អានអត្ថបទ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥៣,៧៧៤ ដង)
ទីឃីតិកោសលជាតក

|
ទីឃីតិកោសលជាតក
( ពៀរ រម្ងាប់ដោយការមិនចងពៀរ ) ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាងមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធពួកភិក្ខុក្រុង កោសម្ពីដែលឈ្លោះទាស់ទែងគ្នា ទើបព្រះអង្គត្រាស់សម្តែងនូវព្រះធម៌ទេសនានេះ ដោយពាក្យថា ឯវំ ភូតស្ស តេ រាជ ដូច្នេះជាដើម ។ បានស្តាប់មកថា ក្នុងកាលដែលភិក្ខុទាំងនោះ និមន្តមកកាន់ព្រះជេតពនមហាវិហារ ដើម្បីសូមនូវការអត់ទោសពី ព្រះបរមសាស្តា ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទាំងនោះមកហើយ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ជាឱរសរបស់តថាគត គឺជាកូនដែលកើតអំពីមាត់ ។ ធម្មតាដែលជាឱរស គឺមិនគួរទម្លាយនូវឱវាទ ដែលបិតាទុកឲ្យហើយ ប៉ុន្តែអ្នកទាំងឡាយ បែរទៅជាអ្នកមិនធ្វើតាមឱវាទរបស់តថាគត គឺជាអ្នកទម្លាយនូវឱវាទ ទៅវិញ ។ បណ្ឌិតទាំងឡាយពីបុរាណ សូម្បីចោរដែលជាអ្នកសម្លាប់មាតាបិតារបស់ខ្លួន ហើយប្លន់យកនូវ រាជសម្បត្តិ បានធ្លាក់ចូលក្នុងកណ្តាប់ដៃក្នុងព្រៃ ក៏នៅតែឲ្យអភ័យ មិនសងសឹក ដោយគិតថា យើងនឹងមិន ទម្លាយឱវាទដែលមាតាបិតាទុកឲ្យ ។ រួចហើយ ព្រះអង្គទ្រង់នាំយករឿងក្នុងអតីតកាលមកសម្តែង ។ រឿង ដោយពិស្តារមានក្នុងវិនយបិដក រឿងដោយសង្ខេបមានដូចតទៅ ៖
ក្នុងអតីតកាល ស្តេចក្រុងពារាណសីទ្រង់ព្រះនាមព្រហ្មទត្ត ជាស្តេចស្តុកស្តម្ភមាំមួន បានលើកទ័ពចេញទៅច្បាំង នឹងស្តេចទីឃីតិកោសល ។ ស្តេចក្នុងដែនកោសលព្រះនាមទីឃីតិ ជាស្តេចកម្សត់ មានសម្បត្តិតិច មានកម្លាំងទ័ព តិច បាននាំមហេសីលបរត់ចេញពីក្រុងជាមុន ។ គ្រានោះ ស្តេចក្នុងដែនកាសិព្រះនាមព្រហ្មទត្ត បានដណ្តើមយក ពួកពល ពាហនៈ ជនបទ ឃ្លាំង ជង្រុករបស់ស្តេចក្នុងដែនកោសលព្រះនាមទីឃីតិ ហើយគ្រប់គ្រងរក្សា ។ ចំណែកស្តេចទីឃីតិបាននាំមហេសីទៅអាស្រ័យនៅក្នុងផ្ទះស្មូនឆ្មាំង ដែលឋិតនៅជាយក្រុងពារាណសី ដោយក្លែង ភេទមិនឲ្យអ្នកដទៃស្គាល់បាន ទ្រង់ស្លៀកដណ្តប់ជាបរិព្វាជក ។
ក្រោយមកមិនយូរប៉ុន្មាន ព្រះមហេសីនៃព្រះ បាទទីឃីតិក៏ទ្រង់គភ៌ លុះដល់គភ៌ចាស់ហើយ ក៏បានប្រសូតនូវព្រះបរមពោធិសត្វ ព្រះមាតាបិតាទ្រង់ប្រទាននាម ថា ទីឃាវុ ។ លុះដល់ទីឃាវុកុមារដឹងក្តី បិតាក៏បញ្ជុនបុត្រឲ្យទៅនៅក្រៅក្រុង ក្រែងថ្ងៃមុខថ្ងៃក្រោយ ស្តេចដែន កាសីជ្រាបដំណឹងនឹងសម្លាប់ទាំងអស់គ្នា ។
ទីឃាវុកុមារ កាលដែលនៅក្រៅក្រុង មិនយូរប៉ុន្មានក៏បានសិក្សាចេះ ដឹងនូវសិល្បសាស្ត្រសព្វគ្រប់ ។ ពិតមែន ដោយមានអ្នកក្រាបទូលដល់ព្រះបាទព្រហ្មទត្តជាស្តេចដែនកាសី ព្រះបាទទីឃីតិនិងព្រះអគ្គមហេសី ក៏ ត្រូវចាប់ខ្លួនបាន គេចងដើមដៃទ្រង់ទាំង ២ ព្រះអង្គទៅខាងក្រោយដោយចំណងដ៏មាំ កោរក្បាលឲ្យរលីង ទូង ស្គរបណ្តើរសព្វច្រក សព្វផ្លូវត្រឡែងកែង ។
កាលនោះ ទីឃាវុកុមារមានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញខាន ឃើញមាតាបិតាយូរណាស់ហើយ បើដូច្នោះគួរតែអាត្មាអញទៅមើលមាតាបិតាបានម្តងសិន ។ ទីឃាវុកុមារ ចូល ទៅដល់ក្រុងពារាណសីហើយ បានឃើញមាតាបិតាដែលគេកំពុងតែចងស្លាបសេកបណ្តើរគ្រប់ច្រកល្ហក និងគ្រប់ ផ្លូវ លុះឃើញហើយ ក៏ចូលទៅរកមាតាបិតា ។
ព្រះបាទទីឃីតិ ទ្រង់ទតឃើញបុត្រមកអំពីចម្ងាយ ក៏ស្រែកផ្តាំបុត្រ ដូច្នេះថា នែទីឃាវុកូន ! ចូរកូនកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ! ធម្មតាពៀរមិនដែលរម្ងាប់ដោយ ការចងពៀរទេ គឺពៀរតែងរម្ងាប់ដោយការមិនចងពៀរ ។ ពួកជនទាំងឡាយ បានសម្គាល់ព្រះអង្គថាឆ្កួតរវើរវាយ និយាយផ្តេសផ្តាស ហើយបាននាំព្រះអង្គចេញទៅតាមទ្វារខាងត្បូង កាត់ខ្លួនព្រះអង្គជា ៤ កំណាត់ ។ លុះដល់ ពេលស្ងាត់ ព្រះបរមពោធិសត្វទីឃាវុកុមារ ក៏បានចូលដល់ទីប្រហារជីវិត ប្រមូលកំណាត់ឈើហើយលើកសរីរៈ មាតាបិតាដាក់លើជើងថ្ករ រួចក៏បូជាដោយភ្លើង ផ្គងអញ្ជលីធ្វើប្រទក្សិណជើងថ្ករ ៣ ជុំ ។ គ្រានោះ ទីឃាវុកុមារទៅ ឯព្រៃ ហើយខ្សឹកខ្សួលទួញយំ ដោយសេចក្តីអាល័យអួលណែនក្នុងទ្រូង យំអស់ចិត្តហើយ ទើបជូតទឹកភ្នែក ត្រឡប់ចូលក្រុងពារាណសីវិញ ទៅសូមរៀនសិល្បៈនឹងហ្មដំរី នៅជិតព្រះរាជវាំង ។ ទីឃាវុកុមារ ក្រោកឡើងក្នុង បច្ចូសសម័យនៃរាត្រី ស្រែកច្រៀងដោយសំឡេងដ៏ពីរោះ ព្រមទាំងដេញពិណផងក្នុងរោងដំរី ដែលធ្វើឲ្យព្រះរាជា ពេញព្រះរាជហឫទ័យ ឲ្យនៅបម្រើព្រះអង្គ ។ ដោយទីឃាវុកុមារពូកែផ្គាប់ចិត្តព្រះរាជា មិនយូរប៉ុន្មានព្រះរាជាក៏ បានតែងតាំងទីឃាវុកុមារ ក្នុងភាពជាអ្នកសិទ្ធស្នាលខាងក្នុង ។ ថ្ងៃមួយព្រះរាជា បានត្រាស់បង្គាប់ឲ្យទីឃាវុកុមារទឹមរាជរថ នាំព្រះអង្គទៅប្រពាតម្រឹគក្នុងព្រៃ ។ ព្រះរាជានឿយ ហត់ព្រះកាយដោយផ្លូវឆ្ងាយបានត្រាស់ឲ្យទីឃាវុកុមារដាក់រាជរថសិន ហើយផ្ទំកើយព្រះសីសៈលើភ្លៅទីឃាវុកុមារ ក្រោមម្លប់ឈើ ក៏លង់លក់មួយរំពេចទៅ ។ លំដាប់នោះ ទីឃាវុកុមារ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ស្តេចក្នុង ដែនកាសីព្រះនាមព្រហ្មទត្តនេះ បានធ្វើនូវសេចក្តីវិនាសជាច្រើនដល់អាត្មាអញ ទាំងពលពាហនៈ ជនបទ ឃ្លាំង និង ជង្រុក របស់អាត្មាអញ ស្តេចនេះរឹបជាន់យកអស់ មិនតែប៉ុណ្ណោះ ទាំងមាតាបិតារបស់អាត្មាអញ ក៏ត្រូវសេ្តច នេះសម្លាប់ចោលអស់ទៀត វេលានេះ គួរអាត្មាអញសងពៀរដល់ស្តេចនេះវិញ ហើយក៏ហូតព្រះខាន់ចេញពី ស្រោម ។
វេលានោះ ទីឃាវុកុមារ មានសេចក្តិត្រីះរិះយ៉ាងនេះថា បិតាបានផ្តាំអាត្មាអញក្នុងពេលដែលទៀបនឹង ធ្វើមរណភាពថា នែទីឃាវុកូន អ្នកឯង កុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតាពៀរមិនដែលរំងាប់ ដោយការចងពៀរទេ គឺពៀរតែងរំងាប់ដោយការមិនចងពៀរ បើអាត្មាអញកន្លងពាក្យបិតាហើយ អំពើនេះឈ្មោះ ថា មិនសមគួរដល់អាត្មាអញឡើយ ហើយក៏សៀតព្រះខាន់ចូលទៅក្នុងស្រោមវិញ ។ ទីឃាវុកុមារ មានសេចក្តី ត្រិះរិះឃើញការសងពៀរ ជាលើកទី ២ និងជាលើកទី ៣ ប៉ុន្តែរាល់លើកមិនបានសម្រេចឡើយ ដោយរលឹកឃើញ បណ្តាំព្រះបិតាមុននឹងគេធ្វើឃាតព្រះអង្គ ។ គ្រានោះ ស្តេចព្រហ្មទត្តទ្រង់ភិតភ័យភ្ញាក់ផ្អើល ស្លើតស្លក់តក់ស្លុត ហើយក៏តើនឡើងភ្លាម ។ ទីឃាវុកុមារ ទូលសួរដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ហេតុអ្វីបានជាព្រះអង្គទ្រង់ ភិតភ័យតក់ស្លុត ហើយតើនឡើងដូច្នេះ ? ស្តេចក៏តបថា នែនាយមាណព ព្រោះយើងយល់សប្តិ ឃើញដូចជា ទីឃាវុកុមារ ជាកូនសេ្តចក្នុងដែនកោសល ឈ្មោះទីឃីតិ លើកព្រះខាន់ឡើងគំរាមយើងក្នុងទីនេះ ព្រោះហេតុ នោះ បានជាយើងភ័យភ្ញាក់ផ្អើល ស្លើតស្លក់តក់ស្លុត ហើយក្រោកឡើងភ្លាម ។ ភ្លាមនោះ ទីឃាវុកុមារ បានយកដៃ ខាងឆ្វេងចាប់សង្កត់ព្រះសីសៈនៃស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ហើយយកដៃខាងស្តាំហូតព្រះខាន់ រួច និយាយពាក្យនេះនឹងស្តេចថា នែព្រះអង្គ ! ទូលព្រះបង្គំនេះហើយ ដែលឈ្មោះទីឃាវុកុមារ ជាកូនស្តេចក្នុងដែន កោសលព្រះនាមទីឃីតិ ព្រះអង្គបានធ្វើសេចក្តីវិនាសជាច្រើនដល់ទូលព្រះបង្គំ ទាំងព្រះមាតាបិតារបស់ទូលព្រះ បង្គំ ព្រះអង្គក៏ឲ្យគេធ្វើឃាតចោលទាំងអស់ ពេលនេះ គួរតែទូលព្រះបង្គំសងពៀរដល់ព្រះអង្គវិញ ។
ទីឃាវុកុមារ គិតថា យើងនេះសូម្បីត្រូវលះបង់ជីវិត ក៏មិនទម្លាយនូវឱវាទព្រះបិតាយើងឡើយ គ្រាន់តែសម្លុតព្រះរាជាប៉ុណ្ណោះ ទើបពោលគាថាដែលមានសេចក្តីថា ៖ បពិត្រព្រះរាជា ព្រះអង្គធ្លាក់មកក្នុងអំណាចរបស់ទូលព្រះបង្គំ យ៉ាងនេះហើយ តើហេតុណាមួយដែលញ៉ាំងព្រះ អង្គឲ្យរួចចាកទុក្ខ មានដែរឬ ? ព្រះរាជាត្រាស់នូវព្រះគាថាឆ្លើយតប ដែលមានសេចក្តីថា ៖ ម្នាលអ្នកអើយ យើងធ្លាក់នៅក្នុងអំណាចរបស់អ្នក បា្រកដយ៉ាងនេះហើយ ហេតុណាមួយដែលញ៉ាំងយើងឲ្យរួច ចាកទុក្ខ មិនមានឡើយ ។ វេលានោះស្តេចក្នុងដែនកាសីព្រះនាមព្រហ្មទត្ត ក៏ឱនព្រះសិរក្រាបទៀបជើងទីឃាវុកុមារហើយមានព្រះរាជឱង្ការ ទៅនឹងទីឃាវុកុមារយ៉ាងនេះថា នែទីឃាវុកូន ! សូមអ្នកអាណិតឲ្យជីវិតដល់យើងផង នែទីឃាវុកូន ! សូមអ្នក អាណិតឲ្យជីវិតដល់យើងផង ។ ទីឃាវុកុមារតបវិញថា ទូលព្រះបង្គំនឹងថ្វាយជីវិតព្រះអង្គដូចម្តេចទៅ គឺគួរតែ ព្រះអង្គប្រទានជីវិតទូលព្រះបង្គំទៅវិញទេ ។ ព្រះរាជាត្រាស់ថា នែទីឃាវុកូន ! បើដូច្នោះអ្នកចូរឲ្យជីវិតយើងចុះ ឯយើងក៏ឲ្យជីវិតអ្នកវិញដែរ ។ កាលដែលទីឃាវុកុមារ ថ្វាយជីវិតព្រះអង្គហើយ លំដាប់នោះ ទីឃាវុកុមារបានពោលគាថា ដូច្នេះថា ៖ នាញ្ញំ សុចរិតំ រាជ នាញ្ញំ រាជ សុភាសិតំ តាយតេ មរណកាលេ ឯវមេវិតរំ ធនំ ។ បពិត្រព្រះរាជា អ្វីដទៃក្រៅពីសុចរិត និងវាចាដែលជាសុភាសិត គឺមិនអាចការពារព្រះជន្មរបស់ព្រះអង្គ កុំឲ្យដល់ នូវមរណៈក្នុងពេលនេះបានឡើយ ទ្រព្យក្រៅពីនេះ ក៏យ៉ាងនោះដែរ ។ [ អធិប្បាយថា បពិត្រព្រះរាជា វៀរចាកសុចរិត និងវាចាជាសុភាសិត ពោលគឺឱវាទរបស់ព្រះបិតាទូលបង្គំចេញ ហើយ អ្វីដទៃអាចការពារក្នុងវេលាអស់ព្រះជន្ម រមែងមិនមានឡើយ ទ្រព្យក្រៅពីនេះក៏ដូចគ្នាដែរ គឺមិនមាន ប្រយោជន៍ទេ ព្រោះថាក្នុងពេលនេះ ទោះជាព្រះអង្គឲ្យទ្រព្យរាប់សែនកោដិ ដល់ទូលព្រះបង្គំ ក៏ព្រះអង្គមិនអាច បាននូវជីវិតដែរ ។ ] ព្រះបរមពោធិសត្វបានសម្តែងព្រះគាថាជាបន្ត ៖ អក្កោច្ឆិ មំ អវធិ មំ អជិនិ មំ អហាសិ មេ យេ ច តំ ឧបនយ្ហន្តិ វេរំ តេសំ ន សម្មតិ ។ បុគ្គលទាំងឡាយណា ចងនូវពៀរនោះ ដោយគិតថា អ្នកឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បាន លួចយកទ្រព្យរបស់អញដូច្នេះ ពៀររបស់បុគ្គលទាំងឡាយនោះ រមែងមិនរំងាប់ឡើយ ។ អក្កោច្ឆិ មំ អវធិ មំ អជិនិ មំ អហាសិ មេ យេ ច តំ នូបនយ្ហន្តិ វេរំ តេសូបសម្មតិ ។ បុគ្គលទាំងឡាយណា មិនចងនូវពៀរនោះថា អ្នកឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួច យកទ្រព្យរបស់អញ ដូច្នេះ ពៀររបស់បុគ្គលទាំងឡាយនោះ ទើបរំងាប់បាន ។ ន ហិ វេរេន វេរានិ សមន្តីធ កុទាចនំ អវេរេន ច សម្មន្តិ ឯស ធម្មោ សនន្តនោ ។ តាំងពីណាពីណីមក ពៀរទាំងឡាយ ក្នុងលោកនេះ រមែងមិនរំងាប់ដោយពៀរទេ ពៀរទាំងឡាយ រមែងរំងាប់បាន ដោយការមិនមានពៀរ នេះជាបុរាណធម៌ ។ គ្រានោះស្តេចក្នុងដែនកាសី និងទីឃាវុកុមារ បានឲ្យជីវិតគ្នាទៅវិញទៅមក បានចាប់ដៃគ្នាផង ធ្វើសម្បថផង ដើម្បីមិនឲ្យមានរឿងប្រទូសគ្នាតទៅទៀត ។ បន្ទាប់ពីត្រឡប់ចូលក្រុងវិញហើយ ព្រះរាជាបានប្រកាសឲ្យមនុស្ស ទាំងឡាយបានដឹងថា នេះជាកូនស្តេចក្នុងដែនកោសល ឈ្មោះទីឃាវុកុមារ អ្នកទាំងឡាយ មិនត្រូវធ្វើទោស ចំពោះទីឃាវុកុមារនេះឡើយ ព្រោះទីឃាវុកុមារបានឲ្យជីវិតយើង ទាំងយើងក៏បានឲ្យជីវិតដល់ទីឃាវុកុមារវិញ ដែរ ។ ប្រកាសហើយ ព្រះរាជាបានសួរទៅទីឃាវុកុមារយ៉ាងនេះថា នែទីឃាវុកូន ! កាលដែលព្រះបិតារបស់អ្នក ជិតនឹងធ្វើមរណភាព បានផ្តាំបណ្តាំណាចំពោះអ្នកថា ចូរកូនកុំឃើញកាលវែង កុំឃើញកាលខ្លី ធម្មតាពៀរមិន ដែលរំងាប់ដោយការចងពៀរទេ គឺពៀរតែងរំងាប់ដោយការមិនចងពៀរ តើបណ្តាំនោះព្រះបិតារបស់អ្នកសំដៅ យកហេតុត្រង់ណា បានជាផ្តាំដូច្នេះ ? ទីឃាវុកុមារ បានក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស កាលដែលព្រះ បិតារបស់ទូលព្រះបង្គំ ជិតនឹងធ្វើមរណភាព បានផ្តាំបណ្តាំណាចំពោះទូលព្រះបង្គំថា ចូរកូនកុំឃើញកាលវែង គឺ កុំធ្វើពៀរឲ្យយូរអង្វែងឡើយ ឯបណ្តាំដែលថា កុំឃើញកាលខ្លី គឺកុំប្រញាប់បែកចាកពួកមិត្តសម្លាញ់ឡើយ ។ សូមទ្រង់ព្រះមេត្តាប្រោស ចំណែកបណ្តាំបន្តមកទៀតថា ធម្មតាពៀរមិនដែលរំងាប់ដោយការចងពៀរទេ គឺពៀរតែង រំងាប់ដោយការមិនចងពៀរ នោះសំដៅត្រង់មាតាបិតារបស់ទូលព្រះបង្គំ ដែលទ្រង់ឲ្យគេប្រហារជីវិតហើយ ព្រោះ ហេតុនោះ ប្រសិនបើទូលព្រះបង្គំនឹងបំផ្លាញព្រះអង្គឲ្យដាច់ចាកជីវិតវិញ គង់មានពួកជនដែលប្រាថ្នាប្រយោជន៍ ចំពោះព្រះអង្គ នឹងបំផ្លាញទូលព្រះបង្គំឲ្យដាក់ចាកជីវិតវិញដែរ ហើយតទៅទៀត ពួកជនដែលប្រាថ្នានូវ ប្រយោជន៍ដល់ទូលព្រះបង្គំ មុខតែបំផ្លាញពួកជនទាំងនោះឲ្យដាច់ចាកជីវិតមិនខានឡើយ ពៀរនោះមិនបាន រំងាប់ដោយការចងពៀរយ៉ាងនេះឯង ។ ឥឡូវព្រះអង្គទ្រង់ប្រទានជីវិតដល់ទូលព្រះបង្គំជាខ្ញុំហើយ ឯខ្ញុំព្រះអង្គក៏ បានថ្វាយជីវិតដល់ព្រះអង្គវិញដែរ ដូច្នោះ ពៀរនោះនឹងរំងាប់ដោយការមិនចងពៀរយ៉ាងនេះឯង សូមព្រះអង្គ ទ្រង់ជ្រាប ។ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់ស្ញើចថា អើហ្ន៎ ! ហេតុនេះហៅពេញជាអស្ចារ្យ ណាស់ អើហ្ន៎ ! ហេតុនេះហៅពេញជាចម្លែកណាស់ ទីឃាវុកុមារនេះពេញជាអ្នកប្រាជ្ញមែន ព្រោះដឹងសេចក្តីដែល បិតាពោលដោយសង្ខេប ដោយពិស្តារបាន ។ ព្រះរាជាបានប្រគល់ពល ពាហនៈ ជនបទ ឃ្លាំង និងជង្រុក ជាកេរ ដំណែលបិតា ទៅទីឃាវុកុមារវិញ ព្រមទាំងប្រទានធីតារបស់ព្រះអង្គទៀតផង ឲ្យទីឃាវុកុមារតាំងនៅក្នុង រាជសម្បតិ្ត គ្រប់គ្រងដែនកោសល ។ តាំងតែពីពេលនោះមក ព្រះរាជាទាំងពីរព្រះអង្គទ្រង់ស្ម័គ្រស្មាគម រីករាយ ព្រះហឫទ័យគ្រងរាជសម្បត្តិ ។ ព្រះបរមសាស្តា ទ្រង់ត្រាស់សម្តែងនូវរឿងនេះហើយ ព្រះភគវាព្រះអង្គទ្រង់ប្រទាននូវឱវាទដូច្នេះថា ម្នាលភិក្ខុ ទាំងឡាយ គួរកោតដែរ យ៉ាងពួកក្សត្រទាំងនោះ ធ្លាប់តែកាន់ដំបង កាន់គ្រឿងសស្ត្រា ហើយមកចេះមានអំណត់ ព្រមទាំងប្រព្រឹត្តល្អបែបនេះបាន ។ ព្រោះហេតុដូច្នោះ ម្នាលភិក្ខុទាំងឡាយ ម្នាលអ្នករាល់គ្នាបានមកបួសក្នុង ធម្មវិន័យនេះ ដែលតថាគតបានសម្តែងដោយល្អយ៉ាងនេះហើយ គួរតែអត់ធន់ គួរតែខំប្រព្រឹត្តល្អ ឲ្យល្អឡើង ។ ព្រះបរមសាស្តា ទ្រង់ប្រជុំជាតកថា មាតាបិតាក្នុងគ្រានោះ បានមកជាត្រកូលមហារាជ ចំណែកទីឃាវុកុមារ បាន មកជា តថាគត ដូច្នេះឯង ៕
ប្រភព ដោយ៥០០០ឆ្នាំ |