អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៩២៩ ដង)
រឿងអម្ពតាបស

|
រឿងអម្ពតាបស
( ចាក អ. ជា )
( សេចក្តីសង្គ្រោះ ជាមហាស្នេហ៍ពូកែបំផុតក្នុងលោក )
ក្នុងអវសរដែលកន្លងទៅហើយ មានព្រះរាជាមួយអង្គព្រះនាមព្រហ្មទត្ត សោយរាជសម្បត្តិក្នុងក្រុងពារាណសី ។ កាលនោះព្រះសម្ពុទ្ធបរមគ្រូទ្រង់សោយព្រះជាតិជាព្រាហ្មណ៏ នៅក្បែរផ្លូវឧត្តរទិសនៃក្រុងនោះ លុះចំរើនវ័យធំឡើងចេញចាកគេហដ្ធានចូលបួសជាតាបស មានពួកតាបស ៥០០ រូបជាបរិវាស្នាក់នៅក្បែរជើងភ្នំហិមាល័យ ។ គ្រានោះទឹកក្នុងជ្រោះភ្នំ ក្នុងស្ទឹង ត្រពាំង បឹងបួរ អូរ ព្រែក រីងស្ងួតអស់ឥតសល់ សត្វម្រឹគ បក្សាបក្សី ដែលអាស្រ័យនៅក្នុងព្រៃហិមាល័យ ទាំងប៉ុន្មាន កើតសេចក្តីក្តៅក្រហាយដោយស្រេកទឹកខ្លាំង ។ តាបសបានឃើញសត្វទាំងនោះមានទុក្ខវេទនាដូច្នោះហើយ មានតាបស ១រូបបានកាប់រំលំឈើ ១ដើមចោះលុងធ្វើជាស្នូក ហើយទៅដងទឹកដែលលោកអាចដងមកបាន យកមកដាក់ក្នុងស្នូកនោះទុកបំរុងឲ្យសត្វទាំងឡាយផឹក ។ ពួកសត្វទាំងឡាយក៏នាំគ្នាផឹកទឹកទាំងហ្វូងៗ ឥតឈប់ឈរ ទាល់តែតាបសអស់ឱកាសនឹងចេញទៅស្វែងរកផ្លែឈើមកឆាន់ខ្លួនឯង ។ តាបសនោះលោកមិនអើពើនឹងសេចក្តីស្រេកឃ្លានរបស់ខ្លួនឡើយ លោកខំតែដងទឹកមកចាក់ក្នុងស្នូកឪ្យសត្វទាំងឡាយផឹកទាល់តែបាត់ស្រេក ព្រោះលោកជាអ្នកមានសេចក្តីសង្គ្រោះ ចំពោះសត្វទាំងឡាយឥតរើសមុខ ។ ពួកសត្វទាំងឡាយនោះ កាលបើបានឃើញតាបសមានសេចក្តី សង្គ្រោះដល់ខ្លួនហើយ ក៏គិតគ្នាថាយើងរាល់គ្នាត្រូវតបស្នងគុណតាបសនេះគ្រប់ៗគ្នាកុំខាន យើងត្រូវព្រមព្រៀងគ្នាយ៉ាងនេះ គឺត្រូវយកផ្លែឈើ មើមឈើមកគ្រប់ៗ ក្នុងវេលាដែលមកផឹកទឹកទីនោះដើម្បីមកប្រគេនតាបស ។ សត្វទាំងអស់ក៏ព្រមព្រៀងគ្នា ក្នុងវេលាមកផឹកទឹកបាននាំផ្លែស្វាយ និងផ្លែឈើ មើមឈើផ្សេងៗ មកប្រគេនតាបស រាល់ថ្ងៃទាល់តែផ្លែឈើ មើមឈើនោះសម្បូណ៍ពោរពាស ក្នុងគម្ពីរប្រាប់ថាបើផ្ទុកជារទះបាន ២៥០០ រទះក្នុងមួយថ្ងៃៗ ពួកតាបសទាំង ៥០០ រួមឆាន់ឆ្អែតស្កប់ស្កល់នៅសល់ពាសពេញអាស្រម ។ ព្រះពោធិសត្វដែលជាប្រធាននៃតាបសទាំង ៥០០ រួមឆាន់បានឃើញអស្ចារ្យយ៉ាងនេះហើយ ក៏បន្លឺនូវវាចាប្រកាសថា គុណគឺសេចក្តីល្អរបស់បុគ្គលតែម្នាក់ ដែលមានសេចក្តីសង្គ្រោះ អាចបណ្តាលឪ្យកើតចំណីអាហារដល់ពួកគណៈបរិភោគឆ្អែតស្កប់ស្កល់បាន ។ ព្រោះហេតុនោះអ្នកទាំងឡាយត្រូវតាំងព្យាយាមមាំមួនក្នុងការបំពេញសង្គហធម៌ ស្វែងរកប្រយោជន៍ចំពោះសាធារណជន កុំខ្ជិលគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនយកចិត្តទុកដាក់អើពើនឹងប្រយោជន៍របស់សាធារណជនឡើយ ។ អត្តបទនេះវាយបញ្ចូលដោយ កញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |