អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,១១៩ ដង)
រឿងសេកសោមបណ្ឌិត

|
រឿងសេកសោមបណ្ឌិត
(ចាក ម វា) (អកតញ្ញូជន អន់ជាងសត្វតិរច្ឆាន) ក្នុងកាលកន្លងយូរហើយ មានសេកសោមមួយព្រួយចិត្តអន្ទះសាព្រោះស្រេកទឹក ត្បិតក្នុងសម័យនោះគ្មានភ្លៀងសោះរាំងអស់ពីរបីឆ្នាំ ទឹកក្នុងទន្លេស្ទឹងត្រពាំងបឹងបួររីងស្ងួតឥតសល់។ថ្ងៃមួយសេកសោមហើរចូលទៅក្នុងព្រៃធំ បានធុំខ្លិនទឹកក៏ខំរកមើលឃើញអណ្តូងមួយមានជម្រៅប្រហែល ៦០ ហត្ថទើបហើរចុះទៅក្នុងអណ្តូងនោះបានឃើញទឹក ហើយមានសេចក្តីត្រេកអរក្រៃពេកខំផឹកមុជដរាបដល់ឆ្អែតស្កប់ស្កល់ ធាតុទឹកជ្រួតជ្រាតត្រជាក់សព្វសកលកាយបណ្តាលឲ្យកើតអន្តរាយហើរឡើងពុំរួចឡើយ។
មួយស្របក់ស្រាប់តែមានមនុស្សម្នាក់ និងនាគរាជមួយកំពុងតែដើរស្វែងរកទឹកផឹក ក៏ចុះមកអណ្តូងនោះដែរ។ជនទាំងបីនោះគឺ សេកសោម១ មនុស្សម្នាក់ និងនាគរាជ១ ខំឡើងពីអណ្តូងមកវិញពុំរួចឡើយ ក៏ព្រួយចិត្តកើតទុក្ខតែរៀងខ្លួន។ កាលនោះជួនជាមានបុរសម្នាក់នៅក្រុងពារាណសី ដើទៅដងទឹកបានឃើញជនទាំងបីនៅក្នុងអណ្តូង ក៏មានចិត្តមេត្តាករុណាជួយសង្រ្គោះជីវិត យកវល្លិចងជាសង្រែកយោងយកជនទាំងនោះចេញពីក្នុងអណ្តូងមក។ ជនទាំងបីមានសេចក្តីត្រេកអរណាស់បានប្រគល់ខ្លួនដល់បុរសនោះ ហើយប្រាប់ទីកន្លែងរៀងៗ ខ្លួនប្តេជ្ញាថាបើមានការយ៉ាងណាឲ្យប្រាប់នឹងតបគុណវិញ។ កាលជាខាងក្រោយមកបរសនោះគិតថា អញនឹងល្បងមើលចិត្តរបស់ជនទាំងបី តើនណាដឹងគុណអញជាងគេ ក៏ទៅកាន់សំណាក់សេកសោមជាមុន។ សេកសោមញញឹមហើយមានសេចក្តីត្រេកអររាក់ទាក់គួរសមថា លោកអញ្ជើញមកមានការអ្វី។ បុរសនោះប្រាប់ថា លាក់បាំងអ្វីខ្ញុំសព្វថ្ងៃទាល់ក្រណាស់ សំឡាញ់ឯងមានឧបាយដូចម្តេចធ្វើឲ្យខ្ញុំផុតអំពីសេចក្តីទាល់ក្របាន?។ លោកសេកសោមនិយាយថា លោកមានគុណនិងខ្ញុំធំណាស់បានឲ្យជីវិតដល់ខ្ញុំសូមលោកនៅចាំខ្ញុំនៅក្នុងទីនេះសិន ខ្ញុំនឹងទៅរកទ្រព្យមកបូជាតបគុណលោក ក៏ហើរចេញទៅ។ សម័យនោះព្រះរាជាក្នុងក្រុងពារាណសីស្តេចយាងទៅក្រសាលសប្បាយក្នុងឱទ្យាន ដល់ពេលថ្ងៃក្តៅដោះគ្រឿងអលង្ការទុកក្បែរមាត់ស្រះបោក្ខរណីចុះស្រង់ទឹក។ សេកសោមហើរទៅដល់ទីនោះឃើញពន្លឺរស្មីនៃគ្រឿងអល្លង្ការ ក៏ទៅទំលើមែកឈើសំឡឹងមើលទៅឃើញកែវមុត្តាមួយដុំតូចល្មមពាំរួច ក៏លួចពាំយកមកឲ្យបរសដែលមានឧបករគុណលើខ្លួន ហើយប្រាប់បុរសនោះថាកែវនេះវិសេសណាស់គ្មាននណាមានទេ មានតែស្តេចជាម្ចាស់ផែនដី សូមលោកលាក់ទុកសិនកុំអាលលក់ដូរ។ បុរសនោះគិតថាអញមិនដឹងជាយកទៅលាក់ក្នុងទីណាឲ្យកំបាំង ក៏យកកែវនោះទៅផ្ញើនឹងជនម្នាក់ដែលខ្លួនបានជួយសង្រ្គោះ ស្រង់ពីអន្តូងជាមួយនឹងសេក ទៅដល់ប្រគល់កែវនោះឲ្យ ប្រាប់ថាសូមសំឡាញ់ទុកឲ្យខ្ញុំស្រួលបួល កុំនិយាយឲ្យគេដឹង ជននោះក៏ទទួលទុកទៅ ។ កន្លងមកពីបីថ្ងៃ ជននោះបានឮដំណឹងថា ព្រះរាជាក្រុងពរាណសីបាត់កែវមុត្តា១ ដុំ បើអ្នកណារកឃើញនឹងប្រទានឲ្យស្មើនឹងតម្លៃកែវ។ ជនដែលទទួលកែវទុកឲ្យបុរសនោះ ជាអកតញ្ញូ គិតថាប្រយោជន៍ ក៏យកកែវនោះទៅថ្វាយព្រះរាជាទូលថា មានបុរសម្នាក់យកកែវរនះទៅផ្ញើនឹងទូលព្រះបង្គំ ព្រះរាជាក៏ចាត់បុរសឲ្យទៅចាប់បុរសនោះទៅសម្លាប់ ដោយចោទថា ទៅលួចយកកែវរបស់ព្រះអង្គ។ រាជបុរសក៏ចងបុរសនោះ បណ្តើរចេញពីនគរទៅកាន់ទីសម្លាប់ ទៅដល់ក្បែរដំបូកបុរសនោះ ក៏នឹកដល់នាគរាជទើបស្រែកហៅថាម្នាលសំឡាញ់មកជួយខ្ញុំផង។ នាគរាជឮហើយស្ទុះចេញពីរូងមកដោយស្គាល់ច្បាស់ថាជាសំឡេងបុរសដែលមានគុណលើខ្លួន បានឃើញគេយកទៅចងសម្លាប់ដូច្នោះមានចិត្តអាណិតក្រៃពេក ក៏និម្មិតជារាជបុរសមួយរំពេច ឥតជនណាបានដឹងឡើយចូលទៅឃាត់រាជបុរសដែលកំពុងនាំទៅសម្លាប់ថា ម្នាលគ្នាយើងឈប់សិនកុំអាលសម្លាប់បុរសនេះចាំខ្ញុំទៅផ្ទះសិន រាជបុរសទាំងឡាយក៏ត្រៀមចាំ នាគរាជខំរត់ទៅចូលក្នុងនគរចូលទៅប្រាសាទព្រះអគ្គមហេសីរបស់់ព្រះរាជា និម្មិតខ្លួនពស់តូចមួយ ចឹកព្រះអគ្គមហេសី ស្រែកផ្អើលឮដល់ព្រះរាជាមួយរំពេច ក៏និម្មិតជារាជបុរសវិញប្រាប់ថា ថ្នាំបន្សាបពិសមានតែមុរសដែលយកទៅសម្លាប់ទេ ដែលចេះពូកែជាងគេក្នុងនគរនេះ។ ព្រះរាជាក៏ប្រើឲ្យទៅនាំយកបុរសនោះមកវិញ នាគរាជបានប្រាប់បុរសនោះសព្វគ្រប់ គ្រាន់តែបុរស់នោះមកដល់យកទឹកទៅលាប ក៏ជាភ្លាមមួយរំពេច។ ព្រះរាជាទ្រង់មានព្រះទ័យសោមនស្សរីករាយលែងសម្លាប់ហើយបានព្រះរាជទានជាច្រើនដល់បុរសនោះ។ បុរសនោះបានក្រាបបង្គំទូលអំពីដំណើរដែលខ្លួនបានកែវ និងដំណើររឿងជនទាំង ៣ គឺៈ សេកសោម១ មនុស្សម្នាក់ដែលខ្លួនបានផ្ញើកែវ និងនាគរាជ ១ តាំងពីដើមរហូតដល់ចប់។ ព្រះរាជាទ្រង់ព្រះសណ្តាប់ហើយរឹងរិតតែមានព្រះទ័យសោមនស្សជាខ្លាំង បានចំណាយព្រះរាជទ្រព្យឲ្យជាងចាត់ចែងសង់ផ្ទះឲ្យនៅជាមួយសេកសោម និងនាគរាជជាសុខក្សេមក្សាន្តដរាបដល់ទីបំផុតនៃអាយុ លុះស្លាប់ទៅបានកើតក្នុងស្ថានសួគ៌ទៀត ឯជនអកតញ្ញូមានទោសក្នុងបច្ចុប្បន្នយ៉ាងអស្ចារ្យ លុះស្លាប់ទៅកើតក្នុងនរកទៀត។ ដោយ៥០០០ឆ្នាំ |