អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៨៩១ ដង)
រឿងប្រេតទាំង៤នាក់

|
រឿងប្រេតទាំង៤នាក់
( ចាក បេ. ខុ. ) ( អំពើទុច្ចរិតជាពូជនៃពៀរទាំងឡាយ ) កាលព្រះសម្ពុទ្ធគង់នៅវត្តជេតពននាក្រុងសាវត្ថី មានឈ្មួញម្នាក់ជួញស្រូវបានយកសំដីស្រូវ ( សង្កៀបស្រូវ ) លាយនិងស្រូវវាល់លក់ឲ្យអ្នកដ៏ទៃ ។ ឯកូនប្រុសរបស់គាត់ មើលងាយមាតាបិតារបស់ខ្លួន យកខ្សែព្រ័ត្រដាក់លើក្បាលមាតាបិតា ឯកូនប្រសារស្រី លួចលាក់សាច់ងៀតស៊ីតែម្នាក់ឯង មិនឲ្យស្វាមី និងមាតាបិតាបរិភោគឡើយ ។
ចំណែកភរិយារបស់ឈ្មួញនោះ ជាមនុស្សកំណាញ់ សំដីអាក្រក់ ឃើញពួកស្មូមទៅសុំអ្វីៗ ដៀលស្តីថាឲ្យ ស្មូមនោះទៅស៊ីមូត្រលាមក ។ ក្នុងពេលក្រោយមក ជនទាំង៤នាក់នោះ ស្លាប់បន្តរបន្ទាប់គ្នា តាមវ័យរបស់ខ្លួន ទៅកើតជាប្រេត នៅចន្លោះភ្នំគិជ្ឈកូដ ប្រេតទាំង៤រងទុក្ខវេទនាផ្សេងៗ គ្នា គឺប្រេតជាឈ្មួញកម្មបណ្តាលឲ្យមានសំដីស្រូវដែកឆេះក្រហមគរ ជាគំនរ ប្រេតនោះចេះតែកើបដាក់លើក្បាល ឆេះក្តៅស្រែកទ្រហោយំជានិច្ចឥតស្រាកស្រាន្ត ។ ប្រេតកូនប្រុសរបស់គាត់ ផលកម្មបណ្តាលឲ្យមានញញួរដែកឆេះក្រហមកាន់នឹងដៃ វាយសំពងក្បាល់ខ្លួនឯងបែកឈាមហូរស្រោចពេញខ្លួន ស្រែកថ្ងូរឥតស្រាកស្រាន្ត ។ ប្រេតកូនប្រសារស្រីរបស់គាត់មានក្រចកវែងៗ ខ្វាហែកសាច់ចំឡករបស់ខ្លួនយកមកស៊ី ស្រែកយំឥតស្រាកស្រាន្ត ។ ឯប្រេតភរិយារបស់ឈ្មួញនោះ ផលកម្មបណ្តាលឲ្យកើតរណ្តៅមូត្រលាមកស្អុយរលួយ ចុះទៅកើបស៊ីមួយថ្ងៃៗ ដរាបដល់យប់ ៗ ដល់ថ្ងៃវិញមិនចេះឆ្អែត ចេះតែឃ្លានក្រៃលែងឥតឧបមា ។ ថ្ងៃមួយព្រះមហាមោគ្គល្លាន និមន្តទៅភ្នំគិជ្ឈកូដ បានឃើញប្រេតទាំង៤ កំពុងរងទោសវេទនា ក៏សួរបុព្វកម្មរបស់ប្រេតបានសព្វគ្រប់ហើយ និមន្តមកកាន់វត្តជេតពន ក្រាបទូលរឿងប្រេតនោះចំពោះព្រះមានព្រះភាគ ៗ ប្រជុំបរិស័ទ ហើយសំដែងធម៌ទេសនា ប្រារព្ធយករឿងប្រេតនោះជាហេតុ ដល់ទីបំផុតនៃព្រះធម៌ទេសនា ទ្រង់ប្រកាសអំពីអរិយសច្ច៤ ប្រការ ពុទ្ធបរិស័ទទាំងមនុស្សនិងទេវតា បានសម្រេចមគ្គផលតាមនិស័្សយរៀងៗខ្លួន ។ អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ភាគទី៤ ។ ដោយ៥០០០ឆ្នាំ |