30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦១,៣៣៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៥៩,១៣៨
សរុប ៣៨៥,៤៤៥,៨៣១
អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥៤,៥៦៥ ដង)

ធម៌​ ១០​យ៉ាង ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក



ស្តាប់សំឡេង
 
ធម៌​ ១០​ ជា​អាហារ​នៃ​ធម៌​ ១០​ ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក ។ ធម៌ទាំង ១០ យ៉ាង ជាអាហារនៃធម៌ទាំង ១០ នេះ ដែលជាទីប្រាថ្នា ជា​ទី​ត្រេក​អរ ជាទីគាប់ចិត្ត បុគ្គល​បាន​ដោយ​កម្រក្នុងលោក, ធម៌ទាំង ១០ នោះ គឺ ៖
១. អនាលស្យំ  ឧដ្ឋានំ  ភោគានំ  អាហារោ  សេចក្តីមិនខ្ជិល សេចក្តី​ព្យាយាម​ ជាអាហាររបស់ភោគៈ
២. មណ្ឌនា  វិភូសនា  វណ្ណស្ស  អាហារោ  ការប្រដាប់ ការតាក់តែង ជាអាហារ​របស់ពណ៌សម្បុរ
៣. សប្បាយកិរិយា  អារោគ្យស្ស  អាហារោ  ការធ្វើនូវសេចក្តីសប្បាយ ជាអាហារ​របស់​ភាព​មិន​មាន​​រោគ
៤. កល្យាណមិត្តតា  សីលានំ  អាហារោ  សភាពមិត្តល្អ ជាអាហាររបស់សីល
៥. ឥន្ទ្រិយសំវរោ  ព្រហ្មចរិយស្ស  អាហារោ  ការសង្រួមឥន្ទ្រិយ ជា​អាហារ​របស់ព្រហ្មចរិយៈ
៦. អវិសំវាទនា  មិត្តានំ  អាហារោ  ការមិនពោលពាក្យខុស ជាអាហាររបស់មិត្តទាំងឡាយ
៧. សជ្ឈាយកិរិយា  ពាហុសច្ចស្ស  អាហារោ  ការ​ធ្វើ​នូវ​កិរិយា​ស្វាធ្យាយ​ ជាអាហារ របស់​ភាព​ជា​អ្នក​​ចេះដឹងច្រើន
៨. សុស្សូសា  បរិបុច្ឆា  បញ្ញាយ  អាហារោ  ការស្តាប់ ការសាកសួរ ជា​អាហាររបស់បញ្ញា
៩. អនុយោគោ  បច្ចវេក្ខណា  ធម្មានំ  អាហារោ  ការប្រកបរឿយៗ ការ​ពិចារណា ជា​អាហារ​របស់​ធម៌​​ទាំងឡាយ
១០. សម្មាបដិបត្តិ  សគ្គានំ  អាហារោ សេចក្តីប្រតិបត្តិល្អ ជា​អាហារ​របស់​ឋានសួគ៌
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៨ )

 

ធម៌​ ១០​ នាំ​ឲ្យ​អន្តរាយ​ដល់​ធម៌​ ១០​​ ដែល​ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក ។ ធម៌​ ១០​ យ៉ាង នាំ​ឲ្យ​អន្តរាយ​ដល់​ធម៌​ ១០​​ យ៉ាងនេះ ដែល​ជា​ទី​ប្រាថ្នា​ ជា​ទី​ត្រេក​អរ ជាទីគាប់ចិត្ត បុគ្គល​កម្រ​​បាន​ក្នុង​លោក, ធម៌ ១០ យ៉ាងនោះ គឺ ៖
១. អាលស្យំ  អនុដ្ឋានំ  ភោគានំ  បរិបន្ថោ  ការខ្ជិល និង​ការ​មិន​ប្រឹង​ប្រែង​ នាំឲ្យអន្តរាយដល់ភោគៈ
២. អមណ្ឌនា  អវិភូសនា  វណ្ណស្ស  បរិបន្ថោ  ការមិនប្រដាប់ មិន​តាក់​តែង​ នាំឲ្យអន្តរាយដល់ពណ៌​សម្បុរ
៣. អសប្បាយកិរិយា  អារោគ្យស្ស  បរិបន្ថោ  ការ​ធ្វើ​នូវ​សេចក្តី​មិន​សប្បាយ​​ នាំ​ឲ្យ​អន្តរាយ​ដល់​ភាព​មិន​​មានរោគ
៤. បាបមិត្តតា  សីលានំ  បរិបន្ថោ  មិត្តលាមក នាំឲ្យអន្តរាយដល់សីល
៥. ឥន្ទ្រិយាសំវរោ  ព្រហ្មចរិយស្ស  បរិបន្ថោ  ការមិនសង្រួមនូវឥន្ទ្រិយ នាំ​ឲ្យ​អន្តរាយ​ដល់​ព្រហ្មចរិយៈ​
៦. វិសំវាទនា  មិត្តានំ  បរិបន្ថោ  ការពោលពាក្យខុស នាំឲ្យអន្តរាយដល់​ពួក​មិត្ត
៧. អសជ្ឈាយកិរិយា  ពាហុសច្ចស្ស  បរិបន្ថោ  ការ​ធ្វើ​នូវ​សេចក្តី​មិន​ស្វាធ្យាយ​ នាំឲ្យអន្តរាយ ដល់​ភាព​​ចេះដឹងច្រើន
៨. អស្សុស្សុសា អបរិបុច្ឆា  បញ្ញាយ  បរិបន្ថោ  ការមិនប្រុងស្តាប់ មិន​សាកសួរ នាំ​ឲ្យ​អន្តរាយ​ដល់​បញ្ញា
៩. អននុយោគោ  អប្បច្ចវេក្ខណា  ធម្មានំ  បរិបន្ថោ  ការ​មិន​ប្រកប​រឿយៗ​ ការមិនពិចារណា នាំឲ្យ​អន្តរាយ​ដល់ធម៌ទាំងឡាយ
១០. មិច្ឆាបដិបត្តិ  សគ្គានំ  បរិបន្ថោ សេចក្តីប្រតិបត្តិខុស នាំឲ្យអន្តរាយ ដល់ឋានសួគ៌
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៧ )

ធម៌​ ១០​ ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក ។ ធម៌ ១០ យ៉ាងនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែល​បុគ្គល​បាន​ដោយ​កម្រ ក្នុង​លោក, ធម៌ទាំង ១០ យ៉ាងនោះ គឺ ៖
១. ភោគា          ភោគៈ
២. វណ្ណោ          ពណ៌សម្បុរ
៣. អារោគ្យំ       ការមិនមានរោគ
៤. សីលានិ        សីល
៥. ព្រហ្មចរិយំ    ព្រហ្មចរិយៈ
៦. មិត្តា              មិត្ត
៧. ពាហុសច្ចំ     សភាពជាអ្នកចេះដឹងច្រើន
៨. បញ្ញា            បញ្ញា
៩. ធម្មោ            ធម៌ [ លោកុត្តរធម៌ ៩ ]
១០. សគ្គា          ឋានសួគ៌
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៦ )
 


អរិយសាវ័ក​ ​ចម្រើន​ដោយ​ធម៌​ ១០

   ធនេន  ធញ្ញេន  ច  យោធ  វឌ្ឍតិ
   បុត្តេហិ  ទារេហិ  ចតុប្បាទេហិ  ច
   ស  ភោគវា  ហោតិ  យសស្សី  បូជិតោ
   ញាតីហិ  មិត្តេហិ  អថោបិ  រាជុភិ  ។

បុគ្គល​ណា​ក្នុង​លោក​នេះ​ ចម្រើន​ដោយ​ទ្រព្យ​ផង​ ដោយ​ស្រូវ​ផង​ ដោយ​កូន​​ផង​ ដោយ​ប្រពន្ធ​ផង​ ដោយ​សត្វ​​ជើង​ ៤​ ផង​ បុគ្គល​នោះ​ឈ្មោះ​ថា​ មាន​ភោគៈ​ មាន​យស​ដែល​ពួក​ញាតិ​ និង​មិត្ត​ ព្រម​ទាំង​ស្តេច​បូជា​ហើយ ។

  សទ្ធាយ  សីលេន  ច  យោធ  វឌ្ឍតិ
  បញ្ញាយ  ចាគេន  សុតេន  ចូភយំ
  សោ  តាទិសោ  សប្បុរិសោ  វិចក្ខណោ
  ទិដ្ឋេវ  ធម្មេ  ឧភយេន  វឌ្ឍតិ  ។

បុគ្គល​ណា​ ក្នុង​លោក​នេះ​ ចម្រើន​ដោយ​សទ្ធា​ផង​ ដោយ​សីល​ផង​ ដោយ​បញ្ញា​ផង​ ដោយ​ចាគៈ​ផង​ ដោយ​សុតៈ​​ទាំង​ពីរ​ផង​ បុគ្គល​បែប​នោះ​ ហៅ​ថា​ សប្បុរស​ ជា​អ្នក​ពិចារណា​ឃើញច្បាស់​ រមែង​ចម្រើន​ដោយ​ហេតុ​ទាំង​ពីរ​ ក្នុង​​បច្ចុប្បន្ន​នេះ​ឯង​ ។
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៩-៣០០ )

កថាវត្ថុ​ ១០​ ឋានៈ​ដែល​គួរ​សរសើរ​ ១០
ហេតុដែលគួរនិយាយ លោកហៅថា កថាវត្ថុ, កថាវត្ថុនោះ មាន ១០ គឺ
១. អប្បិច្ឆកថា       និយាយអំពីសេចក្តីប្រាថ្នាតិច
២. សន្តុដ្ឋិកថា       និយាយអំពីសេចក្តីសន្តោស
៣. បវិវេកកថា      និយាយអំពីសេចក្តីស្ងប់ស្ងាត់
៤. អសំសគ្គកថា    និយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ
៥. វីរិយារម្ភកថា     និយាយអំពីប្រារព្ធសេចក្តីព្យាយាម
៦. សីលកថា          និយាយអំពីសីល
៧. សមាធិកថា       និយាយអំពីសមាធិ
៨. បញ្ញាកថា          និយាយអំពីបញ្ញា
៩. វិមុត្តិកថា           និយាយអំពីវិមុត្តិ
១០. វិមុត្តិញ្ញាណទស្សនកថា និយាយអំពីវិមុត្តិញ្ញាណទស្សនៈ
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៨២ )
 


អភិណ្ហប្បច្ចវេក្ខណៈ​ ១០
អភិណ្ហប្បច្ចវេក្ខណៈ បានដល់ ធម៌ដែលបព្វជិតគប្បីពិចារណារឿយៗ, អភិណ្ហប្បច្ចវេក្ខណៈនោះ មាន ១០ យ៉ាង គឺ ៖
១. វេវណ្ណិយម្ហិ អជ្ឈូបគតោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត គប្បី​​ពិចារណា​រឿយៗ ថា​ អាត្មា​អញ​​កាន់​យក​នូវ​ភេទ​ដ៏​ប្លែក​ អំពី​​ភេទ​​របស់​​គ្រហស្ថ
២. បរប្បដិពទ្ធា មេ ជីវិកាតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណារឿយៗ ថា ការ​ប្រព្រឹត្ត​​ចិញ្ចឹមជីវិត របស់​អាត្មាអញ​ប្រព្រឹត្ត​ជាប់​ដោយបុគ្គលដទៃ
៣. អញ្ញោ មេ​ អាកប្បោ ករណីយោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណា​រឿយៗ ថា អាកប្បកិរិយា​ផ្សេង​អំពី​គ្រហស្ថ​ អាត្មាអញគួរធ្វើ
៤. កច្ចិ នុ ខោ មេ អត្តា សីលតោ ន ឧបវទតីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណា​​រឿយៗ​ ថា​ អាត្មាអញ​​មិន​តិះ​ដៀល​ខ្លួន​ឯង ដោយសីលធម៌បានទេឬ ?
៥. កច្ចិ នុ ខោ មំ អនុវិច្ច វិញ្ញូ សព្រហ្មចារី សីលតោ ន ឧបវទន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណារឿយៗ ថា ពួក​សព្រហ្មចារី ជាវិញ្ញូជន គយគន់មើលហើយ មិនតិះដៀលអាត្មាអញ ដោយ​សីលធម៌បានទេឬ ?
៦. សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិតគប្បី​ពិចារណារឿយៗ ថា ការ​ព្រាត់​ប្រាស​និរាស​ចាកសត្វ និងសង្ខារទាំងអស់ ដែល​ជា​ទី​ស្រឡាញ់ ជាទីគាប់ចិត្ត នៃ​អាត្មា​អញតែងមានជាធម្មតា
៧. កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​​គប្បី​ពិចារណារឿយៗ ថា អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មាន​កម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹក​ឃើញ អាត្មា​អញ​នឹង​ធ្វើ​នូវ កម្ម​ណា ល្អ ឬអាក្រក់ អាត្មាអញ​គង់​នឹង​បាន​ជា​អ្នក​ទទួល​យក​នូវ​ផល នៃ​កម្ម​នោះ​ពុំ​​ខានឡើយ
៨. កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណា​រឿយៗ​ ថា យប់និងថ្ងៃទាំងឡាយ ចេះតែកន្លងទៅៗ តើអាត្មាអញ បានធ្វើដូចម្តេចខ្លះហើយ ?
៩. កច្ចិ នុ ខោហំ សុញ្ញាគារេ អភិរមាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណា​រឿយៗ ថា អាត្មាអញ​មាន​សេចក្តី​អភិរម្យ​ ត្រេកអរក្នុងផ្ទះដ៏ស្ងាត់ខ្លះដែរឬទេ ?
១០. អត្ថិ នុ ខោ មេ ឧត្តរិមនុស្សធម្មា អលមរិយញ្ញាណទស្សនវិសេសោ អធិគតោ សោហិ បច្ឆិមេ កាលេ សព្រហ្មចារីហិ បុដ្ឋោ ន មង្កុ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិតគប្បីពិចារណា​រឿយៗ ថា ឧត្តរិមនុស្សធម៌ គឺ ធម៌ជារបស់មនុស្សដ៏ប្រសើរក្រៃលែង មាន​ដល់​អាត្មាអញដែរឬ ធម៌​ដ៏​វិសេស ដែល​គួរនឹងឃើញ ដោយប្រាជ្ញាដ៏ប្រសើរ អាត្មាអញបានត្រាស់ដឹងហើយឬ អាត្មា​អញ​នោះ​ សព្រហ្មចារី​ទាំង​ឡាយ​សួរ​ក្នុង​កាលជាទីបំផុត ( មរណសម័យ ) នឹងមិនអឹមអៀមទេឬ ?
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ១៨៨ ដល់ ១៩០ )

សេចក្តីពន្យល់
វេវណ្ណិយំ
ពាក្យថា​ វេវណ្ណិយំ​ ( អ្នក​មាន​ភេទ​ដ៏​ប្លែក )​ គឺ​ មាន​រូប​ប្លែក​ផ្សេង ៗ​ នោះ​ មាន​​ ២​ យ៉ាងគឺ មាន​រូប​ប្លែក​ផ្សេង​ដោយ​​សរីរៈ​ ១​ មាន​​រូប​​ប្លែក​​ផ្សេង​​ដោយ​​បរិក្ខារ​ ១ ។ បណ្តា​រូប​ប្លែក​ផ្សេង​ទាំង​ ២​ យ៉ាង​នោះ​ ការ​​មាន​​រូប​​ប្លែក​​ផ្សេង​​ដោយ​​​សរីរៈ​ គប្បី​ជ្រាប​ដោយ​ការ​កោរ​សក់​ និង​ពុក​មាត់ ។​ ក៏​​កាល​​មុន​​នឹង​​បួស​ សូម្បី​​ស្លៀក​​សំពត់​ ក៏​ត្រូវ​ប្រើ​សំពត់​សាច់​​ល្អិត​ ជ្រលក់​ពណ៌​ផ្សេងៗ​ សូម្បី​​​បរិភោគ​​ក៏​ត្រូវ​​បរិភោគ​​អាហារ​ឆ្ងាញ់ៗ​ ដាក់​លើ​ភាជន៍​មាស​ និង​ប្រាក់​ សូម្បី​​ដេក​ ឬ​​អង្គុយ​​ក៏​​ត្រូវ​ដេក​ ឬ​អង្គុយ​លើ​ទី​ដេក​ ទី​អង្គុយ​យ៉ាង​​ល្អ​ប្រណីត ​ក្នុង​​បន្ទប់​ស្រស់​ស្អាត ​សូម្បី​ផ្សំ​ថ្នាំ​ក៏​ត្រូវ​ប្រើ​ទឹក​ដោះ​​ថ្លា​ ទឹក​ដោះ​ខាប់​ជា​ដើម​ ប៉ុន្តែ​​​ចាប់​​តាំង​​ពី​​បួស​​ហើយ​ ចាំ​បាច់​ត្រូវ​ស្លៀក​សំពត់​កាត់​ដាច់​ ដេរ​ភ្ជាប់ ជ្រលក់​ដោយទឹក​អម្ចត់ ចាំបាច់ត្រូវឆាន់តែបាយលាយគ្នាក្នុងបាត្រដែក ឬ​បាត្រដី ចាំបាច់​ត្រូវ​ដេក​លើ​គ្រែដែលក្រាលដោយកម្រាល​ស្មៅជាដើម ក្នុង​សេនាសនៈ​មាន​គល់​ឈើ​ជា​ដើម ចាំបាច់ត្រូវអង្គុយលើកន្លែងមួយ និង​កន្ទេល​ផែងជាដើម ចាំ​បាច់​ត្រូវ​ផ្សំ​ថ្នាំដោយទឹកមូត្រស្អុយជាដើម ។ គប្បី​ជ្រាប​ភាពប្លែកផ្សេងគ្នាដោយបរិក្ខារ ក្នុង​សេចក្តីនេះដោយប្រការ ដូច្នេះ ។ ក៏បព្វជិតកាលពិចារណាយ៉ាងនេះ រមែង​លះបង់កោបៈ គឺសេចក្តីខឹងក្រោធ និងមានះ គឺសេចក្តីប្រកាន់​ចោល​បាន ។

បរប្បដិពទ្ធា​ មេ​ ជីវិកា
ពាក្យថា បរប្បដិពទ្ធា មេ ជីវិកា សេចក្តីថា បព្វជិត​គប្បី​ពិចារណា​យ៉ាង​នេះ​ថា ការចិញ្ចឹមជីវិតដោយបច្ច័យ ៤ ចាំបាច់ត្រូវអាស្រ័យនឹងអ្នកដទៃ ឥរិយាបថ​ក៏សមគួរ អាជីវៈ ការចិញ្ចឹមជីវិតក៏បរិសុទ្ធ ជា​អ្នក​គោរព​កោត​ក្រែង​​ក្នុង​បិណ្ឌបាត ឈ្មោះថា ជាអ្នកបរិភោគមិនពិចារណាក្នុងបច្ច័យ ៤ ក៏ទេ ។

អញ្ញោ​ មេ​ អាកប្បោ​ ករណីយោ
ពាក្យថា អញ្ញោ មេ អាកប្បោ ករណីយោ សេចក្តីថា បព្វជិត​គប្បី​ពិចារណា​ថា អាកប្បកិរិយាដើរឯណារបស់​ពួកគ្រហស្ថ គឺ​ការ​ឈាន​ជើង​ដោយ​មិនកំណត់ ការអើត-ក អាត្មាអញ​គប្បី​ធ្វើ​អាកប្បកិរិយា​ឲ្យ​ប្លែក​ផ្សេង​អំពី​អាកប្បកិរិយារបស់គ្រហស្ថនោះ យើងគប្បីមានឥន្ទ្រិយស្ងប់រម្ងាប់ មាន​ចិត្តស្ងប់ស្ងាត់ សម្លឹងមើលតែមួយជួរនឹម ឈានជើងសន្សឹមៗ ( មិន​ឈាន​ជើង​វែងពេក ) គប្បីដើរទៅ ដូចនាំរទេះផ្ទុកទឹកទៅក្នុងទីមិនរាបស្មើ ។ ព្រោះ​ថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមានអាកប្បកិរិយាសមគួរ សិក្ខា ៣ រមែងបរិបូណ៌ ។
 


សីលតោ​ ន​ ឧបវទតិ
ពាក្យថា សីលតោ ន ឧបវទតិ បានដល់ មិនតិះដៀលខ្លួនឯង ព្រោះ​សីល​ជា​បច្ច័យយ៉ាងនេះថា សីលរបស់អាត្មា​អញមិនបរិបូណ៌ ។ ព្រោះថា បព្វជិត​កាល​ពិចារណាយ៉ាងនេះ រមែងញ៉ាំងហិរិ សេចក្តីខ្មាសបាប ឲ្យ​កើត​ឡើង​ខាង​​ក្នុង ។ ហិរិនោះ ក៏ឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ សេចក្តី​សង្រួម​ក្នុងទ្វារទាំង ៣ រមែងជាចតុប្បារិសុទ្ធិសីល បព្វជិត​ដែល​តាំង​នៅ​ក្នុង​ចាតុប្បារិសុទ្ធិសីល ហើយចម្រើនវិបស្សនា រមែង​សម្រេច​ព្រះអរហត្តបាន ។

អនុវិច្ច​ វិញ្ញូ​ សព្រហ្មចារី
ពាក្យថា អនុវិច្ច វិញ្ញូ សព្រហ្មចារី សេចក្តីថា ពួក​សព្រហ្មចារី​អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយៈរួមជាមួយនឹងអ្នកជាបណ្ឌិត គយគន់ពិចារណាមើលហើយ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឱត្តប្បៈ សេចក្តី​ខ្លាច​បាប​ខាង​ក្រៅ រមែងតាំងឡើង ។ ឱត្តប្បៈនោះ រមែង​ឲ្យ​សម្រេច​សេចក្តី​សង្រួម​ក្នុង​ទ្វារ​ទាំង ៣ ។ ព្រោះហេតុនោះ ទើបគួរជ្រាប​សេចក្តីបន្តមកទៀត ( គឺ​រមែង​ញ៉ាំង​ចាតុប្បារិសុទ្ធិសីលឲ្យបរិសុទ្ធ … សេចក្តីដ៏សេស ដូចពាក្យថា សីលតោ ន ឧបវទតិ ) ។

នានាភាវោ​ វិនាភាវោ
ពាក្យថា នានាភាវោ វិនាភាវោ សេចក្តីថា ភាវៈផ្សេងៗ ព្រោះកើត ព្រោះ​ព្រាត់ប្រាស ព្រោះស្លាប់ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឈ្មោះ​ថា មិនមានអាការ គឺសេចក្តីប្រមាទក្នុងទ្វារទាំង ៣ ។ មរណស្សតិ ការ​​រលឹកដល់សេចក្តីស្លាប់ ក៏ជាការតម្កល់ទុកហើយដោយល្អ ។

តស្ស​ ទាយាទោ​ ភវិស្សាមិ
ពាក្យថា តស្ស ទាយាទោ ភវិស្សាមិ បានដល់ អាត្មាអញជាទាយាទ គឺ​ជាអ្នកទទួលផលដែលកម្មនោះឲ្យហើយ, ព្រោះថា បព្វជិត​កាល​ពិចារណា​យ៉ាងនេះ រមែងមិនធ្វើបាបទាំងពួង ។

កថម្ភូតស្ស​ មេ​ រត្តិន្ទិវា​ វីតិបតន្តិ
ពាក្យថា​ កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តិ សេចក្តីថា យប់ និងថ្ងៃកន្លងទៅ ផ្លាស់ប្តូរទៅ អាត្មាអញយ៉ាងដូចម្តេច​ហើយ គឺ​អាត្មា​អញ​កំពុង​ធ្វើ​វត្តប្បដិបត្តិ​ ឬមិនទាន់បានធ្វើទេ បានទន្ទេញពុទ្ធវចនៈ ឬ​មិន​ទាន់​បាន​ទន្ទេញ​ទេ បាន​ធ្វើកិច្ចក្នុងយោនិសោមនសិការ ឬក៏មិនទាន់បានធ្វើទេ ។ ព្រោះថា បព្វជិត​កាល​ពិចារណាយ៉ាងនេះ សេចក្តីមិន​ប្រមាទ រមែង​បរិបូណ៌ ។

សុញ្ញាគារេ​ អភិរមាមិ
ពាក្យថា សុញ្ញាគារេ អភិរមាមិ សេចក្តីថា អាត្មាអញ​នៅ​តែ​ម្នាក់​ឯង​គ្រប់​ឥរិយាបថ ក្នុងទីស្ងាត់ ញ៉ាំងសេចក្តី​ត្រេកអរឲ្យកើតឡើងហើយឬនៅ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ កាយវិវេក រមែងបរិបូណ៌ ។

ឧត្តរិមនុស្សធម្មោ
ពាក្យថា ឧត្តរិមនុស្សធម្មា សេចក្តីថា ធម៌ទាំងឡាយ មានឈានជាដើម របស់ឈានលាភី និងព្រះអរិយៈ ជា​មនុស្សដ៏ក្រៃលែង ជា​មនុស្ស​ឧត្តម​ខ្ពង់​ខ្ពស់ ឬធម៌ទាំងឡាយដ៏ក្រៃលែង ដ៏ប្រសើរជាងមនុស្សធម៌ ពោលគឺ​កុសល-កម្មបថ​ ១០ មាន គឺ មាន​នៅ​ក្នុង​សន្តាន​របស់​អាត្មា​អញ​ហើយ​ឬ​នៅ ។

បុដ្ឋោ,​ ន​ មង្កុ​​ ភវិស្សាមិ
ពាក្យ​ថា​ បុដ្ឋោ​ បាន​ដល់​ ត្រូវ​មិត្ត​​សព្រហ្មចារី​​សួរ​​ដល់​​គុណ​វិសេស​​ដែល​​ខ្លួន​​សម្រេច ។ ពាក្យ​​ថា​ ន​ មង្កុ​ ភវិស្សាមិ​ បាន​ដល់​ អាត្មា​អញ​នឹង​មិន​ជា​​អ្នក​​អឹម​អៀម​ ឱន-​ក​ចុះ អស់​អំណាច​ ។​ ព្រោះ​ថា​ បព្វជិត​​កាល​​ពិចារណា​​យ៉ាង​​នេះ​ រមែង​មិន​ឈ្មោះ​ថា​ ស្លាប់​​ដោយ​ឥត​អំពើ ៕

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣៣៤ ដង)
ការ​ងារ​មាន​តម្លៃ​ចំពោះ​មនុស្ស​នៅ​ត្រង់​ណា​?
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៦,៨០៣ ដង)
នៅព្រៃតែ​មិន​ស្ងាត់​ចាក​កាម
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤១,២៣៤ ដង)
ព្រះទាឋធាតុរបស់ព្រះសម្មាសម្ពុទ្ធនៅប្រាសាទព្រះចង្កូមកែវ ប្រទេសស្រីលង្កា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៧ (អាន: ១២,២៥៦ ដង)
១២​ប្រការ​ប្រមុខនៃក្តី​វិនាស​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,២២៣ ដង)
ប្រៀប​ធៀប​ព្រះ​ធម៌​ជា​មួយ​នឹង​ស្លឹក​ឈើ​ក្នុង​ដៃ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.07
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿