ្រង់ប្រើឲ្យទៅអញ្ជើញព្រះនាងអស់វារៈ ២ ដង ព្រះនាងមិនព្រមមក ទើបព្រះរាជាស្តេចត្រាស់បង្គាប់នាហ្មឺនមុខមន្រ្តីគ្រប់ក្រសួង ឲ្យរៀបចំដំរីមង្គលទៅអញ្ជើញព្រះនាងមកជាមួយព្រះអង្គ អភិសេកជាថ្មីម្តងទៀត។ ព្រះនាងបង្កជាទេវី កាលបើឃើញព្រះរាជាទៅដល់ហើយក៏យំសោកបោកខ្លួនប្រាណមិនព្រមត្រឡប់មកវិញ ព្រះរាជាលួងលោមឲ្យព្រះនាងស្បើយចាកសេចក្តីទុក្ខ ទើបលើកដាក់លើខ្នងដំរីយកមកអភិសេកម្តងទៀត លុះអភិសេករួចហើយ បង្គាប់រាជអាមាត្យឲ្យនំាខ្លួនអ្នកលេង ៤ នាក់ និងពួកក្រុមនាងចន្ទាមកកាត់ទោសក្នុងទីចំពោះមុខនាងបង្កជាទេវី។ ព្រះរាជាកាត់ទោសឲ្យជីកដីកប់ត្រឹមក ហើយយកភ្លើងដុតរាល់ដោយរនាស់ដែក អ្នកទោសយំរំពង។ ព្រះនាងបង្កជាទេវីក៏ឃាត់ព្រះរាជាមិនឲ្យដាក់ទោសដូច្នោះសុំឲ្យរួចខ្លួនទាំងអស់គ្នា ហើយក្រាបទួលព្រះរាជាដោយមេត្តាចិត្តថា ទោសនេះកើតមកអំពីខ្លួនទូលព្រះបង្គំទេ បើព្រះអង្គកុំយកខ្ញុំព្រះអង្គមក នាងចន្ទាទេវី ក៏មិនបានធ្វើអំពើនេះឡើយ បើព្រះអង្គយកទោសអ្នកទាំងអស់នេះ គួរតែយកទោសខ្ញុំព្រះអង្គផង។ ព្រះរាជាទ្រង់សណ្តាប់ហើយ ក៏ប្រគល់អ្នកទោសទាំងអស់ដល់ព្រះនាងៗ ក៏លើកលែងឲ្យរួចខ្លួនដូចដើមវិញ ឯនាងចន្ទាក៏ស្ទុះលូនទៅលើបាទារបស់នាងបង្កជាដាក់លើក្បាល សុំធ្វើជាខ្ញុំបំរើនាងដរាបដល់អស់អាយុ។ ដោយ៥០០០ឆ្នាំ |