អានអត្ថបទ
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០២៣ (អាន: ៥,៤៦៨ ដង)
ប្រវត្តិដូនជី ឬសីលវតី

|
សិក្សាប្រវត្តិដូនជី
តាមការយល់ឃើញរបស់មនុស្សទូទៅ ពាក្យថាដូនជី គឺជាស្ត្រី ដែលកោរសក់ កោរចិញ្ចើម ស្លៀកសពាក់ស និងរក្សាសីល៨ ។ ដូនជីមានប្រវត្តិតាំងអំពីសម័យព្រះពុទ្ធអង្គគង់ព្រះជន្មនៅឡើយម្លេះ ដោយសារព្រះអង្គទ្រង់ត្រាស់ហៅដូនជីថាជា ឧបាសិកា ។ ដូនជីចាត់ទុកជាសាវិកា {សាវ័កស្រី} មួយប្រភេទនៅក្នុងចំណោមពុទ្ធបរិស័ទទាំងបួនពួក ក្នុងព្រះពុទ្ធសាសនា ដោយលោកបានសម្តែងទុកយ៉ាងច្បាស់នៅក្នុងព្រះត្រៃបិដក ។ តើកំណើតនៃដូនជីនៅក្នុងស្រុកខ្មែរមានតាំងពីពេលណាមក ហើយការបួសធ្វើជាដូនជីមានបំណង និងទិសដៅអ្វីខ្លះ? ![]() លោក បុណ្យ ប៊ុនសារ៉ាត់ សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជ បានលើកឡើងថា ដូនជីនេះមានតាំងពីសម័យព្រះពុទ្ធទ្រង់គង់នៅម្លេះ តែចំណែកប្រវត្តិដូនជី ដែលកើតមាននៅក្នុងស្រុកខ្មែរយើង មិនមានប្រភពណាមួយបញ្ជាក់ឲ្យបានច្បាស់លាស់ថា មានតាំងពីពេលណាមកទេ ប៉ុន្តែបើតាមការសន្និដ្ឋាន គឺប្រហែលជា ហូរចូលមកព្រមគ្នានឹងសាសនាថេរវាទម្លេះ។ លោកបានបន្តទៀតថាដូនជីមានច្រើនប្រភេទដូចជា ដូនជី ស្លៀកពាក់ពណ៌ខ្លឹមខ្នុរ កោរសក់ កោរចិញ្ចើម សមាទានសីល ១០ ជាសីលរបស់សាមណេរ ដូនជីប្រភេទនេះមាននៅប្រទេសភូមា គេហៅថា សីលចារិនី, ដូនជី ស្លៀកដណ្តប់សំពត់ពណ៌លឿង កោរសក់ កោរចិញ្ចើម សមាទានសីល៨ក៏មាន សីល១០ក៏មាន ដូនជីប្រភេទនេះហៅថា សង្ឃនី, ដូនជី ស្លៀកដណ្តប់សំពត់ពណ៌ស មិនកោរសក់ មិនកោរចិញ្ចើម ហើយសមាទានសីល៨ ហៅថា ជីព្រាហ្មណ៍ ឬឧបាសិកា ព្រោះយកលំនាំតាមបែបព្រាហ្មណ៍ ដែលនិយមស្លៀកដណ្តប់សំពត់ពណ៌ស ការបួសបែបនេះ គឺបួសរយៈពេលខ្លីតែប៉ុណ្ណោះ, និងដូនជី ស្លៀកដណ្តប់សំពត់ពណ៌ស កោរសក់ កោរចិញ្ចើម សមាទានសីល៨ ឬសីល១០ ជានិច្ចកាល។ ![]() លោកបានបញ្ជាក់ផងដែរថា ការបួសធ្វើជាដូនជី គឺមានទិសដៅដូចគ្នាទៅនឹងភិក្ខុ សាមណេរដែរ គឺដើម្បីរួមចំណែកក្នុងការជួយអប់រំ និងដឹកនាំមនុស្ស ដើម្បីស្វែងរកសេចក្តីសុខសន្តិភាពជូនសង្គមមនុស្ស, ជួយផ្តល់នូវចំណេះដឹងផ្លូវធម៌ដល់សង្គម, រួមចំណែកជួយពង្រឹងព្រះពុទ្ធសាសនា តាមរយៈការប្រតិបត្តិដើម្បីឲ្យបាននូវសីល សមាធិ បញ្ញាដល់សាសនិកជន, រួមចំណែកក្នុងការការពារវប្បធម៌ និងអរិយធម៌ខ្មែរ និងដើម្បីបន្តអាយុកាលព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរយូរអង្វែង។ ![]() លោកបានបញ្ជាក់បន្ថែមទៀតថា ដូនជីចាំបាច់ត្រូវរស់នៅក្នុងវត្តជាមួយនឹងព្រះភិក្ខុសង្ឃ ប៉ុន្តែដូនជីមិនត្រូវបានចាត់ទុកថាជាសមណៈទេ គេគ្រាន់តែចាត់ទុកថាជាឧបាសិកាដែលនៅវត្តហើយ ស្លៀកដណ្តប់សំពត់សតែប៉ុណ្ណោះ ការបំបួសដូនជី គឺចៅអធិការវត្តធម្មតាក៏អាចបំបួសបានដូចសាមណេរដែរ៕ បញ្ញាភិលង្គារៈ ប្រភពដកស្រង់ ហ្វេសប៊ុក សីលវតី តូច Sīlavatī kusalā ប្រភពសំឡេង YouTube: yun tong ដោយ៥០០០ឆ្នាំ
|