អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣៣,១៦៩ ដង)
រឿងមណិកណ្ឋនាគរាជ

|
រឿងមណិកណ្ឋនាគរាជ
( ចាក ម. តិ. ) ( ការសូមគេហួសប្រមាណ ទុកជាអំពើរឹបជាប់ខ្លួន ) កាលព្រះសម្ពុទ្ធបរមគ្រូ គង់នៅអគ្គាឡវចេតិយ ទ្រង់ប្រជុំភិក្ខុទាំងឡាយប្រារព្ធបញ្ញត្តិ នូវកុដិការសិក្ខាបទ ដោយហេតុអ្នកនៅក្នុងដែនអាឡាវី ដើរអង្គាសឃោសនាចតុប្បច្ច័យ បង្ខំដាក់កំរិតអ្នកនគរយកទៅធ្វើកុដិនៅ ។ មនុស្សទាំងឡាយ ធុញទ្រាន់ភ័យតក់ស្លុតនឹងឃោសនាបង្ខំ មានសេចក្តីទើសទាល់ ក៏គេចខ្លួនចេញមិនឲ្យជួបនឹងភិក្ខុទាំងនោះ ។
ថ្ងៃមួយ ព្រះមហាកស្សបត្ថេរ លោកនិមន្តទៅបិណ្ឌបាត្រ ក្នុងទីក្រុងអាឡវីនោះ ពួកមហាជនឃើញពណ៌លឿងៗ ក៏នាំគ្នារត់គ្មានអ្នកណាដាក់បាត្រដូចមុន ទើបលោកសូរភិក្ខុទាំងឡាយថា ហេតុអ្វីក៏សាបសូន្យបែបនេះ ភិក្ខុទាំងនោះទូលថា ពួកភិក្ខុអាឡវីដើរសុំបង្ខំយកលុយទៅធ្វើកុដិនៅ របស់ខ្លួនហួសកំលាំងសទ្ធា ទើបអ្នកនគរភិតភ័យចេះតែរត់ពួនទៅ ។ ព្រះមហាកស្សបត្ថេរ នាំរឿងនោះទៅក្រាបបង្គំទូលព្រះសម្ពុទ្ធ ព្រះអង្គទ្រង់ប្រជុំសង្ឃ ហើយស្តីបន្ទោសដល់ភិក្ខុអ្នកធ្វើកុដិ ទាំងនោះជាអនេកហើយបញ្ញត្តសិក្ខាបទ ទើបប្រារព្វសំដែងនូវអតីតនិទានថា ការសុំគេហួសហេតុរឿយៗ ដូច្នេះកុំថាតែមនុស្ស ទោះជាសត្វតិរច្ឆាន ក៏ធុញទ្រាន់មិនឲ្យជួបមុខដែរ ។ ដូចកាលកន្លងទៅហើយ ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍មហាសាល មានសម្បត្តិច្រើន មានប្អូនប្រុសមួយ លុះឥតអំពីមាតាបិតាអនិច្ចកម្មទៅ នាំគ្នាទៅបួសជាតាបស នៅក្បែរស្ទឹងគង្គា បងធ្វើអាស្រមនៅខាងលើស្ទឹង ប្អូនធ្វើនៅខាងក្រោម ។ សម័យនោះ មាននាគរាជមួយឈ្មោះ មណិកណ្ឋៈ មកអំពីភពនាគ ក្លែងភេទជាមាណព ដើរតាមឆ្នេរស្ទឹងមកបានជួបនឹងតាបសជាប្អូនព្រះពោធិសត្វនោះ ក៏មានសេចក្តីស្រឡាញ់រាប់អានគ្នាក្រៃពេក ដល់ពេលលាតាបសទៅពិភពនាគវិញ ក៏ក្លាយខ្លួនជានាគឪបរឹតតាបសដោយក្តីស្រឡាញ់រាប់អានទើបចេញទៅ ។ ចេះតែមកលេងនឹងតាបសយ៉ាងនេះជារៀងរាល់ថ្ងៃ តាបសមានសេចក្តីភិតភ័យឡើងស្គមអស់ទាំងខ្លួន ក៏ប្រាប់ទៅតាបស គឺជាព្រះបរមពោធិសត្វជាបងថា មាននាគរាជមួយចេះតែមកលេងជាញឹកញាប់ ខ្ញុំមានសេចក្តីភ័យខ្លាចមិនចង់ឲ្យមកសោះ ប៉ុន្តែពុំដឹងធ្វើដូចម្តេច ។ ព្រះពោធិសត្វសួរថា នាគរាជនោះកាលមកមានពាក់អ្វីមក? តាបសជាប្អូន មានពាក់កែវមណីមក ។ ព្រះពោធិសត្វប្រាប់ឧបាយថា បើដូច្នោះប្អូនឯងត្រូវសុំកែវមណីនោះពីនាគរាជ ៗ មិនឲ្យក៏នៅតែសុំបើអ្នកបានធ្វើដូច្នេះ នាគរាជនោះនឹងលែងមកកាន់សំណាក់អ្នកទៀតហើយ ។ តាបសប្អូនត្រលប់ទៅអាស្រមវិញ ដល់នាគរាជមកក៏សុំកែវមណីភ្លាម នាគរាជទើសទាល់មិនដឹងធ្វើដូចម្តេចក៏ត្រលប់ទៅវិញ បន្តិចវិលមកទៀតដោយសេចក្តីរឭកតាបស ឯតាបសចេះតែសុំដល់គំរប់៣ដង នាគរាជស្ថិតនៅខ្នងទឹកនិយាយប្រាប់តាបសថា ខ្ញុំសព្វថ្ងៃរស់នៅបានដោយអំណាចកែវមណីនេះ ខ្ញុំឲ្យអ្នកដូចម្តេចកើត ពីថ្ងៃនេះទៅខ្ញុំលែងមកជួបនឹងអ្នកទៀតហើយ ព្រោះការដែលអ្នកសុំកែវមណីខ្ញុំនោះ ដូចជាបុរសមានកំលាំងកាន់ដាវយ៉ាងមុត គម្រាមកាប់ខ្ញុំឲ្យដាច់ជាកំណាត់តូចធំនោះឯង ប្រាប់តាបសនោះហើយក៏បាត់អំពីទីនោះ លែងមកជួបនឹងតាបសទៀត ។ តាបសទាំងពីរក៏ខំចំរើនឈាន ដល់ទីបំផុតអាយុសង្ខារបានទៅកើតក្នុងព្រហ្មណ៍លោកទាំងពីរនាក់ ។ អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |