អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៧៥០ ដង)
ស្ថាន ៥ យ៉ាង

|
ម្នាលភិក្ខុទាំងឡាយ ស្ថាន ៥ យ៉ាងនេះ ស្រ្តី ក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ។ ស្ថាន ៥ យ៉ាង តើដូចម្តេច ។
ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបានឡើយ ១ ។ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានព្យាធិជាធម្មតា មិនកន្លងព្យាធិទៅបានឡើយ ១ ។ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មាន សេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបានឡើយ ១ ។ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ តែងមានសេចក្តីព្រាត់បា្រសនិរាសចាកសត្វនិងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង ១ ។ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញនឹងធ្វើនូវកម្មណា ទោះល្អក្តីអាក្រក់ក្តី នឹងជាអ្នកទទួលនូវផលនៃកម្មនោះ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបាន តើព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹង ក្នុងវ័យដ៏ចម្រើន ដែលជាហេតុនាំឲ្យពួកសត្វ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ។ កាលបើបុគ្គលនោះ ពិចារណា ស្ថាននោះរឿយៗហើយ ក៏លះបង់យោព្វនមទៈ (សេចក្តីស្រវឹង ក្នុងវ័យដ៏ចម្រើន) ដោយសព្វគ្រប់ ឬពុំនោះសោត ក៏គង់ស្រាលស្តើងទៅបាន ។
ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តីគ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបាន ព្រោះអាស្រ័យអំណាចប្រយោជន៍ នោះឯង ។
ម្នាលភិក្ខុទាំងឡាយ ចុះស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានព្យាធិជាធម្មតា មិនកន្លងព្យាធិទៅបាន តើព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹង ក្នុងភាពនៃខ្លួនមិនមានរោគ ដែលជាហេតុនាំឲ្យពួកសត្វ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ។ កាលបើបុគ្គលនោះ ពិចារណា ស្ថាននោះរឿយៗហើយ ក៏លះបង់អារោគ្យមទៈ (សេចក្តីស្រវឹង ក្នុងភាវៈនៃខ្លួនមិនមានរោគ) ដោយសព្វគ្រប់ ឬពុំនោះសោត ក៏គង់ស្រាលស្តើងទៅបាន ។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តីគ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានព្យាធិជាធម្មតា មិនកន្លងព្យាធិទៅបាន ព្រោះអាស្រ័យអំណាចប្រយោជន៍ នោះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបាន តើព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹង ក្នុងជីវិត ដែលជាហេតុនាំឲ្យពួកសត្វ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ។ កាលបើបុគ្គលនោះ ពិចារណា ស្ថាននោះរឿយៗហើយ ក៏លះបង់ជីវិតមទៈ (សេចក្តីស្រវឹង ក្នុងជីវិត) ដោយសព្វគ្រប់ ឬពុំនោះសោត ក៏គង់ស្រាលស្តើងទៅបាន ។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តីគ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបាន ព្រោះអាស្រ័យអំណាចប្រយោជន៍ នោះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ តែងមានសេចក្តីព្រាត់ប្រាសនិរាសចាកសត្វនិងសង្ខារជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង តើព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានតម្រេកក្រៃលែង ក្នុងសត្វនិងសង្ខារជាទីស្រឡាញ់ ជាទីគាប់ចិត្ត ដែលជាហេតុនាំឲ្យពួកសត្វ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ។ កាលបើបុគ្គលនោះ ពិចារណា ស្ថាននោះរឿយៗហើយ គង់លះបង់ឆន្ទរាគ (តម្រេកក្រៃលែង) ក្នុងសត្វនិងសង្ខារ ដោយសព្វគ្រប់ ឬពុំនោះសោត ក៏គង់ស្រាលស្តើងទៅបាន ។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តីគ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានសេចក្តីព្រាត់ប្រាសនិរាសចាកសត្វនិងសង្ខារជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង ព្រោះអាស្រ័យអំណាចប្រយោជន៍ នោះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញនឹងធ្វើនូវកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយកនូវផលនៃកម្មនោះ តើព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ។ កាលបើបុគ្គលនោះ ពិចារណា ស្ថាននោះរឿយៗហើយ គង់លះបង់ទុច្ចរិត ដោយសព្វគ្រប់ ឬពុំនោះសោត ក៏គង់ស្រាលស្តើងទៅបាន ។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តីគ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿុយៗថា អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញនឹងធ្វើនូវកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយកនូវផលនៃកម្មនោះ ព្រោះអាស្រ័យអំណាចប្រយោជន៍ នោះឯង ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនោះ តែងពិចារណាថា មិនមែនតែអាត្មាអញម្នាក់ឯងទេ ដែលមានជរា ជាធម្មតា មិនកន្លងជរាទៅបាន ទោះបីពួកសត្វដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ានពួកសត្វទាំងអស់ ក៏តែងមានជរា ជាធម្មតា មិនកន្លងជរាទៅបានដែរ កាលបើ អរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយៗ ហើយ លោកុត្តរមគ្គក៏កើតឡើងព្រម ។ អរិយសាវកនោះ រមែងសេពចម្រើន ធ្វើរឿយៗ នូវលោកុត្តរមគ្គនោះ ។ កាលបើ អរិយសាវកនោះ សេពចម្រើន ធ្វើរឿយៗ នូវលោកុត្តរមគ្គនោះហើយ សញ្ញេជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ ។ (អរិយសាវកនោះពិចារណា) ថា មិនមែនតែអាត្មាអញម្នាក់ឯងទេ ដែលមានព្យាធិជាធម្មតា មិនកន្លងព្យាធិទៅបាន ទោះពួកសត្វដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វទាំាងអស់ក៏មានព្យាធិ ជាធម្មតា មិនកន្លងព្យាធិទៅបានដែរ កាលបើ អរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយៗ ហើយ លោកុត្តរមគ្គក៏កើតឡើងព្រម ។ អរិយសាវកនោះ រមែងសេពចម្រើន ធ្វើរឿយៗ នូវលោកុត្តរមគ្គនោះ ។ កាលបើ អរិយសាវកនោះ សេពចម្រើន ធ្វើរឿយៗ នូវលោកុត្តរមគ្គនោះហើយ សញ្ញេជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ ។ (អរិយសាវកនោះពិចារណា) ថា មិនមែនតែអាត្មាអញម្នាក់ឯងទេ ដែលមានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបាន ទោះពួកសត្វដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វទាំាងអស់ក៏មានសេចក្តីស្លាប់ ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបានដែរ កាលបើ អរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយៗ ហើយ លោកុត្តរមគ្គក៏កើតឡើងព្រម ។ អរិយសាវកនោះ រមែងសេពចម្រើន ធ្វើរឿយៗ នូវលោកុត្តរមគ្គនោះ ។ កាលបើ អរិយសាវកនោះ សេពចម្រើន ធ្វើរឿយៗ នូវលោកុត្តរមគ្គនោះហើយ សញ្ញេជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ ។ (អរិយសាវកនោះពិចារណា) ថា មិនមែនតែអាត្មាអញម្នាក់ឯងទេ ដែលមានសេចក្តីព្រាត់ប្រាសនិរាសចាកសត្វនិងសង្ខារជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង ទោះពួកសត្វដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វទាំាងអស់ក៏មានសេចក្តីព្រាត់ប្រាសនិរាសចាកសត្វនិងសង្ខារជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួងដែរ កាលបើ អរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយៗ ហើយ លោកុត្តរមគ្គក៏កើតឡើងព្រម ។ អរិយសាវកនោះ រមែងសេពចម្រើន ធ្វើរឿយៗ នូវលោកុត្តរមគ្គនោះ ។ កាលបើ អរិយសាវកនោះ សេពចម្រើន ធ្វើរឿយៗ នូវលោកុត្តរមគ្គនោះហើយ សញ្ញេជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ ។ (អរិយសាវកនោះពិចារណា) ថា មិនមែនតែអាត្មាអញម្នាក់ឯងទេ ដែលមានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញនឹងធ្វើនូវកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយកនូវផលនៃកម្មនោះ ទោះពួកសត្វដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វទាំាងអស់ក៏មានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញនឹងធ្វើនូវកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយកនូវផលនៃកម្មនោះដែរ កាលបើ អរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយៗ ហើយ លោកុត្តរមគ្គក៏កើតឡើងព្រម ។ អរិយសាវកនោះ រមែងសេពចម្រើន ធ្វើរឿយៗ នូវលោកុត្តរមគ្គនោះ ។ កាលបើ អរិយសាវកនោះ សេពចម្រើន ធ្វើរឿយៗ នូវលោកុត្តរមគ្គនោះហើយ សញ្ញេជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ ។ ធម៌ទាំងឡាយ គឺព្យាធិធម៌ ជរាធម៌ និងមរណធម៌ មាននៅយ៉ាងណា ពួកបុថុជ្ជន ជាសប្បុរស រមែងស្អប់ខ្ពើមយ៉ាងនោះ ។ កាលបើពួកសត្វ មានសភាវៈយ៉ាងនេះហើយ តថាគតក៏គួរធុនទ្រាន់នឹងសភាវៈនោះដែរ ហេតុនោះ មិនមានដល់តថាគត មានសភាពដ៏សមគួរ មានវិហារធម៌យ៉ាងនេះ ។ តថាគតនោះ កាលបើនៅយ៉ាងនេះ ក៏ដឹងនូវធម៌ដែលប្រាសចាកឧបធិ បានឃើញបព្វជ្ជា ថាជាការក្សេមគ្របសង្កត់នូវសេចក្តីស្រវឹងទាំងពួង គឺស្រវឹង ក្នុងភាវៈនៃខ្លួនជាបុគ្គលមិនមានរោគ ក្នុងវ័យ ក្នុងជីវិតបាន ។ សេចក្តីព្យាយាម ក៏កើតមានដល់តថាគតនោះ កាលដែលឃើញច្បាស់នូវព្រះនិព្វាន តថាគតមិនគួរដើម្បីសេពកាមទាំងឡាយបានវិញ ក្នុងកាលឥឡូវនេះទេ តថាគតនឹងជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌តទៅ មិនបានត្រឡប់វិញឡើយ ។ ដកស្រង់ចេញពីបិដក លេខ ៤៤ សុត្តន្តបិដក អង្គុត្តរនិកាយ បញ្ចកនិបាត ត្រង់ទំព័រទី១៤៦។ ដោយ៥០០០ឆ្នាំ |