អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៤៤២ ដង)
រឿងភិក្ខុកូនសេដ្ឋី

|
រឿងភិក្ខុកូនសេដ្ឋី
( ចាក បុ. សា. ) ( គូព្រេងធ្លាប់សាងជាមួយពីដើមមកមិនដែលព្រាត់ ) កាលពីព្រេងនាយ បុរាណបណ្ឌិតបានដំណាលថា មានភិក្ខុ ១ រូបជាកូនសេដ្ឋីមានទ្រព្យសម្បត្តិច្រើន ។ ថ្ងៃមួយសេដ្ឋីជាបិតា របស់ភិក្ខុមកធ្វើបុណ្យក្នុងវត្តនោះ មានខ្ញុំស្រីម្នាក់មានកូនតូច ទើបនឹងចេះដើរបន្តិចៗ ជាប់តាមមកបំរើសេដ្ឋីនោះ នាងខ្ញុំសេដ្ឋីនោះ ក៏ទៅចងអង្រឹងឲ្យកូនដេក ក្រោមកុដិភិក្ខុនោះ ។ ជួនជាពេលនោះ មានតាចាស់ម្នាក់ចេះទាយមើលគូព្រេង ក៏ឡើងមកលេងសប្បាយនឹងភិក្ខុនោះ និយាយពីនេះពីនោះយូរបន្តិច ក៏ភិក្ខុនោះរកតានោះមើលគូព្រេងឲ្យ ។
តានោះក៏ពិនិត្យមើលតាមដំណើរក្បូនឃើញច្បាស់ ហើយក៏និយាយថា លោកចៅកុំអន់ចិត្តនឹងតា ទើបតាហ៊ានទាយឲ្យបាន ។ លោកនោះថាកុំព្រួយ អាត្មាមិនអន់ចិត្តទេ អាណិតតែទាយឲ្យត្រឹមត្រូវចុះ ។ ទើបតានោះទាយថា លោកចៅទៅវិញ មុខជានឹងបានប្រពន្ធកូនខ្ញុំគេជាប្រាកដ ។ លោកនោះឮហើយក៏ធ្លាក់ទឹកមុខ មិនសប្បាយចិត្តសោះ ទើបសួរដេញដោលទៅទៀតថា កូនហ្នឹងតើកើតហើយឫនៅ ? តានោះប្រាប់ថាកើតហើយ គេបានទាំងនាំយកមកក្នុងកំឡុងពេលបុណ្យនេះទៀតផង ។ តាគ្រូទាយហើយក៏លាចុះទៅបាត់ ។ ក្រោយពីនោះមកភិក្ខុនោះថា មានកូនអ្នកណាជាកូនខ្ញុំស្រីម្នាក់ដែលតាមបំរើមាតា បិតា ហើយយកមកទាំងកូនស្រីតូចមកចងអង្រឹង ឲ្យដេកក្រោមកុដិរបស់ខ្លួន ក៏សន្និដ្ធានថាច្បាស់ជាកូនស្រីហ្នឹងហើយដែលតាគ្រូទាយថា គូព្រេងរបស់អាត្មាអញ លោកនេះក្តៅចិត្តខ្លាំងពេកទប់ចិត្តពុំបាន ក៏ស្ទុះទៅយកកាំបិតចុងស្រួចមក ហើយវែករនាបកុដិបោះកាំបិតពួយចុងសំយុងសំដៅទៅកូនក្នុងអង្រឹងនោះ ដើម្បីឲ្យមុតស្លាប់ ចុងកាំបិតនោះមិនបានត្រូវត្រង់កន្លែងដំណំឡើយ គ្រាន់តែត្រូវឆើយឆិតរលាត់ស្បែកពោះបន្តិចល្មមមានស្នាម កូននោះក៏ស្រែកយំផ្អើលអស់មនុស្សដែលមកបុណ្យទាំងប៉ុន្មាន រួចហើយភិក្ខុនោះក៏គេចពីវត្តបាត់ទៅ ។ ឯម្តាយកាលបើឮមាត់កូនយំក៏ស្ទុះមកលើកូនបីត្រកងឡើង ឃើញឈាមក៏អាណិតកូនយ៉ាងក្រៃលែង នាងនោះអន់ចិត្តពេក ក៏លាលោកសេដ្ឋីនោះ លែងបំរើ ហើយដើរទៅរកសុំបំរើត្រកូលអ្នកមានទ្រព្យសម្បត្តិ ដែលនៅស្រុកឆ្ងាយផ្សេងទៀត ។ លុះយូរដល់ជិត ២០ ឆ្នាំ សេដ្ឋីជាមាតា បិតា របស់ភិក្ខុនោះក៏ស្លាប់បាត់បង់ទៅ ឯទ្រព្យសម្បត្តិទាំងប៉ុន្មាន ក៏វិនាសអន្តរាយអស់គ្មានសល់ ភិក្ខុនោះក៏សឹកទៅវិញ ធ្លាក់ខ្លួនជាអ្នកទីទ័លក្រលំបាក ដើរស៊ីឈ្នួលគេចិញ្ចឹមជីវិត ក៏បានទៅជួបនាងទាំងពីរអ្នក គឺម្តាយនិងកូនដែលនៅបំរើគេនោះ ។ អ្នកបណ្ឌិតនោះក៏មិនស្គាល់សោះ លុះឃើញកាលណាក៏មានចិត្តប្រតិព័ទ្ធស្នេហាចង់បានជាភរិយា ឯត្រកូលទាំងពីរនាក់នឹងម្តាយនាងនោះក៏ សុខចិត្តព្រម ទើបរៀបការផ្សំផ្គុំកូនស្រីនោះជាមួយនិងអ្នកបណ្ឌិត ឪ្យជាស្វាមីភរិយានឹងគ្នា ។ លុះដល់វេលារាត្រីនឹងចូលដេក ប្តីនោះក្រឡេកឃើញស្នាមត្រង់ពោះប្រពន្ធហើយក៏សួរថា ចុះហេតុអ្វីបានជានាងមានស្លាកស្នាមយ៉ាងនេះ ប្រពន្ធក៏ប្រាប់ថា ម្តាយគាត់បានប្រាប់ខ្ញុំថាកាលខ្ញុំនៅតូចទើបនឹងចេះដើរបន្តិចៗ គាត់នាំយកទៅឲ្យដេកក្រោមកុដិលោកសង្ឃ មានភិក្ខុមួយរូបនៅក្នុងកុដិនោះ ត្រូវឮគ្រូទាយថាលោកសឹកទៅនឹងបានការប្រពន្ធ ជាកូនខ្ញុំគេមិនខានក៏កើតទោមនស្សអន់ចិត្ត ទើបទាញកាំបិតចុងស្រួចបោះពួយទំលាក់ពីលើកុដិទៅលើខ្លួនខ្ញុំ ហើយក៏ត្រូវឆិតរលាត់ស្បែកពោះ ព្រោះហេតុនោះបានជាជាប់មានស្លាកស្នាមមកដល់សព្វថ្ងៃ ។ ប្តីនោះឮហើយក៏ភ្ញាក់ខ្លួនព្រើតគិតថា អាត្មាអញនឹងទេតើដែលកាលនៅបព្វជិត បានគិតប្រុងនឹងសម្លាប់នាងនេះមែន ឯអ្នកទាំងពីរនោះលុះរួមរស់នឹងគ្នាយូរទៅ ក៏បានឡើងជាអ្នកមានទ្រព្យសម្បត្តិច្រើន ។ ( និស្សិត អៀង ស៊ុនភន ) អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |