អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥,១២៦ ដង)
ព្រះមានព្រះភាគជាម្ចាស់ទ្រង់ត្រាស់សម្តែងអំពីសទ្ធា

|
ម្នាលភិក្ខុទាំងឡាយ កុលបុត្រក្នុងសាសនានេះ មានសទ្ធា ទើបចូលទៅរក កាលបើចូលទៅរកហើយ ទើបចូលទៅអង្គុយជិតហើយ ទើបផ្អៀងនូវសោតបសាទ លុះផ្អៀងនូវសោតបសាទហើយ ទើបស្តាប់ធម៌ លុះស្តាប់ធម៌ហើយ ទើបចងចាំធម៌ (នោះ) កាលបើចងចាំធម៌(នោះ) ហើយ ទើបពិចារណារកសេចក្តី លុះពិចារណារកសេចក្តីនៃធម៌នោះហើយ ធម៌ទាំងឡាយ តែងគួរដល់កិរិយាលៃលកមើល កាលបើមានការលៃលកមើលហើយ ឆន្ទៈកើតហើយ ទើបព្យាយាម លុះព្យាយាមហើយ រមែងស្ទង់មើល លុះស្ទង់មើលហើយ រមែងតម្កល់ទុក មានចិត្តបញ្ជូនទៅ(កាន់ព្រះនិព្វាន) ធ្វើឲ្យជាក់ច្បាស់នូវបរមសច្ចនោះដោយប្រាជ្ញា។
ម្នាលភិក្ខុទាំងឡាយ បើសទ្ធានោះមិនមានហើយ ម្នាលភិក្ខុទាំងឡាយ ការចូលទៅរកនោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការចូលទៅអង្គុយជិតនោះក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការផ្អៀងចុះនូវសោតបសាទនោះក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការស្តាប់ធម៌នោះក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការពិចារណាសេចក្តីនោះក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការសំឡឹងនូវធម៌នោះក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ឆន្ទៈនោះក៏មិនមាន ម្នាលភិក្ខុទាំងឡាយ សេចក្តីព្យាយាមនោះក៏មិនមាន ម្នាលភិក្ខុទាំងឡាយ សេចក្តីស្ទង់មើលនោះក៏មិនមាន ម្នាលភិក្ខុទាំងឡាយ សេចក្តីតម្កល់ទុកនោះក៏មិនមាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមុខតែនឹងដល់នូវវិបត្តិ ម្នាលភិក្ខុទាំងឡាយអ្នកទាំងឡាយ មុខតែនឹងប្រតិបត្តិខុសពុំខាន ម្នាលភិក្ខុទាំងឡាយ មោឃបុរសអម្បាលនោះ នឹងឃ្លាតចាកធម្មវិន័យនេះ ឆ្ងាយអម្បាលម៉ានទៅ។ បិដកលេខ២៣ ទំព័រ៤០២ ដកស្រង់ចេញពីសៀវភៅឃរាវាសធម៌ រៀបរៀងដោយ មុនីកោសល្យ នៅហៃឡុន វត្តនិគ្រោធវ័ន (គល់ទទឹង) ។ ដោយ៥០០០ឆ្នាំ |