កុដិទូសកជាតក

|
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុកំលោះមួយរូប ដែលដុត បណ្ណសាលា របស់ព្រះមហាកស្សបត្ថេរ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា មនុស្សស្សេវ តេ សីសំ ដូច្នេះជាដើម ។
រឿងរ៉ាវនេះ បានកើតឡើងក្នុងក្រុងរាជគ្រឹះ ។ បានឮមកថា គ្រានោះ ព្រះថេរៈ នៅក្នុងកុដិដែលនៅក្នុងព្រៃ អាស្រ័យក្នុងនគររាជគ្រឹះ ។ មានភិក្ខុកំលោះពីររូប នៅធ្វើ កិច្ចការបម្រើព្រះថេរៈ ។ បណ្ដាភិក្ខុពីររូបនោះ មួយរូបជាអ្នកធ្វើឧបការៈដល់ព្រះថេរៈ, មួយរូបជាមនុស្សប្រដៅក្រ តែងធ្វើអ្វីៗ ដែលភិក្ខុមួយរូបទៀតធ្វើហើយ ធ្វើដូចជា ខ្លួនឯងបានធ្វើ ។ កាលបើភិក្ខុ (ឧស្សាហ៍) តម្កល់ទឹកលុបមុខជាដើមរួចហើយ ភិក្ខុនោះទៅ កាន់សម្នាក់ព្រះថេរៈ ថ្វាយបង្គំ ហើយពោលថា បពិត្រលោកម្ចាស់ ទឹកតម្កល់រួចហើយ សូមលោកម្ចាស់លុបលាងព្រះភក្ត្រ ដូច្នេះជាដើម ។ កាលភិក្ខុ (ឧស្សាហ៍) ក្រោកតាមកាលបោសបរិវេណព្រះថេរៈរួចហើយ ក្នុងពេលព្រះថេរៈចេញមក, ទុព្វចភិក្ខុនោះគោះកន្លែង នោះ ធ្វើដូចជាខ្លួនឯងបានបោសបរិវេណទាំងអស់ ។ ភិក្ខុអ្នកដល់ព្រមដោយវត្ត គិតថា ទុព្វចភិក្ខុនេះធ្វើការងារ ដែលយើងធ្វើ ដូចជាខ្លួនឯងធ្វើ យើងនឹងធ្វើអំនួត របស់ភិក្ខុនេះ ឲ្យប្រាកដ ។
|