អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥០,៣៩២ ដង)
សេចក្តីឈ្លាសក្នុងហេតុ និងមិនមែនហេតុ

|
ឋានកុសលតា សេចក្តីឈ្លាសក្នុងហេតុ អដ្ឋានកុសលតា សេចក្តីឈ្លាសក្នុងមិនមែនហេតុ ។
អធិប្បាយ៖ ពាក្យថា ឋានកុសលតា គឺ បញ្ញាដែលអាចក្នុងការកំណត់ឋានៈយ៉ាងនេះថា “ចក្ខុ រូប ជាឋានៈ និងជាហេតុនៃចក្ខុវិញ្ញាណ ដែលកើតឡើងដោយធ្វើចក្ខុឲ្យជាទីតាំង និងធ្វើរូបឲ្យជាអារម្មណ៍ លោកពោលទុកក្នុងព្រះអភិធម្មយ៉ាងនេះថា “យេ យេ ធម្មា យេសំ យេសំ ធម្មានំ ហេតុបច្ចយា ឧប្បាទាយ តំ តំ ឋានន្តិ យា តត្ថ បញ្ញា បជាននា ការដឹង ការយល់ ក្នុងធម៌ទាំងឡាយ ថាជាហេតុ ជាបច្ច័យ អាស្រ័យទាំងឡាយណាៗ ធម៌នោះៗ ចាត់ថាជាឋានៈ” ។
ពាក្យថា អដ្ឋានកុសលតា គឺ បញ្ញាដែលអាចក្នុងការកំណត់អដ្ឋានៈ យ៉ាងនេះថា “សោតវិញ្ញាណជាដើម រមែងមិនកើតឡើងដោយធ្វើចក្ខុឲ្យជាទីតាំង និងធ្វើរូបឲ្យជាអារម្មណ៍, ព្រោះហេតុនោះ ចក្ខុរូបទើបមិនជាឋានៈមិនជាហេតុនៃសោតវិញ្ញាណជាដើមទាំងនោះ លោកពោលទុកក្នុងព្រះអភិធម្មថា “‘យេ យេ ធម្មា យេសំ យេសំ ធម្មានំ ន ហេតូ ន បច្ចយា ឧប្បាទាយ តំ តំ អដ្ឋានន្តិ យា តត្ថ បញ្ញា បជាននា ការដឹង ការយល់ក្នុងធម៌ទាំងឡាយថា មិនមែនជាហេតុ មិនមែនជាបច្ច័យ អាស្រ័យធម៌ទាំងឡាយណាៗ ធម៌នោះៗ ចាត់ថាជាឋានៈ” ។ ន័យម្យ៉ាងទៀត គប្បីជ្រាបសេចក្តីក្នុងធម៌ពួក ២ នេះ ដោយសូត្រនេះថា “កិត្តាវតា បន, ភន្តេ, ឋានាឋានកុសលោ ភិក្ខូតិ អលំ វចនាយាតិ ។ ឥធានន្ទ, ភិក្ខុ អដ្ឋានមេតំ អនវ-កាសោ, យំ ទិដ្ឋិសម្បន្នោ បុគ្គលោ កញ្ចិ សង្ខារំ និច្ចតោ ឧបគច្ឆេយ្យ, នេតំ ឋានំ វិជ្ជតីតិ បជានាតិ ។ ឋានញ្ច ខោ ឯតំ វិជ្ជតិ, យំ បុថុជ្ជនោ កញ្ចិ សង្ខារំ និច្ចតោ ឧបគច្ឆេយ្យ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុប៉ុន្មាន ទើបគួរនឹងពោលបានថា ភិក្ខុជាអ្នកឈ្លាសក្នុងឋានៈ និងអដ្ឋានៈ? ម្នាលអានន្ទ ភិក្ខុក្នុងធម្មវិន័យនេះ រមែងដឹងច្បាស់ថា ការដែលបុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីចាប់ប្រកាន់សង្ខារយ៉ាងណានីមួយ ថាទៀង នុ៎ះមិនមែនជាឋានៈ មិនមែនជាឱកាសឡើយ, ចំណែកការដែលបុថុជ្ជននឹងគប្បីចាប់ប្រកាន់សង្ខារណានីមួយ ថាទៀង នុ៎ះទើបជាឋានៈ” ។ ( សង្គីតិសុត្តវណ្ណនា )
![]() ពាក្យទាំងពីរនេះ ថា ហេតូ បច្ចយា ( ជាហេតុ ជាបច្ច័យ ) ជាពាក្យវេវចនៈនៃគ្នានិងគ្នា ។ ពិតមែន ចក្ខុបសាទជាហេតុ និងជាបច្ច័យដល់ចក្ខុវិញ្ញាណ ដែលធ្វើរូបឲ្យជាអារម្មណ៍កើតឡើង ។ មួយទៀត សោតបសាទជាដើម ក៏ជាហេតុ និងជាបច្ច័យដល់សោតវិញ្ញាណជាដើម ពូជទាំងឡាយមានពូជស្វាយជាដើម ក៏ជាហេតុ និងជាបច្ច័យដល់ផ្លែស្វាយជាដើម ។ ក្នុងន័យទី ២ គប្បីជ្រាបសេចក្តីយ៉ាងនេះថា បទថា យេ ធម្មា ( ពួកធម៌ណា ) ជាពាក្យសម្តែងបច្ចយធម៌ដែលជាវិសភាគៈនឹងគ្នា ។ បទថា យេសំ យេសំ ( នៃពួកធម៌ណាៗ ) ជាពាក្យសម្តែងដល់បច្ចយសមុប្បន្នធម៌ ដែលជាវិសភាគៈនឹងគ្នា ។ បទថា ន ហេតូ ន បច្ចយា ( មិនមែនជាហេតុ មិនមែនជាបច្ច័យ ) បានដល់ ចក្ខុបសាទ មិនមែនជាហេតុ មិនមែនជាបច្ច័យ ដល់សោតវិញ្ញាណដែលកើតឡើង ធ្វើសំឡេងឲ្យជាអារម្មណ៍ ។ មួយទៀត សោតបសាទជាដើម មិនមែនជាហេតុ មិនមែនជាបច្ច័យដល់វិញ្ញាណដ៏សេសក្រៅពីនេះ និងពូជស្វាយជាដើម ក៏មិនមែនជាហេតុ មិនមែនជាបច្ច័យដល់ការកើតឡើងនៃដើមត្នោតជាដើម ដូច្នោះ ។ ( អដ្ឋសាលិនី អដ្ឋកថា ) សេចក្តីឈ្លាសក្នុងអាយតនៈ និងបដិច្ចសមុប្បាទធម៌ ។ អាយតនកុសលតា សេចក្តីឈ្លាសក្នុងអាយតនៈ បដិច្ចសមុប្បាទកុសលតា សេចក្តីឈ្លាសក្នុងបដិច្ចសមុប្បាទធម៌ ។ អធិប្បាយ៖ ពាក្យថា អាយតនកុសលតា គឺ បញ្ញាក្នុងការរៀនយក ការធ្វើទុកក្នុងចិត្ត ការយល់ អាយតនៈ ១២ ដែលលោកពោលទុកយ៉ាងនេះថា “ទ្វាទសាយតនានិ ចក្ខាយតនំ … ធម្មាយតនំ ។ យា តេសំ អាយតនានំ អាយតន-កុសលតា បញ្ញា បជាននា ភាពជាអ្នកឈ្លាសក្នុងអាយតនៈ គឺ ការដឹង ការយល់ក្នុងអាយតនៈ ១២ គឺ ចក្ខាយតនៈ ។ល។ ធម្មាយតនៈ” ។ ន័យម្យ៉ាងទៀត ទាំងភាពជាអ្នកឈ្លាសក្នុងធាតុ ឈ្លាសក្នុងមនសិការ ទាំងភាពជាអ្នកឈ្លាសក្នុងអាយតនៈ រមែងគួរ ក្នុងការរៀនយក ការធ្វើទុកក្នុងចិត្ត ការស្តាប់ ការពិចារណា ការដឹងច្បាស់ និងការសម្លឹងពិនិត្យ ។ ចំណែកសេចក្តីផ្សេងគ្នា ក្នុងធម៌ទាំងនេះ មានដូច្នេះ ការស្តាប់ ការរៀនយក និងការសម្លឹងពិនិត្យ ជាលោកិយ ។ ការដឹងច្បាស់ ជាលោកុត្តរ, ការពិចារណា ការធ្វើទុកក្នុងចិត្ត ជាលោកិយ និងលោកុត្តរលាយគ្នា ។ ពាក្យថា បដិច្ចសមុប្បាទកុសលតា គឺ បញ្ញាដែលប្រព្រឹត្តទៅដោយអំណាចជាដើមថា ការរៀនយកបច្ចយាការ ១២ ដែលលោកពោលទុកយ៉ាងនេះថា ការដឹង ការយល់ ក្នុងបច្ចយាការដែលថា ព្រោះអវិជ្ជាជាបច្ច័យ ទើបមានសង្ខារ ។ល។ ការកើតឡើងនៃកងទុក្ខទាំងពួងនេះ រមែងមាន ដោយប្រការដូច្នេះ” ។ ( សង្គីតិសុត្តវណ្ណនា ) បញ្ញាដែលដឹង កំណត់ការរៀនយក ការធ្វើទុកក្នុងចិត្ត ការស្តាប់ ការទ្រទ្រង់ នូវអាយតនៈ ១២ ឈ្មោះថា អាយតនកុសលតា ( សេចក្តីឈ្លាសក្នុងអាយតនៈ ) ។ ![]() ម្យ៉ាងវិញទៀត បណ្តាកុសលតាទាំងនេះ សូម្បីទាំង ៣ ( ធាតុកុសលតា មនសិការកុសលតា អាយតនកុសលតា ) ការដឹងទាំងពួង គឺ ការរៀនយក មនសិការ ការស្តាប់ ការយល់ ការចាក់ធ្លុះ ការពិចារណាឃើញ រមែងសមគួរ ។ ក្នុងបណ្តាការដឹងទាំង ៦ នោះ ការស្តាប់ ការរៀនយក ការពិចារណាឃើញ ជាលោកិយ ការចាក់ធ្លុះជាលោកុត្តរ ការយល់ និងមនសិការជាមិស្សកៈ គឺជាលោកិយក៏មាន ជាលោកុត្តរក៏មាន ។ បញ្ញាដែលដឹងថា ធម៌នេះជាបច្ច័យដល់ធម៌នេះ ដូច្នេះ ឈ្មោះថា បដិច្ចសមុប្បាទកុសលតា ( សេចក្តីឈ្លាសក្នុងបដិច្ចសមុប្បាទ ) ។ [ បដិច្ចសមុប្បាទនេះ មានសម្តែងដោយពិស្តារក្នុងបដិច្ចសមុប្បាទវិភង្គ ] ។ ( អដ្ឋសាលិនី អដ្ឋកថា ) សេចក្តីឈ្លាសក្នុងធាតុ និងការធ្វើទុកក្នុងចិត្ត។ ធាតុកុសលតា សេចក្តីឈ្លាសក្នុងធាតុ មនសិការកុសលតា សេចក្តីឈ្លាសក្នុងការធ្វើទុកក្នុងចិត្ត ។ ( សង្គីតិសូត្រ ធម៌ពួក ២ ) អធិប្បាយ៖ ពាក្យថា ធាតុកុសលតា គឺ បញ្ញាក្នុងការស្តាប់ ការទ្រទ្រង់ ការពិចារណា និងការដឹងច្បាស់ ដែលជាគ្រឿងកំណត់សភាវៈនៃធាតុ ១៨ ដែលលោកពោលទុកយ៉ាងនេះថា “អដ្ឋារស ធាតុយោ ចក្ខុធាតុ … មនោវិញ្ញាណធាតុ ។ យា តាសំ ធាតូនំ កុសលតា បញ្ញា បជាននា ភាពជាអ្នកឈ្លាសក្នុងធាតុ គឺការដឹង យល់ ក្នុងធាតុទាំង ១៨ គឺ ចក្ខុធាតុ ។ល។ មនោវិញ្ញាណធាតុ” ។ ពាក្យថា មនសិការកុសលតា បានដល់ បញ្ញាក្នុងការពិចារណា ដឹងច្បាស់ ការសម្លឹងពិនិត្យធាតុទាំងឡាយនោះ ដែលលោកពោលទុកយ៉ាងនេះថា “យា តាសំ ធាតូនំ មនសិការកុសលតា បញ្ញា បជាននា ភាពជាអ្នកឈ្លាស ដឹង យល់ក្នុងធាតុទាំងឡាយនោះ” ។ ( សង្គីតិសុត្តវណ្ណនា ) បញ្ញាដែលដឹងការកំណត់ការរៀនយក ការធ្វើទុកក្នុងចិត្ត ការស្តាប់ ការទ្រទ្រង់ទុក នូវធាតុ ១៨ ឈ្មោះថា ធាតុ-កុសលតា ( សេចក្តីឈ្លាសក្នុងធាតុ ) បញ្ញាដែលដឹងការរៀនយក ការមនសិការនូវធាតុទាំងនោះ ឈ្មោះថា មនសិការកុសលតា ( សេចក្តីឈ្លាសក្នុងការធ្វើទុកក្នុងចិត្ត ) ។ ( អដ្ឋសាលិនី អដ្ឋកថា ) សេចក្តីឈ្លាសក្នុងសមាបត្តិ និងក្នុងការចេញចាកសមាបត្តិ ។ សមាបត្តិកុសលតា សេចក្តីឈ្លាសក្នុងសមាបត្តិ សមាបត្តិវុដ្ឋានកុសលតា សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិ ។ ( សង្គីតិសូត្រ ធម៌ពួក ២ ) អធិប្បាយ៖ ពាក្យថា សមាបត្តិកុសលតា គឺការដឹង ការយល់ក្នុងរឿងកំណត់អប្បនា ព្រមទាំងបរិកម្ម ដែលលោកពោលទុកយ៉ាងនេះថា “អត្ថិ សវិតក្កសវិចារា សមាបត្តិ, អត្ថិ អវិតក្កវិចារមត្តា សមាបត្តិ, អត្ថិ អវិតក្កអវិចារា សមាបត្តិ ។ យា តាសំ សមាបត្តីនំ កុសលតា បញ្ញា បជាននា ភាពជាអ្នកឈ្លាស ដឹង យល់ក្នុងរឿងសមាបត្តិ ទាំងនោះ មាន ទាំងសមាបត្តិដែលមានវិតក្កវិចារ, សមាបត្តិដែលមិនមានវិតក្ក មានត្រឹមតែវិចារ, សមាបត្តិដែលមិនមានទាំងវិតក្ក ទាំងវិចារ” ។ ![]() ពាក្យថា សមាបត្តិវុដ្ឋានកុសលតា គឺបញ្ញាជាគ្រឿងកំណត់វេលាដែលនឹងចេញចាកសមាបត្តិថា “ពេលវេលាថ្មើនេះ យើងនឹងចេញ” ដែលជាបញ្ញាដែលអាចចេញចាកសមាបត្តិបានត្រូវតាមពេលវេលាដែលកំណត់ ដែលលោកពោលទុកយ៉ាងនេះថា “យា តាហិ សមាបត្តីហិ វុដ្ឋានកុសលតា បញ្ញា បជាននា ភាពជាអ្នកឈ្លាស ដឹង យល់ ក្នុងរឿងចេញចាកសមាបត្តិទាំងនោះ” ។( សង្គីតិសុត្តវណ្ណនា ) ដែលឈ្មោះថា សមាបត្តិ ព្រោះព្រះយោគាវចរគប្បីចូល ចំណែកបញ្ញាដែលដឹងការកំណត់អប្បនា ព្រមទាំងបរិកម្ម ឈ្មោះថា សមាបត្តិកុសលតា ( សេចក្តីឈ្លាសក្នុងសមាបត្តិ ) ឈ្មោះថា សមាបត្តិវុដ្ឋានកុសលតា ( សេចក្តីឈ្លាសក្នុងការចេញចាកសមាបត្តិ ) ព្រោះកាលតាំងចិត្តថា កាលព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយនក្ខត្តឫក្សគោចរមកកាន់ទីនេះហើយ យើងនឹងចេញចាកសមាបត្តិ ដូច្នេះ មានដោយបញ្ញាជាគ្រឿងកំណត់ការចេញ ក្នុងសម័យនោះ មិនខុសភ្លាំងភ្លាត់ ។( អដ្ឋសាលិនី អដ្ឋកថា ) សេចក្តីឈ្លាសក្នុងអាបត្តិ និងឈ្លាសក្នុងការចេញចាកអាបត្តិ ។ អាបត្តិកុសលតា សេចក្តីឈ្លាសក្នុងអាបត្តិ អាបត្តិវុដ្ឋានកុសលតា សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិ ។ ( សង្គីតិសូត្រ ធម៌ពួក ២ ) អធិប្បាយ៖ ពាក្យថា អាបត្តិកុសលតា គឺភាពជាអ្នកឈ្លាសក្នុងអាបត្តិ ដែលលោកពោលទុកយ៉ាងនេះថា “បញ្ចបិ អាបត្តិក្ខន្ធា អាបត្តិយោ, សត្តបិ អាបត្តិក្ខន្ធា អាបត្តិយោ ។ យា តាសំ អាបត្តីនំ អាបត្តិកុសលតា បញ្ញា បជាននា ភាពជាអ្នកឈ្លាសក្នុងអាបត្តិ គឺការដឹង ការយល់ក្នុងអាបត្តិ ៥ កង អាបត្តិ ៧ កងនោះ” ។ ពាក្យថា អាបត្តិវុដ្ឋានកុសលតា គឺភាពជាអ្នកឈ្លាសក្នុងការចេញចាកអាបត្តិ ព្រមទាំងកម្មវាចា ដែលលោកពោលទុកយ៉ាងនេះថា “យា តាហិ អាបត្តីហិ វុដ្ឋានកុសលតា បញ្ញា បជាននា ភាពជាអ្នកឈ្លាស ជាអ្នកយល់ក្នុងវិធីនៃការចេញចាកអាបត្តិទាំងនោះ” ។ ( សង្គីតិសុត្តវណ្ណនា ) បទថា បញ្ចបិ អាបត្តិក្ខន្ធា ( ពួកអាបត្តិមានកងនៃអាបត្តិ ៥ ) បានដល់ អាបត្តិទាំង ៥ ពួកនេះ តាមនិទ្ទេសនៃមាតិកា គឺ បារាជិក សង្ឃាទិសេស បាចិត្តិយៈ បាដិទេសនីយៈ ទុក្កដ ។ បទថា សត្តបិ អាបត្តិក្ខន្ធា ( ពួកអាបត្តិមានកងនៃអាបត្តិ ៧ ) បានដល់ អាបត្តិ ៧ ពួកនេះ តាមនិទ្ទេសនៃវិន័យ គឺ បារាជិក សង្ឃាទិសេស ថុល្លច្ច័យ បាចិត្តិយៈ បាដិទេសនីយៈ ទុក្កដ ទុព្ភាសិត ។ បណ្តាភាពជាអ្នកឈ្លាសក្នុងអាបត្តិទាំងនោះ បញ្ញាដែលដឹងការកំណត់នូវអាបត្តិទាំងនោះ ព្រមទាំងវត្ថុ ឈ្មោះថា អាបត្តិកុសលតា ( ភាពជាអ្នកឈ្លាសក្នុងអាបត្តិ ) ចំណែកបញ្ញាដែលដឹងការកំណត់ក្នុងការចេញចាកអាបត្តិព្រមទាំងកម្មវាចា ឈ្មោះថា អាបត្តិវុដ្ឋានកុសលតា ( សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិ ) ។ ( អដ្ឋសាលិនី អដ្ឋកថា ) ដោយ៥០០០ឆ្នាំ |